Monday, October 15, 2012

ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង​


ភ្នំពេញ: ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ទទួលយក ព្រះរាជ​សព របស់ អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​សោយ​ទីវ​ង្គ​ត់ មកកាន់​កម្ពុជា​វិញ​។​

​យោង ព្រះរាជបន្ទូល របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឲ្យ​CEN ដឹងថា អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា យាង​ចូល ៩១ ព្រះវស្សា កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះរោគ គាំងបេះដូង​។ 

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល ប្រាប់ CEN នៅ​ព្រឹក​ព្រលឹម​ស្រ៊ាង ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​ថា ព្រះករុណា នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ ដោយសារ​គាំងបេះដូង កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះបន្ទូល​ថា "​សម្តេចឪ បាន​សោយ​ទ​វ​ង្គ​ត់​ហើយ​។ នេះ​ជាការ​ខាតបង់​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​"​។​

​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហមុនី នឹង​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ទទួល​សព​ព្រះរាជ​បិតា​របស់​ទ្រង់​។​

​ទីភ្នាក់ងារ ស៊ីន​ហួរ របស់​ចិន ក៏​ផ្សព្វផ្សាយ​អំពី​ដំណឹង​សោយ​ទីវ​ង្គ​ត់របស់​ព្រះបិតា​ជាតិ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ នៅក្នុង​ប្រទេស​ចិន ជា​យូរ​មកហើយ​៕