Monday, October 15, 2012

អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សោយ​ទីវង្គត់​

ភ្នំពេញ: ​អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទីវង្គត់ នៅ​ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា យាង​ចូល ៩១ ព្រះវស្សា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ដោយ​ព្រះរោគ គាំងបេះដូង។ នេះ​បើ​យោងព្រះរាជបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល ប្រាប់ CEN នៅ​ព្រឹក​ព្រលឹម​ស្រ៊ាង ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​ថា ព្រះករុណា នរោត្តម សីហនុ បាន​សោយ​ទីវង្គត់ ដោយសារ​គាំងបេះដូង កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា​ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ថា "​សម្តេចឪ បាន​សោយ​ទ​វង្គត់​ហើយ​។ នេះ​ជា​ការខាតបង់​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​"​។​

​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហ​មុនី នឹង​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​ទទួល​សព​ព្រះរាជ​បិតា​របស់​ទ្រង់​។​

ទីភ្នាក់ងារ ស៊ីន​ហួរ របស់​ចិន ក៏ផ្សព្វផ្សាយអំពី​ដំណឹងសោយទីវង្គត់​របស់​ព្រះ​បិតា​ជាតិ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ នៅក្នុង​ប្រទេស​ចិន ជា​យូរ​មក​ហើយ​។​

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប របស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​


​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

-​អំពី​ការ​សិក្សា​៖
​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា ( Lycée Chasseloup Laubat ) នៅ​ព្រៃនគរ ( វៀតណាម​ខាងត្បូង )​។​

​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក នៅ​សូ​មៀរ ( Saumur ) ប្រទេស​បារាំង​។​

-​ការគ្រងរាជ្យសម្បត្តិ លើក​ទី​១៖
​នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ឡើង​គ្រង​រាជសម្បត្តិ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះបិតា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៥៥​។​

-​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២៖
​ព្រះអង្គ​ទ្រង់ បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ទ្រង់​បាន​ដាក់​រាជ្យ​វិញ នៅ​ថ្ងៃ​ទី​៧ ខែ តុលា ឆ្នាំ​២០០៤​។ ក្រោយ​ពី​ការដាក់​រាជ្យ ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​ព្រះបរមនាម​ថា ព្រះមហាវីរក្សត្រ​។​

-​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពី​បារាំង​៖
​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ ក្នុង​ការទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ​ឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍ បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​

​ចាប់ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០ ភាគរយ ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា "​ព្រះមហា​វីរបុរស​ជាតិ -​ព្រះបិតា​ឯករាជ្យ​ជាតិ​"៕​