Monday, October 15, 2012

ព្រះរាជ​បណ្តាំ៖ សម្តេចឪ​នរោត្តម សីហនុ​ចង់អោយ​រៀបចំ​ពិធី​បូជាព្រះសព

នៅពេលដែល​ព្រះអង្គ ព្រះមហាវីរៈក្សត្រ​នៅមាន​ព្រះជន្ម ព្រះអង្គ​បានធ្វើ​ព្រះរាជសារ​ច្រើនដង​ជា​ព្រះរាជ​បណ្តាំ​ទាក់ទង​នឹង​ការរៀបចំ​ពិធី​ក្រោយ​ពេលដែល​ព្រះអង្គ​សោយ​ទិវង្គត។ ព្រះរាជ​បណ្តាំ​ដែល​ព្រះអង្គ​បានដាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ​នោះ គឺ​ការបូជា។



ព្រះរាជសា​ចុងក្រោយ​មាន​ខ្លឹមសារ​ដូចតទៅ៖ ព្រះរាជសារ​មាន៣ចំណុច​ដែល​ព្រះអង្គ​មាន​ព្រះរាជ​សំណេរខ្លី។

ទីមួយ​គឺ​ព្រះអង្គ​បញ្ជាក់​លុបចោល ព្រះរាជ​បណ្តាំមុនៗដែល​ព្រះអង្គ​ធ្លាប់មាន​ព្រះរាជបន្ទូល​ថា មិន​អោយគេ​បូជាព្រះសព​របស់​ព្រះអង្គ។

ទី២ បើ​យោងតាម​ព្រះរាជ​សំណេរ​របស់​ព្រះអង្គ នៅពេលដែល​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ​នៅលើ​វាលមេរុ ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ។

ទី៣ មួយថ្ងៃ​បន្ទាប់ពី​ពិធី​បូជាព្រះសព សម្តេចឪ​នរោត្តម សីហនុ​បាន​មាន​ព្រះរាជបន្ទូល​អោយដឹងថា អដ្ឋិធាតុ​របស់​ព្រះអង្គ​នឹងត្រូវ​លាង​សម្អាត​ហើយ​ដាក់​នៅក្នុង​កោដ្ឋ​មួយ ជា​កោដ្ឋ​ធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ្ឋ​ធម្មតា​ក៏បាន។ កោដ្ឋ​នោះ​ត្រូវ​យកទៅ​តម្កល់​នៅក្នុង​ចេតិយ​គន្ធ​បុ​ប្ជា​នៅក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​ក្នុង​ព្រះបរមរាជវាំង។

សម្តេចឪ​នរោត្តម សីហនុ​ក៏បាន​មាន​ព្រះរាជឱង្កា​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​សម្តេចម៉ែ​សោយ​ទិវង្គត​ព្រះអង្គ​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូចគ្នា​ដូច​ករណី​របស់​ព្រះអង្គ​ដែរ៕