Sunday, May 19, 2013

កិច្ច​​ប្រជុំ​​ផ្តល់​​ព័ត៌មាន​​អំពី​វឌ្ឍន​ភាព​​នៃ​​ការ​​រៀប​​ចំ​​សម័យ​​ប្រជុំ​​ពេញ​​អង្គ​លើក​ទី​​៣៧ នៃ​​គណៈ​កម្មា​ធិការ​​បេតិក​ភ័ណ្ឌ​​ពិភព​លោក

នៅសល់​តែ​ ៣០ថ្ងៃ​ទៀត​ទេ សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក​ ដែល​មាន​ប្រទេស​ចូល​រួមចំនួន​ ១៩០​ប្រទេស នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា។ នេះ​ជា​មោទនភាព​ជាតិ​ខ្មែរ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ និង​ជាផ្លែផ្កា​ ក្រោម​ការ​ដឹកនាំ​ដ៏ឧត្តុង្គឧត្តម​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន។

ក្នុង​នាម​រាជ​រដ្ឋាភិបាល និងប្រជា​ជន​កម្ពុជា ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភព​លោក បាន​ទៅ​ចូល​រួម​ប្រជុំ​ផ្តល់​ព័ត៌មាន​នៅ​ទីស្នាក់​ការ​កណ្តាល​ នា​ទីក្រុង​ប៉ារីស ប្រ​ទេស​​​​បារាំង ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៣។ ការ​ដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ក្នុង​នាម​ជា​ប្រធាន​បេតិកភ័ណ្ឌ​ពិភពលោក ទទួល​បាន​ជោគ​ជ័យ​ដោយ​អ្នក​​​ដឹក​នាំ​កំពូលៗនៃ​ស្ថាប័ន UNESCO បាន​កោត​សរសើរ និង​ជឿ​ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទទួល​ព្រឹត្តិការណ៍ជា​សកល និង​លើក​ទី​១ នៅ​កម្ពុជា និង​កម្ពុជា​ជា​ប្រទេស​ទី​៣ ក្នុង​ទ្វីប​អាស៊ី ដែល​មាន​ឱកាស​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

មួយ​សប្តាហ៍​បន្ទាប់​ពី​ទស្ស​នកិច្ច​របស់​ឯកឧត្តម​សភាចារ្យ សុខ អាន នៅ​ទីក្រុង​ប៉ារីស ដើម្បី​បញ្ជាក់​ពី​វឌ្ឍនភាព​នៃការ​ត្រៀម​រៀបចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើ​ក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិ​ក​ភ័ណ្ឌ​ពិភពលោក​ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុគណៈកម្មការ​ព័ត៌មាន និង​សារគមនាគមន៍​ បាន​ដឹកនាំ​ប្រជុំ​ នា​រសៀល​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រធាន និង​អនុប្រធាន​លេខា​ធិការ​ដ្ឋាន និង​អនុគណៈកម្មការ​ទាំង​៥ បាន​ចូល​រួម​ប្រជុំ​យ៉ាង​ផុលផុស ដើម្បី​ក្តាប់​ការ​ងារតាមផ្នែក​រៀងៗ​ខ្លួន និង​សហការ​គ្នា​បាន​យ៉ាង​ល្អ ដើម្បី​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ ដែល​ការ​នេះ វា​គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ក៏​ជា​មោទនភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​អស់។

ឯកឧត្តម សួស យ៉ារ៉ា អនុរដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ បាន​ជម្រាប​ជូនអង្គ​ប្រជុំថា គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ប្រធាន​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក នៅ​ទីក្រុង​ប៉ារីស បាន​ជម្រាប​ជូន​ព័ត៌មាន​ទូទៅ​ ជូន​សមាជិក​អង្គ​ប្រជុំ​ចំនួន​ជាង​២០០នាក់ មក​ពី​៨០ប្រទេស ហើយ​សមាជិក​ចូល​រួម​ដែល​មក​ពី​ទ្វីប​ទាំង​៥ បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ចំពោះ​អ្វី​ដែល​កម្ពុជា​បាន ​និង​កំពុង​ត្រៀម​រៀប​ចំ​ ដើម្បី​បដិសណ្ឋារកិច្ច​គណៈ​ប្រតិភូ​ទាំង​អស់ ​ចំនួន​ប្រហែ​​ល​ពី ៨០០ ទៅ១០០០នាក់។

រហូត​មក​ដល់​ពេល​នេះ ​លេខាធិការ​ដ្ឋាន​បាន​ទទួល​ការ​ចុះ​បញ្ជី​ពី​ប្រទេស​ចូល​រួមចំនួន​​ជាង ៩០​​ប្រទេស និង​គណៈប្រតិភូ​ចំនួន​ជាង ៥០០រួច​មក​ហើយ។

ក្រៅ​ពី​ព័ត៌មាន​វឌ្ឍន​ភាព​នៃការ​ត្រៀម​រៀប​ចំ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន និង​សារ​គមនាគមន៍ បាន​រំលឹក និង​បញ្ជាក់​ជូន​អង្គ​ប្រជុំ​ នូវ​អ្វី​ដែល​បានចាត់​ចែងរួច​ហើយ​ រួម​មានជា​អាទិ៍៖

-ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក នឹង​ប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​បំផុតសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ហើយ​ពិធីបើកនេះ​ នឹង​មានពិធី​អបអរ​សាទរ​យ៉ាង​ឱឡារិក​តាម​​រយៈ​ការ​សំដែង​សិល្បៈ នៅ​សាល​ធំ​នៃ​វិមាន​សន្តិភាព។

-ពិធី​បិទ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នឹង​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ នៅ​ទីលាន​ជល់​ដំរី ក្រុង​សៀម​រាប បន្ទាប់​ពី​ភ្ញៀវ​បរទេស​មក​ពី​ប្រទេស ​១៩០ប្រទេស នឹង​មាន​ឱកាស​របកគំហើញ​រមណីយដ្ឋាន​អង្គរ ដែល​ជា​បេតិកភ័ណ្ឌ​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩៩២។

-យុវជន​ស្ម័គ្រ​ចិត្ត​ ដែល​នឹង​ត្រូវ​ចូល​រួម​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី​៣៧ នឹង​ត្រូវ​បណ្តុះ​បណ្តាល​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៣​ ដើម្បី​ឲ្យ​យុវជន​យល់​ច្បាស់​ពីការ​ចូល​រួម​រៀន​សូត្រ​ ហើយ​យុវជន​អន្តរជាតិ​មក​ពី ​១៤ប្រទេស និង​យុវជន​សង្កេតការណ៍​មក​ពី​២១​ប្រទេស នឹង​ចូល​រួម​វេទិកា​យុវជន​អន្តរជាតិ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ២០១៣ នៅ​សៀម​រាប​ ក្នុង​គោល​បំណង​ថាតើ​យុវជន​រៀន​សូត្រ​អ្វី​ខ្លះ ពី​មនុស្ស​ជំនាន់​មុន​ លើ​ផ្នែក​បេតិ​កភ័ណ្ឌ ដើម្បី​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន។

ឯកឧត្តម ស្វាយ​ ស៊ីថា បាន​បិទ​អង្គ​ប្រជុំ​ដោយ​កំណត់​​ថា គណៈកម្មាធិការ​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៧ នៃគណៈកម្មាធិការ​បេតិក​ភ័ណ្ឌ​ពិភពលោក នឹង​ធ្វើ​ពិធីសាកល្បង​នា​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៣៕