Sunday, May 19, 2013

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី ក្នុង​ពិធី​ប្រកាស​ចូល​កាន់មុខ​តំណែង​អភិបាល អភិបាល​រង នៃគណៈ​អភិបាល​ខេត្ត​តាកែវ និង​អភិបាល​ក្រុង ស្រុក នៃ​ខេត្ត​តាកែវ

ខេត្តតាកែវ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣

  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា និងរាជរដ្ឋាភិបាល
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលថ្នាក់ ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៃអភិបាល អភិបាលរង នៃគណៈអភិបាល​ខេត្តតាកែវ និងអភិបាល​នៃគណៈអភិបាលក្រុង និងស្រុក ក្នុងខេត្តតាកែវ សម្រាប់អាណត្តិទី២ នាពេលនេះ។ឆ្លៀតក្នុងឱកាសនេះ ​ខ្ញុំសូម​ពាំ​នាំ​នូវ​ក្តីនឹករលឹកនិងការផ្តាំ​​ផ្ញើសួរ​សុខ​ទុក្ខ​ពី​សំណាក់សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា​ ជូន​​ចំពោះ ឯកឧត្តម លោកជំទាវអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបង​ប្អូន​ប្រ​ជា​ពល​រដ្ឋ ក្នុង​​ខេត្ត​តា​កែវទាំងមូល​ ដោយសេចក្តីស្រឡាញ់រាប់អាន​យ៉ាងជ្រាលជ្រៅជាទីបំផុត។​​
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​​របស់ថ្នាក់ដឹកនាំ​​ខេត្ត មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ដែលមានឆន្ទៈ ស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុត យកអស់កម្លាំងកាយ ចិត្ត និងបញ្ញា ក្នុងការបន្តបំពេញ​​តួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើនិងការពារ​ជាតិមាតុភូមិ និងប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប​​ដោយស្មារតីទទួលខុស​ត្រូវខ្ពស់។
រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលយើងស្គាល់ថាជាអាជ្ញាធរដែនដីនេះ មានតួនាទីមិនត្រឹមតែជា​អ្នកផ្តល់សេវាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាសេនាធិការផ្ទាល់និងជាតំណាងឱ្យ​រាជរដ្ឋាភិបាល ក្នុងមូលដ្ឋានទៀតផង។ ការគ្រប់​គ្រង​រដ្ឋបាលថ្នាក់​ក្រោមជាតិត្រូវធ្វើឡើង តាមគោលការណ៍រដ្ឋបាល ឯកភាព ដើម្បីបង្កើត ជំរុញ និង​ធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ តាមរយៈ នយោបាយវិមជ្ឈការនិង​វិសហមជ្ឈការ។ ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បី​សម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុង​ដែនដីរបស់ខ្លួន។
ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី!
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារ ជម្លោះក្រោមឥទ្ធិពល និងមនោគមវិជ្ជា ស់ប្រទេសមហាអំណាច ជាពិសេស ការ​បំផ្លិចបំផ្លាញដល់សគល់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​។ ចាប់តាំងពីថ្ងៃ៧មករា១៩៧៩ រដ្ឋាភិបាល កម្ពុជាបានខិតខំប្រឹងប្រែងដឹកនាំប្រទេសពីបាតដៃទទេ​ ដោយដៃម្ខាង ស្តារ និងកសាងប្រទេសនិងដៃម្ខាងទៀត ទប់ស្កាត់​ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងពេល ដែលប្រទេសកម្ពុជាទទួលរងការហ៊ុំព័ទ្ធលើគ្រប់វិស័យ
តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែននាយក​រដ្ឋ​មន្រ្តី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា​ ក្នុងការធ្វើសមាហរណកម្មរចនាសម្ព័ន្ធនយោ​បាយ និងយោធារបស់ខ្មែរក្រហម ឱ្យមកនៅក្រោមរដ្ឋបាលឯកភាពតែមួយរបស់រាជរដ្ឋាភិបាល ប្រទេស​កម្ពុជាទទួលបាន​សុខ​សន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨។ នេះជាលើកទីមួ ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ​ចុងក្រោយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលគ្រប់គ្រងលើដែនដីនៃផ្ទៃប្រទេសទាំងមូល។
បន្ទាប់ពីទទួលបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ជាក់ស្តែង ផលិតផលក្នុងស្រុកសរុបសម្រាប់​មនុស្សម្នាក់ៗបាន​កើនឡើងពី៧៦០ដុល្លារអាមេរិក ក្នុង ឆ្នាំ២០០៨ ដល់ជិត១.០០០ដុល្លារ​អាមេរិក​ក្នុងឆ្នាំ​២០១២ ហើយរំពឹងថា នឹងកើនឡើងដល់​ជាង.០០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣នេះ។ អត្រានៃភាព​ក្រីក្របាន​ធ្លាក់ចុះពី២២,% ក្នុងឆ្នាំ២០០៩មកនៅត្រឹម២០%នៅឆ្នាំ២០១១ ហើយ​រំពឹង​ថា​នឹងចុះ​មក​​ក្រោម​១៩%នៅឆ្នាំ២០១៣នេះ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ សំដៅកសាង​សមត្ថភាព​ស្ថាប័ន ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបង្កើតឱ្យមានបរិយាកាសអនុ​គ្រោះ សម្រាប់ទាក់ទាញការវិនិយោគពីបរទេសនិងក្នុងស្រុក។ ថ្មីៗនេះរាជរដ្ឋាភិបាលបានអនុវត្ត​កំណែទម្រង់ដីធ្លី តាមរយៈ «គោលនយោបាយចាស់ សកម្មភាពថ្មី» ដោយមានការចូលរួមពីមន្ត្រី​​បច្ចេកទេស និងក្រុមវីរយុវជនស្ម័គ្រចិត្តសម្តេចតជោ ដើម្បីធ្វើការវាស់វែងដី​សម្រាប់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជន។
ស្របពេលជាមួយគ្នានេះដែរ ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម និងសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងរបស់ប្រជាជន សេរីភាពខាងសារព័ត៌មាន សេរីភាពការ​បញ្ចេញ​​មតិ សកម្មភាពរបស់ គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលនានា ត្រូវបានការពារ ពង្រឹង និងលើក​កម្ពស់​ឥត​ឈប់ឈរ។
ក្នុងវិស័យការពារជាតិ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​​ដោយ​គតិបណ្ឌិត​​​​​របស់​​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បានប្តូរផ្តាច់ការពារ​ថែ​​រក្សា​បូរណភាពទឹកដី និង​អធិបតេយ្យ​ភាព​ជាតិ ដោយប្រកាន់ខ្ជាប់គោលការណ៍អត់ធ្មត់​​ខ្ពស់បំផុត និងប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន តាម​​ច្បាប់ជាតិ អន្តរជាតិ ក្នុងជំហរ​​រក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍ជាតិ និង​ប្រជាជន​។
ដោយឡែក រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើនក្នុងការដ្ឋាននៃ​កំណែ​ទម្រង់​វិមជ្ឈការ​​​​និងវិសហមជ្ឈការ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាបន្តបន្ទាប់​ ព្រមទាំង​​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង​​-ស្រុក-ខណ្ឌ បានប្រព្រឹត្ត​ទៅ​​យ៉ាងរលូន ហើយ​លទ្ធផលនៃការបោះឆ្នោតនេះ ក៏បានជំរុញឱ្យដំណើរការ​កែទម្រង់​វិមជ្ឈការនិង​វិសហ​មជ្ឈការ​នេះ​មានលក្ខណៈល្អប្រសើរ និង​កាន់តែស៊ីជម្រៅថែមទៀត។ ជាងនេះទៀត រាជរដ្ឋា​ភិបាល​បាន​ដាក់ចេញ​នូវកម្មវិធីជាតិ រយៈពេល១០ឆ្នាំ (២០១០­២០១៩) ដែលជាផែនទីបង្ហាញ​ផ្លូវ​​រយៈពេល​វែង​មួយ ដោយ​​បានរៀបចំផែនការ​អនុវត្ត​​រយៈពេល ៣ឆ្នាំម្តងៗ ដើម្បី​​ការ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ។ បច្ចុប្បន្ន កំណែទម្រង់នេះកំពុងស្ថិតក្នុងឆ្នាំទី៣ នៃផែនការអនុវត្ត​រយៈពេល​៣ឆ្នាំ​ដំបូង​នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ។ ជាលទ្ធផល រចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រង​នៅ​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ ត្រូវបានរៀបចំឡើងវិញ​ដើម្បី​កំណត់​​​តួនាទី ភារកិច្ច​ និងការទទួលខុសត្រូវ​របស់​មន្រ្តី​ជាប់​ឆ្នោតនិងមន្រ្តីតែង​តាំង​ថ្មី ចំពោះ​​ប្រជាជន និង​រាជរដ្ឋាភិបាល។ ជាក់ស្តែង មន្រ្តី​រាជការ​ស៊ីវិល​​ប្រមាណ​១០.០០០នាក់ ដែលបម្រើ​ការងារ​នៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​រចនាសម្ព័ន្ធនិង​ប្រព័ន្ធគ្រប់គ្រងថ្មីនេះ។

ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅក្នុងប្រទេស កម្ពុជាក៏ទទួលបានជោគជ័យធំៗគួរឱ្យ​កត់សម្គាល់នៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០១២ ក្នុងឋានៈជាប្រធាន​អាស៊ាន កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយទទួលបាននូវការកោត សរសើរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ លើសពីនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កម្ពុជានឹងធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្នុងខែមិថុនាខាងមុខ ដោយមានការចូលរួមពីបណ្តារដ្ឋភាគីទាំង១៩០ប្រទេស នៃអនុសញ្ញាបេតិកភណ្ឌពិភព​លោក១៩៧២។
ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី!
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូម​ស្នើដល់ឯកឧត្តមអភិបាល អភិបាលរងខេត្ត​ អភិបាលក្រុង​អភិបាល​​​ស្រុកទាំងអស់នៃខេត្តតាកែវរបស់យើង ដែលត្រូវបានតែង​តាំងឱ្យបន្តការងារក្នុង​អាណត្តិ​ទី២​​នេះ រួម​ទាំង​ក្រុម​ប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗជាអាទិភាពមួយចំនួនដូចខាងក្រោម៖
ទីមួយ៖ ត្រូវបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមឱ្យ​បាន​ល្អ​ប្រសើរ ដើម្បីបង្កបរិយាកាសឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ​ប្រកប​ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌និងមានសុវត្ថិភាព ហើយត្រូវប្រកាន់ខ្ជាប់​​នូ​វអព្យាក្រឹត្យភាព ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និង​ត្រូវគោរពឱ្យបាន​ខ្ជាប់​ខ្ជួន​​នូវ​គោលការណ៍ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃ​ការបោះឆ្នោត។
ទីពីរ៖ ត្រូវបន្តខិតខំលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​នៅទូទាំងខេត្ត​ឱ្យ​​កាន់តែប្រសើរឡើងថែមទៀត តាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេស​​​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ទន្ទឹម​នឹង​ការខិត​ខំ​បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពល្មើសច្បាប់​និងក្រុមជនទំនើង អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ជើងគោក និង​ពង្រឹងការ​អនុវត្ត​ច្បាប់នេះឱ្យ​បាន​​​​ម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ទីបី៖ ត្រូវបន្តការលើកកម្ពស់ការគ្រប់គ្រងច្រក​ទ្វារព្រំដែន ច្រករបៀង និងសកម្មភាព​ចេញចូល​ឆ្លងដែន សំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព​នូវ​បទ​ល្មើសឆ្លងដែនគ្រប់ប្រភេទ​ ហើយក៏ត្រូវបន្តខិតខំបង្កើនកិច្ចសហប្រតិបត្តិការ​ឱ្យបានល្អ​ជាមួយ​អាជ្ញាធរ​​និង​​​កម្លាំងមានសមត្ថកិច្ចនៅតាម​តំបន់​ព្រំដែននៃប្រទេសជិតខាង ដើម្បីអភិវឌ្ឍ​​តំបន់​ព្រំដែន​​ឱ្យមាន​ការរីកចម្រើនថែមទៀត។
ទីបួន៖ ត្រូវបន្តជំរុញឱ្យបានខ្លាំងក្លានូវការអនុវត្ត «នយោបាយចាស់សកម្មភាពថ្មី» លើវិស័យដីធ្លីដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ​ហើយក៏ត្រូវខិតខំចាត់វិធានការ​ប្រកបដោយប្រសិទ្ធភាពដើម្បី​បង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត​ចំពោះសកម្មភាព​ទន្ទ្រានកាន់​កាប់​ដីថ្មីៗបន្ថែមទៀត ក៏ដូចជាបទ​ល្មើស​នេសាទ។
ទីប្រាំ៖ ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន​គ្រប់ជាន់ថ្នាក់នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង​របៀប​របប​ការងារឱ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។
ជារួម ក្នុងឋានៈជារដ្ឋបាលដែលនៅជាប់នឹងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន អាជ្ញាធរ​ដែនដី ត្រូវ​ប្រកាន់​ខ្ជាប់នូវជំហរជាអ្នកការពារ និងបម្រើប្រជាជន តាមរយៈការធានាឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍក្នុងមូលដ្ឋាន និងអភិបាលកិច្ចល្អ ជាពិសេស​ការទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់ទង្វើអសកម្ម ដែលប៉ះពាល់ដល់សុខុមាលភាព​​​របស់​ប្រជាជន។ ជាងនេះទៅទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ត្រូវបន្តយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យប្រជាជន ក្នុងមូលដ្ឋាន​​មានជំនឿទុកចិត្តលើ​រដ្ឋបាលរបស់ខ្លួន ហើយក៏​ត្រូវបន្តបំផុសចលនាមហាជនឱ្យយល់​ដឹង​កាន់តែស៊ីជម្រៅថែមទៀត អំពីតួនាទីរបស់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង​នូវការអបអរ​សាទរ​ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងគណៈអភិបាលខេត្ត គណៈអភិបាល​ក្រុង​និង​ស្រុក ដែលត្រូវបាន​តែងតាំង​ឱ្យបម្រើការងារក្នុងអាណត្តិទី២ ជាបន្តទៀត ហើយជាមួយគ្នា​នេះ​​ដែរ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាច​នឿយ​ហត់​របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ក្នុងការបំពេញតួនាទីជាអ្នកការពារ និង​បម្រើ​ប្រជាជន​ និងប្រទេសជាតិ ប្រកបដោយជោគជ័យ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ​និងសមាជិកនៃក្រុមប្រឹក្សានិងគណៈអភិបាល ក៏ដូចជាមន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​បងប្អូន​​​ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​​ភារកិច្ច និង​មាន​​សុភមង្គល​ក្នុងក្រុមគ្រួសារ៕

សូមអរគុណ!