Sunday, May 19, 2013

សម្តេច​​តេជោ​វាយ​​តម្លៃ​​ខ្ពស់​​ចំពោះ​ការ​​រីក​​ចម្រើន​​នៃ​ទំនាក់​​ទំនង​និង​​កិច្ច​​សហប្រតិ​បត្តិការ​​រវាង​​កម្ពុជា-ចិន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នា​ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ​ក្នុងឱកាស​ទទួល​ជួប​សវនាការជាមួយ ឯកឧត្តម ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​នូវ​ការរីកចម្រើនលើផ្នែក​ ទំនាក់ទំនង ​និង​សហប្រតិបត្តិការ​រវាងកម្ពុជានិង​ចិន។

ឯកឧត្តម អ៊ាង សុផ្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ឯកឧត្តម ផាន គ័ង​ស៊ា (Pan Guangxue ) បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នៅក្នុង​អំឡុងពេល៣ឆ្នាំ ​នៃបេសកកម្ម​ការទូត​នៅ​កម្ពុជា ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​វាង​កម្ពុជានិងចិន បាន​រីកចំរើន ហើយ​ឯកឧត្តម​ ផាន គ័ង​ស៊ា បាន​សន្យា​ថា នឹង​បន្ត​ជំរុញទំនាក់​ទំនងជា​ប្រពៃណី​នេះ​បន្តទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត​ចិន បានមាន​ប្រសាសន៍ឲ្យដឹង​ទៀតថា ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​ខួប​ទី​៥៥​ឆ្នាំ នៃ​ទំនាក់ទំនងរវាងកម្ពុជា​និង​ចិន ក្នុងនោះនៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ខាង​មុខ​នេះ ​ស្ថានទូត​នឹងរៀបចំ អបអរសាទរ​ខួបនេះ ​នឹងមាន​នាំមកនូវ​សិល្បៈ សៀក របាំផ្សេងៗ ពី​ប្រទេស​ចិនមក​សម្ដែង។ ​នៅ​ខែកញ្ញាខាង​មុខ​ នាវា​ចិន​មួយគ្រឿង​នឹងធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ផ្តល់សេវា​សុខាភិបាល ព្រមទាំង​មានការ​បង្ហាញ ពិព័រណ៍​ខ្សែភាពយន្ត​ចិន ផ្នែក​រូប​ភាព​របស់​ចិន​ផងដែរ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​ថ្លែង​អំណ​គុណដល់​រដ្ឋាភិបាល​ និង​ប្រជាជនចិន ​ដែល​គាំទ្រ​ដល់​ការ​អភិ​វ​ឌ្ឍ​​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយ​ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម ផាន គ័ង​ស៊ា ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ចូលរួមក្នុង​ពិធីបើកការដ្ឋានជាច្រើន​ក្នុងការ​សាង​សង់​ និង​សម្ពោធ​សមិទ្ធផល​នានា៕