Sunday, May 19, 2013

វិទ្យាស្ថាន​​សាធារណ​រដ្ឋ​​អន្ត​រជាតិ​៖ ​ប្រជា​​ប្រិយ​​ភាព​​​របស់​​សម្តេច​​​តេ​ជោ​​កើន​​ដល់​​៨៧%

យោង​តាម​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​ប្រជាប្រិយភាព​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ប្រកាស​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ២០១១ បាន​ឲ្យ​ដឹង​ថា ប្រជា​ប្រិយភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ ហ៊ុន សែន ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មកដល់ ឆ្នាំ២០១១ កើនឡើងដល់ ៨៧% ដែល​ត្រូវបានសម្តេចតេជោ​ចាត់​ទុកថា ជាមូល​ហេតុ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា ដាក់​សម្តេចជាបេក្ខជននាយករដ្ឋមន្ត្រី។

ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​សារ​ពេជ្រ និង​សមិទ្ធ​ផល​នានា​នៅក្នុង​បរិវេណ​វត្ដ​សិរី​សារ​ពេជ្រ ដែល​មាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក ស្ថិតនៅក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន បាន​លើកយក​របាយ​ការណ៍​ IRI របស់​សហរដ្ឋអាមេរិក​មកបង្ហាញ​ដោយ​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ការ​ទុក​ចិត្ត​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ៨៧% បានសេចក្តី​ថា នៅ​ពេល​ដែល IRI ចាប់ផ្តើម​ស្ទង់​មតិ​ខ្ញុំ​មាន​ជាង ៨០%​ទៅ​ហើយ​ ដូច្នេះ​ខ្ញុំ​រក្សា​នូវ​ប្រជាប្រិយ​ភាព​របស់ខ្ញុំ​បាន ៧ឆ្នាំ ​ក្នុង​អត្រា​ជាង ៨០% ។ “នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ ហ៊ុន សែន ធ្វើជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ជា​បន្តទៀត” 

សម្រាប់​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ(IRI) សម្តេច​តេ​ជោមាន​ប្រសាស​ន៍​ឲ្យ​ដឹង​ថា ការស្ទង់មតិ​ថា​តើ​ប្រទេស​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ​ឬ​ផ្លូវខុស​នោះ ចម្លើយ​បាន​បង្ហាញថា ៨១% ស្មើនឹង ១៦២២នាក់ ​ឆ្លើយ​ថា ដើរ​លើ​ផ្លូវ​ត្រូវ​ដែល​កាលពី​ខែ​កក្កដា​ឆ្នាំ២០១០ មានតែ ៧៦%។ ១៦% ស្មើនឹង ៣៧៨ នាក់​ ឆ្លើយ​ថា ​មិនបាន​ត្រឹមត្រូវ​ក្នុង​ពេល​ដែល​ខែកក្កដា ឆ្នាំ២០១០ មាន ២៣% បាន​សេចក្តី​ថា រយៈពេល ១ឆ្នាំ ក្រោយ​ការ​មិន​ពេញចិត្ត យល់ថា កម្ពុជាដើរ​លើ​ផ្លូវខុស​ធ្លាក់​មក​នៅ ១៦% ឯ​ការស្ទង់មតិ​ថា ​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​គឺ​បាន​កើនឡើង​ពី ៧៦% ដល់ ៨១%​។ IRI បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ខែ៨ ឆ្នាំ២០០៦ ការស្ទង់មតិ​បង្ហាញថា ​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​មាន ៦០% មកដល់​ចុងឆ្នាំ ២០១១ ឡើង ៨១%, កម្រិត​ឆ្លើយ​ថា​មិន​ត្រឹមត្រូវនៅ​ឆ្នាំ២០០៦ មាន ៣៧% ដល់​ចុងឆ្នាំ ២០១១ នៅ​ស​ល់តែ ១៦% ដូច្នេះ​បាន​សេចក្តី​ថា គណបក្សប្រជាជន​ដឹកនាំ​ត្រូវ​ហើយ ត្រូវ​សម្រាប់​មនុស្ស​ភាគច្រើន​។

ពាក់ព័ន្ធនឹង​ការ​លើក​ឡើង​របស់​ព្រះអង្គម្ចាស់ធម្មិកោ ដែល​ថា​គណបក្ស​ប្រជាជន​បាន​ចាញ់​ឆ្នោត​ទៅ​ហើយ ​បើ​ពិនិត្យ​ពី​តួរលេខ​នៃ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ​ កាលពី​ឆ្នាំ២០១២ នោះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ពន្យល់​ថា ប្រជាជន​នៅ​ឆ្នាំ២០១២ មាន ១៤ ០៨៣ ៩៤៩ នាក់ ប្រជាជន​បាន​ចុះបញ្ជី​បោះឆ្នោត​ឆ្នាំ២០១២ មាន ៩ ២០៣ ៤៩៣ នាក់​ត្រូវជា ៦៥,៣៥% នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស​។ ​ប្រជាជនចូលរួម​បោះឆ្នោតឆ្នាំ២០១២ មាន ៥ ៩៩៣ ២៩២ នាក់​ ត្រូវជា ៦៥,១៣% នៃ​ចំនួន​ប្រជាជន​បាន​ចុះ​បញ្ជី​បោះឆ្នោត​។

សម្រាប់​តួរលេខប្រជា​ជន​ចូល​រួម​បោះ​ឆ្នោត សម្តេច​តេជោបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​​ចំនួន ៦៥,១៣% ជាអត្រា​សមរម្យ​បើ​ប្រៀបធៀប​ជាមួយនឹង​ស្ថិតិ​ដែល​ដកស្រង់​ពី​គេហទំព័រ​នៃ​ប្រទេ​ស​មួយចំនួន​អំពី​វត្តមាន​ប្រជា​ជន​ចូល​រួម​បោះ​ឆ្នោត។​

ចំពោះ​លទ្ធផល​នៃការ​បោះ​ឆ្នោត សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សន្លឹកឆ្នោត​បាន​ការ​មាន ៥ ៨៧៥ ៧១៩ សម្លេង​ត្រូវជា ៩៨,០៣% នៃ​សម្លេង​ឆ្នោត​សរុប​។ ​សន្លឹកឆ្នោត​ដែល​មិនបានការ​មាន ១១៨ ២៧៣ សន្លឹក​ត្រូវជា ១,៩៧% នៃសន្លឹក​ឆ្នោត​សរុប។ ដូច្នេះ​សន្លឹកឆ្នោត​បានការ​មានតែ ៤ ៧៥០ ៧១៩ សន្លឹក​ទេ ដែល​សន្លឹកឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជាជន​មាន​ចំនួន ៣ ៦៣១ ០៨២ សម្លេង​ ត្រូវជា ៦១,៨០%​ នៃ​សន្លឹកឆ្នោត​បានការ​សរុប​។​ គណ​បក្ស​សមរង្ស៊ី ទទួល​បាន ១ ២២៤ ៤៦០ សម្លេង​ត្រូវជា ២០,៨៤%​នៃ​សម្លេង​ឆ្នោត​បានការ​សរុប។ ដូច្នេះ គណបក្ស​នេះ​ទើបនឹង​មាន ២០,៨៤%​ ទេ ក្នុងពេលដែល​គណបក្ស​ប្រជាជន​មាន​ទៅដល់ ៦១,៨០% ដូច្នេះ​ខុសត្រូវ​គ្នា​ក្នុង​ទំហំ ៤០%​។​ គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន ៥៨ ០៤៨៣ សម្លេង​ត្រូវជា ៩,៨៨% នៃ​សម្លេង​ឆ្នោត​បានការ​សរុប ដូច្នេះ​គណបក្ស​នេះ​ត្រូវ​នៅ​ទាប​ជាង​គណបក្ស​ប្រជាជន​ជាង ៥២%​។

សម្តេច​តេ​ជោ​​ថ្លែង​ថា បើ​គិត​ជា​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន ៣ ៦៣១ ០៨២ សម្លេង, ​គណ បក្ស​សមរង្ស៊ីបាន ១ ២២៤ ៤៦០ សម្លេង​ បាន​សេចក្តីថា សមរង្ស៊ីនៅ​ចាញ់​គណបក្ស​ប្រជាជន​ចំនួន ២ ៤០៦ ៦២២ សម្លេង​។ ​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន ៥៨០ ៤៨៣ សម្លេង​ដែល​នៅ​ចាញ់​គណ​បក្ស​ប្រជាជន ៣ ០៥០ ៥៩៩ សម្លេង​។ ​បើ​គណបក្ស​ទាំងពីរ​បូក​បញ្ចូល​គ្នា​បាន ១ ៨០៤ ៩៤៣ សម្លេង យក​មក​សង​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ទាំងពីរ​នៅ​ចាញ់​គណបក្ស​ប្រជាជន ១ ៨២៦ ១៣៩ សម្លេង ថែមទៀត។ ដូច្នេះ​បើ​ចង់​ឈ្នះ​គណបក្ស​ប្រជាជន​ត្រូវ​រក​ឲ្យ​បាន ៣ លាន​ទៅ ៤ លាន​សម្លេង​ទៀត ដែល​នេះ​ជា​តួលេខ​ជាក់លាក់​ដែល​បាន​ចេញ​មក​។

សម្តេច​តេជោសែន មានប្រសាសន៍ថា បើ​យើង​គិត​តាមរបៀប​ក្រុមប្រឆាំង​វិញ​ឃើញថា គណ​បក្ស​ប្រជាជន​ទទួល​បាន ៣ ៦៣១ ០៨២ សម្លេង​ ប្រៀបធៀប​នឹង​ប្រជាជន​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ៩ ២០៣ ៩៩៣ នាក់​ មានន័យថា អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត ដែល​មិនទាន់​បាន​មក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​មាន ៥ ៥៧២ ៤១១ ថែមទៀត ប៉ុន្តែ​បើ​ពិនិត្យ​ពី​គណ​បក្ស​២នោះ​វិញ គណបក្ស​សមរង្ស៊ីបាន ១ ២២៤ ៤៦០ សម្លេង​។ ដូច្នេះ​បើ​ប្រៀបធៀប​អ្នកមានសិទ្ធិ​បោះឆ្នោត​នៅ​ខ្វះ ៧ ៩៧៩ ០៣៣ នាក់​ទៀត ​នៅ​ពេល​ដែល​គណ​បក្ស​ប្រជាជន​ខ្វះ​តែ​ជាង ៥លាន ប៉ុន្តែគណបក្ស​សមរង្ស៊ី នៅ​ខ្វះ​ជិត ៨លាន​នាក់​។ ​ចំណែក​គណបក្ស​សិទ្ធិមនុស្ស ៥៨០ ៤៨៣ សម្លេង ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត ៨ ៦២៣ ០១០ នាក់​ទៀត ដែល​មិន​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស​តើ​គិត​យ៉ាង​ដូចម្តេច ហើយ​បើ​គណបក្ស​ទាំងពីរ​បូក​បញ្ចូ​ល​គ្នា​ក៏បាន​តែ ១ ៨០៤ ៩៤៣ សម្លេង ដូច្នេះ​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​ទាំងពីរ​មាន​ទៅដល់ ៧ ៣៩៨ ៥៥០ នាក់​ទៀត​។

ផ្អែក​តាម​ការលទ្ធផល​ខាង​លើ​នេះ សម្ដេចតេជោ​បាន​បង្ហាញ​ឱ្យឃើញ​ទៀតថា ទោះបីជា​គណ​បក្ស​ប្រឆាំង​ពីរ រួម​បញ្ចូល​គ្នា​ជា​គណបក្សសង្គ្រោះ​ជាតិ​នោះ​ក៏​លទ្ធផល​បោះឆ្នោត​នៅ​តែ​មិន​មាន​សំឡេង​អាច​ឈ្នះ​គណបក្ស​ប្រជាជន​ដែរ ដែល​ក្នុងនោះ​ដែរ​សម្ដេច​តេជោ​បង្ហាញ​នូវ​ការ​ជឿជាក់​យ៉ាង​មាំ​ថា ចំនួន​អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នឹង​មាន​ចំនួន​កាន់តែច្រើន​ឡើង​តាមរយៈ​អ្វី​ដែល​សម្ដេច​ហៅថា ជា​អ្នក​ដែល​បោះឆ្នោត​ប្រចាំត្រកូល​ឱ្យ​គណបក្ស​ប្រជា​ជន​មានន័យថា យុវជន​ស្រករ​ក្រោយ ដែល​ដល់​អាយុ​បោះឆ្នោត​ដែលត្រូវជា​កូន​ជា​ចៅ​របស់​មន្ត្រី​គណបក្ស​ប្រជាជន ឬ​ជា​កូនចៅ​ប្រជាជន ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​រហូត​មក​នោះ នឹង​បន្ត​ក្លាយជា​អ្នក​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កាន់តែ​ច្រើនឡើង។ “ខ្ញុំ​មិន​ជឿ​ថា អ្នក​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន នឹង​មិន​ផ្លាស់ប្តូរ​ទេ ព្រោះ​គណបក្ស​យើង​មិន​ដូរ​ឈ្មោះ អត់​ដូរ​សញ្ញា ដែល​វា​ខុសគ្នា​ពី​ការបោះ​ឆ្នោត​តាម​បែប​ពនេចរ ព្រោះ​បក្ស​គេ​បាន​ដូរ​ឈ្មោះ ដូរ​ស្លាក​សញ្ញា ដូរ​រហូត​ដូច្នេះ​បើ​បក្ស​ពនេចរ​ហើយអ្នក​បោះ​ឆ្នោត​ក៏​ពនេចរ​ដែរ”៕