Sunday, May 19, 2013

សម្តេច​​​តេ​ជោ​ ៖ ​​សំណើ​​​បញ្ចុះ​​​អត្រា​​​ការ​​ប្រាក់​​​ធនាគារ​​​មក​​​ត្រឹម​​​១%​​​ជា​​ការ​​សម្លាប់​​ធនាគារ​

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រ​សាស​ន៍​​នា​​ព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០១៣​ថា តាម​ក្រឹត្យក្រមនៃ​សេដ្ឋកិច្ចទីផ្សារ ​រាជ​រដ្ឋា​ភិ​បាល​​អាច​បញ្ចុះ​បញ្ចូល និង​គាំពារ​ខ្លះៗ​បាន ប៉ុន្តែ​មិន​អាច​បញ្ជា​ទីផ្សារ​បាន​នោះ​ទេ ហើយ​ការ​ស្នើ​​ឲ្យ​ធនាគារ​បញ្ចុះ​អត្រាការប្រាក់​មក​នៅ​ត្រឹម ១%​ គឺ​ជា​​សម្លាប់​ធនាគារ​​។​

​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​កែច្នៃ​កៅ​ស៊ូ​ នៅ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​រួម​ដំណើរ​ដោយ​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ បាន​មានប្រសាសន៍ថា រាជ​រដ្ឋា​ភិ​បា​​ល​កម្ពុជា ​កំពុង​រៀបចំ​ពិនិត្យ​ អំពី​ការ​រៀបចំ​នូវ​ទិសដៅផ្សេងៗ ដែល​ក្នុង​នោះ​ក៏​រាប់បញ្ចូល​ទាំង​​​បញ្ហា​ឥណទាន​ខ្នាត​តូច ដើម្បី​ជំរុញ​ឲ្យ​កសិករ​អាច​មាន​លទ្ធភាព​រក​ប្រាក់ធ្វើ​ដើម​ទុន ដោយ​​ទាក់ទង​ជាមួយ​នឹង​​អត្រា​ការប្រាក់​ផង​ដែរ។ សម្តេច​តេជោ​មាន​ប្រសាសន៍​​ថា ​ខ្ញុំ​សូម​និយាយ​ថា យើង​មិនអាច​បញ្ជា​​ទីផ្សារ​ទាំងស្រុង​បាន​នោះ​ទេ យើង​​អាច​បញ្ចុះបញ្ចូល និង​គាំពារ​​​បាន​ខ្លះ ប៉ុន្តែ​មិន​អាច​ដូច​ក្រុមប្រឆាំងដែល​សន្យា​ថា ធ្វើ​ឲ្យ​ការ​ប្រាក់​មក​នៅ​ត្រឹម ១%​នោះ​​ទេ​។

​សម្តេច​​តេ​ជោ​​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា មាន​សារ​នយោបាយ​ពី​មនុស្ស​ខ្លះ​បាន​និយាយ​ថា សុំ​ទំលាក់​ការប្រាក់ធនា​គារ​​ ឲ្យ​មក​នៅ​ត្រឹម​អត្រា​ការប្រាក់ ១% នៅពេល​ដែល​ពួកគេ​ចងការ​ប្រាក់​គ្នាឯង​ក្រៅ​ប្រព័ន្ធ​ធនាគារ គិតការ​ប្រាក់​យ៉ាងធ្ងន់ធ្ងរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា យោង​ទៅ​លើសេដ្ឋកិច្ច​ទីផ្សារ​ ​មិន​អនុញ្ញាត​ឲ្យ​រដ្ឋ​កាន់កាប់​ធ​នា​គារ​ពាណិជ្ជ​​ទេ ហើយ​គ្រាន់តែ​ធនាគារ​ក្រៅប្រទេស​មួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភព​លោក (World Bank) ​បាន​ស្នើ​ឲ្យ​យើង​ទុក​ភាគហ៊ុន​រដ្ឋ​តែ ៦% ប៉ុណ្ណោះ ដើម្បី​គេ​ងាយស្រួល​គ្រប់គ្រង​លើ​បញ្ហា​ផ្សេងៗ​។ ​យើង​មាន​ធនាគារជាតិ​ហើយ ប៉ុន្តែ​មិនអាច​ធ្វើសេវា​បានទេ ដូច្នេះ​សេវា​ធនាគារ​ត្រូវធ្វើ​ដោយ​ធនាគារឯកជន​នានា ដោយ​មាន​​ការប្រកួតប្រជែង​។​

​សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​​​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រភព​ទុន​របស់​ធនាគារ​ ជា​សំខាន់ បាន​​មក​ពី​អ្នក​យក​មក​ផ្ញើ​នៅ​ធនាគារ ​ដោយ​ផ្តល់​ការប្រាក់​ដល់​ម្ចាស់​បញ្ញើ ៥% ហើយ​នៅ​ពេល​ដែល​ធនាគារ​យក​ទៅ​ចងការ ត្រូវ​យក​ការប្រាក់​ពី ៧%​ ឬ​៨% ​ឬ​១០% ​ទៅតាម​មុខរបរ ប៉ុន្តែ​ធនាគារ​មិនអាចយក​ការ​ប្រាក់ ១% បានទេ ព្រោះ​វា​ជា​​ការ​សម្លាប់​ខ្លួនឯង​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា ធនាគារ​មួយ​បាន​ផ្តល់ប្រាក់​កំចី​ទៅ​ឲ្យ​រោងចក្រ​ម៉ាស៊ីនកិនស្រូវ ដើម្បី​ទិញ​ស្រូវ​ពី​ប្រជា​ពល​រដ្ឋ​​ចំនួន ១០លាន បើសិនជា​រោង​ចក្រ​ម៉ាស៊ីនកិនស្រូវ​ទ្រទ្រង់​មិន​រួច គឺ​រាជរដ្ឋាភិបាល​ជួយ​ធា​នា​​​​ហានិភ័យ ហើយ​នេះ​ជា​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល​អាច​ធ្វើ​ទៅរួច​។ ​បើ​យើង​ទៅ​បិទ​ធនាគារ​មាន​ន័យថា យើង​ដូច​អា ប៉ុល ពត ហើយ​សូម្បីតែ​វិបត្តិនៅ​ទ្វីបអឺរ៉ុប តើ​មាន​អ្នកណា​ហ៊ាន​ដាក់​កំរិត​​ឲ្យ​ធនាគារ​អឺរ៉ុប ឬ​ធនាគារ​ដទៃទៀត​ជំរុញ​ការប្រាក់​ឲ្យ​មក​នៅ​ទាបអញ្ចឹង វា​ផ្ទុយ​ពី​ក្រឹត្យក្រម​សេដ្ឋ​កិ​ច្ច​ទីផ្សារ ដូច្នេះ​សារ​នយោបាយ​បោកប្រាស់​នេះ​ ល្មម​ឲ្យ​យើង​តាម​ទាន់​ជាន់កែង​ហើយ​។​

​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា ការ​ដាំ​កៅ​ស៊ូ ​គឺជា​ការ​បង្កើត​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ ព្រោះ​យើង​ចាត់ទុកថា កៅស៊ូ​ជា​ប្រភេទ​នៃ​គម្រប​ព្រៃឈើ ប្រសិនបើ​យើង​ដាំ​បាន ១ លាន​ហិកតា ​​វា​ជា​គម្រប​ព្រៃឈើ ១លាន ហិកតា ​ឡើងវិញ​ដែរ ដូច្នេះ​យើង​លើក​ទឹក​ចិត្ត​​ឲ្យ​មានការ​ដាំ​នូ​វ​​ដំណាំ​កៅស៊ូ​នេះ​។​

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បន្ទាប់ពី​ការ​ដាក់​ចេញ​គោល​នយោ​បាយ​ផលិត​កម្ម​​ស្រូវ​ និង​ការ​នាំ​ចេញ​​អង្ករ សម្រាប់​រាជ​រដ្ឋា​ភិបាល​ គោលនយោបាយ​ជំរុញ​ផលិតកម្ម​កៅស៊ូ និង​ការនាំចេញ​កៅស៊ូ​សម្រា​ប់​បណ្តា​ឆ្នាំ​ខាងមុខ គឺ​ជួយជំរុញ​លើកទឹកចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ ដោ​យ​ឈរ​លើ​កត្តា​គន្លឹៈ​សំខាន់ៗ​ ចំនួន៤ គឺទី​១-ផ្តល់​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួ​សារ​កសិករ និង​ចូលរួម​កាត់​បន្ថយ​​ភាព​ក្រីក្រ, ទី​២-បង្កើត​ការងារ និង​មុខរបរ​មាន​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​​ទី​ជន​បទ និង​ជួយ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ទី​៣-ផ្តល់​ឈើ​សម្រាប់​ប្រើប្រាស់​ជា​គ្រឿង​សំណ​ង់​​សង្ហា​រឹម​ជា​ឈើ​ឥន្ធនៈ ​ជួយ​កាត់បន្ថយ​ការ​កាប់​​បំផ្លាញ​ព្រៃ​ធម្មជាតិ និង​ទី​៤-ការ​ការពារ​ហូរ​ច្រោះ​ដី និង​​បង្កើត​ជា​គម្រប​បៃតង​ឡើងវិញ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួលអាកា​ស​ធាតុ ​ដែល​ជា​មូលហេតុ​បញ្ហា​ក្នុង​បច្ចុប្បន្នភាព​។

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ដឹង​ថា គិត​មកដល់ ឆ្នាំ២០១២ កន្លង​ទៅ​នេះ​ ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ជាង ២៨០ ៣៥៥ ហិកតា ​​ក្នុង​នោះ​ផ្ទៃដី​ចំការ​កៅស៊ូ​កសិ​-​ឧស្សាហកម្ម​អតីត​ចំការកៅស៊ូ​រដ្ឋ​មាន​ផ្ទៃដី ៥៤ ២០៩ ហិកតា ​ស្មើនឹង ១៩,៣៤% ចំការកៅស៊ូ​សម្បទានសេដ្ឋកិច្ច​មាន ១១៨ ៤៣៩ ហិកតា ​ស្មើនឹង ៤២,២៥% និង​ចំការកៅស៊ូ​គ្រួសារ​ខ្នាតតូច និង​ខ្នាត​មធ្យមមាន ១០៧ ៦៩៦ ហិកតា​ ស្មើនឹង ៣៨,៤១% នៃ​ផ្ទៃដី​សរុប​។

​លើ​ផ្ទៃដី​ដាំ​ដុះ​សរុប​ផ្ទៃដី​ចៀរ​ជ័រ​មាន ៥៥ ៣៦១ ហិកតា ដោយ​បាន​ផ្តល់​ជា​ជ័រកៅស៊ូ​ស្ងួត​ប្រ​មាណ ៦៥ ០០០ តោន ​សម្រាប់​ការនាំ​ចេញទៅ​បរទេស​។ ​ការវិនិយោគ​លើ​ដំណាំ​កៅស៊ូ​នៅ​ខេត្តស្ទឹងត្រែង​មកដល់ពេលនេះ​ មាន​ក្រុមហ៊ុន​ចំនួន៩ ដែលបាន​វិនិយោគ​លើដី​សម្បទាន​សេដ្ឋ​​​កិច្ច ក្នុង​ការដាំ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ទំហំ ៧១ ៨៤៥ ហិកតា​ ក្នុងនោះផ្ទៃដី​ដែល​បាន​ដាំ​រួច​មាន​​ប្រមាណ ១១ ៨៦២ ហិកតា ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​រួច​របស់​របស់​ក្រុមហ៊ុន សុ​ភក្តិ​នី​កា​អ៊ិន​វេស​​មេន​អា​ហ្រេ្គ​អ៊ិន​ដាស​ស្ទ្រៀ​ល​ផ្លេ​ន​មាន ៣៨០០ ហិកតា​ក្នុងនោះ​ផ្ទៃដី​ដែល​ត្រូវ​ចៀរជ័រ​ក្នុង​ឆ្នាំ ២០១៣ មាន ៣០០ ហិកតា​៕