Sunday, May 19, 2013

ពិធី​ប្រកាស​ចូល​កាន់​មុខ​ដំណែង អភិបាល អភិបាល​រង​ខេត្ត និង​អភិបាល​ក្រុង ស្រុក នៃ​ខេត្ត​តាកែវ អាណត្តិទី ២​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្ដី បាន​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​ប្រកាសតែង​តាំង​ចូល​កាន់​មុខ​ដំណែង អភិបាល អភិបាល​រងខេត្ត និង អភិបាល​ក្រុង ស្រុក នៃ​ខេត្ត​តាកែវ កាលពី​ព្រឹកថ្ងៃទី ១៦ ខែ ឧសភាឆ្នាំ ២០១៣ សំរាប់​អាណត្តិ​ទី២ ឆ្នាំ ២០១៣ - ២០១៧។


យោង​តាម​ព្រៈរាជ្យ​ក្រិត និងអនុក្រិត ព្រមទាំង​សេចក្ដី​សំរេច​របស់​ក្រសួង​មហាផ្ទៃ ក្នុងនោះ ឯកឧត្តម ស្រី បេន ត្រូវ​បាន​តែង​តាំង ជាអភិបាល​ខេត្តតាកែវ និង​មន្រ្ដី​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រងខេត្ត អភិបាល​ក្រុង ស្រុក​ក្នុង​ខេត្តតាកែវ។


បន្ទាប់ពីឯកឧត្តម ស្រី​ បេន អភិបាលខេត្ត បានធ្វើការប្តេជ្ញាចិត្ត​បន្ត ការងារ​សម្រាប់​អាណត្តថ្មីរួច​មកមាន​ប្រសាសន៍​សំណេះ​សំណាល ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ធ្វើការកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​​របស់ថ្នាក់ដឹកនាំ​​ខេត្ត មន្រ្តី​រាជការ​​គ្រប់​លំដាប់​ថ្នាក់​ និងកងកម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ​ដែល​មានឆន្ទៈ​ស្រួច​ស្រាល់ និង​ការប្តេជ្ញា​ចិត្ត​មោះមុត​​យក​អស់ក​​ម្លាំង​កាយចិត្ត​ និង​បញ្ញាក្នុង​ការ​បន្ត​បំពេញ​​តួនាទី​ ភារកិច្ច​ និង​កាតព្វ​កិច្ច ដើម្បី​បម្រើ​ និង​​ការពារ​​ជាតិ​មាតុ​ភូមិ និង​ប្រជាជន​​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ប្រកប​​​ដោយ​ស្មារតី​ទទួល​ខុស​​ត្រូវ​ខ្ពស់។

ឯកឧត្តម ក៏បានបន្តទៀតថា៖ ការប្រកាសតែង​តាំង រដ្ឋបា​ល​ថ្នាក់​ក្រោម​ជាតិ ដែល​យើង​​ស្គាល់​​ថា ជាអា​ជ្ញាធរ​ដែន​ដីនេះ​មាន​តួនាទី​មិន​ត្រឹម​តែជា​​អ្នក​ផ្តល់​សេវា​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​ជា​សេនាធិការ​ផ្ទាល់ និង​ជាតំណាងឱ្យ​រាជ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​ទៀត​ផង។ ​ការគ្រប់​គ្រង​រដ្ឋបាលថ្នាក់​​ក្រោម​ជាតិ​ត្រូវ​ធ្វើឡើង​តាម​គោល​ការណ៍​រដ្ឋបាល​ឯកភាពដើម្បី​បង្កើតជំរុញ និង​​ធ្វើ​ឱ្យមាន​ចីរភាព​ដល់ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​តាម​រយៈ​នយោបាយ​វិមជ្ឈការ​ និង​​វិសហមជ្ឈការ។ ការ​បង្កើត​រដ្ឋ បាល​​​ឯកភាព​នៅរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​ដល់​ការពង្រឹង​អង្គ​ឯកភាព​របស់​រដ្ឋ ដើម្បី​សម្រប​សម្រួល​នូវ​រាល់​សកម្មភាព​រដ្ឋបាល​សាធារណៈ​នៅក្នុង​​ដែន​ដីរបស់​ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា៖ បន្ទាប់​ពីទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ក្នុងប៉ុ​ន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពល​រដ្ឋជា​បន្តបន្ទាប់។ ​ជាក់​ស្តែង ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​ពី៧៦០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០០៨​ដល់ជិត១.០០០ដុល្លារ​​អាមេរិក​​ក្នុង​ឆ្នាំ​២០១២​ ​ហើយ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​​ជាង​១.០០០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៣​នេះ។ អត្រា​នៃភាព​​ក្រីក្រ​បាន​ធ្លាក់​ចុះពី​២២,៩%​​​ក្នុងឆ្នាំ​២០០៩​មក​នៅត្រឹម២០%​នៅឆ្នាំ២០១១ ហើយ​រំពឹង​​ថា​ នឹងចុះ​​មក​​​ក្រោម​១៩%​នៅឆ្នាំ២០១៣​នេះ។ ទន្ទឹម​នឹងនេះរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​កម្មវិធី​កំ​​ណែទ​ម្រង់​ស៊ីជម្រៅ​លើគ្រប់​វិស័យ​សំដៅ​​កសាង​​សមត្ថភាព​​ស្ថាប័ន ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម និង​បង្កើត​ឱ្យមាន​​បរិយាកាស​អនុ​គ្រោះ សម្រាប់​ទាក់​ទាញ​ការ​វិនិ​យោគ​ពីបរទេស​ និងក្នុងស្រុក។ ថ្មីៗ​នេះ​រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​កំណែ​ទម្រង់​ដីធ្លីតាមរយៈ​«គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី» ដោយ​​មាន​ការចូល​រួម​ពីមន្ត្រី​​បច្ចេក​ទេស និង​ក្រុមវីរយុវជន​ស្ម័គ្រ​ចិត្តសម្តេច​តេជោ ដើម្បី​ធ្វើការវាស់​វែងដី​​សម្រាប់​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិដីធ្លី​ជូន​ប្រជាជន​។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន បានបន្តថា ក្នុងវិស័យ​ការពារ​ជាតិ​រាជរដ្ឋាភិបាល​ក្រោមការ​ដឹក​នាំ​ប្រកប​​ដោយ​គតិបណ្ឌិត​​​​​របស់​​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន ​សែន ​បាន​ប្តូរ​ផ្តាច់​ការពារ​​ថែ​​រក្សា​​បូរណ​ភាព​ទឹក​ដី និង​​អធិប​តេយ្យ​​ភាព​​ជាតិ ដោយ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​អត់​ធ្មត់​​​ខ្ពស់​បំផុត​និងប្រឹង​ប្រែង​ដោះស្រាយ​ជម្លោះ​ព្រំដែនតាម​​ច្បាប់ជាតិ អន្តរជាតិក្នុងជំហរ​​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​។

ដោយឡែក រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើនក្នុងការដ្ឋាននៃ​កំណែ​ទម្រង់​វិមជ្ឈការ​​​​ និងវិសហមជ្ឈការ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាបន្តបន្ទាប់​ ព្រមទាំង​​ការ​បោះឆ្នោត​​ជ្រើស​រើសក្រុមប្រឹក្សារាជធានី-ខេត្តក្រុមប្រឹក្សាក្រុង​​-ស្រុក-ខណ្ឌ បានប្រព្រឹត្ត​ទៅ​​យ៉ាងរលូន ហើយ​លទ្ធផល​​ នៃការបោះឆ្នោតនេះក៏បានជំរុញ​ឱ្យ​ដំណើរ​ការ​​កែទម្រង់​​វិមជ្ឈ​ការ និង​​​វិសហ​មជ្ឈការ​​នេះ​​មាន​លក្ខណៈ ល្អ​ប្រសើរ និង​កាន់តែស៊ីជម្រៅថែមទៀត។ជាងនេះទៀតរាជរដ្ឋា​ភិបាល​បាន​ដាក់ចេញ​នូវ​កម្ម​វិធីជា​តិ​រយៈ​ពេល​១០ឆ្នាំ (២០១០­២០១៩) ដែល​ជាផែន​ទីបង្ហាញ​​ផ្លូវ​​រយៈ​ពេល​​វែង​​មួយ​ដោយ​​បាន​រៀប​ចំ​ផែន​ការ​អនុវត្ត​​រយៈពេល៣ឆ្នាំម្តងៗ ដើម្បី​​ការ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។​បច្ចុប្បន្ន​កំណែ​ទ​ម្រង់​នេះកំពុង​ស្ថិត​ក្នុង​ឆ្នាំទី៣ ​នៃផែន​ការអនុវត្ត​​រយៈពេល​​៣ឆ្នាំ​​ដំបូង​នៃ​កម្មវិធី​ជាតិ​រយៈ​ពេល​១០ឆ្នាំ។​ ជាលទ្ធផល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង​​នៅ​​រដ្ឋបាល​ថ្នាក់​​ក្រោម​​ជាតិ​ត្រូវ​​បាន​​រៀប​​ចំ​ឡើង​​វិញ​​​ដើម្បី​កំណត់​​​​តួនាទី ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​របស់​​មន្រ្តី​​ជាប់​​ឆ្នោត និង​មន្រ្តីតែង​​តាំង​​ថ្មី​ចំពោះ​​ប្រជាជន​ និង​​រាជ​​រដ្ឋាភិបាល។​ ជាក់ស្តែង មន្រ្តី​រាជការ​ស៊ីវិល​​​ប្រមាណ​​១០.០០០នាក់ ​ដែលបម្រើ​​ការងារ​​នៅ​សាលា​រាជ​ធានី​​​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​​ធ្វើ​​សមាហរណកម្ម​​ចូល​ទៅ​ក្នុង​​រចនាសម្ព័ន្ធ ​និង​ប្រព័ន្ធ​គ្រប់​គ្រង​ថ្មីនេះ​។

ឯកឧត្តមក៏បានបញ្ជាក់ ថា៖ កម្ពុជា​ក៏ទទួល​បាន​ជោគជ័យ​ធំៗ​គួរឱ្យ​​កត់​សម្គាល់​នៅលើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។ ជាក់​ស្តែង​នៅឆ្នាំ​២០១២ ក្នុង​ឋានៈ​ជាប្រធាន​​អាស៊ាន កម្ពុជា​បាន​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ដោយ​ទទួល​បាន​នូវ​ការកោត​ សរ​សើរ​ពីមជ្ឈដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ។​លើស​ពីនេះ​ ក្នុង​នាមជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក កម្ពុជានឹង​ធ្វើជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៧ នៃ​គណៈកម្មា​ធិការ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ខែមិថុនា​ខាង​មុខ​ដោយ​មាន​ការ​ចូល​រួម​ពីបណ្តា​​រដ្ឋភាគី​ទាំង​១៩០​ប្រទេស​ នៃ​អនុសញ្ញា​បេតិកភណ្ឌពិភព​​លោក​១៩៧២។

ឯកឧត្តម​បានធ្វើការ​ផ្តាំផ្ញើ ដល់​ឯកឧត្តម​អភិបាល អភិបាល​រងខេត្ត​ អភិបាល​ក្រុង​​អភិបាល​​​ស្រុក​ទាំង​​អស់​​នៃខេត្តតាកែវ​​របស់​​យើង​​ដែលត្រូវ​​បាន​​តែង​​​តាំង​​ឱ្យ​បន្ត​ការងារ​​ក្នុង​​អាណត្តិ​​ទី២​​នេះ​ រួម​​ទាំង​​ក្រុម​​ប្រឹក្សា មន្រ្តី​រាជការ កង​កម្លាំងប្រដាប់​អាវុធ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​រួមសហការ​គ្នា​​​ត្រូវបន្តរួម​គ្នាថែរ​ក្សាការ​ពារ​សុខ​សន្តិភាព​ស្ថិរភាព​នយោបាយ ​សណ្តាប់ធ្នាប់សង្គម ឱ្យ​​បាន​​ល្អ​ប្រសើរ​ដើម្បី​បង្ក​បរិយាកាស​ឱ្យ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ​ខែ​កក្កដា ឆ្នាំ២០១៣​ ខាង​មុខ​​ប្រកប​ដោយ​លក្ខណៈ​សេរី​ត្រឹម​ត្រូវ​យុត្តិធម៌ ​និង​មាន​សុវត្ថិភាព​ហើយ ត្រូវ​​​ប្រកាន់​​ខ្ជាប់​​​នូ​​វអព្យាក្រឹត្យភាព​ក្នុងកា​រអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​​ត្រូវ​គោរព​ឱ្យ​បាន​​ខ្ជាប់​​ខ្ជួន​​​នូវ​គោល​ការណ៍​ច្បាប់​បទ​បញ្ជានីតិ​វិធី និងក្រមសីលធម៌​នៃ​ការបោះឆ្នោត​ក្នុង​ឋានៈ​​ជារដ្ឋ​បាល​ដែល​នៅ​ជាប់​នឹង​ប្រជាជន​រួម​សុខរួម​ទុក្ខ​ជាមួយ​ប្រជាជន អាជ្ញាធរ​​ដែន​ដីត្រូវ​​ប្រកាន់​​ខ្ជាប់នូ​វ​ជំហរ​ជាអ្នក​ការពារ និង​បម្រើ​ប្រជាជន​ តាម​រយៈកា​រ​ធានា​ឱ្យ​បាន​នូវ​​សន្តិសុខ ​សណ្តាប់ធ្នាប់ ​សុវត្ថិភាព​ ស្ថិរភាពសង្គម​ ការ​អភិវឌ្ឍ​ក្នុង​មូល​ដ្ឋាន និង​អភិបាល​កិច្ច​ល្អ ជាពិសេស​ការ​ទប់​ស្កាត់​ឱ្យ​បា​ន​ទាន់​ពេល​វេលា​រាល់​ទង្វើ​អសកម្ម​ដែល​ប៉ះពាល់​ដល់​សុខុមាលភាព​​​​របស់​​ប្រជាជន​។ ជាងនេះទៅទៀត​ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​ក្នុង​មូលដ្ឋាន​​ ​មាន​​ជំនឿ​ទុកចិត្ត​លើ​រដ្ឋបាល​របស់​ខ្លួន ​ហើយ​ក៏​ត្រូវ​បន្ត​បំផុស​​ចលនា​មហាជន​ឱ្យ​យល់​​ដឹង​​កាន់​តែស៊ីជម្រៅ​ថែមទៀត​អំពីតួនាទី​របស់​បង​ប្អូន​​ប្រជា​ពលរដ្ឋ ក្នុង​ការ​ចូល​រួមជាមួយ​រាជ​រដ្ឋា​ភិបាល ​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​ជាតិលើ​គ្រប់វិស័យ។​