Sunday, May 19, 2013

សម្ដេច​​តេ​ជោ​​ធានា​​កា​រពារ​​រាជា​និយម​​ពេល​មាន​​ខ្សែ​រាជ​វង្ស​មួយ​​អង្គ​ដែល​​ធ្លាប់​​បំផ្លា​ញ​​រាជា​និយម​ចូលរួម​​បក្ស​ប្រ​ឆាំង​

សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ប្រកាស​ការធានា​ចំពោះ​ភាព​ស្ថិតស្ថេរ​នៃ​របប​រាជានិយម ក្នុងខណៈដែលមាន​ព្រះអង្គម្ចាស់​មួយ​អង្គ​ដែលធ្លាប់​បំផ្លាញ​របប​រាជា​និយម​ក្នុង​ទសវត្សរ៍ទី៧០ ចូល​រួម​ជាមួយ​គណបក្សប្រឆាំង ដែល​មាន​ពួក​ក្រុម​ប្រដាប់​អាវុធ និង​ទង់ជាតិ​របស់​គេ ដើម្បី​ផ្លាស់ប្ដូរ​របប​រាជានិយម។

នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​សិរី​សារ​ពេជ្រ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ ព្រៃវែង កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ឥឡូវនេះ​មាន​អង្គ​ម្ចាស់​មួយ​អង្គ ដែល​កំពុង​ខិតខំ​បំផ្លាញ​របប​រាជានិយម បំផ្លាញ​ព្រះ​មហា​ក្សត្រ បំផ្លាញ​រាជបល្ល័ង្គ បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស​ តាមរយៈ​នៃ​ការចូលរួម​ជាមួយ​ គណបក្ស​ប្រឆាំង ដែល​មាន​ពួក​ក្រុម​ប្រដាប់​អាវុធ និង​ក្រុម​ដែល​មាន​ទង់ជាតិ​ដែល​បាន​បង្ហាញ​នេះ ចង់​ផ្លាស់ប្តូរ​របប​រាជានិយម​តាមរយៈ​ទង់ជាតិ​របស់​គេ​។ ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៍​ថា មិនមែន​ត្រឹមតែចង់​ដូរ​គណបក្ស​ប្រជាជន និង​ដូរ ហ៊ុន សែន ទេ តែ​ដូរ​របប​តែម្តង​។ ហ៊ុន សែន គ្រាន់តែ​ជា​រនាំង​ការពារ ហើយ​វាយ​បើកផ្លូវ​ដើម្បី​ទំលាយ​ចូល​ឲ្យ​ដល់​រាជវាំង​តែ​ប៉ុណ្ណោះ​។

ទាក់​ទង​នឹង​វត្តមាន​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ទៅ​ចូលរួម​ជាមួយ​បក្សប្រឆាំង ហើយ​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ ទៅ​និយាយ​នៅ​ខេត្តកំពត ហើយ​ត្រូវ​បាន​យក​មក​ចាក់​ផ្សាយ​ក្នុង​កម្មវិធីសង្គ្រោះជាតិ ដែលក្នុង​នោះ ព្រះ​អង្គ​ម្ចាស់​ធម្មកោ ក៏​អះអាងថា ខ្លួន​តំណាង​ឲ្យ​រាជ​វង្ស​ខ្មែរ ត្រួវ​បាន​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​ករណី​នេះ​ថា សម្តេច​ក្រុមព្រះនរោត្ដម រណឬទិ សរសេសំបុត្រ ផ្ញើ​ជាចុតហ្មាយ​មួយ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា ខ្ញុំនៅថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៣នេះ។ ព្រះអង្គ​បានមាន​បន្ទូល​ក្នុង​ចុតហ្មាយ​នោះថា ចំពោះ​បន្ទូល​ដួច​បាន​ជម្រាប​សម្ដេច​ខាង​លើនេះ (ធម្មិកោ) ថ្វីត្បិត​តែ​ជាសិទ្ធិ​របស់ទ្រង់ ក៍ប៉ុន្តែ​ខ្ញុំសូម​បដិ​សេធ​ដា​ច់​ខាត។ ព្រះអង្គមិនតំណាងឲ្យខ្ញុំ ដែល​ខ្ញុំ​ក្នុងឋានៈ​ជាសមាជិក​រាជ​វង្ស​ខ្មែរមួយ​រូប​នោះ​ទេ ព្រោះ​ព្រះអង្គ​បាន​ចូល​ជាសមាជិក​នៃគណបក្ស​សង្គ្រោះជាតិ នាសមាជ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ដែលផ្ទុយ នឹងព្រះរាជឱវាទ​នៃព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ជាទី​សក្ការៈ​ដ៍ខ្ពង់ខ្ពស់​បំផុត​កាល​ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១។ សម្ដេចតេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ​ប៉ុន្មា​ន​ថ្ងៃ​មុននេះ ក្នុងបទសំភាសន៍ដែលផ្សាយ​តាមវិទ្យុ​អាស៊ី​សេរី ក្នុងពេលដែល​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានទៅខេត្តក្រចេះ បាននិយាយថា “ឥឡូវ​បង​ប្អូន​ទាំង​អស់​ត្រៀម​ជ្រើស​រើស​ទៅ ជ្រើស​រើស​រវាង​ការគ្រប់គ្រង​របៀប​កុំម្មុយនីស្ត ឬ​មួយការ​គ្រប់​គ្រង​របៀប​សង្គម​រាស្ត្រ​និយម ដែលខ្ញុំ (ធម្មិកោ) ជាតំណាង” ។

ពាក់ពន្ធ័​នឹងទង្វើ​ដ៏គ្រោះ​ថ្នាក់​ដល់​រាជវង្ស ឬរាជានិយម ដែល​បង្ក​ឡើងដោយព្រះអង្គម្ចាស់​ ធម្មិកោ សម្ដេច​តេជោ​បាន​ធ្វើការ​បកស្រាយ​ដោយ​ពន្យល់​ថា​ ទីមួយ​ខ្ញុំសូមអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​សូមកុំ​មាន​ការភន្ត័​ច្រឡំ​ ចំពោះ​ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង សូមកុំមានការ​ភន្ត័​ច្រឡំ​ជាមួ​យ​និង​អង្គ​សម្ដេច​ម៉ែ ព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិ​ខ្មែរ សម្ដេច​យាយ​សម្ដេច​យាយ​ទួត។ ឥឡូវ​ដោយ​សារ​តែ​ព្រះអង្គម្ចាស់​អង្គ​នេះ តាំង​ខ្លួន​តំណាង​ឲ្យរាជវង្ស និង​តាំង​ខ្លួន​តំណាងឲ្យសង្គម​រាស្ត្រ​និយម​ការវិភាគ​របស់​អ្នកនយោបាយ​មួយ​ចំនួន​អាចមាន​ខ្លះ​នៅ​ក្នុងគណបក្ស​ប្រជាជន​ផង ​ហើយក៍មានខ្លះនៅក្នុងគណបក្សដ៍ទៃ ដែលគេចូលរួម​បោះ​ឆ្នោត​ផង​ដែរថា ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែចាប់ត្រីដៃទាំងពីរ នេះជា​មហន្ត​រាយ​ដ៍​គ្រោះថ្នាក់មួយ​សម្រាប់រាជ​វង្ស បន្ថែម​ទៅ​ដោយ​ព្រះអង្គម្ចាស់​អង្គ​នេះ ប្រើព្រះនាម​អតីត​ព្រះ​មហា​ក្សត្រ​សម្ដេច​ព្រះ​នរោត្ដម​​សីហនុ ដែលព្រះអង្គសោយ​ទីវង្គត​ទៅហើយ ប្រើព្រះ​នាមក្នុង​នាម​ជាព្រះរាជខុទ្ទ​កាល័យ​របស់សម្ដេច​ម៉ែ​ថែម​ទៀត ដូច្នេះ​ធ្វើ​ឲ្យ​អ្នកវិភាគ​កាន់តែ​សង្ស័យថា នេះ​ជាឧបាយ​កល​របស់​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​ឬ​ទេ?។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រឿងនេះមហន្តរាយធំណាស់ បើ​សិន​ជាយើ​ង​មិន​ចេញ​មុខ​មក​ការពារ ខ្ញុំ​ព្រះករុណា​ខ្ញុំមិនចេញ​មុខមក​ការពារ​ព្រះមហាក្សត្រ និងសម្ដេច​ម៉ែ​ទេ គឺមា​ន​មហន្តរាយ ដែល​អាចធ្វើ​ឲ្យខូចខាត​នូវព្រះកិត្តិនាម​របស់​ព្រះមហា​ក្សត្រ​ជាទីសក្ការៈ និង​សម្ដេច​ម៉ែជា​ទីសក្ការៈ​របស់​យើង។ ខ្ញុំព្រះករុណា​ខ្ញុំហ៊ាន​យក​ជីវិត​មក​ធានា​ថា គ្មានការ​ពាក់​ពន្ធ័​ជាមួយ​នឹង​ព្រះមហាក្សត្រ​ទេ អត់មាន​ការពាក់ព័ន្ធ​ទាល់​តែសោះ​ជាមួយ​ព្រះមហាក្ស​ត្រ​ហើយ​ក៏​គ្មាន​ការពាក់ព័ន្ធ​ទាល់​តែសោះ​ជាមួយ​នឹងសម្ដេច​ម៉ែ នេះ​ជាសិទ្ធិ​នយោបាយ​របស់​ព្រះ​អង្គ​ម្ចាស់​អង្គ​នេះ​តែប៉ុណ្ណោះ ហើយ​ក៏មាន​តែព្រះអង្គម្ចាស់​អង្គនេះ ដែល​ទៅចូល​រួម​ជាមួយ​បក្ស​ប្រឆាំង ដែល​ផ្ទុយ​ទៅនឹង​មាគ៌ាក្រប​ខណ្ឌ នៃ​ព្រះរាជតំរិៈ​របស់ព្រះមហាវីរក្សត្រ ព្រះបរមរត​ន​កោដ្ឋ។

សម្ដេច​តេជោ​ថ្លែង​ថា ព្រះអង្គ​ដាច់ខាត​មិនធ្វើរឿង​នេះទេ ព្រោះរាជរដ្ឋាភិ​បាល​ជារាជរដ្ឋា​ភិ​បា​ល​របស់​ព្រះអង្គ ព្រះអង្គ​ត្រូវ​ធ្វើការ​ជាប់​ជាមួយ​រដ្ឋមន្ត្រី ព្រះអង្គ​ទ្រង់ការ​ជាមួយ​រដ្ឋសភា​តាម​ព្រះ​រាជសារ ប៉ុន្តែ​ព្រះអង្គ​បានទ្រង់​ការផ្ទាល់​ជាមួយ រាជ​រដ្ឋា​ភិបាល​ប្រចាំ​ថ្ងៃ ហើយរាជ​រដ្ឋាភិ​បាល​ដែល​មាន​គណបក្សប្រជាជន​ដឹកនាំ គឺ​ជាកំផែង​ដ៏​រឹងមាំបំផុត​ដើម្បី​ការពារ​រាជបល្លង្គ័ ការ​ពារ​រាជា​និយម ការពារ​ព្រះមហាក្សត្រ។ អញ្ចឹងទេ​សូមបង​ប្អូន​ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ​មេត្តា​កុំភន្ត័​ច្រឡំអ្វី​ទាំងអស់​លើការ​ដែលថា អាច​នឹងមានឧបាយកល​របស់​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ដែល​ឲ្យធម្មិកោទៅ​ចូលរួម​ជាមួយ​បក្សប្រឆាំង សូមកុំភន្ត័ច្រឡំកន្លែងហ្នឹង ខ្ញុំហ៊ាន​យ​ក​ជីវិតមកស្បថ​មកធានា ព្រោះ​ព្រះអង្គតែងតាំង​គោរមងារ​តេជោ គឺដើម្បី​ការពារ​ស្ដេច។

ចំណុច​ទីពីរ​ដែលទាក់ទិន​ថា រាជវង្សខ្មែរ​មាន​ខ្ញុំជាតំណាង​ហើយ​ប្រើពាក្យថា ឬមួយគ្រប់​គ្រង​តាម​សម័យសង្គមរាស្ត្រនិយម​ដែល​ខ្ញុំជាតំណាង សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា ឥឡូវ​ខ្ញុំព្រះករុណា​ខ្ញុំសូម​បកស្រាយ​ថា តើ​ព្រះ​អង្គ​ម្ចាស់ធម្មិកោ​ជានរណា ជាទាហាន​លន់​ណល់​។ អញ្ចឹងទេ ព្រះអង្គម្ចាស់​គ្មានសិទ្ធ​មក​និយា​យអំពី​ការ​ការពារ​រាជានិយម ឬការពារ​រាជ​បល្លង្គ័ ការពារ​ព្រះមហាក្សត្រទេ ព្រះអង្គ ក៏​កាន់​តែគ្មានសិទ្ធការពារនូវ​របប​សង្គម​រាស្រ្ត​និយម​ដែរ ព្រោះព្រះអង្គ​ខ្លួនឯង​ផ្ទាល់ជាអ្នក​រួម​ជា​មួយ​លន់ណល់ ដើម្បីផ្ដាច់ផ្ដិលរាជានិយម ផ្ដាច់ផ្ដិល​សង្គម​រាស្ត្រនិយម ព្រះអង្គកុំថា​ចិត្ត​សឿង។ លន់ណល់​ប្រឆាំងនឹងសម្ដេចសីហនុ លន់​ណុល​ជា​អ្នកផ្ដួលរាជានិយម ​បង្កើត​ឡើង​នៅ​របបសាធារណរដ្ឋខ្មែរ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ថែ​ម​ថា  រាជានិយមក៍មិនមែនរបស់​ព្រះ​អង្គ​ដែរ (ធម្មិកោ) គឺរបស់ទាំងអស់គ្នា ព្រះ​ករុណា​បានមានបន្ទូលថា សង្គមរាស្ត្រនិយម​ស្លាប់​បាត់​ទៅហើយៗចាត់ទុក​គណបក្ស​ប្រជា​ជ​ន​​ជាប្អូនរបស់សង្គមរាស្ត្រនិយម។ សូម្បីតែ​ព្រះ​ករុណា ព្រះបិតាចាត់ទុកគណបក្សប្រជាជន​ជា​ប្អូន​សង្គមរាស្ត្រនិយម ក៏គណបក្ស​ប្រជាជន​មិន​ដែល​យក​ទៅប្រើប្រាស់ ដើម្បីទាញយកប្រជា​ប្រិយ​ភាព ក្នុងការឃោសនា​បោះឆ្នោត​រកសម្លេង​ឆ្នោត​ទេ។ ​សូម្បីតែ​ព្រះករុណា​ព្រះមហាក្សត្រ​ប្រទាន​គោរមងារសុទ្ធតែខ្ពស់ៗ ងារជាសម្ដេច ក៏ប៉ុន្តែ​យើង​មិន​ដែលយកស្ថាប័ន​ព្រះមហាក្សត្រ​ទៅ​ទាក់ទាញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋនោះទេ។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា សារ​របស់​ខ្ញុំថ្ងៃ​នេះ មុខជា​ដឹងដល់​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែៗ​ទូល​ថ្វាយ​ពីចម្ងាយ ព្រះអង្គម្ចាស់ធម្មិកោ សព្វថ្ងៃនេះ​ប្រើព្រះនាម​ខុទ្ទកាល័យ​ព្រះ​អង្គ​សប្បើម​ណាស់ ដូច្នេះ​សូមព្រះអង្គ​គិតគូរ​បើថាវា​មិននេះ​ដាក់ចេញឲ្យទៅ​ធ្វើនយោ​បា​យ​សិន​ទៅ ព្រោះ​ស៊ីប្រាក់ខែរដ្ឋ ល្មម​កាត់​ប្រាក់ខែ​ទេដឹង ប៉ុន្តែ​នេះជា​សិទ្ធិ​របស់​សម្ដេចម៉ែ​ព្រោះ​យើង​បើក​ទៅខុទ្ទកាល័យ​ព្រះអង្គ​ហើយ ប៉ុន្តែ​យក​ល្អ​កុំកាត់អី​ទុកគ្រាន់​បានចាយខ្លះ​ហើយ​យ​ក​ទៅ​ឃោស​នា​ទៅ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា សូមផ្ដាំទៅព្រះអង្គ សូម្បីតែឪពុកម្ដាយ​ខ្លួនឯង​ព្រះអង្គ​មិន​ស្មោះ​ត្រង់​ផង តើ​ព្រះ​អង្គ​ទៅស្មោះត្រង់​ជាមួយ​អ្នកណា​ទៀត និយាយ​គ្នាឲ្យ​ត្រង់ៗ ព្រះអង្គ​កុំលេង​សើច​រឿង​ហ្នឹង។

ទាក់​ទង​នឹងកង​កម្លាំង​ប្រដាប់​អាវុធប្រឆាំង​ដែល​ប៉ុន​ប៉ង​បំផ្លាញ​របប​រាជា​និយម សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​បង្ហាញ​ម្តង​មួយៗផង​ដែរ ​នូវ​រូបភាព​របស់​ក្រុមចលនា​ប្រឆាំង​ដោយ​ប្រដាប់​អាវុធទាំងនោះ។ សម្តេច​តេជោ​មាន​ប្រសា​ស​ន៍​ថា បើសិនជា​ដូរ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដូរ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​អត់​បញ្ហា​ទេ ប៉ុន្តែ​សូមមើល​ឲ្យ​ច្បាស់​នេះ​ជា​ទង់ជាតិ​នៃ​ចលនា «​អំណាច​ពលរដ្ឋ​ខ្មែរ​» ដែល​បាន​ដូរ​ទង់ជាតិ ដែល​ប្រធានចលនា​នេះ ​ធ្លាប់បាន​ឡើង​តាម​រយៈប៉ុស្តិ៍​ទូរទស្សន៍​ក្រុម​អាវ​លឿង​ថៃ​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​បាន​ស្នើ​ឲ្យសហរដ្ឋអាមេរិក​ជួយ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ នៅ​ពេល​ដែល CIA បាន​មក​ជួប​ដើម្បី​រៀបចំ​ដំណើរ ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ “​ខ្ញុំ​ស្នើ​ឲ្យ​អាមេរិក​ជួយ​ស្រាវជ្រាវ ព្រោះ​អាមេរិកប្រឆាំង​នឹង​ទង្វើ​អ្នកណា​ក៏ដោយ ដែល​ពលរដ្ឋ​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋ​មួយ ដែល​ជា​មិត្តភក្តិ​របស់​អា​មេរិក ដែល​មាន​ទំនាក់ទំនង​ការទូត”។ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្សប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជា​និយម​ចេញ​តែម្តង ហើយ​ក្រុម​នេះ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​មាន​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ថៃ​។​

សម្តេច​តេ​ជោ​ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ករណី​ដូចជា ឈុន យ៉ាសិទ្ធិ ដែល​បាន​ប្រើ​កម្លាំង​ប្រដាប់ អាវុធ​ធ្វើ​ភេរវកម្ម​ឆ្នាំ២០០០ នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​សហរដ្ឋអាមេរិក​កាត់​ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត ហើយ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​គុក​ទៅហើយ​។

សម្រាប់ចលនា ​«​ខ្លា​រំដោះ​» ​ជា​ចលនា​ទី២ ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញឲ្យ​ដឹង​ថា បាន​ដូរ​ទង់ជាតិ​ដែរ ហើយ​ការ​ដូរ​ទង់ជាតិ​នេះ​ គឺជា​បញ្ហា​សំខាន់។ ​ក្រុម​ទាំងពីរ​នេះ​​កំពុង​ជ្រក​នៅក្រោម​បក្ស​ប្រឆាំង​សព្វថ្ងៃ ព្រោះ​គេ​មិន​អាច​មក​ជ្រក​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិន​​ប៉ិច និង​មក​ជ្រក​ជាមួយគណបក្ស​ប្រជាជន​បានទេ គេ​ជ្រក​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ធ្វើ​សកម្ម​ភាព ម្ខាង​យក​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​នយោបាយ ម្ខាង​ទៀត​ធ្វើ​ចលនា​ប្រដាប់​អាវុធ​ដូរ​ទង់ជាតិ​តែម្តង​។

ចលនា​ «​មហាចក្រ​ខម​» ​ជាចលនា​ទី៣ ដែល​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក។ ករណី​នេះ​សម្តេច​តេជោ​បាន​ឲ្យ​ដឹង​ថា ​ចលនានេះ​ក៏​មាន​មនុស្ស​មួយចំនួន​កំពុង​សំងំ​នៅក្នុង​គណបក្ស​ប្រឆាំង​ទាំងពីរ​ ឥឡូវ​ផ្គុំ​ចូលគ្នា​តែមួយ។ «​ចំណុច​នេះ​ប្រជាពលរដ្ឋ​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិន​មែន​ខ្ញុំ​បំភ័យ​ទេ ហើយដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។ ​សម្តេច​តេ​ជោ​ថ្លែង​ថា ចលនា​មួយទៀត​ជា​ចលនា​ទី៤ ទង់ជាតិ​ក៏​ត្រូវ​បាន​ដូរ​ដែរ ដែល​យើង​ទើបនឹង​ចាប់បាន​ជាមួយ​វត្ថុតាង​គឺ​«​រណ​សិរ្ស​រំដោះជាតិ​ខ្មែរ​» ដែល​បាន​បង្កើត​នៅ​បាងកក ដែល​ប្រទេស​ថៃ​បាន​ដេញ​ចេញ ហើយ​រត់​ចូល​មក​ស្រុក​ខ្មែរ​ហើយ​ត្រូវ​យើង​ចាប់ ដែល​មនុស្ស​មួយចំនួន​របស់​ពួក​គេ ​កំពុង​ហ្វឹកហាត់​កម្លាំង​ប្រដាប់អាវុធ និង​មួយ​ចំនួន​ទៀត​កំពុងស្ថិត​នៅក្នុង​គណបក្សប្រឆាំង​។

ក្រុម​ចលនា​អតីត​ទាហាន​កន្សែង​ស គឺជា​ក្រុមទី៥ ដែល​ទង់ជាតិ​របស់​ពួកគេ​ក៏បាន​ដូរ​ទៀត ហើយ​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅក្នុង​ប្រទេស​ថៃ ហើយ​យើង​នឹង​សហការ​ជាមួយថៃ ដើម្បី​បំផ្លាញ​កម្លាំង​អស់នេះ ហើយ​ដែល​ក្រុម​នេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែ​បណ្តាញរបស់​គណបក្សប្រឆាំង។ ទាក់​ទង​នឹង​ក្រុម​ភេរវកម្ម​ជ្រុល​និយម​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ខ្ញុំ​សូម​ផ្តាំ​ទៅ​គណបក្សប្រឆាំង​ផង បើ​មានការ​ចាប់​ខ្លួន​​ណាមួយ​កើតឡើង កុំ​ថា​ចាប់​សមាជិក​បក្សនយោបាយ គឺ​កម្លាំង​ភេរវកម្ម​ទេ៕