Thursday, January 15, 2015

សម្តេច​​តេជោ និង​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត សោក​ស្តាយ​​ចំពោះ​​ការ​​បាត់​បង់​​លោក ហែម ថុន ដែល​​ជា​​ធន​ធាន​​មនុស្ស​​ដ៏​មាន​​​សមត្ថភាព​​ម្នាក់​​ក្នុង​​វិស័យ​កីឡា

សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណ​ភាព​របស់​លោក ហែម ថុន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិអូ​ឡាំពិក​កម្ពុជា ដោយ​ចាត់​ទុក​ថា ជាការ​បាត់បង់​ធនធាន​មនុស្ស​ដ៏មាន​សមត្ថភាព​នៅ​ក្នុង​វិស័យ​កីឡា។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្ញើលិ​ខិត​ចំនួន ២ច្បាប់ ដើម្បី​ចូលរួម​ចែក​រំលែក​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​សព​លោក ហែម ថុន ដែល​ទើប​នឹង​ទទួល​មរណភាព​កាល​ល្ងាច​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។

លិខិត​សម្ដេចតេជោ​ចុះ​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០១៥នេះ បាន​បញ្ជាក់​ថា សម្ដេច​កើត​សេច​ក្ដី​តក់​ស្លុត​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ទទួល​បាន​ដំណឹង​ថា លោក ហែម ថុន ដែល​ជា​អគ្គលេខាធិការរង NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡា​ហែលទឹក​ខ្មែរ ទទួល​មរណភាព។ “ខ្ញុំ​និង​ភរិយា សូម​សម្ដែង​នូវ​ការ​ស្ដាយ​ស្រណោះ​អាឡោះ​អាឡៃ​ក្រៃលែង និង​សូម​ចូល​រួមរំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក ហែម ថុន ប្រកប​ដោយ​សមាន​ទុក្ខ និង​ក្ដី​សង្វេគ​រកទីបំផុត​គ្មាន។ ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ដល់ដួង​វិញ្ញាណក្ខន្ធ​លោក ហែម ថុន បាន​ឆាប់​ទៅ​ចាប់​កំណើត​ក្នុង​សុគតិភព គ្រប់ៗ​ជាតិកុំបី​ឃ្លៀង​ឃ្លាត​ឡើយ”​។

រីឯ​លិខិត​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ចុះ​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ បាន​ចាត់​ទុក​ការ​បាត់បង់​ជីវិត​របស់​លោក ហែម ថុន គឺ​ពិតជា​ការបាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​រូប ដែល​ធ្លាប់​បាន​លះបង់​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ត​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ-កីឡាការិនី​ហែលទឹក​ជាច្រើន​ជំនាន់ ពោរពេញ​ដោយ​ស្នាដៃ កិត្តិយស កិត្តិ​នាម ល្បីល្បាញ​ជូនជាតិ​មាតុភូមិ និង​ប្រជាជនកម្ពុជា​ផងដែរ។

គួរបញ្ជាក់​ថា លោក ហែម ថុន បាន​ទទួល​មរណភាព​កាល​ពីវេលា​ម៉ោង ៦:៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤នេះ ដោយ​រោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែលោក ហែម ថុន ធ្លាប់​បាន​កសាងស្នាដៃ​ជាច្រើន ទាំង​ការ​ស្វែង​រក​មេដាយ​ជូនជាតិ និង​ការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​កីឡា​ជាតិ ជា​ពិសេសគឺ​លោកធ្លាប់​ជាអតីត​កីឡាករ​ហែល​ទឹក​ដ៏ឆ្នើម​ក្នុង​ទសវត្ស​រ៍ទី​៦០-៧០ ទៀត​ផង៕