Thursday, January 15, 2015

រដ្ឋាភិបាល​ជប៉ុន នឹងបញ្ជូន​ជំនាញ​ការលើ​ការងារ​កែទំរង់​បោះឆ្នោត មក​កម្ពុជា នាពេល ឆាប់ៗខាងមុខ

ឯកឧត្តម ណាកាណេ កាហ្សូយុគិ (Nakane Kazuyuki) សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៥ មករា នេះថា រដ្ឋាភិបាលជប៉ុននឹងបញ្ជូនជំនាញការ លើការងារកែទំរង់បោះឆ្នោតមកកម្ពុជា នាពេលឆាប់ៗខាងមុខ ប៉ុន្តែនៅមិនទាន់ត្រូវបាន បញ្ជាក់ ពីកាលបរិច្ឆេទក្នុងការបញ្ជូននៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មាននាព្រឹកម៉ិញនេះ។ 
 
ឯកឧត្តម អ៊ាង សុផល្លែត បានស្រង់ប្រសាសន៍របស់ឯកឧត្តម ណាកាណេ ថា ឯកឧត្តម សូមស្វាគមន៍ចំពោះកំណែទម្រង់ស៊ីជម្រៅ របស់ព្រះរាជាណាចក្រកម្ពុជា រីឯបញ្ហាបោះឆ្នោត ជាមួយនឹងការបញ្ជូនអ្នកជំនាញការ មកជួយលើបញ្ហាកំណែទម្រង់ ការបោះឆ្នោត ស្របទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច របស់ នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា កាលពីឆ្នាំ ២០១៣។ ឯកឧត្តម ណាកាណេ បានសំដែងនូវក្តីរីករាយ ដែលបានអញ្ជើញមកចូលរួមចាក់បេតុង តភ្ជាប់តំណចុងក្រោយនៃស្ពានអ្នកលឿង ហើយឯកឧត្តម មានការយកចិត្តទុកដាក់យ៉ាង ខ្លាំងអំពីទំនាក់ទំនងរវាងប្រទេសតាំងពីរ កម្ពុជា និងជប៉ុន តាំងពី ឯកឧត្តម មិនទាន់ធ្វើជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុនមកម៉្លេះ ដោយឡែកនៅពេលនេះ ក្នុងនាមជាអនុរដ្ឋមន្ត្រី ការបរទេសជប៉ុន ឯកឧត្តម នឹងខិតខំប្រឹងប្រែងបន្ថែមទៀតជំរុញទំនាក់ទំនង រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចំរើន ។ 
 
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា ដំណាក់កាលនៃការស្វែងរកសន្តិភាពត្រូវសំឡឹងមើលតួនាទីរបស់ជប៉ុនមុននឹងឈានដល់កិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស  ជប៉ុនបានជួយដល់កម្ពុជា ទាំងការជំរុញលទ្ធិប្រជាធិបតេយ្យ នៅពេលដែលកម្ពុជាជួបនូវការលំបាកបំផុត គឺជប៉ុន និងសហគមន៍អឺរ៉ុប ជប៉ុនបានជួយដល់កម្ពុជាក្នុងការបោះឆ្នោត ក្នុងឆ្នាំ១៩៩៨ ដែលនៅពេលនោះ រាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលមួយដែលមាន ឆ្មបពីរ គឺឆ្មបជប៉ុន និងសហគមន៍អឺរ៉ុប ។
 
សម្តេចក៏បានមានប្រសាសន៍បន្ថែមទៀតថា ជប៉ុន មិនត្រឹមតែជួយកម្ពុជាលើជំនួយ និងស្តារ អភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះទេ តែនៅពេលនេះ អ្នកវិនិយោគជប៉ុន ក៏បានមកកម្ពុជាផងដែរ។
 
សម្តេចបានអបអរសាទរចំពោះការចុះហត្ថលេខា ជាមួយនឹងអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១៤ មករា ដែលជាកិច្ចព្រមព្រៀងមួយ និងជាប្រធានបទ ដែលសម្តេចផ្ទាល់ បានពិភាក្សាគ្នាជាមួយឯកឧត្តម ហ្សីន ហ្សូអាបេ កាលពីឆ្នាំ ២០១៣ លើបញ្ហាហោះហើរត្រង់ពីជប៉ុន មកកម្ពុជា និងពីកម្ពុជា ទៅជប៉ុន ។ ពាក់ព័ន្ធអំពី ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន សម្តេចបានមានប្រសាសន៍ថា ក្រៅពីទំនាក់ទំនងរដ្ឋ និងរដ្ឋ ត្រូវជំរុញប្រជាជន និងប្រជាជន ជាពិសេស យុវជន និងយុវជន ដែលជាអ្នកបន្តវេន។  សម្តេចបន្ថែមថា ទំនាក់ទំនង រវាងយុវជន និង យុវជន គឺជប៉ុន បានធ្វើជាច្រើនមកហើយ តាមរយៈការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងតាមរយៈនាវាសន្តិភាព។ សម្តេចក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុនបន្តជំរុញទំនាក់ទំនងនេះជាបន្តទៀត និងបានអរគុណដល់ឯកឧត្តម     ណាកាណេ កាហ្សូយុគិ ដែលបានធ្វើការងារជាច្រើន ដែលបានជួយដល់កម្ពុជាតាមរយៈការសង់សាលារៀន អណ្តូងទឹកស្អាត ជួយដល់ប្រជាជនកម្ពុជា៕