Thursday, January 15, 2015

សន្តិភាព ការ​បង្រួប​​បង្រួម​​ជាតិ និង​​អភិវឌ្ឍន៍​ជា​សមិទ្ធ​ផល​ដែល​សម្តេច​​តេជោ​​សម្រេច​​បាន​​ក្នុង​មុ​ខ​តំណែង​ជា​​នាយក​រដ្ឋមន្ត្រីរយៈ​ពេល​ ៣០ឆ្នាំ

នៅក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​តំណ​ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ស៊ូ​បា​សា​» នា​ព្រឹក​ថ្ងៃទី​១៤ ​ខែមករា ឆ្នាំ​២០១៥ វត្តមាន​ឯកឧត្តម ណា​កា​ណេ កា​ហ្សូ​យុ​គិ (NAKANE Kazuyu​ki) សមាជិក ​សភា និង​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុនចូល​រួម​ជា​អធិបតី​ផង​នោះ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ពេល​នេះ​ក្នុងថ្ងៃនេះ កាលពី​៣០​ឆ្នាំមុន​ (១៤មករាឆ្នាំ១៩៨៥) នៅក្នុង​រដ្ឋសភា​កំពុង​បោះឆ្នោត​ជ្រើតាំង​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី។ ថ្ងៃនេះ​ជា​ខួប​លើក​ទី​៣០​នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ខ្ញុំ​អរគុណ​ទាំងអស់គ្នា "ទាំង​អ្នក​ថា​អាក្រក់​ពី​ខ្ញុំ ទាំង​អ្នក​ថា​ល្អ​អំពីខ្ញុំ" ក៏​ប៉ុន្តែ​សូម​ក្រឡេក​មើល​ថយ​ក្រោយ​បន្តិច​ទៅ។​

ម្ដេចតេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៥ ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស ជា​ការ​រួមចំណែក​ដឹកនាំ ហើយពី​ឆ្នាំ​១៩៨៥ ដល់​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី ដែល​គុណ​សម្បត្តិ និង​គុណវិបត្តិ​តែងតែ​កើត​មាន “ប៉ុន្តែ​សូម​ក្រឡេក​មើលទៅ​ក្រោយ​បន្តិច នៅពេល​ខ្ញុំ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥​នោះ សង្គ្រាម​នៅ​តែ​ហែកហួរ​ប្រទេស​នេះ​នៅ​ឡើយ”។ ទាក់​ទង​ការចរចារ​បង្រួប​បង្រួមជាតិ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេសកម្ពុជា សម្តេច​តេជោ​បាន​មាន​ប្រសា​សន៍​បញ្ជាក់​ថា "សូមកុំ​ភាន់ច្រឡំ​បើ​គ្មាន​បាតដៃ ហ៊ុន សែន ទេ​ ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​ ខែ​តុលា ឆ្នាំ​១៩៩១ ចេញ​មក​ដែរ។ កុំ​សង្ឃឹមលើ​កិច្ច​ព្រមព្រៀង​ប៉ារីស​ថា​វា​អាច​កើតបាន ព្រោះ ហ៊ុន សែន ជា​អ្នក​ទៅ​ចរចាបើ ​ហ៊ុន សែន ប្រាប់​សម្ដេច ហេង សំរិន និង​សម្ដេច ជា ស៊ីម ថា​អត់​បានទេ មិន​ចាំ​បាច់ចរចា​ត​ទៅ​ទៀត​ទេ ដូច្នេះ​ការ​វាយ​ប្រយុទ្ធ​គ្នា​នឹង​មកដល់​សព្វ​ថ្ងៃនេះ"។​

រំលឹក​ដល់​ការ​ដាក់​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ (ឌីហ្វីត) រំលាយ​អង្គការ​ចាត់​តាំង​យោធា និង​នយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​សមាហរណកម្មកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម កាល​ពី​ឆ្នាំ១៩៩៩ សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា យើង​និយាយ​ពី​សមិទ្ធផល​នៃ​សន្តិភាព​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​សង្គ្រាម​ បើ​ហ៊ុន សែន មិន​ចូល​រូង​ខ្លា​ទេ តើ​ចាប់​ខ្លា​បាន​ដែរ​ឬ​ទេ? ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ និង​ម្តាយ​ធំ​របស់ខ្ញុំ​ថា ម៉ែ​និង​ធំ បើ​ខ្ញុំ​មិន​ទៅ​ តើ​អ្នកណា​ទុកចិត្ត។ បើ​ខ្ញុំ​ទៅ​ខ្ញុំ​ស្លាប់ ស្លាប់​តែ​ខ្ញុំ និង​អ្នក​រួម​ដំណើរ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​បាន​វិញ​ បាន​ផែន​ដី​ទាំងមូល​តែម្តង​។ ដូច​អ្វី​ដែល​បាន​និយាយ UNTAC ប្រើ​លុយ​២.០០០ ​លាន​ដុល្លារ​បញ្ចប់​សង្គ្រាម​អត់​បាន ប៉ុន្តែ​ខ្ញុំ​យក​បាន​ទាំងអស់ ប្រជាជន​ខ្មែរ​រួមគ្នា​កសាង​ប្រទេស។ ខ្ញុំ​ជា​អ្នកដឹកនាំ​កំណែទម្រង់​ដីធ្លី តាំងពី​ឆ្នាំ​១៩៨៥ ហើយ​បាន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ។

ទាក់​ទង​នឹងនយោបាយ​សមាហរណកម្ម​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា ការ​កសាង​អភិវឌ្ឍន៍​ប្រទេសដែល​សម្តេចបាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធ​សាស្ត្រ ត្រី​កោណ និង​ចតុកោណ​ នា​ពេល​កន្លងមក និង​បច្ចុប្បន្ន សម្ដេចតេ​ជោ​បាន​ថ្លែង​ថា ស្ពាន​អ្នក​លឿង​នេះ​ពិតមែនតែ​ជប៉ុន​អ្នក​ឱ្យ ប៉ុន្តែ​អ្នកណា​អ្នក​សុំ បើ​ធ្វើ​នយោបាយ​ប្រឆាំង​ជប៉ុនៗ​ចាំតែ​ឱ្យទៅ ហើយ​បើ​ដឹកនាំ​ប្រទេស​មិនល្អ ស្មាន​តែ​ជប៉ុន​អនុម័ត​ថវិកា​មក​ធ្វើ​ស្ពាន​នេះ​ឬ?។ សម្រាប់​ការ​គ្រប់​គ្រង​ដឹកនាំ​ប្រទេសរយៈពេល ៣០ឆ្នាំ​មក​នេះ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ខ្ញុំ​ក៏​មាន​កំហុស​ដែរ​មិនមែន​អត់​ទេ ប៉ុន្តែ​សូម​ថ្លឹងថ្លែង​រវាង​ត្រូវ និង​ខុស បើ​ដឹកនាំ​ខុស​យើង​មិនបាន​មក​ជួប​ជុំគ្នា​នៅ​ថ្ងៃ​នេះ​ទេ។ សម្ដេច​ក៏បាន​បញ្ជាក់​ថា ការ​កាន់​តំណែង​រយៈពេល​៣០​ឆ្នាំ​គឺជា​ការ​កម្រ​ណាស់ ហើយ​លោក​មាន​អាណត្តិ​រហូតដល់​ឆ្នាំ​២០១៨ បន្ទាប់​ពី​នោះ​ក៏​មិនទាន់​ចាស់ ព្រោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្ស​ផ្សេងៗ មាន​អាយុ​ច្រើនជាងនាយករដ្ឋមន្ត្រី​ក្នុង​តំណែង​ផង។

ក្រោយ​ថ្ងៃរំដោះ៧មករា ឆ្នាំ​១៩៧៩ ផ្តើម​ពីប្រទេសសល់ពីគំនរផេះផង់ ធន​ធាន​មនុស្ស​ចាស់​ជរា​បាក់​កម្លាំងដែល​បង្ក​ឡើងដោយភ្លើងសង្រ្គាមក្រោយ​រដ្ឋ​ប្រហារឆ្នាំ១៩៧០ និង​នយោបាយ​កាប់​សម្លាប់​របស់​ប៉ុលពតឆ្នាំ១៩៧៥-៧៩ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ដែល​ផ្តើម​ចេញ​ពីជីវិត​ជាយុទ្ធជន តស៊ូ​ពលី​កម្លាំង​ញើស​ឈាម​ក្នុង​ព្រៃ​រូបនេះ បាន​តម្កល់​សេចក្តីសុខ​ក្សេមក្សាន្ត និង​សុខសន្តិភាព សម្រាប់​ប្រជា​រាស្រ្តខ្មែរ​ជាធំ និង​បាន​ប្រឹងប្រែង​កៀងគរ អ្នក​វិយោគ​បរទេស​ចូល​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជួយ​ជំរុញ​កំណើន និង​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ ក្នុង​រង្វង់​ជាង ៧​ភាគ​រយ ជា​រៀងរាល់​ឆ្នាំ ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ទី​១១ នៅ​ក្នុង​ពិភពលោក។ ពិត​ណាស់​ថា សមិទ្ធិផល​ដែល​រំលេច​វត្តមាន ក្នុង​ព្រះ​រាជា​ណា​ចក្រដ៏​កម្សត់​នេះ មិន​ទាន់​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​យ៉ាង​ណា​ក្តី តែ​វាសុទ្ធ​សឹង​ជា​សមិទ្ធិផល កើត​ចេញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង ជម្នះ​គ្រប់​ឧបសគ្គ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយ​សម្តេចតេជោ រួម​ជា​មួយ​មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជានៃ​គណបក្ស​ប្រជាជនកម្ពុជា​ ជា​ច្រើន​រូបទៀត ក្នុង​រយៈ​ពេល ៣០​ឆ្នាំ។

ក្រៅ​ពីសមិទ្ធិផល​ស្ពានអ្នក​លឿង (ស៊ូបាសា) នៅ​ក្នុង​ឆ្នាំ​២០១៥ និងឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​សង្ឃឹម​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កើតចេញពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​មាន​ពិសោធន៍​ច្រើន​ក្នុង​ការដឹកនាំ​ប្រទេស​នេះ ជា​ពិសេស​ភាព​ឆ្លាស​វៃ​ប្រកប​ដោយ​កិត្តិ​បណ្ឌិតរបស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ក្រោម​​ម្លប់ដ៏​ត្រជាក់ របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ សម្តេចព្រះ បរម នាថ នរោត្តម សីហមុនី នឹង​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត ប្រកប​ដោយ​ប្រសិទ្ធភាព និងលុប​បំបាត់​ចំណុច​អវិជ្ជមាន​ក្នុង​សង្គម ព្រម​ទាំង​អំពើ​ពុករលួយ​ធ្វើ​ឲ្យ​ជាតិ​កម្ពុជា​ស្គាល់​តែ​សុខ​សន្តិភាព និង​ភាព​រីកចម្រើន ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅប្រកប​ភាព​ថ្លៃថ្នូរ និង​សុខដុម​តរៀង​ទៅ។

សូម​បញ្ជាក់​ថា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ដែលត្រូវបាន អ្នកកា​សែត​បរទេស​លោក ហារី មេត្តា ប្រសិទ្ធនាមក្នុង​សៀវ​ភៅរបស់​គាត់​ថាជា «បុរសខ្លាំង​នៅ​កម្ពុជា» ត្រូវ​បាន​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជាបោះ​ឆ្នោត​គាំទ្រ​ឲ្យក្លាយ​ជាប្រធាន​ក្រុមប្រឹក្សារដ្ឋមន្រ្តី នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ ក្នុងវ័យ​៣២ឆ្នាំ ជំនួស​លោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ស្លាប់​ដោយ​រោគា​ពាធ នៅ​ចុង​ឆ្នាំ​១៩៨៤​៕