Thursday, January 15, 2015

សម្តេច​តេជោ​​នាយក​​រដ្ឋមន្ត្រី ថ្លែង​​អំណរ​​គុណ​​អាមេរិក ដែល​ជួយ​​មើល​​ថែ​ប្រជាជន​​​កម្ពុជា​​​ជំលៀស​​​​​ខ្លួន សំរាប់​​ស្វែង​​រកសិទ្ធិ​​ជ្រក​កោននៅ​សហរដ្ឋអា​មេរិក

នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកជាមួយ លោក Rodney M. Elliott ​អភិបាល ក្រុងឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាម​រិ​ក នៅព្រឹកថ្ងៃ​ដដែល​នោះដែរ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរគុណ​ដល់រដ្ឋា​ភិបាល និង​ប្រជាជនអាមេរិក ដែលជួយបាន​មើល​​ថែ​ប្រជា​ជន​កម្ពុជា ជាជនភៀស​​ខ្លួន ទៅស្វែង​រក​សិទ្ធិ​ជ្រក​កោននៅសហរដ្ឋអាមេរិក នៅ​ពេល​​កម្ពុជា​មានសង្គ្រាម និង​នៅក្រោយការ​​​ឆ្លងកាត់របបប៉ុលពត ។
 
ការថ្លែងអំណរគុណនេះធ្វើឡើងនៅ គ្រាដែល​អភិបាល​ក្រុងឡូវែលមកបំពេញ​ទស្សនកិច្ច​កម្ពុ​ជា ដើម្បី​រិតចំណងមិត្តភាព‑ កម្ពុជា អាមេរិកកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងការចុះ ចុះ​​​​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នារវាងសាលា​រាជធានី​ភ្នំពេញ និង​ក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​សេត នៃ​សហរដ្ឋអាមេរិក ស្តីពី​ការ​ចងសម្ព័ន្ធភាព ដើម្បី​បង្កើន​ចំណង ទាក់ទង លើ​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​វប្បធម៌ ការអប់រំ វិស័យសេដ្ឋកិច្ច កាលពីម្សិលម៉ិញ។   
 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អភិបាលក្រុងឡូវ៉ែល ដែលបាន​យក​ចិត្តទុក​ដាក់​ចំពោះ​​ប្រជាជនកម្ពុជា ដែលបានភៀសខ្លួនទៅរស់នៅអាមេរិក ដែលសុទ្ធ​សឹងជា​ប្រជាជន​ រងគ្រោះដោយ​សារសង្គ្រាម និងឆ្លងកាត់​របបប្រល័យពូជសាសន៍ ដោយ​​បាន​ភៀសខ្លួនចេញ​ពី​ប្រទេសខ្លួនទៅនៅក្រៅ​ប្រទេស​។ ប្រជាជនទាំងនោះ មួយចំនួនមានភ័ព្វវាសនា ទៅរស់​នៅ​ប្រទេសទី៣ និងមួយចំនួន​ទៀតត្រូវបានបញ្ជូនត្រលប់មកមាតុប្រទេសវិញ នោះហើយជា​លទ្ធផល​ប្រជាជនកម្ពុជា ទទួលរងគ្រោះពីសង្គ្រាម។ អ្នកទាំងនោះភាគ ច្រើនរងគ្រោះ​បែក​បាក់​គ្រួសារ រហូត​មានអ្នកខ្លះមិនទាន់ទាំងបានជួបជុំគ្រួសារវិញផង ។
 
សម្តេចតេជោ​បាន​ថ្លែង​អំណរគុណ​​ចំពោះ​ប្រទេសនានា ដែលបានទទួលយកជនភៀសខ្លួន​ទៅរស់នៅ ពិសេស​ទីក្រុង​ឡូវ៉ែល ព្រមទាំងបានរក្សាបាននូវវប្បធម៌កម្ពុជាបាន​យ៉ាងល្អ ។
 
សម្តេច​តេជោ បាន​ជំរាប​ជូនលោកអភិបាលក្រុងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាង​ខ្លាំង ចំពោះ​​​ប្រជាជន​កម្ពុជា ដែលទៅរស់នៅក្រៅប្រទេស ហើយវិលត្រលប់មកវិញ ក្នុងនោះ រាជ​រដ្ឋាភិបាលបានសំរួលទិដ្ឋការចេញចូលរយៈពេលវែង។ មិនតែប៉ុណ្ណោះ ក៍បាន​អនុញ្ញាត​ឲ្យ​ប្រជា​ជនទាំងនោះ អាចចូលធ្វើនយោបាយបានផងដែរ។
 
លោក Rodney M. Elliott អភិបាលក្រុង ឡូ​វែ​លបានឲ្យដឹងថា នៅក្នុងក្រុង ឡូ​វែ​ល មាន​ប្រជា​ជន មានប្រមាណ១៦ម៉ឺននាក់ ក្នុងនោះប្រមាណជាង​៣ម៉ឺនជាប្រជា​ជន​កម្ពុជា ។ ប្រជាជន​មក​ពីបណ្តាប្រទេសជាច្រើនមករស់នៅ ក្រុងឡូ​វែ​ល​ គឺដើម្បី​ស្វែង​រកចំណេះវិជ្ជា ទ្រព្យសម្បតិ្ត និង​ការរស់នៅ ប្រកបដោយភាព​សុខុដុម។ ដោយ​ឡែក​ប្រជាជនកម្ពុជាមករស់នៅ ក្រុងឡូ​វែ​ល ដើម្បី​ស្វែងរកកន្លែង​ស្នាក់​នៅ និងដើម្បី​ទទួល​ការអប់រំ ពិសេសដើម្បីស្វែងរក់ការងារធ្វើ។
 
លោក Rodney M. Elliott ថា វាជាការ​ចាំបាច់ណាស់ ដែលត្រូវស្វែងយល់ពីកម្ពុជា អំពីវប្បធម៌ ដែលប្រជាជន​កម្ពុជា​ភាគ​ច្រើន​បានទៅរស់នៅទីនោះ ហើយប្រជាជនភាគច្រើនជាអ្នក ដែល​ធ្លាប់​រស់នៅ​តាមព្រំ​ដែនជាជនភៀសខ្លួន។ លោក Rodney M. Elliott បន្តថា ដំណើរទស្សន​កិច្ច​​របស់លោក នាពេលនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង រវាងទីក្រុង ឡូវ៉ែល និង​ទីក្រុង​​​ភ្នំពេញ ពិសេសសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការផ្លាស់ប្តូរវប្បធម៌ ជំរុញ​ការ​វិនិយោគ ការ​ផ្លាស់ប្តូរវិស័យអប់រំ។
 
សម្តេចបញ្ជាក់ថា រហូតមកពេលនេះ ប្រជាជនកម្ពុជា កំពុងតែមានសេចក្តី​ត្រូវ​ការ​កាន់តែខ្ពស់​ឡើងជាមួយការ​អភិវឌ្ឍសង្គមកម្ពុជា ប៉ុន្តែនៅលើពិភពលោកគ្មាន​ប្រទេសណាមួយដែលស្កប់​ស្កល់​នោះទេ រួមទាំងប្រទេសកម្ពុជាផងដែរ ដែលត្រូវតែ​​​ធ្វើអ្វីៗ​គ្រប់យ៉ាងទាំងអស់ ដើម្បី​បំពេ​ញ សេចក្តីត្រូវការរបស់ប្រជាជន។ បន្ទាប់ពីឆ្នាំ​១៩៩៨មក ក្រោមនយោបាយឈ្នះ ៗ កម្ពុជា បាន​ស្ថិត​នៅក្រោមរដ្ឋាភិបាលតែមួយ ព្រះ​មហាក្សត្រតែមួយ និងរដ្ឋ​ធម្ម​នុញ្ញ​មួយ និងកង​កំលាំ​ង​តែមួយ បន្ទាប់ពីនោះ យើងបញ្ចប់នូវការប្រើប្រាស់អាវុធក្នុងការប្រកួតប្រជែងគ្នា ជំនួសមក​វិញ​​​​ដោយការ​បោះឆ្នោត តាមរយៈការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  ជំនួសនូវវប្បធម៌​ជេរ​ប្រមាថគ្នា ដោយធ្វើការរួមគ្នា ដោយ​សន្តិ​ភាព និងការចរចារ ដើម្បីផ្តល់​នូវអ្វី​ដែល​ជាសេចក្តី​ត្រូវ​ការ និងជាបំណងឆន្ទៈរបស់​ប្រជាជន រួមជាមួយការអភិវឌ្ឍ​ប្រទេស​ផង​ដែរ៕