Thursday, January 15, 2015

បទ​​អត្ថា​ធិប្បាយ ដោយ៖ សុខ អភិវឌ្ឍន៍៖ ក្រុ​ម​​ប្រឆាំង​​កំពុ​ង​​តែ​​បែក​ម៉ាំ

រំលឹក​ដល់​ថ្ងៃ​ដែល​​បក្ស​សង្រ្គោះ​ជាតិ បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ស្ទាក់ស្ទើរ និង​មិន​ច្បាស់​ការ​ក្នុង​ការ​ចាប់​ច្របាច់​បញ្ចូល​គ្នា​ពី​ដំបូង​ រវាង​គណបក្ស​សម រង្ស៊ី និង​​គណបក្ស​សិទ្ធិ​មនុស្ស ​​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​ ១៧ កក្កដា ២០១២ រហូត​ដល់​ពេល​បច្ចុប្បន្ននេះ គឺ​មិន​ដល់​ ៣​ឆ្នាំ​ផង​ ដែល​គណបក្ស​នេះ បាន​​ដើរ​ទៅ​រក​ផ្លូវ​បំបែក​មួយ​ ដូច​ជា​ការ​ទស្ស​ន៍​ទាយ​របស់​ហោរាសាស្ដ្រ​ថៃដ៏​ល្បីល្បាញ​ថា បក្ស​សង្រ្គោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ​ប្រៀប​ដូច​ពស់អត់​ក្បាល និង​ដាច់​​​ដង​ខ្លួន។
​ការ​ទស្សន៍​​​​ទាយ​នេះ ពិត​ជា​មិន​ខុស​មែន! រឿង​អាស្រូវ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្រ្គោះជាតិ តាំងពី​ការបែង​ចែក​ការ​​គ្រប់​​គ្រង​នូវ​ថវិកា​ ដែល​គណបក្ស​នេះ​ប្រមូ​ល​បាន​ពី​ការ​ធ្វើ​បាតុកម្ម និង​ការ​ផ្ដល់​ជំនួយ​ពី​ក្រៅ​ប្រទេស​ផង​នោះ ធ្វើ​ឲ្យ​សមាជិក​បក្ស​​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា និង​ដណ្ដើម​គ្នា​គ្រប់​គ្រង​ថវិកា​ទាំងនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​​ថវិកា​ជាង ១០ម៉ឺន​ដុល្លារ ​ដែល​ប្រមូល​បាន​មក​ពី​ការ​ធ្វើ​បាតុកម្ម​យ៉ាង​អនាធិបតេយ្យ ត្រូវ​បាន​​​​លោក យឹម សុវណ្ណ ​ធ្វើឲ្យ​​បាត់​​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​​ផង​ដែរ។​
រឿង ​បន្ដ​បន្ទាប់​មក​​ទៀត​នោះ​ គឺ​​​​សមាជិក​តំណាង​រាស្ដ្រ​បក្ស​សង្រ្គោះ​ជាតិ​ បាន​បង្កើត​នូវ​រឿង​អាស្រូវ​​ជា​ហូរ​ហែ​ ដូច​ជា​ករណី​លោក រៀល ខេមរិន្ទ្រ ជ្រៀត​ជ្រែត​សុភមង្គល​គ្រួសារ​និង​លួច​សាហាយ​ស្មន់​ជាមួយ​លោក​ស្រី យ៉ោម បុប្ផា ​ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ​ ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ។ ​លោក សុន ឆ័យ ប្រើ​អំណាច​ក្នុង​នាម​ជា​សភា​តំណាង​រាស្ដ្រ​រំលោភ​បំពាន​លើ​ស្ថាប័ន​ស្វ័យត​ រដ្ឋ​បាល (អាជ្ញាធរ​អប្សរា) ​ទៅ​កាន់​កាប់​ដី​ខុស​ច្បាប់ និង​បង្កើត​​គំនុំ​ជាមួយ​អាជ្ញាធរ​អប្សរា និងលេច​ឮ​ពី​ពាក្យ​ចចាម​អារាម​ការ​ដើរ​​គោះ​យក​លុយ​ក្រុម​ហ៊ុន​សុខា​អូតែល។ ​ស្រប​ជាមួយ​គ្នានេះ បែក​ធ្លាយ​រឿងលោក​ស្រី ឡាក់​ សុភាព​ ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា បក​អាក្រាត​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថា​ជា​មេដឹកនាំ​​ពុក​រលួយ រឿង​លុយ ៤០​លាន​ដុល្លារ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង ទាំង​ក្នុង និងក្រៅ​ស្រុក លោក​អ៊ូ ច័ន្ទឫទ្ធិ ធ្វើ​ខុស​នីតិ​វិធី​ ដោយ​​សំអាង​ខ្លួន​ជា​ប្រធាន​គណៈ​កម្មការ​វិន័យ​ ធ្វើ​ការ​​​សម្រេច​ដក​​លោក​ស្រី ឡាក់​ សុភាព ​​​ពី​សមាជិក​គណបក្ស​ ដោយ​មិន​គិត​ថា រាល់​ការ​ដក​ហូត តែង​តាំង ឬ​ផ្លាស់​ប្ដូរ​ ត្រូវ​តែ​មានគណៈ​កម្មការ​ទាំង​អស់​របស់​បក្ស និង​មេដឹកនាំ​បក្ស​ចូល​រួម​ក្នុង​ការ​សម្រេច​ សកម្មជន សមាជិក សមាជិកា​គណបក្ស​សង្រ្គោះ​ជាតិ ខេត្ត​កណ្ដាល​​​ប្រមាណ ២៥៦នាក់ បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​​មក​ដល់​ពេល​ចុង​ក្រោយ​នេះ លោក ប៉ែន សុវណ្ណ និង​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ក្លាយ​​ជា​បុគ្គល​ដែល​​​សហរដ្ឋ​អាមេរិកលែង​ទទួល​ស្វាគមន៍​ និង​បាន​​ដាក់​ឈ្មោះ​អ្នក​ទាំង​នេះ​នៅ​​ក្នុង​បញ្ជី​ខ្មៅ ដោយ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិកពាក់​ព័ន្ធនឹង​ ករណី​នាំ​មនុស្ស​​ដោយ​ខុស​ច្បាប់​​យក​ទៅ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។
លើស​ពី​នេះ​ទៅ​ទៀត តាម​ប្រភព​ព័ត៌មាន​មួយ​​បាន​ឲ្យ​ដឹង​ថា គណបក្សសង្រ្គោះ​​ជាតិ​បាន​បង្កើត​​ក្រុម​យុវជន​​មួយ​ក្រុម ​ដើម្បី​តាម​ដាន​នូវ​រាល់​មន្ដ្រី​​គណបក្ស​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​ការ​ពិត ​​​មន្ដ្រី និង​សមាជិក​បក្ស​ដែល​មាន​បំណង​ចង់​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ដទៃ ដែល​សកម្ម​ភាព​នៃ​ការ​បង្កើត​ឡើ​ង​នេះ ត្រូវ​បាន​អ្នក​វិភាគ​ក្នុង​ស្រុក​លើក​ឡើង​​ថា បាន​យក​យុទ្ធ​សាស្ដ្រ​ភ្នែក​ម្នាស់​​របស់​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត យក​មក​តាម​ដាន​គ្នាឯង

ហេតុ​ការណ៍​ដូច​បាន​រៀប​រាប់​ត្រួស​ៗ​មក​​នេះ ​បង្ហាញ​ថា ជោគ​វាសនា​របស់​បក្ស​សង្រ្គោះ​ជាតិ អាច​នឹង​ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក​ ដោយសារ​តែ​ភាព​អសោច​របស់​ខ្លួន​ គឺ​នៅ​ពេល​នេះ​បក្ស​ប្រឆាំង​កំពុងតែ​បែក​ម៉ាំ​។