Thursday, January 15, 2015

សម្តេ​ច​​តេជោ​​ប្រកាស​​ដាក់​​ចរាចរ​ក្រដាស​​ប្រាក់ ៥០០​រៀល​​គំរូ​ថ្មី និង​ភ្ជាប់​​ស្ពាន​​អ្នក​លឿង​អបអរ​ខួប​ ៦០ឆ្នាំ​​នៃ​ទំនាក់​​ទំនង​ការ​​ទូត​​កម្ពុជា-ជប៉ុន

ពិធី​តភ្ជាប់​សំណង់​ស្ពាន​អ្នក​លឿង​គ្មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេសកម្ពុជា​នា​ពេល​កន្លង​មក ដែល​ប្រសិទ្ធ​នាម​ថា ស្ពាន “ស៊ូបាសា” ​និងក្រដាស​ប្រាក់​ ៥០០រៀល​គំរូ​ថ្មី ប្រកាសឲ្យ​ធ្វើ​ចរាចរ ដោយ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ត្រូវ​បាន​កត់សម្គាល់​ថាដើម្បី​អប​អរ​សាទរ​ខួប​លើកទី ៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជាណាចក្រកម្ពុជា និង​ប្រទេស​ជប៉ុន។

ពិធីចាក់​បេតុងមុខ​តំណ​ស្ពាន​អ្នកលឿង (ស៊ូបាសា) ដែល​មាន​ខ្សែកាប​ពណ៌លឿង​សង​ខាង​នៃ​ស្លាប​ប្រៀប​ដូចជា​បក្សី​ពណ៌លឿង ២ក្បាល ​ហើរ​ត្រដាង​ស្លាប​កាន់ដៃគ្នា ​សាង​សង់​ឡើង​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន ត្រូវ​បាន​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) សមាជិក​សភា និង​ជា​អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ដែរ​កត់សម្គាល់ថា ស្ពាន​នេះ​មានអត្ថន័យ​ ដែល​ជាតំណាង​ឱ្យ​ទំនាក់ទំនង​រវាងព្រះរាជា​ណា​ចក្រកម្ពុជា និង​ប្រទេសជប៉ុន​កាន់​ដៃគ្នា​ហោះទៅ​កាន់កិច្ច​សហប្រតិបត្តិ​ការ​ដ៏រុង​រឿង​នៅ​ថ្ងៃ​អនាគត ។

ដោយ​ឡែក​សម្រាប់​ក្រដាស​ប្រាស់​ប្រភេទ ៥០០​រៀល​គំរូ​ថ្មី ដែល​ម្ខាងមាន​ព្រះឆាយា​ល័ក្ខណ៍​ព្រះករុណា​ព្រះមហាក្សត្រ និង​ម្ខាង​មាន​រូបស្ពាន​គីហ្សូណា (ខេត្ត​កំពង់​ចាម) និង​ស្ពាន​ស៊ូបាសា (ខេត្តកណ្តាល-ខេត្តព្រៃវែង) សម្តេច​តេជោបាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ដើម្បី​បង្ហាញ​ពីចំណងមិត្តភាព កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យចរាចរ​នូវ​ក្រដាស​ប្រាក់ ៥០០រៀល ដែលនេះ​ជា​ផ្នែកមួ​យ​នៃ​ពិធី​ថ្ងៃនេះ និងជាផ្នែក​ដ៏សំខាន់​មួយ​នៃ​ពិធី​ពង្រឹង​ចំណង​ទាក់ទង​ក្នុង​ខួប​៦០ នៃ​ទំនាក់​ទំនង​ព្រះរាជាណាចក្រ​កម្ពុជា-ជប៉ុន ដែល​យើង​ទាំង​អស់​គ្នា​សូមអបអរសាទរ។

សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​ក៏​បាន​ចាត់​ទុក​សំណង់​ស្ពាន​នេះ គឺ​ជាសមិទ្ធផល​ដែល​ជា​ទ្រព្យ​សម្បត្តិ​មហា​សាល​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​រួម​ចំណែក​ដល់ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​ផងដែរ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​បាន​ខិតខំ​ចរចា និង​ជម្នះ​ឧបសគ្គ​ជា​ច្រើន​ដើម្បី​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​មួយ​នេះ ព្រោះ​វាមាន​សារៈ​សំខាន់ ដោយ​មិន​ត្រឹម​តែ​ភ្ជាប់​ត្រើយ​ខាង​លិច និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការភ្ជាប់​អាស៊ាន​ហាយវេ​ផងដែរ។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា សម្តេច​បាន​ដាក់សំណើ​ចំនួន​៤ ទៅ​កាន់​ភាគី​ជប៉ុន ដើម្បី​ទទួល​បាន​សមិទ្ធផល​ស្ពាន​អ្នក​លឿង ដែល​សំណើរ ទី១-ជំនួយ​ឥត​សំណង​ទាំង​អស់ រាជ​រដ្ឋាភិ​បាល​ជប៉ុន, ទី២-ជំនួយ​ខ្លះ កម្ចី​ខ្លះ, ទី៣-ខ្ចី​ទាំង​ស្រុង និង​ទី៤-ជំនួយ​ខ្លះ និង​ប្រាក់​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ខ្លះ។ សម្តេច​តេជោ​ក៏មាន​ប្រសាសន៍​បង្ហាញ​មហិច្ឆ​តា​ក្នុង​ការ​កសាង​ស្ពាន​អ្នក​លឿង​នេះ​ថា ប្រសិន​បើ​ជប៉ុន​មិន​ជួយទេ សម្តេច​នឹង​ជម្នះ​សាង​សង់ស្ពាន ដោយ​ប្រើ​ថវិកាជាតិ​ផ្ទាល់​តែម្តង ដើម្បី​សាងសង់​ស្ពាន​នេះ។
ជាមួយ​នឹង​វត្តមាន​ស្ពាន​អ្នកលឿង ដែល​នឹងបញ្ចប់​ការសាងសង់​ជាស្ថាពរ​នា​អំឡុង​ខែ​មីនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​សំណូមពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចៀសវាង​នូវ​ចំណុច​អវិជ្ជមាន​ចំនួន​៣ រួមមាន៖ ទី១-កុំ​ឲ្យ​យក​ស្ពាន​អ្នកលឿង​ជា​កន្លែង​ធ្វើអត្តឃាត​បញ្ចប់​វិបត្តិ, ទី២-សុំ​កុំ​ដឹកលើស​ទម្ងន់​នាំ​ឲ្យ​ខូច​ស្ពាន និង​ទី៣-សុំកុំ​ឲ្យ​បើក​លឿន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​នៅក្នុងពិធីតភ្ជាប់​ស្ពាន​អ្នក​លឿង បន្ត​ទៀត​ថា «នៅ​ពេល​ដែលស្ពាន​ចាប់​ដំណើរការ ប្រជាពលរដ្ឋ​យើង​លែង​ខ្វល់ខ្វាយ ពីការ​លំបាក​ទៀត​ហើយ​ក្នុង​ការ​ឆ្លង​កាត់។ ពេល​សាឡាង​ឆ្លងកាត់​ទន្លេ ឪពុក-ម្តាយ​ព្រួយ​បារម្ភ​អំពី​កូន ព្រោះ​ពេលខ្លះ​ទឹកវា​ធំមាន​ភ្លៀង​មាន​រន្ទះទៀត​ផង ហើយ​បញ្ហា​នេះ រាជរដ្ឋាភិបាល បារម្ភ​ដូច​គ្នា»។

ព្រម​ជាមួយ​គ្នានេះ​ដែរ សម្តេច​ក៏បាន​សុំអភ័យ​ទោស ចំពោះ​អ្នករត់​សាឡាង និង​រត់ទូក ព្រោះ​ពេល​ស្ពាន​ដំណើរការ​ហើយ ពួក​គាត់​នឹងផ្អាក​អាជីព​ដែរ ប៉ុន្តែ​សម្តេច​ក៏បាន​ឲ្យ​អ្នក​រត់​សាឡាង និង​ទូក​ទាំង​អស់ ទៅ​ដាក់ទីតាំង​នៅកន្លែង​ដែល​ពុំទាន់​មាន​ស្ពាន។

សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី បាន​ធ្វើ​ការអំពាវនាវ​ទៅ​ដល់​កូន​ចៅ​រស់​នៅ​ក្នុង​ខេត្តព្រៃ​វែង និង​កណ្ដាល​ឲ្យនាំ​ឪពុក-ម្ដាយ ជីដូន-ជីតា របស់​ពួកគេ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង នៅ​ពេល​ដែល​ស្ពាន​នេះ ដាក់​ឲ្យដំណើរការ​បណ្ដោះ​អាសន្ន​នៅ​ខែមេសា​ខាង​មុខ។ «ឥឡូវ​ខ្ញុំ​សូម​អំពាវនាវ​ធ្វើយ៉ាងណា​ទាំង​អ្នក​នៅ​ព្រៃវែង និង​កណ្ដាល ខិតខំ​ថែរក្សា​ចាស់​ៗ​ដែល​ជាឪពុក មា្ដយ ឬ ជីដូន ជីតា ប្រឹង​យ៉ាងម៉េច​ឲ្យគាត់​រស់បានឆ្លង​ផុត​ឆ្នាំ​នេះ​ដល់​ពេល​ស្ពាន​រួចរាល់។ សូម​ខ្លួន​ជាកូន ជាចៅ ឬ​ចៅទួត មេត្តា​ដឹកគាត់​មក​ឆ្លងកាត់​ស្ពាន​ហ្នឹង ដែល​គាត់រស់​នៅមួយ​ជីវិត​របស់គាត់​មិនដែល​បានឃើញ​ស្ពាន មុន​គាត់​ចែក​ឋាន។ សូម​ថែទាំ​គាត់ ហើយ​សូមកុំ​កំណាញ់ កុំ​ខ្ជិល ក្នុង​ការដឹកនាំ​គាត់​មកមើល​ស្ពាន»។

ឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) ក៏បាន​ជូនពរដល់​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន កាន់​ដៃគ្នា​បន្ត​អភិវឌ្ឍន៍​ដោយ​ត្រដាងស្លាប​ដូចជា​ស្ពាន​នេះ ដែល​ប្រៀប​ដូច​ជាបក្សី​ដែល​កំពុង​តែហោះហើរ​យ៉ាង​ដូច្នេះ​ដែរ។ ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ស្ពាន​នេះជាអំណោយ​របស់​ប្រទេស​ជប៉ុន​ផ្តល់​ជូនប្រទេស និង​ប្រជាជន​កម្ពុជា តាម​រយៈ​ការផ្តល់​នូវ​ជំនួយ​ឥតសំណង​មាន​ទឹកប្រាក់ ១២៧​លានដុល្លារ​អាមេរិក។

ឯកឧត្តម​មានជំនឿយ៉ាង​មុតមាំ​ថា បន្ទាប់​ពីការ​សាងសង់​រួច​ស្ពាននេះ​នឹង​ក្លាយជា​ស្ពាន​ធំ​ជាង​គេ និងវែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យចរាចរ​នៅ​លើផ្លូវជាតិ​លេខ​១ ដែល​ជាច្រក​មួយ​នៃរបៀង​សេដ្ឋកិច្ច​ខាងត្បូង មាន​ភាពល្អ​ប្រសើរ​ឡើង​ក្នុង​កម្រិត​ខ្ពស់ និង​ចូលរួម​ចំណែក​យ៉ាងធំធេង​ក្នុង​ការជំរុញ​ការតភ្ជាប់ ឆ្ពោះ​ទៅ​សម្រេច​បាន​នូវការ​បង្កើត​នូវ​សហគមន៍អាស៊ាន​នៅបំណាច់​ឆ្នាំ២០១៥​នេះ។
ឯកឧត្តម ត្រាំ អ៊ីតឹក រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ស្ពាន​អ្នក​លឿង និង​ផ្លូវ​តភ្ជាប់​ត្រង់​ចំណុច​អ្នកលឿង​មានប្រវែង​សរុប ៥.៣១៥ម៉ែត្រ ដែល​ផ្គំ​ឡើង​ដោយ​កំណាត់​តួស្ពានសុទ្ធសាធ​ប្រវែង ២.២១៥ម៉ែត្រ និង​កំណាត់​ផ្លូវ​តភ្ជាប់​ស្ពាន​ប្រវែង ៣.០១០​ម៉ែត្រ។ តួ​ស្ពាន​ប្រវែង ២.២១៥​ម៉ែត្រ ចែក​ចេញ​ជា ៣ផ្នែក គឺ​ស្ពាន​ជាប់​ផ្លូវ​ត្រើយ​ខាង​លិច ស្ពាន​ជាប់​ផ្លូវត្រើយ​ខាង​កើត និង​ស្ពានមេនៅ​កណ្តាល។ ស្ពាន​តភ្ជាប់​ផ្លូវ​ត្រើយ​ខាងលិច​មាន​ប្រវែង ៩០០​ម៉ែត្រ ស្ពានភ្ជាប់​ផ្លូវ​ត្រើយ​ខាង​កើត​មាន​ប្រវែង ៦៧៥​ម៉ែត្រ និង​ស្ពានមេ​មាន​ប្រវែង ៦៤០​ម៉ែត្រ មាន​៣​ប្រឡោះ​កណ្តាល​សម្រាប់​ឱ្យនាវា​សមុទ្រ​ឆ្លងកាត់ មាន​ប្រវែង ៣៣០​ម៉ែត្រ។ ស្ពាន​មេនេះ​ត្រូវ​បាន​ប្រើ​បង្គោល​សសរ២ មាន​កម្ពស់​ពីជើង​តាងស្ពាន​ដល់កំពូល​របស់​បង្គោល​សសរស្ពាន មាន កម្ពស់ ១៣០​ម៉ែត្រ។

បន្ទាប់​ពីសាងសង់​រួច ស្ពាននេះ​នឹងតភ្ជាប់ចរាចរ​ដឹកជញ្ជូន​ដ៏សំខាន់​រវាង​រាជធានី​ភ្នំពេញ និង​ផ្នែក​ខាងលិច​ទៅនឹង​ផ្នែកខាង​កើត​របស់​កម្ពុជា មាន​ខេត្ត​ព្រៃវែង ស្វាយរៀង​ជា​បណ្តា​ខេត្ត​ដែល​មានសក្តានុពល​ខាង​កសិកម្ម ដែល​ជាជង្រុក​ស្រូវ និងមាន​ប្រជាជន​រស់​នៅ​ច្រើន​កុះករ ព្រមទាំង​តភ្ជាប់​បណ្តា​ខេត្ត​ភាគ​ខាង​ជើង ដែល​មាន​សក្តា​នុពល​ខាង​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍​ធម្មជាតិ និង​ក្លាយ​ជាប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា នៅ​ពេល​អនាគត​ខាង​មុខ និង​ក្លាយជា​ផ្លូវអាស៊ាន​ហៃវ៉េទី១ (AH1) និង​ផ្លូវ​មហាអនុ​តំបន់​ទន្លេមេគង្គ R1 ដែល​នឹង​ភ្ជាប់​ចរាចរណ៍​ដឹក​ជញ្ជូន​ដោយ​រលូន​ពីទី ក្រុង​បាងកក​មក​ភ្នំពេញ និង​ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ។ ស្ពាននេះ​នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍​ជាមួយ​ទីក្រុង​ហូជីមិញ និង​ភាគខាងត្បូង​របស់​វៀតណាម និង​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​មហាអនុ​តំបន់​មេគង្គ និង​អាស៊ាន។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្ហាញ​ថា ស្ពាន​អ្នក​លឿង មិន​ត្រឹមតែ​ជាស្ពានខ្សែ​កាបយោងទី១ ប៉ុណ្ណោះទេ តែ​នឹង​ទៅជា​ស្ពាន​វែង​ជាង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប ៩៥​លាន​ដុល្លារ​ក្នុង​នោះ​មាន​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ​២លាន ​៩សែន​ដុល្លារ ​សម្រាប់​ដោះ​ស្រាយផលប៉ះពាល់​គម្រោង ប៉ុន្តែ​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បញ្ជាក់​ថា ស្ពាន​អ្នក​លឿង​ជាជំនួយ​ឥតសំណង​របស់​ជប៉ុន ដែល​មានទឹក​ប្រាក់រ​ហូត​ដល់ទៅ ១២៧​លាន​ដុល្លារអាម៉េរិក។ ចំពោះ​តួលេខ​ទឹកប្រាក់​ចំណាយ​លើការ​សាង​សង់​ស្ពាន​ដែល​គិតខុស​គ្នា​នេះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​លើកឡើង​ថា អាច​មក​ពី​អត្រា​ប្ដូរ​ប្រាក់​យ៉េន ដោយសារ​ប្រាក់យ៉េន​ជប៉ុន​ឡើង​ថ្លៃ។ គម្រោង​សាង​សង់​ស្ពាន​អ្នកលឿង អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ ស៊ូមីតូម៉ុ មីតស៊ុយ (Sumitomo Mitsui Construction Co., Ltd) និង​ត្រួត​ពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន ចូដាយ សហការ​ជា​មួយ ក្រុម​ហ៊ុន អូរីយ៉ង់តាល់ (Chodai Co., Ltd and Oriental Consultant Co., Ltd) របស់​ប្រទេស​ជប៉ុន។ គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​នឹង​បញ្ចប់​នា​ខែមីនា ឆ្នាំ​២០១៥៕.