Friday, August 31, 2012

ក្រសួងមហាផ្ទៃ យល់ព្រម ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ​ទី​បំផុត​ទៅ ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន ចុះបញ្ជី​គណបក្សនយោបាយ បាន​យល់ព្រម ទទួល​ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​តាមរយៈ​លិខិត​មួយច្បាប់ ទៅកាន់​លោក ប៉ុល ហំ​ម តំណាង​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដោយ​លើកឡើង​ថា “​ក្រសួងមហាផ្ទៃ បាន​ទទួល​សេចក្តីជូនដំណឹង ស្តី​អំពី​សំណើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីស្នាក់កា​រក​ណ្តា​លតាំង​នៅផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ហើយ​។ ដើម្បី​ទទួល​សុពលភាព គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បំពេញ​បែប​ទ និង​លក្ខខណ្ឌ​ដូច​មានចែង​នៅក្នុង​មាត្រា​២០ ជំពូក​ទី​៥ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​"។ 

យោងតាមមាត្រា២០ នៃច្បាប់ស្ដីពី គណបក្សនយោបាយ បានកំណត់ថា គណបក្ស​នយោបាយ ត្រូវបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជី ដើម្បីទទួលបានសុពលភាព ដោយ​មានស្នាមមេដៃសមាជិកគណបក្ស ចំនួន ៤ពាន់នាក់ យ៉ាងតិច ហើយត្រូវបញ្ជូន ទៅ​កាន់​ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍​ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ពិនិត្យ​បញ្ជី​បែបបទ​តាម​ជំនាញ​ច្បាប់ ហើយ​បាន​ឯកភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​បង្កើត​គណ​បក្ស ទៅតាម​ច្បាប់ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​វិញ​ហើយ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវមាន​ជំហាន​ទី​២​ទៀត ដើម្បី​ចុះ​ឈ្មោះ​គណបក្ស ហើយ​តាម​ច្បាប់ ត្រូវ​រក​ឲ្យបាន​ចំនួន​អ្នកគាំទ្រ​ឲ្យបាន ៤.០០០ នាក់​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​សម​រង្ស៊ី ជា​ប្រធាន បានដាក់​សំណុំ​ឯកសារ​ជា​ថ្មី ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ លើកដំបូង កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ តែ​ដោយ​ខ្វះខាត​ចំណុច​ខ្លះ ទើប​ក្រសួង​មហាផ្ទៃ ឲ្យ​កែតម្រូវ​ឡើង​វិញ​៕​