Friday, August 31, 2012

លោកញឹកប៊ុនឆៃ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលគណបក្សប្រឆាំងចំនួនជាង ១.០០០ នាក់ នៅបន្ទាយមានជ័យ

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រាប់​ឲ្យ​ថា សមាជិក​នៃ​គណបក្សប្រឆាំង​ពីរ ដែលមាន​គ្នា​ជាង ១.០០០ នាក់ បាន​ចុះចូល​ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ថា នៅ​ថ្ងៃទី​១ ខែកញ្ញា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ នឹងធ្វើ​ពិធី​ទទួល​សមាជិក ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្តថា សមាជិក​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ចំនួន​ជាង ១.០០០ នាក់​នោះ អ្នកខ្លះ​មាន​លិខិត​តែងតាំង ធ្វើជា​ក្រុមការងារ និង​ទទួលខុសត្រូវ​តាម​បណ្តា​ស្រុក និង​ឃុំ នឹង​នាំមក​ជាមួយ​នូវ​កាត​សមាជិក​របស់​គណបក្ស​ទាំងពីរ បង្ហាញ​ថែមទៀត ដើម្បី​ចៀសវាង​ការចោទប្រកាន់ថា ជាការ​ឃោសនា ក្នុង​ការទទួល​សមាជិក​ថ្មី​នេះ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បន្ទាប់ពី​ធ្វើ​ពិធី​ទទួល​សមាជិក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន​ជាង ១.០០០ នាក់ នៅ​ខេត្តបន្ទាយមានជ័យ​រួចហើយនោះ លោក​នឹង​បន្តធ្វើ​ពិធី​ទទួល​បញ្ចូល​សមាជិក មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​ចំនួន ៤​ខេត្ត​ទៀត ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដែលមាន​គ្នាច្រើន​រយ​នាក់​។​

​កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ពិធី​ទទួល​សមាជិក មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ន​រោ​ត្ត​រណឫទ្ធិ ដែល​មន្ត្រី​គណបក្ស​នោះ អះអាងថា មាន​ចំនួន ១៤៦ នាក់ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា​នេះដែរ​។​
 ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​បដិសេធថា គ្មាន​សមាជិក​របស់​គ​ណ​បក្ស​បក្ស​ហ្វ៊ុនស៊ិនប៉ិច ជាង ១០០ នាក់ នៅ​ភ្នំពេញ ទៅ​ចូល​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ គឺ​មិនមែនជា​ការពិត​ទេ ដែល​លោក​ថា នេះ​គ្រាន់តែ​ជាកា​ឃោសនា បែប​សង្គ្រាមចិត្តសាស្ត្រ របស់​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ប៉ុណ្ណោះ​៕​