Friday, August 31, 2012

តុលាការ​ខ្មែរក្រហម ផ្តើម​សវនាការ​សាជាថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី របស់​លោកស្រី អៀង ធីរិទ្ធ​

ភ្នំពេញ: ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម នៅ​ម៉ោង ១០ និង ៣៥នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ បាន​បើក​សវនាការ​សាជាថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។

​អង្គ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ធ្វើឡើង ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។ 

​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ រួមមាន​៖ ភាគី​សហ​ព្រះរាជអាជ្ញា ភាគី​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ការពារ​ជន​រងគ្រោះ និង​ភាគី​មេធាវី​ការពារ​លោកស្រី ​អៀង ​ធីរិទ្ធ​។ 

អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ ៣ រូប គឺលោកវេជ្ជបណ្ឌិត ហួត លីនណា លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល ( Seena Fazel ) និងលោកសាស្ត្រាចារ្យ ជំនាញមនុស្សចាស់ ចន ខាំប៊ែល ( John Campbell ) បាន​បង្ហាញខ្លួន ក្នុងបន្ទប់ សវនាការ ដើម្បីផ្តល់​នូវ​របាយ​ការណ៍​វាយ​តម្លៃ​​របស់​ខ្លួន លើ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។​ 

អង្គុយចំពោះមុខអង្គការសវនាការ នៅព្រឹកនេះ ក៏មានសាក្សីម្នាក់ គឺលោកស្រី ចក់ ធីតា ជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យានិងជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្តល់នូវ​សក្ខីកម្ម អំពីស្ថានភាពជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ផងដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បានចូលរួមពិនិត្យអាការជំងឺរបស់លោកស្រី អៀង ធីរិទ្ធ ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ២០១១។

​ចំណែក​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ ចេញពី​បន្ទប់​សវនាការ​។​

​មាន​អាយុ ៨០ ឆ្នាំ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១១ ថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង​សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ត្រូវ​បង្ហាញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​ពី​ស្ថានភាព​របស់​ជំងឺ​លោកស្រី អៀង ធីរិទ្ធ​៕​