Friday, August 31, 2012

លោក សុន ឆ័យ ចង់បាន​ព័ត៌មាន​ពី​ការគ្រប់គ្រង​វិស័យ​រ៉ែ នៅ​កម្ពុជា​

ភ្នំពេញ: ប្រធាន​ក្រុម​អ្នកតំណាងរាស្ដ្រ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​ផ្ញើលិខិត​ជូន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ស្នើសុំ​ផ្ដល់ព័ត៌មាន​ពី​ការគ្រប់គ្រង​វិស័យ​រ៉ែ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​លិខិត​ស្នើសុំ របស់លោក សុន ឆ័យ ចុះ​ថ្ងៃ​ទិ​២៤ ខែសីហា ឆ្នាំ​២០១២ បាន​លើកឡើងថា “​ក្នុងនាម​ជា​សមាជិក​រដ្ឋសភា យើងខ្ញុំ ពុំដែល​ទទួលបាន​នូវ​ឯកសារ​ជា​ផ្លូវការ​ណាមួយ ដែល​បង្ហាញ​ពី​ចំនួន​អាជ្ញាប័ណ្ណ​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ព្រះរាជាណាចក្រ​កម្ពុជ​នៅឡើយ​ទេ តែ​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ កន្លងទៅនេះ មានការ​ប្ដឹងតវ៉ា​ជាច្រើន​ករណី​ពី​សំណាក់​ពលរដ្ឋ​លើ​ការ​ដឹកយក​រ៉ែ​មាស និង​ត្បូង បែប​អាណាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន ដូច​កើតមាន​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តរតនគិរី ជាដើម​”​។​

​នៅក្នុង​លិខិត​នោះ លោក សុន ឆ័យ បាន​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម ឆ្លើយបំភ្លឺ ដូចតទៅ​៖

១. តើ​ការសម្រេចចិត្ត​របស់​ក្រសួង ឲ្យ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ទៅ​ក្រុមហ៊ុន​ណាមួយ គឺ​ធ្វើ​ដោយ​យក​គោលការណ៍​អ្វី ជា​មូលដ្ឋាន​?

២. តើ​មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ទាំងអស់​ប៉ុន្មាន​ហើយ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ក្នុងការ​រុករក ឬ​ជីក​យក​រ៉ែ ហើយ​មាន​ទីតាំងនៅ​ទីកន្លែង​ណាខ្លះ​?

៣. តើ​ក្រុមហ៊ុន​បង​កម្រៃ​ជូន​រដ្ឋ​ប៉ុន្មាន ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ ហើយ​មាន​កិច្ចសន្យា​អ្វីខ្លះ​?

៤. តើ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ មាន​សិទ្ធិ​លក់​អាជ្ញាប័ណ្ណ​បន្ត ឬ​យក​អាជ្ញាប័ណ្ណ​ទៅ​ដាក់​ជាមួយ​ក្រុមហ៊ុន​ដទៃ​ដែរឬទេ​?

៥. ក្នុងករណី​ក្រុមហ៊ុន​វៀតណាម ឈ្មោះ Nam Hai Mineral Joint Stock យក​អាជ្ញាប័ណ្ណ​ទៅ​លក់ និង​ហ៊ុន បាន​កម្រៃ​ប្រមាណ ៣​លាន​ដុល្លារ​នោះ តើ​រាជរដ្ឋាភិបាល​បាន​ចំណែក​ដែរឬទេ​?

៦. មាន​ក្រុមហ៊ុន​ចិន​មួយ កំពុង​ជីក​យក​រ៉ែ​មាស​នៅក្នុង​ខេត្តរតនគិរី​។ តើ​មានការ​ត្រួតពិនិត្យ​លើ​ចំនួន​មាស​ដែល​ជីក​បាន និង​ការបែងចែក​ផល​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាងណា​? តើ​ការដឹកជញ្ជូន​រ៉ែ ដែល​នាំ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ​ឃុំ​នោះ នរណា​ជា​អ្នកទទួលខុសត្រូវ​?

៧. តើ​ការផ្ដល់​ផ្ទៃដី​ទៅ​ក្រុមហ៊ុន​ក្នុងការ​រុករក ឬ​ជីក​យក​រ៉ែ​មានការ​គិតគូរ​ដល់​ផលប៉ះពាល់ ចំពោះ​ដី​សហគមន៍​ជនជាតិដើម និង​បរិស្ថាន ដល់​កម្រិតណា​?

​នៅក្នុង​លិខិត​ដដែល​នោះ លោក សុន ឆ័យ បាន​លើកឡើងថា សេចក្ដី​ជា​សំណួរ​ទាំងនេះ សង្ឃឹមថា លោក​រដ្ឋមន្ត្រី​នឹង​បំភ្លឺ​រួមទាំង​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​ស្របតាម​ការទទួលខុសត្រូវ ជា​សមាជិក​រាជរដ្ឋាភិបាល ដែល​តម្រូវ​ដូច​មានចែង​ក្នុង​មាត្រា ៩៦​នៃ​រដ្ឋធម្មនុញ្ញ​ពុំខាន​។​

​រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​នូវ​សំណួរ​ទាំង​ប្រាំពីរ របស់​ប្រធាន​ក្រុម​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង​សមរង្ស៊ី នៅឡើយ​ទេ​។​

​កាលពីដើម​សប្តាហ៍​នេះ អង្គការ​អុក​ស្វា​ម​អាមេរិក ដែលជា​អង្គការ​មនុស្សធម៌ និង​អភិវឌ្ឍន៍​អន្តរជាតិ បាន​ស្វាគមន៍​ដល់​គណៈកម្មការ​មូលប័ត្រ​អាមេរិក (SEC) ដែល​នៅ​ទីបំផុត បានការ​អនុម័ត​បញ្ញត្តិ​ចុងក្រោយ ដើម្បី​អនុវត្ត​ច្បាប់​តម្លាភាព ដែល​នឹង​ផ្តល់ព័ត៌មាន​ដ៏​សំខាន់ ដល់​អ្នកវិនិយោគ និង​ជួយ​កាត់បន្ថយ​អំពី​ពុករលួយ នៅក្នុង​ប្រទេស ដែល​សម្បូរ​ធនធានធម្មជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ អុក​ហ្វា​ម នៅ​កម្ពុជា បង្ហាញថា បញ្ញត្តិ​ចុងក្រោយ ដែល​ត្រូវ​បានអនុម័ត កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ តម្រូវ​ឲ្យ​ក្រុមហ៊ុន​រ៉ែ ប្រេង ឧស្ម័ន ដែល​បាន​ចុះបញ្ជី​នៅ​គណៈកម្មការ​មូលប័ត្រ​អាមេរិក លាតត្រដាង​អំពី​បង់ប្រាក់ និង​ចំណាយ​ផ្សេងៗ​របស់ខ្លួន​ដល់​រដ្ឋាភិបាល​សាមី​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​អុក​ហ្វា​ម អាមេរិក សម្រាប់​ការចេញផ្សាយ​បន្ទាន់ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ បាន​លើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា ការអនុវត្ត​នេះ មានន័យថា ក្រុមហ៊ុន​ដែល​កំពុងតែ​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុង​ប្រទេស ដូចជា ក្រុមហ៊ុន Chevron តូ​តា​ល់​(Total)​និង China National Offshore Oil Corporation(CNOOC) នឹងត្រូវ​អនុវត្តន៍​តា​ម​បទបញ្ញត្តិ​ថ្មី​នេះ ដោយ​ត្រូវ​បង្ហាញ​ព័ត៌មាន​ពី​ការបង់ប្រាក់​របស់ខ្លួន សម្រាប់​គម្រោង​នីមួយៗ សម្រាប់​គ្រប់​ឆ្នាំសារពើពន្ធ ដែល​ចប់​ក្រោយ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២៕​