Friday, August 31, 2012

អ្នកជំនាញ​យល់ថា អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ធ្ងន់ធ្ងរ តែ​សាក្សី​យល់​ឃើញ​ផ្ទុយ​ពីនេះ​


ភ្នំពេញ: ក្រុមគ្រូពេទ្យ​ជាតិ និង​អន្តរជាតិ ផ្នែក​វិកល​វិទ្យា ដែល​ជា​អ្នកជំនាញ ក្នុង​ការវាយតម្លៃ​លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម បាន​លើកឡើង​ថា ស្ថានភាព​ជំងឺ​វង្វេងវង្វាន់​របស់​លោក​ស្រី អៀង​ធីរិទ្ធ នៅពេលនេះ មិន​បាន​ធូរស្រាល​ទេ​។ ក៏​ប៉ុន្តែ​សាក្សី ដែល​ជា​វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា ជា​គ្រូពេទ្យ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។​

​ក្នុង​បន្ទប់​សវនាការ នៅ​តុលាការ​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) អ្នកជំនាញ​ឯកទេស វាយតម្លៃ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ដែល​មាន​វេជ្ជបណ្ឌិត ៤ រូប បាន​លើកឡើង​ថា ការ​វាយតម្លៃ​ជា​ថ្មី​របស់​ក្រុម​វេជ្ជបណ្ឌិត អ្នកជំនាញ​វិកល​ចរិក និង​ជំនាញ​មនុស្ស​ចាស់ បាន​លើកឡើង​ថា មកដល់ពេលនេះ អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ គ្មាន​ការធូរស្រាល​ណាមួយ​ទេ ទោះបីជា​មាន​ការព្យាបាល​អស់​រយៈពេល ៦ ខែ​មក​ហើយ​ក៏​ដោយ​។​

​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល បាន​លើកឡើង​ថា "​គឺ​យើង​រកឃើញ​ថា គ្មាន​ភស្តុតាង​នៃ​ការធូរស្រាល​ណាមួយ​ឡើយ បន្ទាប់​ពី​ប្រើប្រាស់​ឱសថ រ៉ាស់​ហ្វា​ស្ទិក​មីន និង​កម្មវិធី​ដាស់​បញ្ញា​សតិ គឺថា យើង​ឃើញថា មាន​ការធ្លាក់ចុះ​នូវ​សតិ​បញ្ញា​ក្នុង​រយៈពេល​កន្លងមក បានន័យថា មិន​មាន​ការកើនឡើង ឬក៏​ការប្រែប្រួល​ទៅ​លើ​ការជំរុញ​សតិ​ស្មារតី​នោះឡើយ ព្រោះថា នៅពេលដែល​យើង​ប្រើប្រាស់​បទដ្ឋាន​ធ្វើ​តេស ដើម្បី​វាយតម្លៃ​លើ​បញ្ហា​នេះ គឺ​យើង​ទទួលបាន​លទ្ធផល​បែបនេះ​។ រោគសញ្ញា​ផ្នែក​អាកប្បកិរិយា ដូចជា ទំនាក់ទំនង​ជាមួយ​នឹង​បុគ្គលិក​សន្តិសុខ ក៏ដូចជា មុខងារ​ក្នុង​ការយកចិត្តទុកដាក់​ចំពោះ​ខ្លួន​របស់​គាត់ មាន​ការថយចុះ​។ ដូច្នេះ​យើង​មិន​គិត​ថា មាន​វិធីសាស្ត្រ​ព្យាបាល​ណាមួយ ដែល​អាច​ជួយ​ជំរុញ​ដល់​សតិបញ្ញា​របស់លោក​ស្រី អៀង ធីរិទ្ធ បាន​នោះឡើយ​។ ហេតុដូច្នេះ​ហើយ យើង​មិន​មាន​អនុសាសន៍​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ ដើម្បី​ផ្តល់​ដល់​ជូន​នោះឡើយ​។ គឺ​យើង​ឯកភាព​ជា​ឯកច្ឆន្ទ ដោយ​មាន​ភស្តុតាង​រួមគ្នា ដែល​យើង​បាន​ប្រើប្រាស់​នូវ​ប្រភព​ព័ត៌មាន​ផ្សេងគ្នា ដើម្បី​គាំទ្រ​ដល់​ការ​រក​ឃើញ​របស់​យើង​"​។​

​ការលើកឡើង​របស់​វេជ្ជបណ្ឌិត អ្នកជំនាញ​ដូច្នេះ ជា​ការឆ្លើយតប​នឹង​លោកស្រី​ចៅក្រម ស៊ី​វៀល ខាត់​វ្រា​យ ក្នុង​សវនាការ​នា​ព្រឹក​មិញ​។  

​ក៏​ប៉ុន្តែ​លោកស្រី ចក់ ធីតា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា តាមរយៈ​ការវាយតម្លៃ​ផ្នែក​ចិត្តសាស្ត្រ​ជាច្រើន ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១១ គឺ​លោកស្រី អៀង ធីរិទ្ធ មិន​បាន​ទទួលរង​នូវ​ការ​ថមថយ​ផ្នែក​សតិបញ្ញា​ស្មារតី ដែល​ជា​ជំងឺ​វង្វេងវង្វាន់​នោះទេ​។ ពោល​គឺ​លោកស្រី​អៀង​ធីរិទ្ធ មិនមាន​ជំងឺ​ខាង​ផ្លូវចិត្ត ឬក៏​ជំងឺ​វិកល​ចរិក​ទេ តែ​លោក​ស្រី អៀង ធីរិទ្ធ រាង​ភ្លេចភ្លាំង​បន្តិចបន្តួច​។​

​លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ចៅក្រម​ថា "​ឆ្លង​តាម​ការតាមដាន​ព្យាបាល និង​តាម​ការវាយតម្លៃ យើង​បាន​ធ្វើការ​វាយតម្លៃ​ជា​ហូរ​ហែល ហើយ​ក្នុងនោះ ទាក់ទង​នឹង​ការ​វង្វេងស្មារតី វា​ចែកចេញជា​ពីរ​ផ្នែក ទី​១-​មាន​សញ្ញា​វិកលចរិត និង​មួយទៀត ទាក់ទង​នឹង​ការ​វង្វេង​ដោយ​ការចងចាំ​។ ក្នុងនោះ ក្នុងការ​ធ្វើ​ការវាយតម្លៃ និង​អនុសាសន៍​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ប្រើ និង​ឧបករណ៍​មួយចំនួន គឺ​ការយកចិត្តទុកដាក់ និង​ឧបករណ៍​របស់ខ្ញុំ​ផ្ទាល់ យើង​សង្កេតឃើញថា រោគសញ្ញា​វិកលចរិត គឺ​នាង​ខ្ញុំ​មិន​បាន​រកឃើញ​នោះទេ​។ ប៉ុន្តែ​ការ​ភ្លេច​ស្មារតី ទាក់ទង​នឹង​ការចងចាំ​បន្តិចបន្តួច គឺ​គាត់​មាន​"​។​

​របាយការណ៍ កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ របស់​លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា ក៏​ត្រូវបាន​ចៅក្រម​លើកឡើង ក្នុង​សវនាការ ដោយ​បង្ហាញ​ថា អ្នកជំងឺ ( លោកស្រី អៀង​ធីរិទ្ធ ) មាន​សភាព​ធូរស្រាល ផ្នែក​រាងកាយ មិន​មាន​សញ្ញា​ណា​ដែល​បញ្ជាក់ថា មាន​ជំងឺ​វិកលចរិត តែ​គាត់​អាច​មាន​ការ​ភ្លេច​បន្តិចបន្តួច ដែល​ត្រូវ​នឹង​វ័យ​របស់គាត់ និង​អាច​ជា​ជំងឺ​វង្វេងវង្វាន់​បន្តិច តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​មេធាវី ផាត់ ពៅ​ស៊ា​ង សហ​មេធាវី​ជាតិ ការពារ​ក្តី​លោកស្រី អៀង ធីរិទ្ធ បាន​លើកឡើង​ក្នុង​ពេល​ចោទសួរ​ទៅកាន់​សាក្សី លោកស្រី​វេជ្ជបណ្ឌិត ចក់ ធី ដោយ​ច្រានចោល​នូវ​ការលើកឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ហើយ​ថា លោកស្រី អៀង ធីរិទ្ធ មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ ដោយសារតែ​លោក​ស្រី អៀង ធីរិទ្ធ មិន​ស្គាល់ សូម្បី​តែ​ប្តី​របស់​គាត់ ( លោក អៀង សារី ) និង​រូប​លោក​មេធាវី​។​

អំណះអំណាង​របស់​ក្រុម​វេជ្ជបណ្ឌិត ជា​អ្នកជំនាញ សាក្សី និង​មេធាវី​ខាងលើនេះ បាន​ធ្វើឡើង ក្នុង​សវនាការ​សាជាថ្មី របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរ​ក្រហម លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។​

​អង្គ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​ឡើង ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយ​សម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។​

​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ រួមមាន​៖ ភាគី​សហ​ព្រះរាជអាជ្ញា ភាគី​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ការពារ​ជន​រងគ្រោះ និង​ភាគី​មេធាវី​ការពារ​លោកស្រី​អៀង​ធីរិទ្ធ​។​

​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ ៣ រូប គឺ​លោក​វេជ្ជបណ្ឌិត ហួត លីន​ណា លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) និង​លោក​សាស្ត្រាចារ្យ​ជំនាញ​មនុស្ស​ចាស់ ច​ន ខាំ​ប៊ែល ( John Campbell ) បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្តល់​នូវ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន លើ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​អង្គុយ​ចំពោះមុខ​អង្គការ​សវនាការ នៅ​ព្រឹក​នេះ ក៏​មាន​សាក្សី​ម្នាក់ គឺ​លោកស្រី ចក់ ធីតា ជា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​សក្ខីកម្ម អំពី​ស្ថានភាព​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ផងដែរ​។ លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បាន​ចូលរួម​ពិនិត្យ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១១​។​

​ចំណែក​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ ចេញពី​បន្ទប់​សវនាការ​។​

​មាន​អាយុ ៨០ ឆ្នាំ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១១ ថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ត្រូវ​បង្ហាញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​ពី​ស្ថានភាព​របស់​ជំងឺ​លោកស្រី អៀង ធីរិទ្ធ​៕​