Friday, August 31, 2012

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ជំរុញ​ឲ្យ​សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ពង្រឹង​តួនាទី​ឡើងវិញ​

ភ្នំពេញ: ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្រោម​ប្រធានបទ "​សន្តិភាព​យូរអង្វែង តាមរយៈ​អភិបាលកិច្ច​រួម​គ្នា​ជា​សកល​" នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ នា​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​មួយ ដោយ​ជំរុញ​ឲ្យ​សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ពង្រឹង​តួនាទី​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​ថ្មីៗ​នេះ​។​

​ក្នុងនាម​ក​ម្ពជា ជា​ស្ថាបនិក និង​និម្មាបនិក​មួយ នៃ​ចលនា​ដ៏​មាន​សារៈសំខាន់ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​យើងទាំងអស់គ្នា ពិតជា​មាន​មោទនភាព ចំពោះ​សមិទ្ធផល​រយៈពេល ៥ ទស្សវត្ស​កន្លង​មក របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្នុង​ការតស៊ូ​ដើម្បី​ឯករាជ្យ នៃ​ប្រទេស​ជាច្រើន ក៏ដូចជា ក្នុង​ការផ្តល់​នូវ​វេទិកា​អព្យាក្រឹត្យ សម្រាប់​បណ្តា​ប្រទេស​ទន់ខ្សោយ​ទាំងឡាយ​ប្រើប្រាស់ ដើម្បី​គោលដៅ​នៃ​ការធានា​នូវ​សុខសន្តិភាព និង​ភាព​រីកចម្រើន​ដោយ​សុខដុម ស្របតាម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​ដោយ​សមធម៌​"​។​

​ទន្ទឹមនឹងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​យើង​ក៏​ត្រូវ​ទទួល​ដែរ​ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន ទាំង​ក្នុង​កម្រិត​តំបន់ និង​កម្រិត​សកល ដូចជា ការធ្លាក់ចុះ​នៃ​សន្តិភាព និង​សន្តិសុខ​សកល ភាព​ផុយ​ស្រួល​នៃ​ដំណើរការ​ងើបឡើង​វី នៃ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍ ការ​អូស​បន្លា​ញ​នៃ​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ​ក្នុង​តំបន់​អឺរ៉ុប ការ​កើត​មាន​កលិយុគ​នយោបាយ និង​សង្គម នៅក្នុង​តំបន់​មជ្ឈឹម​បូព៌ា និង​អាហ្វ្រិក​ខាងជើង តម្លៃ​ប្រេង​ឡើង​ខ្ពស់ ការធ្លាក់ចុះ​នៃ​សន្តិសុខ​ថាមពល និង​សន្តិសុខ​ស្បៀង ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ​ធម្មជាតិ​កាន់តែ​ញឹកញាប់ អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ខ្ញុំ​យល់​ថា នៅក្នុង​បរិការណ៍​ថ្មី​នេះ សហគមន៍​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​ក្រសោប​ប្រមាណ​ជា ៦០% នៃ​អាសនៈ​នៅក្នុង​អង្គការសហប្រជាជាតិ គួរ​រួមគ្នា​ធ្វើការ​សំដៅ​ធានា​ឲ្យ​ចលនា​នេះ ង​វិញ ហើយ​អាច​បង្កើត​តួនាទី និង​សារៈសំខាន់​របស់​ខ្លួន ក្នុង​ការការពារ​ផលប្រយោជន៍​នៃ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក៏ដូចជា ចូល​រួមវិភាគទាន​ដល់​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ធំៗ ទាំងឡាយ ទាំង​ក្នុង​កម្រិត​តំបន់ ទាំង​ក្នុង​កម្រិត​សកល​"​។​

​ក្នុង​ស្មារតី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ក៏​បាន​គូស​រំលេច​នូវ​អាទិភាព​ជាក់ស្តែង​មួយ​ចំនួន នៅក្នុង​សន្ទរកថា​គន្លឹះ នៅពេល​បើក​សន្និសីទ​កំពូល លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​រួមមាន​៖ ការពង្រឹង​តួនាទី​របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ការបន្ត​ជំរុញ​របៀបវារៈ នៃ​ការលុបបំបាត់​ទាំងស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ ការបង្កើត​កិច្ចខិតខំ​ប្រឹងប្រែង និង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង ការជំរុញ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការលើកកម្ពស់​ការចូល​រួម ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន ជាដើម​។​

.​សម្តេច​ហ៊ុន​សែន ជំរុញ​ឲ្យ​ប្រទេស​សមាជិក ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ចូលរួម​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ដោយ​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ គួរ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ស្តីពី បម្រាម​មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដោយ​ពុំ​មាន​ការពន្យារពេល​ទៀត​ទេ​។ ក្នុងន័យនេះ សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ គួរតែ​ត្រូវបាន​ធ្វើ​ជា​លក្ខណៈ​សកល​។ ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា យើង​ក៏​ត្រូវ​គូសបញ្ជាក់​ផងដែរ អំពី​សិទ្ធិ​មិន​អាច​កាត់ផ្តាច់​បាន​របស់​ប្រទេស​ទាំងអស់ ក្នុង​ការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ ក្នុង​គោលដៅ​សន្តិភាព ដើម្បី​កា​អភិវឌ្ឍ​។​

.​សម្តេច​ហ៊ុន​សែន ស្វែងរក​ការគាំទ្រ​បេក្ខភាព​កម្ពុជា ក្នុង​អាសនៈ​នៅ អ​.​ស​.​ប​.

​ជាមួយនឹង​គ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា "​យើង​គួរតែ​បន្ត​ពង្រឹង​យន្តការ​របស់​អង្គការសហប្រជាជាតិ ដែល​ជា​ស្ថាប័ន​ពហុភាគី សម្រាប់​អភិបាលកិច្ច​ជា​សកល​។ កម្ពុជា​គាំទ្រ​ការពង្រីក​សមាជិកភាព ទាំង​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង​ធ្វើឲ្យ​ក្រុមប្រឹក្សា​នេះ អាចអនុវត្ត​តួនាទី​របស់​ខ្លួន កាន់តែ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា "​ដោយ​មាន​បទពិសោធន៍ ក្នុង​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​របស់​ខ្លួន តាមរយៈ​ការចរចា និង​ការផ្សះផ្សារ​ជាតិ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​រួមចំណែក​ដល់​ការរក្សា​សន្តិភាព​សកលលោក និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ ក្នុង​បុព្វហេតុ​នេះ កម្ពុជា​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន សម្រាប់​សមាជិក​ភាព​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៣-២០១៤ ក្នុង​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តឡើង នៅ​ខែ​តុលា ឆ្នាំ​២០១២ ខាងមុខ​។ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន នៅក្នុង​ស្ថាប័ន​ដឹកនាំ​របស់​អង្គការសហប្រជាជាតិ​"​។​

​សម្តេច​ហ៊ុន​សែន បាន​លើកឡើង​ថា "​តាំងពី​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៥៥ មក កម្ពុជា​មិន​ដែល​បាន​ទទួល​អាសនៈ​ណាមួយ នៅក្នុង​ស្ថាប័ន​ដឹកនាំ​នៃ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នោះឡើយ​។ ដូច្នេះ ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ជា​សមាជិក​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ទាំងអស់ គឺជា​ការចាំបាច់​ណាស់ សម្រាប់ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ នៅ​ក្នុង​ការ​ឈរឈ្មោះ​ជា​លើកដំបូង​នេះ​"​។​

​នៅ​ទី​បញ្ចប់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​គូសបញ្ជាក់​ជា​ថ្មី​ថា "​កម្ពុជា បាន​ដើរតួនាទី​ជា​សមាជិក​ដ៏​សកម្ម​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ តាំង​ពី​ចាប់បដិសន្ធិ​មក​។ កម្ពុជា​ប្តេជ្ញា​គាំទ្រ​ចំពោះ​ការតស៊ូ​ជា​បន្ត​របស់​ចលនា​នេះ សំដៅ​ជំនះ​ឲ្យបាន ប្រកបដោយ​ប្រសិទ្ធភាព នូវ​បញ្ហា​ប្រឈម​ជា​សកល​ទាំងឡាយ តាមរយៈ​ការស្វែងរក​តុល្យភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​សកល ដោយ​ឈរ​លើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ដោយ​សមធម៌​"​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​កំពូល លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ត្រូវបាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ មកពី​បណ្តា​ប្រទេស​ទាំង ១២០ ដែល​ជា​សមាជិក របស់​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ និង​ប្រទេស​ជា​អ្នក​អង្កេត​ការណ៍​ចំនួន​១៧​។ កិច្ចប្រជុំ​នោះ បាន​ធ្វើឡើង​នៅ​សាល​សន្និសីទ​អន្តរជាតិ ទី​ក្រុងតេអេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។ 

​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ​១៩៦១​។ កិច្ចប្រជុំ​កំពូល ត្រូវបាន​ធ្វើឡើង​រៀងរាល់ ៣ ឆ្នាំ​ម្តង​។ រហូតមកដល់​ពេលនេះ មាន​កិច្ចប្រជុំ​កំពូល​ចំនួន ១៥ លើក រួចមកហើយ​។ ក្នុងនោះ​កិច្ចប្រជុំ លើក​ទី​១ បាន​ប្រព្រឹត្តទៅ នៅ​ឆ្នាំ​១៩៦១ នៅ​ទីក្រុង​ប៊ែល​ក្រាដ ប្រទេស​យូ​ហ្គោ​ស្លា​វី​។ រី​ឯ​កិច្ចប្រជុំ​កំពូល លើក​ទី​១៥ បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០០៩ នៅ​ទីក្រុង​សាម​អ៊ែល​ស្ហែក (Sharm El Sheikh) ប្រទេស​អេ​ហ្ស៊ី​ប​។​

​កិច្ចប្រជុំ លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​ចូលរួម​ដោយ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​សមាជិក ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុងតេអេ​រ៉ង់ ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​លោក ម៉ា​មូដ អា​ម៉ា​ឌី​ណេ​ចា​ដ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់​។ ក្នុង​កិច្ចប្រជុំ​កំពូល​នោះ លោក បាន គីម​ម៉ូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​បាន​ចូលរួម​ផងដែរ​៕