Monday, September 10, 2012

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ចាប់ផ្តើម នៅ​ភ្នំពេញ​

ភ្នំពេញ: កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​ពិធី​បើក​កិច្ចប្រជុំ​ទាំងនេះ នឹង​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​សម្តេច​ហ៊ុន​សែន​។​

​តាម​កម្មវិធី ដែល​បាន​ព្រៀងទុក គឺ​នៅ​ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ នា​ពេល​រសៀល ជា​កិច្ចប្រជុំ​រវាង​ឧត្តមមន្ត្រី​ថាមពល​អាស៊ាន ដើម្បី​ត្រៀម​រៀបចំ​ដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០​។ ចំណែក​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​កិច្ចប្រជុំ​រវាង​ឧត្តមមន្ត្រី​ថាមពល​អាស៊ាន ១០ ប្រទេស បូក​៣ គឺ​ឧត្តម​មន្ត្រី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​។ រីឯ​នា​ពេល​រសៀល គឺជា​កិច្ចប្រជុំ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន ដែល​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន ញូ​វ​ហ្សឺ​ឡេន កូរ៉េខាងត្បូង រុស្ស៊ី និង​អាមេរិក​។​

​សម្រាប់​កម្មវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ គឺជា​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន ក្រោម​ប្រធានបទ "​ការតភ្ជាប់​ថាមពលបៃតង អាស៊ាន​" នៅ​សាលប្រជុំ នួន​ស្រី ក្នុង​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​នៅ​មុន​ពេល​ចូលរួម​បើក​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ទាំង ១០ ប្រទេស ត្រូវ​ចូល​សំដែង​ការគួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ បន្ទាប់មក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នឹង​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​។​

​បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រី​ថាមពល​អាស៊ាន នឹង​ត្រូវ​បន្ត​កិច្ចប្រជុំ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​ក្របខណ្ឌ​អាស៊ាន ព្រមទាំង​ជួបប្រជុំ​នឹង​ប្រទេស​ដៃគូ​អាស៊ាន និង​កិច្ច​ពិភាក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។ កិច្ចប្រជុំ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២​។ រីឯ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ការវិល​ត្រឡប់​របស់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ប្រទេស​ដៃគូ​អាស៊ាន និង​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា​៕​