Monday, September 10, 2012

ប្រជុំ​សរុប​សភាពការណ៍​និង​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា​និង​លើក​ទិស​ដៅ​អនុវត្ត​ខែកញ្ញា​

ដោយ​ ៖ ស្ឥាងជ័យ 
​ខេត្តកណ្តាល ​៖ ​នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១២​មាន​រៀបចំ​ពិធី​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​ការងារ​ខែកញ្ញា​ ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្នងការ​រង​នគរបាល​គ្រប់​ផែន​ ប្រធាន​ការិយាល័យ​គ្រប់​ផែន​ អធិការ​នគរបាល​ទាំង​១១​ស្រុក​ ក្រុង​ ព្រមទាំង​នាយ​ប៉ុស្តិ៍​នគរបាល​ជា​ច្រើន​រូប​ទៀត​។​
​លោក​ ចាន់​ សា​វឿ​ន​ ស្នងការ​រង​បាន​ឡើង​អាន​របាយការណ៍​ សភាពការណ៍​សន្តិសុខ​ និង​ កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែសីហា​ ឆ្នាំ​២០១២​ ថា​ បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​២២​លើក​ លើ​២៦​លើក​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​កើត​មាន​ឡើង​ចំនួន​៥​លើក​ លើ​២​លើក​ និង​បទល្មើស​ម​ជ្ឈឹ​ម​កើត​មាន​ឡើង​ចំនួន​១៧​លើក​ លើ​២៤​លើក​ ។​ បទ​ល្មើ​ល​ព្រហ្មទណ្ឌ​ដែល​បាន​កើត​មាន​ឡើង​នៅ​ខែសីហា​ មាន​ចំនួន​២២​លើក​ បើ​ប្រៀបធៀប​ទៅ​និង​ខែកក្កដា​ ឆ្នាំ​២០១២​ បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​ចំនួន​៤​លើក​។​ ជាមួយ​គ្នា​នោះ​ដែរ​នោ​ខែសីហា​ ឆ្នាំ​២០១២​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ចំនួន​៥​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​បាន​ទម្ងន់​២.២​ ក្រាម​ ផង​ដែរ​ ។​ ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរ​ប្រចាំ​ខែសីហា​ បាន​កើត​មាន​ឡើង​ចំនួន​១៤​លើក​ លើ​២១​លើក​ មានការ​ថយ​ចុះ​៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១​នាក់​ រង​របួសធ្ងន់​ចំនួន​៦​នាក់​និង​របួសស្រាល​១០​នាក់​ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​៨​គ្រឿង​ ម៉ូតូ​១៥​គ្រឿង​ផង​ដែរ​។​
​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ​ដែរ​លោកស្នងការ​នគរបាល​ខេត្ត​ ក៍បាន​ឲ្យ​នក​របាល​ដែល​ចូលរួម​ប្រជុំ​ធ្វើការ​ជជែក​ពិភាក្សា​ផ្តល់​បទ​ពិសោធន៍​ល្អៗ​ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​ និង​ ការ​គ្រប់គ្រង​រដ្ឋបាល​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ងា​ស្រួល​ក្នុង​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​មាន​ស្រាប់​នៅ​ក្នុង​មូលដ្ឋាន​ ក៍​ដូច​ជា​មុខសញ្ញា​ផ្សេងៗ​ដែល​មក​ស្នាក់​នៅ​។​
​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នក​រាប​ល​ខេត្តកណ្តាល​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ បើ​ទោះបីជា​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​ ក៍​ពិតមែន​ក្នុង​ខែសីហា​កន្លង​មក​ លោក​ក៍បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ ពិសេស​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​ លោក​អធិការ​នគរបាល​ស្រុក​ត្រូវ​ខឹ​ត​ខំ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មានការ​ថយ​ចុះ​បន្ត​ទៀត​ ប្រយោជន៍​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ចូ​ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​
​លោកស្នងការ​ ក៍បាន​សង្កត់ធ្ងន់​ដែរ​ថា​ គ្រប់​អធិការ​ និង​នាយ​ប៉ុស្តិ៍​ទាំងអស់​ដែល​នៅ​តាម​ទីប្រជុំជន​និង​តំបន់​ព្រំប្រទល់​រដ្ឋបាល​ត្រួតស៊ីគ្នា​ ត្រូវ​ខឹ​ត​ខំ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ម៉ដ្ឋ​ចត់​បំផុត​ ព្រោះ​បទល្មើស​ផ្សេងៗ​ច្រើន​តែ​កើត​មាន​ឡើង​នៅ​តំបន់​នោះ​។​
លោកស្នងការ​ក៍បាន​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្ត​សេនីយ៍​ត្រី​ អ៊ា​វ​ ចំរើន​ បាន​ប្រគល់​សៀវភៅ​ អត្ថបទ​គោល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​អធិបាយ​ ផ្តល់​ការ​បំភ្លឺ​ស្តី​ពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​និង​កំណត់ព្រំដែន​សមុទ្រ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​រា​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​ ចំនួន​១៩១​ក្បាល់​ ដល់​អធិការ​នគរបាល​ស្រុក​ ក្រុង​ ទាំង​១១​ និង​នាយ​ប៉ុស្តិ៍​ ដើម្បី​យក​ទៅ​មើល​ខ្លឹមសារ​ដ៍​មាន​សារសំខាន់​របស់​សម្តេច​តេ​ជោ​ ដែល​បាន​បកស្រាយ​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១២​កន្លង​ទៅ​ ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​គេ​ភូត​កុហក់​យើង​បាន​៕