Monday, September 10, 2012

មានអ្នកនយោបាយខ្លះ ប្រើព្រះនាមសម្ដេចក្រុមព្រះ កេងចំណេញនយោបាយ

ភ្នំពេញ: ​ខុទ្ទកាល័យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើ​ការបដិសេធ​ចំពោះ​អ្នកនយោបាយ​ខ្លះ បាន​ដើរ​ឃោសនា​ថា ក្រោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​រាជានិយម​ទាំងពីរ ពួកគេ​នឹង​យាង​សម្ដេចក្រុមព្រះ ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ 

​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញថា ថ្មីៗ​នេះ ខុទ្ទកាល័យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​ព័ត៌មាន​ពី​មូលដ្ឋាន នៃ​អ្នករាជានិយម​មួយចំនួន ឲ្យ​ដឹងថា ក្រោយពី​ការរៀបចំ​រចនាសម្ព័ន្ធ​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​ជាតិនិយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ ) និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រួចហើយ ពួកគេ​នឹង​យាង​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា “​ខុទ្ទកាល័យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម​ធ្វើការ​បដិសេធ​ចំពោះ​អ្នកនយោបាយ​ណា ដែល​បាន និង​កំពុង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដ៏​មហា​អកុសល​នេះ​។ ការនិយាយ​បែបនេះ គឺ​ពិតណាស់​មាន​ចរិត​ឆបោក បំភ័ន្ដ​អ្នករាជានិយម​ពិតប្រាកដ ព្រោះថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គ​បានប្រកាស​ជា​សាធារណៈ នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ឈប់​ធ្វើ​នយោបាយ​”​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ការដែល​អ្នកនយោបាយ​ខ្លះ ឃោសនា​ផ្សព្វផ្សាយ​តាម​បណ្ដា​មូលដ្ឋាន​អ្នករាជានិយម​នានា​ថា ពួកគេ​នឹង​យាង សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​នោះ គឺ​ពិត​ជាការ​ភូតភរ បោក​បញ្ឆោត លួងលោម​ទឹកចិត្ត​អ្នករាជានិយម​ពិតប្រាកដ ឲ្យ​ទៅ​គាំទ្រ​ពួកគេ ដោយ​យក​ព្រះនាម សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅប្រើ​ប្រាស់​ក្នុងន័យ​កេ​ញ​ចំណេញ​នយោបាយ​អស់សង្ឃឹម​តែប៉ុណ្ណោះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ បាន​បន្ថែមទៀតថា សូម​សាធារណមតិ​ជាតិ និង​អន្តរជាតិ ជាពិសេស​មូលដ្ឋាន នៃ​អ្នករាជានិយម​ពិតប្រាកដ មេត្តា​កុំ​ជឿ​សម្ដី​កុហក ភូតភរ បោក​បញ្ឆោត​នេះ​តទៅទៀត ព្រោះថា សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ទ្រង់​ពិតជា​ប្រកាសថា ឈប់​ធ្វើ​នយោបាយ​ហើយ​៕​