Thursday, September 27, 2012

លោក ទេព នីថា៖ គ.ជ.ប មិនទទួលចុះឈ្មោះលោក សម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រីឡើយ!

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា គ​.​ជ​.​ប ធ្វើការ​តាម​បច្ចេកទេស មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ហើយ​ចំពោះ​បុគ្គល​ជាប់​ឈ្មោះ ជា​ទណ្ឌិត ដូច​ករណី​លោក សម រង្ស៊ី គឺ គ​.​ជ​.​ប​. មិនអាច​ទទួល​ចុះឈ្មោះ ជា​បេក្ខជន​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣ បានទេ​។ រីឯ​បេក្ខភាព​របស់លោក​សមរង្ស៊ី សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ក៏​រឹតតែ​មិនអាច​ទៅរួច​។​

​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​បាន​មានប្រសាសន៍​បញ្ជាក់​នៅរ​សៀ​ល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២ ថា​៖ "​គ​.​ជ​.​ប បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្រង់​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ប​ញ្ចូ​ន​មក គ​.​ជ​.​ប ដើម្បី​ពិន​ត្យ នៅពេល​គណបក្សនយោបាយ​បញ្ជូន​បញ្ជី​បេក្ខជន មក​ចុះឈ្មោះ​នៅ គ​.​ជ​.​ប នាពេល​បន្តិចទៀត​នោះ​។ បើ​មាន​ជាប់ទោស ជា​ទណ្ឌិត គឺ​មិន​ទទួល​ចុះឈ្មោះ ឲ្យ​ធ្វើជា​បេក្ខជន​ឡើយ​។ ចំពោះ​ករណី​លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​នោះ គឺ គ​.​ជ​.​ប មិនអាច​ទទួល​ចុះឈ្មោះ  ធ្វើជា​បេក្ខជន​ឈរឈ្មោះ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឲ្យ​បានទេ​។ រីឯ​ការចង់​វិលត្រឡប់ ឬ​អត់​នោះ ជា​សិទ្ធិ​របស់លោក សម រង្ស៊ី អត់ មាន​ពាក់ព័ន្ធ​នឹង​គ​.​ជ​.​ប ទេ​"​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​គណបក្សប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២​នេះ បានចាត់ទុក​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បច្ចុប្បន្ន ដែល​បានរៀបចំ​ការបោះឆ្នោត​ក​ន្ល​ង​មក មិន​បានទទួល​ការទុកចិត្ត​ពី​គណបក្សនយោបាយ មតិ​ជាតិ អន្តរជាតិ ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន ឲ្យ​មាន​លក្ខណៈ​ឯករាជ្យ អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌​ឡើយ​។​

​ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​របស់​គណបក្ស​សម្ព័ន្ធភាព​នោះ បានលើកឡើង​បន្តថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស សូមបញ្ជាក់​ជំហរ​ជាថ្មី ម្តង​ទៀតថា “​គណបក្ស​ទាំងពីរ​គាំទ្រ​នូវ​អនុសាសន៍​ដែលមាន​ចែង​ក្នុង​របាយការណ៍​របស់​លោក​សាស្ត្រាចារ្យ ស៊ូ​យ៉ា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​លើកឡើងថា គួរតែមាន​ការព្រមព្រៀង​គ្នា​ជាទូទៅ​ខាង​ផ្នែក​នយោបាយ ពី​ក្នុងចំណោម​គណបក្សនយោបាយ​ធំៗ ដែលមាន​តំណាង​នៅក្នុង​រដ្ឋសភា អំពី​ការ​តែ​តាំង​ប្រធាន និង​សមាជិក ព្រមទាំង​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​(​គ​ធ​/​ខ​ប​) ហើយ​អនុសាសន៍​ដទៃទៀត ដែល​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ទៅលើ គ​.​ជ​.​ប​"​។​
​    ​
​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្តថា ដើម្បី​ឲ្យ​មានការ​ឯកភាព​ជាតិ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដែលជា​ស្ថាប័ន​ដ៏​សំខាន់ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌ សមរង្ស៊ី និង​សិទ្ធិមនុស្ស សូម​អំពាវនាវ​សាជាថ្មី​ម្តងទៀត ដល់​រាជរដ្ឋាភិបាល ពិចារណា​លើ​នីតិវិធី នៃ​ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប និង​គណៈកម្មការ​រាជធានី​ខេត្ត រៀបចំ​ការ បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ឲ្យ​គ្រប់​គណបក្សនយោបាយ និង​មហាជន​អាច​ទ​ទួ​យកបាន​។​

​ចំពោះ​សេចក្តីថ្លែងការណ៍​ចំហ​នោះ ត្រូវបាន​លោក ទេព នីថា បាន​មានប្រសាសន៍ថា ការបែងចែក​តំណែង​ដឹកនាំ​នៅក្នុង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាប់ពី​មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល ថា​ត្រូវមាន​ការផ្តល់​ទៅ​ឲ្យ​គណបក្សប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស​នោះ នៅក្នុង​ច្បាប់​អត់​មានចែង​ទេ ទាល់​តែមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជាមុនសិន​។ 
​ចំពោះ​ការ​និយាយថា គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​គ្រប់​ដំណាក់កាល បក្សនយោបាយ និង​មហាជន និង​អង្គការ​អន្តរជាតិ មិនអាច​ទ​ទួ​យកបាន​នោះទេ ក៏ត្រូវ​បាន​លោក ទេព នីថា បាន​ឆ្លើយតប​វិញ​ថា "​គណបក្សប្រឆាំង​ថា​តែ​អីចឹង​រាល់​លើក ហើយ​គាត់​ក៏​ចូលរួម​បោះឆ្នោត នៅ​គ្រប់​ដំណាក់កាល​ផងដែរ​។ តែ​ការលើកឡើង​បែបនេះ គឺជា​រឿង​នយោបាយ មិនមែនជា​រឿង​បច្ចេកទេស​ទេ​"៕​