Thursday, September 27, 2012

គ.ជ.ប. លើកឡើងពីកិច្ចការរៀបចំការបោះឆ្នោត ប្រាប់ស្ថានទូត ១៣ ប្រទេស

ភ្នំពេញ: ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី និង​តំណាង​ស្ថានទូត​បរទេស ចំនួន ១៣ ប្រចាំ​នៅ​កម្ពុជា ក្នុង​គោលបំណង ពន្យល់​ពី​នីតិ​វី​បោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងមក ព្រមទាំង​ការចុះបញ្ជីឈ្មោះ​ប្រជាពលរដ្ឋ​កម្ពុជា នៅពេល​បច្ចុប្បន្ន​។​

​កិច្ចប្រជុំ​នោះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ គ​.​ជ​.​ប​. ដែល​ដឹកនាំ​កិច្ចប្រជុំ ​ដោយ​លោកស្រី ស៊ីន ជុំ​បូ អនុប្រធាន​គ​.​ជ​.​ប​។​

តំណាង​ស្ថានទូត ប្រចាំ​កម្ពុជា ចំនួន ១៣ ប្រទេស ដែល​ចូលរួម​កិច្ចប្រជុំ​ជាមួយ គ.ជ.ប. រួមមាន​៖ ស៊ុយអែត ឥណ្ឌូនេស៊ី សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ម៉ាឡេស៊ី សហព័ន្ធ​សាធារណរដ្ឋ អាល្លឺម៉ង់ បារាំង ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ ជប៉ុន សាធារណរដ្ឋ សឹង្ហ​បុរី និង​សាធារណរដ្ឋ កូរ៉េ​។ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ រួមមាន​៖ NDI, COMFREL, IFES, USAID, UNDP និង UNOHCHR​។​

​នៅក្នុង​ជុំនួប​នោះ លោកស្រី​ ស៊ីន​ជុំ​បូ អនុប្រធាន គ​.​ជ​.​ប​. បាន​ជំរាប​មន្ត្រី​ស្ថានទូត​បរទេស និងអង្គការជាតិ-អន្តរជាតិ អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា កន្លងមក និង​ការកសាង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ពីព្រោះ​ទូត​បរទេស​ខ្លះ ទើប​មក​បំពេញការងា​រ និង​អ្នកខ្លះ នៅ​កម្ពុជា​យូរ​ឆ្នាំ​មកហើយ តែ​ចង់ដឹង​ពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​។​

​លោកស្រី ស៊ីន ជុំ​បូ បាន​មានប្រសាសន៍ថា "​នៅ​ឆ្នាំនេះ គ​.​ជ​.​ប​. សុំ​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ តាមរយៈ​គណៈ​អភិបាលខេត្ត​រាជធានី​ក្រុង និង​ស្ថាប័នរដ្ឋ ក្រសួង មន្ទីរ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ មេត្តាជួយ​ណែនាំ​បុគ្គលិក​មន្ត្រី នៅក្នុង​ស្ថាប័នរដ្ឋ ក៏ដូចជា​ឯកជន​ឲ្យ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​។ បើ​អ្នក​មានឈ្មោះ​ច្រើន​កន្លែង សុំ​មេត្តា​លុបឈ្មោះ​ទាំងនោះ​ចេញ ទុក​តែមួយ​កន្លែង​បាន​ហើយ​។ ជាមួយ​នោះដែរ គ​.​ជ​.​ប​. បានធ្វើ​ការណែនាំ​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ស្មៀនឃុំ​សង្កាត់ ព្រមទាំង​ជំនួយការ​ស្មៀន​ទាំងអស់ ត្រូវតែ​ចូលរួម​អនុវត្ត​បទបញ្ជា​ណែនាំ រប​ស់គ​.​ជ​.​ប​. ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​បំរើការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្រសិទ្ធិ​ភាពល្អ​"​។​

​លោកស្រី ស៊ីន ជុំ​បូ បាន​បន្តថា គ​.​ជ​.​ប​. មាន​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​បោះឆ្នោត គឺ​អាយុ ១៨ ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​លោកស្រី ស៊ីន ជុំ​បូ បាន​បន្តថា នៅក្នុង​កិច្ចពិភាក្សា​នោះ លោកស្រី​ឲ្យ​ស្ថានទូត​បរទេស​ទាំងនោះ ចូលរួម​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​បោះឆ្នោត នៃ​ប្រទេស​នីមួយៗ ដែលជា​ដៃគូ និង​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ន​ផ្តល់​អនុសាសន៍ និង​កែលំអរ​នីតិវិធី និង​មាន​បញ្ហា​អ្វី រួមគ្នា​ដោះស្រាយ​។​

​លោកស្រី​អនុប្រធាន គ​.​ជ​.​ប​. បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ សម្រាប់​ចូលរួម​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ បាន​ចំនួន​ជាង ៤០ ម៉ឺន​នាក់​បន្ថែមទៀត​។​

​ជាការ​កត់សម្គាល់ កិច្ចប្រជុំ​រវាង គ​.​ជ​.​ប​. និង​មន្ត្រី​ទូត​នានា ប្រចាំ​កម្ពុជា ព្រមទាំង​អង្គការ​ជាតិ និងអន្តរជាតិ កាលពីព្រឹកមិញ បានធ្វើ​ឡើង ក្រោយពី​ការទទូច​ស្នើសុំ​ពី​គណបក្សប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស ឲ្យ​មានការ​ផ្លាស់ប្តូរ​សមាស​ភាព គ​.​ជ​.​ប​. និង​ថា នីតិវិធី​នៃ​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​ឆ្នោត មាន​បញ្ហា​ស្មុគស្មាញ នាំ​ឲ្យ​ប្រជាពលរដ្ឋ មិនអាច​ចុះឈ្មោះ​បោះឆ្នោត​បាន​ដោយ​ងាយស្រួល​ទេ​។​

​រីឯ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល វិញ ក៏បាន​សរសេរ​ក្នុង​របាយការណ៍​បឋម​របស់ខ្លួន គិត​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ ខុមហ្វ្រែល សង្កេត​ទៅលើ​ប្រតិបត្តិការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឃើញថា មាន​ភាពមិនប្រក្រតី នៅ​ឃុំ​/​សង្កាត់ មួយចំនួន ទាក់ទង​នឹង​ការមិន​គោរព​នីតិវិធី នៃ​ការចុះឈ្មោះ​បោះឆ្នោត ជាពិសេស​នៅ​ដំណាក់កាល​ចាប់ផ្តើម ដូចជា ការមិន​គោរព​ម៉ោង​ធ្វើការ ការមិនបិទ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ( បញ្ជី​ឆ្នាំ​២០១១ ) ការចុះឈ្មោះ​បោះឆ្នោត ដោយ​មិនមាន​វត្តមាន​សាមីខ្លួន​...​។​ល​៕​