Tuesday, September 25, 2012

បើជា​មនុស្ស​ហើយ​គិត​ពី​ប្រទេស​កម្ពុជា​គួរតែ​ស្ដាប់​ការ​បកស្រាយ​បញ្ហា​ព្រំដែន​របស់​សម្ដេច​តេ​ជោ​

ដោយ​ ៖ មរតក
​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រតិកម្ម​ខ្លាំងៗ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​នៅ​បន្ដ​ធ្វើការ​រិះគន់​លើ​បញ្ហា​ព្រំដែន​ បើ​ទោះបី​កន្លង​មក​ សម្ដេច​បាន​បកស្រាយ​នៅ​ក្នុង​រដ្ឋ​ សភា​យ៉ាង​លម្អិត​អស់​រយៈពេល​ជាង​៥​ម៉ោង​ និង​បោះពុម្ព​ជា​ឯកសារ​សម្រាប់​យក​ទៅ​សិក្សា​ និង​ស្រាវជ្រាវ​ក៏​ដោយ​ ។​ ការ​ថ្លែង​ប្រតិកម្ម​របស់​សម្ដេច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ឱ្យ​និស្សិត​ជ័យ​លា​ភី​មក​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ កោះ​ពេជ្រ​ ។​
​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា​ ទោះបី​យើង​ព្យាយាម​បកស្រាយ​ប៉ុន្មាន​ដង​ទៀត​ ក៏​គេ​មិន​យល់​ដែរ​ ពីព្រោះ​គេ​ជា​កូន​ ចារកម្ម​ ។​ សម្ដេច​បន្ដ​ថា​ បើសិនជា​អ្នក​រិះគន់​ទាំងនោះ​ជា​មនុស្ស​ ហើយ​គិត​ពី​ប្រទេស​កម្ពុជា​ គួរតែ​នាំ​គ្នា​ស្ដាប់​ការ​បក​ ស្រាយ​បញ្ហា​ព្រំដែន​របស់​សម្ដេច​ឡើង​វិញ​ ខណៈ​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ (​វៀតណាម​,​ ថៃ​)​ កំពុង​តែ​ធ្វើការ​សិក្សា​ ។​
​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា​ ព្រំដែន​ប្រទេស​កម្ពុជា​-​វៀតណាម​-​ឡាវ​ គឺ​យក​តាម​ផែនទី​ខ្នាត​១/១០០.០០០​ បោះពុម្ព​ ដោយ​កម្ពុជា​-​ឥណ្ឌូចិន​ នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ចំណែក​ព្រំដែន​កម្ពុជា​-​ថៃ​ គឺ​យក​តាម​ផែនទី​ខ្នាត​ ១/២០០.០០០​ បោះពុម្ព​ចន្លោះ​ឆ្នាំ​១៩០៧-១៩០៩​ ផ្អែក​លើ​អនុសញ្ញា​បារាំង​-​សៀម​ ១៩០៤-១៩០៧​ ។​
​ ជាមួយនឹង​ការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​បន្ដ​រិះគន់​បញ្ហា​ព្រំដែន​ខាងលើ​ សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ដែរ​ ថា​ មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ឆ្នាំ​ ២០១៣​ខាង​មុខ​ ប៉ុន្ដែ​ការ​ប្រកាស​នេះ​ ត្រូវ​បាន​សម្ដេច​អះអាង​ថា​ គ្មាន​បញ្ហា​នោះ​ទេ​ ពីព្រោះ​ច្បាប់​ជា​ច្បាប់​ កុំ​យក​ឆន្ទៈ​ នយោបាយ​មក​ឡូ​កឡំ​គ្នា​ ។​ ការ​ថ្លែង​បែប​នេះ​របស់​សម្ដេច​តេ​ជោ​ គឺ​សំដៅ​ទៅ​លើ​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​ មនុស្ស​ ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​នឹង​ធ្វើ​ពហិកា​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ បើសិនជា​ក្រសួងមហាផ្ទៃ​ មិន​ព្រម​កែប្រែ​និង​ផ្លាស់​ប្ដូរ​សមាសភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​ដូច​ជា​គណៈកម្មការ​រៀបចំ​ ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​ទេ​នោះ​ ៕