Tuesday, September 25, 2012

អភិបាលខេត្ត​និង​លោកស្នងការ​នគរបាល​ខេត្តកណ្តាល​ចុះ​ចែក​អត្តសញ្ញាណ​​ប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ​

ដោយ​ ៖ ស្ឥាងជ័យ 
​ខេត្តកណ្តាល​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក ​ឈុ​ន​ ស៊ី​រុន​ អភិបាល​ខេត្តកណ្តាល​ និង​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ អមដំណើរ​ដោយ​លោក​ ឯម​ រ​ដ្ឋា​ ស្នងការ​រង​ទទួល​បន្ទុក​ និង​លោកនាយ​ការិយាល័យ​ស្ថិតិ​ និង​ អត្តសញ្ញាណប័ណ្ណ​ បាន​អញ្ជើញ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​ ចំនួន​១៥៨១​សន្លឹក​។​
​លោក​វរសេនីយ៍ត្រី​ យ៉ង់​ សុ​ខេ​ម​ នាយការិយាល័យ​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ​ នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​ពី​រាជរដ្ឋាភិបាល​ លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ក្រោម​ការ​ចង្អុល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគ​បាល​ជាតិ​ និង​មានការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​អភិបាល​ខេត្តកណ្តាល​និង​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដាក់​ឲ្យ​ដំណើរការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​ ក្រុង​ទាំង​១១​ ទូ​ទាំង​ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១២​រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១២​ ខាង​កម្លាំង​ជំនាញ​របស់​លោក​ដែល​មានការ​ណែនាំ​ពី​លោក​វរសេនីយ៍ឯក​ ឯម​ រ​ដ្ឋា​ ស្នងការ​រង​ទទួល​បន្ទុក​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ចំនួន​សរុប​៤០៦០៦០​នាក់​(​ប្រុស​២០៧៩៥​នាក់​)​  ។​ 
លោក​ យ៉ង់​ សុ​ខេ​ម​ បាន​បន្ត​ថា​ បន្ទាប់​ពី​កម្លាំង​ជំនាញ​ចុះ​ធ្វើ​រួច​មក​លោក​បាន​បញ្ជូន​ទិន្នន័យ​ចំនួន​១៨៥៩២​នាក់​ (​ប្រុស​៩៨៨០​នាក់​)​ ទៅ​នាយកដ្ឋាន​នៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ​។​ ដោយឡែក​នៅ​ក្នុងស្រុក​កោះធំ​កម្លាំង​ជំនាញ​បាន​ ចាប់ផ្តើម​ដំណើរការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​មក​ដល់​ពេល​នេះ​បាន​ចំនួន​៧៩៨៧​នាក់​(​ប្រុស​៣៩៣៧​នាក់​)​ ហើយ​ជំនាញ​បាន​បញ្ជូន​ទិន្នន័យ​ទៅ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ចំនួន​៤១៩៨​នាក់​ (​ប្រុស​២៧០៩​នាក់​)​។​
​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​លោក​អភិបាល​ខេត្តកណ្តាល​និង​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ចុះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​កោះធំ​នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ នេះ​មាន​ចំនួន​១៥៨១​សន្លឹក​ (​ប្រុស​៨២៤​សន្លឹក​)​។​ពិធី​ប្រគល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ខាង​ជំនាញ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ បោះពុម្ព​រួច​បាន​ប្រគល់​ឲ្យ​មក​ស្នងការ​នគរបាល​ខេត្តកណ្តាល​។​
​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់​គ្នា​ នៅ​ពេល​កូន​កើតមក​ត្រូវ​ទៅ​ធ្វើ​សំបុត្រ​កំណើត​ ពេល​គ្រប់​អាយុ​បោះ​ឆ្នោត​ ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ដើម្បី​បាន​បោះ​ឆ្នោត​ និង​សម្រាប់​ដាក់​តាម​ខ្លួន​ ដែល​បញ្ជាក់​បាន​ពី​ទីកន្លែង​ភូមិ​ឃុំ​កំណើត​ ដែល​ខ្លួន​បាន​រស់នៅ​សព្វថ្ងៃ​ និង​ងាយស្រួល​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ ។​ លោកស្នងការ​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ មិន​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង់ប្រាក់​នោះ​ទេ​។​
​លោក​ ឈុ​ន​ ស៊ី​រុន​ អភិបាល​ខេត្តកណ្តាល​ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​យុវជន​ យុវនារី​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​ ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​បោះ​ឆ្នោត​ ៕​