Thursday, October 4, 2012

សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីផ្សព្វផ្សាយ​គម្រោងវិភាគ​លើផលប៉ះពាល់​នៃលិខិត​បទដ្ឋានគតិយុត្ត


នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២  ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រុមទីប្រឹក្សា​POHL បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង​វិភាគ​លើ​​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត នៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ។ នៅពេល​រសៀល ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី នឹងធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា  ហើយ​ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងជា​ប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច  សង្គមកិច្ច  និងវប្បធម៌ (ECOSOCC)  នឹងធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សាលា​នេះ។
វាគ្មិននៅក្នុងព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ រួមមានឯកឧត្តម យឹម ណុលសន អនុប្រធាន (ECOSOCC) និងជានាយកគម្រោងRIA  លោកជំទាវ ស៊ីហ្គេកូ ហាថូរី (Shigeko Hattori) នាយក ផ្នែក ​គ្រប់គ្រង​សាធារណៈ   ​វិស័យហិរញ្ញវត្ថុ  និងពាណិជ្ជកម្ម  ប្រចាំ តំបន់ អាស៊ី អាគ្នេយ៍ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី   លោកបណ្ឌិត ​ខេលី បឺត (Dr. Kelly Bird) ឧត្តមសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រធានគ្រប់គ្រង​​គម្រោង​​​RIA  លោក សាបេស ស៊ីវ៉ាសាបេសាន (Sabesh Shivasabesan) ប្រធាន​ក្រុម​ទីប្រឹក្សា​ក្រុមហ៊ុន​POHL លោក រូបឺត ខឺរ (Robert Kerr) អ្នកឯកទេស RIA នៅអូស្រ្តាលី   បណ្ឌិត ង្វៀន ដីញខុង (Nguyen Dinh Cung) អ្នកឯកទេសRIAនៅវៀតណាម   និងមាន​វាគ្មិន​មកពី​ក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ជាការវិភាគមានលក្ខណៈជាប្រព័ន្ធលើសំណើ​បញ្ញត្តិកម្ម​ វាជាឧបករណ៍ ឬវិធីសាស្រ្ត ដែល​ត្រូវ​បាន​ប្រើប្រាស់សម្រាប់ការតាក់តែងបញ្ញត្តិកម្មឲ្យបាន​ល្អ ដែលលើកកំពស់ប្រសិទ្ធភាពបញ្ញត្តិកម្ម និងគោលនយោបាយប្រកួតប្រជែង។ ការវិភាគនេះ ក៏ធ្វើឲ្យ​ប្រសើរ​ឡើង​ផងដែរនូវតម្លាភាព និងអភិបាលកិច្ចល្អ។ នៅប្រទេសកម្ពុជា RIA អាស្រ័យលើការ​វិភាគដោយផ្អែកលើសុភវិនិច្ឆ័យ និងកិច្ច​ពិគ្រោះ​យោបល់​ជា​មួយ​ភាគីពាក់ព័ន្ធ។ RIA ក៏ជាឯកសារដែល​កត់ត្រាពីលទ្ធផលនៃដំណើរការវិភាគផងដែរ។

គម្រោង RIA ទទួលហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី ហើយគម្រោងនេះគឺជាផ្នែកមួយ​នៃកម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច ”Promoting Economic Diversification” (PED) របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ កម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច គាំទ្រដល់អាទិភាពកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលមាន​បំណងធ្វើពិពិធភាពនៃប្រភពកំណើនសេដ្ឋកិច្ច។

ECOSOCC ជាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីភ្នាក់ងារប្រតិបត្តិគម្រោងនេះ។ ដោយ មាន​ក្រុម​ការងារ​អនុវត្ត​គម្រោង​RIA​គម្រោង​វិភាគ​លើផល​ប៉ះពាល់​នៃលិខិតបទដ្ឋានគតិយុត្ត (ORIA) ជាទីភ្នាក់ងារត្រួតពិនិត្យគម្រោងដែលត្រូវបានបង្កើតឡើងនៅក្នុង ECOSOCC។ ក្រសួងពាក់ព័ន្ធចំនួន បួនរួម​មាន​ក្រសួង​ពាណិជ្ជកម្ម ក្រសួងបរិស្ថាន  ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួង​ទេសចរណ៍ បានចូលរួមក្នុងគម្រោងនេះជាទីភ្នាក់ងារអនុវត្ត។

គម្រោងRIA បាននិងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីពេលចាប់ផ្តើមគម្រោង​មកម្ល៉េះ។ របាយការណ៍​ចាប់ផ្តើម​គម្រោ​ង​ដែល​បង្ហាញ​ពីផែន​ការ​សម្រាប់ការអនុវត្តគម្រោងRIA ត្រូវបានបោះពុម្ពផ្សាយនៅខែធ្នូ ឆ្នាំ២០១១។ អំពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋាន​គតិយុត្ត​​​នៅកម្ពុជា  ទម្រង់វាយតម្លៃបឋម(PA) និងបញ្ជីត្រួតពិនិត្យ(checklist) បានបោះពុម្ពផ្សាយទាំង​ជាភាសាអង់គ្លេស និងភាសាខ្មែរ នៅពាក់កណ្តាលឆ្នាំ២០១២ នេះ។

សំណើបញ្ញត្តិកម្មមួយចំនួន ត្រូវបានយកមកវិភាគតាមវិធីសាស្ត្រRIA។ ប្រធានទីភ្នាក់ងារអនុវត្ត គម្រោងនីមួយៗ នឹង​ធ្វើបទ​បង្ហាញ​ពីការងារ​វិភាគ​របស់​ពួកគាត់​នាពេល​រសៀលនៃពិធីផ្សព្វផ្សាយនេះ។  ហើយ​បន្ទាប់មកនឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ផងដែរ។ ហើយនៅចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ នឹង​មាន​ការ​បូក​សរុបលទ្ធផលនៃអង្គសិក្ខាសាលាដោយឯកឧត្តម   យឹម ណុលសន  ព្រមទាំងចំណាប់​អារម្មណ៍របស់ឯកឧត្តម Eric Sidgwick    និង​បន្ទាប់​មកមាន​សន្ទរកថា​បិទអង្គសិក្ខាសាលាដោយ២០១២  ឯកឧត្តមបណ្ឌិតសភាចារ្យ  សុខ អាន ។

នាពេលអនាគតដ៏ខ្លីខាងមុខនេះ គម្រោងRIAនឹងរៀបចំឲ្យមានសកម្មភាពផ្សព្វផ្សាយនៅតាមគ្រឹះស្ថាន​ជាន់ខ្ពស់មួយចំនួនទៀត ដើម្បីបញ្រ្ជាបទស្សនទាន RIA ។