Thursday, October 4, 2012

ទស្សនៈ បក្ស​ប្រឆាំង​ និង​អង្គការមិន​មែន​រដ្ឋាភិបាល​មួយ​ចំ​នួន​សម្រុក​កេង​យក​ផលប្រយោជន៍​ពី​ជន​ជាប់​ចោទ ម៉ម សូណង់​ដូ​

ទាំងបក្សប្រឆាំង ទាំងអង្គការ​​សិទ្ធិមនុស្សក្នុង​ស្រុក​ និង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេសខ្លះ​​ រួម​ទាំង​ប្រជា​ពល​​រដ្ឋមួយចំ​នួន​ដ៏តិច​តួច​​  ​​បានបញ្ចេ​ញ​​ប្រតិកម្មរំ​លោ​ភ​​បំ​ពាន​ទាំង​កំរោ​ល​លើ​​​រដ្ឋធម្ម​នុ​​ញ្ញ នៃព្រះ​រាជាណាចក្រកម្ពុជា ដែល​ជា​​​​​​រដ្ឋឯករាជ្យ​ អធិ​ប​តេ​យ្យ​ ​ដោយពួក​​​​គេទាំង​នោះ​​បាន​បញ្ជា​មក​លើ​​រាជ​រដ្ឋាភិបាល​ឱ្យដោះលែង​លោក​​​​ម៉ម សូណង់​ដូ​ ជា​បន្ទាន់ ក្រោ​ម​​លេស​ចោទ​ប្រកាន់​ថា សាល​ក្រម​​របស់​តុលាការ​កាត់​ទោស​លោក ម៉ម​ សូណង់​ដូ​ គឺស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នយោ​បា​យ​។​
ដោយ​​ជីក​កប់​ចោលទាំង​ស្រុង​​នូវបញ្ហា​អសន្តិសុខជាតិ ( ការ​បង្កើត​តំ​បន់​អបគមន៍​ដ៏​គ្រោះ​​ថ្នា​ក់​)​ ដែល​ជា​​បុព្វ​​ហេ​​​តុ ឬសគល់​នៃបញ្ហាពិត​​របស់​មេក្លោង ក្នុង​ការ​​ផ្តើ​​ម​​គំ​និត​​ ញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋទៅ​​ទន្រ្ទាន​កាន់​កាប់​ដី​ដោ​យ​ខុសច្បាប់​​ និង​កកើត​ឡើង​បាន​នូវ​កម្លាំ​ង​ចលនាមួយ​ក្រុម ​ប្រដាប់​ដោយ​អាវុធ​ ប្រឆាំ​ង​​នឹង​រាជ​កា​រ​​សាធារណៈ ត្រូវ​បាន​បក្ស​ប្រឆាំង និង​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន​តូច​​ បង្វែរ​សំ​នុំ​រឿង​ព្រហ្មទណ្ឌ នៃកំ​ហុសបុគ្គល​​ដែលត្រូវ​​​បាន​ផ្តន្ទា​ទោ​ស​​ដោយ​ស្ថាប័ន​តុលាការ​ មកជា​​​រឿង​នយោបាយ​។
ការ​បង្កើត​តំ​បន់​អបគមន៍ បង្កើត​រដ្ឋក្នុង​រដ្ឋ​ គឺជា​បទ​ល្មើសព្រហ្មទណ្ឌកំ​រិត​​ធ្ងន់​ធ្ងរ​ ដែល​វិធាន​កា​​រតាម​ផ្លូវ​ច្បាប់​ ដើម្បី​ទប់​ស្កាត់​ និងត្រូវ​តែ​បំ​ផ្លាញ​ចោល​ទាំង​ស្រុង គឺជា​កាតព្វ​កិច្ចរបស់​រាជ​រដ្ឋា​ភិ​បាលស្រប​តាម​រដ្ឋធម្មនុញ្ញ ចាំបាច់​ត្រូវ​តែ​អនុវត្តជាបន្ទាន់​​បំ​ផុត​ ដើម្បី​ពន្លត់​កម្លាំង​ចលនាប្រឆាំង​មួយ​នោះ និងក៏​ដើម្បី​រក្សាបាន​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពល​រដ្ឋទូ​ទៅ​​។
ប្រសិន​បើ​ពួក​ក្រុម​ចលនាអបគមន៍​មិន​ត្រូវ​បាន​បង្ក្រាបឱ្យបាន​ទាន់​ពេល​វេលាទេ តើ​បណ្តា​​អ្នក​រិះ​គន់​ទាំង​អស់​នោះ​ហ៊ាន​ចេញ​មុខទទួល​ខុសត្រូវ​អំពីបញ្ហាអសន្តិសុខជាតិ អស្ថិរភាព​នយោ​បា​យ​ ឬ​ក៏​​​​វិច្ឆេទកម្មណាមួយ​ ដែល​នឹង​រីក​ធំ​ជាង​នេះ​​ បង្ក​ឱ្យមាន​នូវ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​ទាំង​មូល​ដែរ​ឬទេ? តើ​​ចំ​ណាត់​ការតាម​ច្បាប់​​របស់​រាជ​រដ្ឋាភិបាល គួរ​ត្រូវ​បានរាំង​ខ្ទប់​​ឬអ្វី​?​​
          ការ​ង្កើត​តំ​បន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំ​ពង់​ដំ​រី ស្រុក​ស្នួល​ ខេត្តក្រចេះ ត្រូវ​បានសមត្ថ​កិច្ច​​​ ដឹក​នាំកម្លាំង​ចម្រុះ​ចុះ​ទៅ​រៀប​ចំ​សណ្តាប់​ធ្នាប់​កាលពី​អំ​ឡុង​ខែ ឧសភា ឆ្នាំ​២០១២​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​បទ​ល្មើសជាក់​ស្តែង​នៅ​នឹង​កន្លែង មេ​ក្លោ​ង​​​​មួយចំ​នួន​ ដែលក្នុង​នោះ​មាន​អ្នក​ខ្លះ​ជាសមាជិក​របស់​​សមាគម​អ្នក​ប្រជាធិបតេយ្យ ​​បា​ន​​​រត់​​គេចខ្លួន​​ និ​ង​​​មនុស្ស​មួយ​ចំ​នួន​​ត្រូវ​បាន​នាំខ្លួន និងជន​ជា ប់​ចោទ​មួយ​ចំ​នួន​ទៀត​​បាន​ចូល​មកសារភាព​។ ដោយ​ឡែក​លោក ម៉ម សូណ​ង់​​ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្តដីកាចាប់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ ២០១២ និង​ចាត់​ការ​បន្តតាម​នីតិវិធី​ច្បាប់​។
ពិត​មែន​ថា ក្នុង​​រដ្ឋធម្មនុញ្ញមាត្រា ៣១ ពល​រដ្ឋខ្មែរមាន​សិទ្ធិ​ស្មើភាព​គ្នា​ចំ​ពោះមុខ​ច្បា​ប់ ប៉ុន្តែ មាត្រា៤១ បាន​ចែង​ថា ជន​ណាក៏ដោយ​មិន​ត្រូវ​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំ​លោភ​ នាំឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់​អ្នក​ដទៃ ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខជាតិ​បាន​ឡើយ​។​ ដូច្នេះ ការប្រើប្រាស់​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ ទាំង​សិទ្ធិ​សេរីភាពញ្ចេញ​មតិ សិទ្ធិផ្តល់​ការ​ប្រឹក្សា​យោបល់​​ដល់​ជន​ដទៃណាមួយ គឺត្រូវ​ប្រព្រឹត្តតាម​លក្ខខ័ណ្ឌកំ​ណត់​ដោយ​ច្បាប់។
ដូចគ្នា​នេះ​ដែរ ករណី​លោក ម៉ម​ សូណង់​ដូ បើ​យោង​តាម ​​សំ​អាង​ហេតុ ដែលបាន​​ប្រកាស​ដោយ​ចៅក្រម​ជំ​នុំ​ជម្រះ​ក្តី​ក្នុង​អង្គសវនាការ​ប្រកាសសាល​ក្រម​ថ្ងៃទី​១ ខែ​តុលា ចំ​ពោះ​មុខជន​ជាប់​ចោទ​១១នាក់​ ក្នុង​ចំ​ណោម​ជន​ជាប់​ចោទ​១៤នាក់ ក្នុង​នោះ​៣នាក់​កំ​ពុង​លាក់​ខ្លួន​ បាន​បង្ហាញ​ថា​ ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​​ផ្សេង​ទៀត គឺជាអ្នក​ញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​​ស្រប​ច្បាប់ ​ពួក​គេត្រូវ​ប្រឈម​នឹង​បទល្មើសឱ្យ​ផ្តន្ទាទោសតាម​មាត្រា​៤៦៤ កថាខណ្ឌទី​២ នៃ​ក្នុង​ក្រម​ព្រហ្មទណ្ឌ។
«អំពើ​ញុះ​ញង់​ដោយ​ផ្ទាល់​ឱ្យប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ត្រូវ​ផ្ត​ន្ទា​ទោសដាក់ពន្ធ​នាគារ​ពី​២​ឆ្នាំ ទៅ​៥ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​៤លាន​រៀល ទៅ​១០លាន​រៀល ហើយ​កាល​បើ​ការ​ញុះ​ញង់​នេះ​បាន​សម្រេចផល​ បទ​ល្មើសត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារពី​១៥ ឆ្នាំ ទៅ ៣០ឆ្នាំ » ។
ក្រោយពី​ការ​ស៊ើប​សួរ​របស់តុលាការទៅ​លើសមាជិក​សមាគមអ្នក​ប្រជាធិបតេយ្យ មាន​ភា​ព​​​ស៊ី​​សង្វាក់​គ្នា​ទៅ​នឹង​ចម្លើយសាក្សី​ទាំង​អស់ដែល​បាន​ចូល​មកសារភាព​ ​និងការ​លើក​ឡើង​ក្នុង​អង្គ​សវ​នា​កា​រ​ គឺបាន​បង្ហាញ​ថា លោក ម៉ម​ សូណង់​ដូ ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំបញ្ជា​ឱ្យ​ឈ្មោះ​ ប៊ុន រដ្ឋា​ ជាអ្នក​ដឹក​នាំ​​ធំ​ជាង​គេនៅ​តំ​បន់​ឃុំ​កំ​ពង់​ដំ​រី ដើម្បី​ប្រតិបត្តិការការងារ​កាប់​ទន្ទ្រាន រុក​រាន​កាន់​កាប់​​ដី​យ៉ាង​អាណាធិបតេយ្យ​ និង​បង្កើត​នូវ​កម្លាំង​ប្រឆាំង​ជា​មួយ​នឹងរដ្ឋ​អំ​ណាចស្រប​ច្បា​ប់ក្នុងមូល​ដ្ឋាន​។
បើ​ទោះ​បី​ជាក្នុង​រយៈពេល​ខ្លី ប្រមាណ​១០ ទៅ​២០​នាទី​ នៃការ​ជួប​គ្នា​រវាង​ប្រជាពល​រដ្ឋឃុំ​កំ​ពង់​ដំ​រី​ ជាមួយ​លោក ម៉ម សូណង់​ដូ នៅស្នាក់​ការ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​រាជ​ធានីភ្នំ​ពេញ​ កាលពី​អំ​ឡុង​ខែ កុម្ភៈ ឆ្នាំ ២០១២ ប៉ុន្តែ ពល​រដ្ឋទាំង​នោះ​បាន​សារភាពថា « លោកម៉ម សូណង់​ដូ បាន​ប្រាប់​ថា​ ឱ្យពួក​គាត់​នាំគ្នា​កាប់​ឆ្កាទន្ទា្រន​ដី​ ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​ណា​មិន​ឱ្យ​ធ្វើ​ មិន​ឱ្យ​កាប់​ បើ​មាន​បញ្ហាអ្វី​កើត​ឡើង​ចាំគាត់ជាអ្នក​​នៅ​ពី​ក្រោយ​ទៅ​ជួយ​អន្តរាគមន៍​ មិន​បាច់​ខ្លាច​ទេ ប៉ុន្តែ​ទាល់​តែចូល​ជា​សមាជិក​កូន​ចៅ​គាត់​ (​សមាគមអ្នក​ប្រជា​ធិបតេយ្យ )ទើប​គាត់​ជួយ។​ បើ​មាន​បញ្ហា​អ្វី​ពាក់​ស្លាកសមាគមអ្នក​ប្រជាធិបតេយ្យ​ដែល​គាត់​ឱ្យ​នោះ​ទៅ​ គឺអាជ្ញាធរ​ពុំ​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ​​​..» ។
ដំ​បូន្មាន​នោះហើយ គឺជាប្រភព​ដើមចម​នៃបញ្ហា។ ក្រោយពីមានការ​​​ដឹកនាំ ចង្អុល​ទិស និង​ធានាការពារ​ពីក្រោយ​ខ្នង​ទៀត​ផង​នោះ ក្រុម​ប្រជា​ពល​រដ្ឋក៏​បាន​ទៅជួប​​ប្រជុំ​គ្នានៅក្នុង​​ឃុំ​កំ​ពង់​ដំ​រី​​ ក្រោម​​ការ​ចាត់​ចែង និង​​បញ្ជាផ្ទាល់​ដោយ​ឈ្មោះ​​ ប៊ុន រដ្ឋា  និង​បង្កើត​បាន​ជាក្រុមចលនា​បះ​បោរ​មួយ​​ដ៏​ខ្លាំង​ក្លា​​។
សកម្មភាព​ទន្រ្ទាន​កាន់​កាប់​ដី​នៅ​តំ​បន់​នោះ​បាន​រីក​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​។ សាក្សី​​ជា​ច្រើ​ន​រូប​បាន​ ឆ្លើយ​ប្រាប់​ក្នុង​ដំ​ណាក់​កា​ល​សាកសួរ​របស់មន្ត្រី​នគរបាល​យុត្តិធម៌​ថា ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​បានឱ្យ​​រូប​គាត់​ និង​ប្រជា​ពល​​រដ្ឋដទៃទៀតរាប់​នាក់​ កាន់​អាវុធគ្រប់​គ្នា​ មាន​កាំបិត ពូ​ថៅ ស្នា កាំភ្លើង​ខ្យល់ ព្រួញ​ជ័រ​ឆក់ កាំភ្លៀវ​ និង​ត្រូវ​ចេះ​ជួយ​គ្នា​​ បើ​សិន​មាន​ក្រុម​ហ៊ុន ឬ​រដ្ឋអំ​ណា​ច​​​ណាមក​ដេញ​ គឺត្រូវ​រួម​កម្លាំង​គ្នា​ប្រឆាំង​តវ៉ា​ ​ជួយ​ដេញ​បាញ់ ​តតាំង និង​ទប់ទល់ ​។​ របាយការណ៍​ ក៏​បានបង្ហាញ​អំពី​ការ​ចែក​ដី​ធ្លី​នៅ​តំ​បន់​នោះ​យ៉ាង​អាណាធិប​តេយ្យផង​ដែរ​ ដោយ​បំ​ពាន​ទៅ​​លើ​រដ្ឋ​អំ​ណាចស្រប​ច្បាប់​​។
 ដូចនេះ ការទាញ​សំ​អាង​ហេតុ​របស់​តុលាការ ក្នុង​ពេលប្រកាសសាល​ក្រម​​ មាន​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ ជន​ជាប់​ចោទ​ឈ្មោះ​ ម៉ម សូណង់​ដូ បាន​ណែនាំ ឬ​បញ្ជាដោយ​ចេតនា​ឱ្យជន​ជាប់​ចោទ​ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​ ធ្វើ​សកម្មភាពញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំ​ង​​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ពី​ប​ទ​ផ្តើម​គំ​និតធ្វើ​​​​កុបកម្ម ផ្តើម​គំ​និត​​ជ្រៀត​ជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំ​ពេ​ញ​​មុខងារ​សាធារណៈ  និង​​ផ្តើម​គំ​និតប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ ​  ​ ដូច​មាន​ចែង​នៅ​​​ក្នុង​ក្រម​ព្រហ្ម‑​ទណ្ឌ​មាត្រា ៤៦៤ ។
គេបាន​ដឹង​ថា​ ក្នុង​ពេល​បើក​សវនាការ​ ក៏​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ផ្លូវ​ច្បាប់​ផង​ដែរពី​មេ​ធាវី​ ការពារ​លោក ម៉ម សូណង់​ដូ ទាក់​ទង​នឹង​អាវុធ​ដែល​ក្រុម​ពល​រដ្ឋទាំង​នោះ​យក​មកប្រើ​ប្រាស់​ ដោ​យ​​អះ​អាង​ថា មិន​មែន​ជាអាវុធ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​ទេ ។ ក៏​​ប៉ុន្តែ​មាត្រា៤៦៤ នៃក្រម​ព្រហ្ម‑​ទណ្ឌ​មិន​បាន​​សំ​ដៅ​ទៅ​លើ​អាវុធ​គ្រឿង​ផ្ទុះ​ឡើយ​។ បើ​ពិនិត្យ​ទៅ​លើ​ខ្លឹម​សារ​នៃមាត្រា៨១ នៃ​​ក្រម​​​ព្រហ្មទណ្ឌ បាន​ចែង​ថា អាវុធ គឺជាវត្ថុ​ទាំង​អស់​ដែល​ធ្វើ​ឡើង​ដើម្បី​សម្លាប់​ ឬ​ធ្វើ​ឱ្យ​មាន​របួស ។
​​​ដូច្នេះ វត្ថុតាង​(​អាវុធ​) ដែល​បាន​ដក​ហូត​ មិន​មាន​លក្ខណៈទំនើប​ពិត​មែន​ ក៏ប៉ុន្តែ គឺជា​អាវុធ​​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្សបាន​ ហើយ​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​មនុស្ស​បាន​ដែរ។ នេះ​ ​ជាចម្លើយ​សម​ហេតុ​សម​ផល​បំ​ផុត​ បំ​ភ្លឺទៅ​នឹង​ការ​អះ​អាង​ផ្សេង​ៗដែល​បកស្រាយ​ថា អាវុធ​ទាំង​នេះ​ នឹង​មិន​អាច​យក​មក​ធ្វើ​ការ​ប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​បាន​ គឺ​មិន​ពិត​ឡើយ​។
          សាលក្រម​ចំ​ពោះ​លោក ម៉ម សូណង់​ដូ និង​ជន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសតាម​កំ​រិត​ទោសទណ្ឌដែល​បាន​កំ​ណត់ដោយ​មាត្រាច្បាប់។ ប៉ុន្តែ បាន​បើកផ្លូវ​ឱ្យ​ធ្វើ​ការ​តវ៉ា​ប្តឹង​បន្ត​​។​
          ទោះ​បី​ជាពួក​គេដឹងថាសេចក្តី​សម្រេចជាអំ​ណាច​ឆន្ទានុសិទ្ធិ និង​អធិបតេយ្យ​របស់​ចៅក្រម ជំ​រះ​ក្តី ប៉ុន្តែ សាលក្រម​នេះ ត្រូវ​បាន​​ក្រុម​ប្រឆាំង​ និងអង្គការសង្គម​ស៊ី​វិល​មួយ​ចំ​នួន​ក្តៅ​ក្រហាយ​ និង​មិនសុខចិត្ត ខណៈពេល​ដែល​ជា​ញយ​ដង​ពួកគេទាំង​នោះ​តែង​តែតាំង​ខ្លួន​ ថា ​ជាអ្នក​តស៊ូមតិ ដើម្បី​​​​ចូល​រួម​ក្នុង​ការពង្រឹង​នីតិរដ្ឋ តាម​រយៈការគោរព​ និង​អនុវត្តច្បាប់ ដើម្បី​តម្លា​ភាព និង​យុត្តិធម៌​សង្គម ជាពិសេស ជម្រុញ​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​វប្បធម៌​នីទណ្ឌភាព​។
យោង​តាម​សាក្សី និងការ​បង្ហាញ​ភស្តុតាងនានាជាច្រើន​​ ​​ បាន​បញ្ជាក់​ពី​សកម្មភាព​ល្មើ​ស​យ៉ាង​ច្បាស់​លាស់របស់​ជន​ជាប់​ចោទ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខជាតិ​ ប៉ុន្តែ មិន​ត្រូវ​បាន​ក្រុម​ប្រឆាំង និង​អង្គការ​សង្គម​ស៊ី​វិល​​ចំ​នួន​ អើ​ពើ​ ឬ​ក៏លើក​យក​មក​ជា​កង្វ​ល់​​​ជាមួយនឹង​​រាជ​រដ្ឋាភិបាល​ឡើយ ពួក​គេបាន​ធ្វើ​គ ធ្វើ​ថ្លង់ និង​បំ​ភ្លេចចោល​ទាំង​ស្រុង​​។ ផ្ទុយ​ទៅ​វិញ​ ក្រោយ​ពេល​ប្រកាស​សាល​ក្រម​ភ្លាមៗ ក្រុម​អ្នក​ប្រឆាំង​បាន​នាំគ្នា​សម្តែង​នូវ​ប្រតិកម្មទាំង​បំ​ពានទៅ​លើ​​គោល​ការណ៍​និតិ​រដ្ឋ ប្រៀប​បាន​នឹង​ការ​ដុត ឬក៏​ហែក​ចោល​នូវ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា
ក្នុង​​ចេតនាសម្រុក​កេង​យក​ផល​ប្រយោជន៍​ពី​ជន​ជាប់​ចោទ គណបក្ស​ប្រឆាំង​បានហៅ​ការ​កាត់ទោសទៅ​លើ​​លោក ម៉ម​ សូណង់​ដូ​ ដែល​មាន​ចរិត​គាំទ្រគណបក្សខ្លួន​ និង​ពល​រដ្ឋផ្សេង​ទៀត​ ថា​ ជាការ​គំ​រាម​កំ​ហែង​ផ្នែក​នយោបាយ​ និង​ឆ្លៀត​យក​បញ្ហា​នេះ ធ្វើ​ជាលេសដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ ប្រព័ន្ធ​ដឹក​នាំ និង​ប្រព័ន្ធតុលាការ។ ជន​​ខ្លះ​ជ្រក​ក្រោម​​​ស្លាកសិទ្ធិ​មនុស្ស បា​ន​​​ហៅ​សាល​ក្រម​កាត់​ទោសនោះ​ ថា ​ជា​សញ្ញាមួយមិន​ល្អចំ​ពោះ​ការងារ​ការពារ​សិទ្ធិ​មនុស្ស ជា​កា​​រ​​​គំ​រាម​កំ​ហែង​រិត​ត្បិត​សិទ្ធិ​សេរី​ភា​ព​ក្នុង​ការ​បញ្ចេញ​មតិ​​​​​​​ និង​ហ៊ាន​ចោទ​​ប្រកាន់ដោយ​គ្មាន​មូល​ដ្ឋាន​​ ថា សាល​ក្រ​ម​​​​សរសេរដោយ​អ្នក​នយោ​បាយ​ ហើយធ្វើបុរេវិនិច្ឆ័យ​ថា ​ករណី​នេះ​ ជារឿង​នយោបាយ​។
          ជន​អគតិ​មួយ​ចំ​នួន​បាន​បកស្រាយ​ទាំង​បំ​ពាន​ ដោយពួក​គេបំ​ភ្លេចចោល​ទាំង​ស្រុង​រដ្ឋ​ធម្មនុ​ញ្ញរបស់​កម្ពុជា ឬ​(ជាន់​ពន្លិចចោល) ជាជំ​នួសវិញ​ដោយ​យក​អារម្ម​ណ៍​ និង​មនោសញ្ចេត​នា មក​គំ​រាម​លើរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ក្នុង​លក្ខណៈ​ជា​ពាក្យ​បញ្ជា « ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ជា​បន្ទាន់​ » ដោយ​ចោទ​ថា អំ​ណាច​សាលក្រម​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នយោបាយ​ និង​បន្ទរសម្លេង​តាម​ក្រុម​ប្រឆាំង​ ដោយ​បង្វែរបញ្ហា​នៃកំ​ហុស​បុគ្គល​ ថា ជា​ការបំ​បិទ​​សិទ្ធិ​​បញ្ចេញទៅ​វិញ​​។ ក្នុង​បញ្ហា​នេះ បើពួក​គេមាន​ចេត​នាល្អ​ ចង់​លើក​ស្ទួយ​​​នីតិរដ្ឋនៅកម្ពុជា គួរ​ដឹង​ច្បាស់​នូវ​អង្គ​ហេតុ​នៃបទ​ចោទប្រកាន់ និង​គួរត្រូវ​ផ្តល់​​ជាអនុសាសន៍ស្រប​តាម​ច្បាប់​របស់កម្ពុជា និង​តថភាព​សង្គម​ ដើ​ម្បី​​ចូល​រួម​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ បើ​គិត​ថា នៅ​មាន​ខ្វះ​ចន្លោះ។
ពួក​ក្រុម​អ្នក​រិះ​គន់​ភ្លេចគិត​ថា ​បើ​ក្រុម​បះ​បោរទាំង​នោះ​​ពង្រីក​អំ​ណាច​បាន​រឹង​មាំ ហើយ​ដឹក​នាំកម្លាំង​បង្កភាព​ចលាចល​ពេញ​ផ្ទៃប្រទេស ឬ​ក៏​បង្កើត​បាន​នូវ​ឆ្នួន​សង្គ្រាម ​បង្ហូរឈាម​ជា​​​ថ្មី​ សម្លាប់​មនុស្សរាប់​ម៉ឺនរាប់​លាន​នាក់​ ចុះ​បើ​ធ្លាក់​ចូល​​ក្នុង​ស្ថាន​ការណ៍​បែប​នោះមែន​ តើ​​ត្រូវ​ដោះ​ស្រាយ​ដោយ​វិធី​ណា?
ប្រតិកម្ម​របស់​​ក្រុម​ប្រកាន់និន្នាការយក​ច្បាប់​ទ្រាប់​អង្គុយ​ទាំង​​នេះ សួរ​ថា តើ​គោល​បំ​ណង​របស់​ពួក​គេចង់​បាន​អ្វី​ពី​កម្ពុជា​ ? ចង់ដកហូត​សិទ្ធិ​នាយក​រដ្ឋមន្ត្រីស្រប​ច្បាប់ តាម​វិធី​ឯកភាព​គ្នា​ធ្វើ​បដិវត្ត ឬ​ក៏​ចង់​រំ​លាយ​ស្ថាប័ន​តុលាការចោល​ ឬមួយ​ក៏​ចង់ត្រួតត្រា​បញ្ជាពីលើ​ព្រះ​មហាក្សត្រ? ពី​ព្រោះ អំ​ណា​ច​តុលាការ​​ជាអំ​ណាច​​ឯករាជ្យ​ ។ ​តាម​​រដ្ឋធម្មនុញ្ញ មាត្រា១៣២ថ្មី « ព្រះ​មហាក្សត្រ​ទ្រង់​​ជា​អ្នក​​ធានា​ឯករាជ្យ​នៃអំ​ណាច​តុលាការ»។  ព្រះ​មហាក្សត្រ គឺជា​ប្រធាន​នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅ​ក្រម​​ ។ មាត្រា៧ ចែង​ថា អង្គព្រះ​មហាក្សត្រមិន​អាច​នរណារំ​លោភបំ​ពាន​បាន​ឡើយ​។
ការ​លាបពណ៌​មកលើរាជ​រដ្ឋាភិបាល​ ថា ​បាន​ប្រើ​ប្រាស់​ឥទ្ធិ​ពលរបស់​ខ្លួន​​ទៅ​លើ​ស្ថាប័ន​តុលាការ​ គឺរាជ​រដ្ឋាភិបាលមាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ទាម​ទារ​រកយុត្តិធម៌​ និង​ការពិត​។
ពួកគេបាន​ដឹង​ច្បាស់​ណាស់​ថា រាជ​រដ្ឋាភិបាល​គ្មានអធិបញ្ជាណាមួយ​ទៅ​លើ​ស្ថាប័ន​តុលា​ការ ដែល​បាន​សម្រេចក្តី​ដោយ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​នោះ​ឡើយ។​ ប៉ុន្តែ ពួក​គេ បាន​ និង​កំពុង​នាំគ្នា​ប្រ​ព្រឹត្ត​​នូវ​ការ​បរិហារ​រិះ​គន់​ ដោយ​ពុំ​ផ្អែក​លើ​សច្ចធម៌ និង​ស្រប​តាម​គតិច្បាប់​នោះ​ទេ។ វា គឺជាវប្បធម៌​នៃ​ក្រុម​ប្រឆាំង​ដែល​និយម​កេង​យក​ចំ​ណេញ​ពី​អ្នក​ទោស មក​បំ​រើ​នយោបាយ​ផ្ទាល់​ខ្លួន​
មាត្រា៥២​ នៃរដ្ឋធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​ ជាអ្នក​ការពារ​នីត្យានុកូល​ភាព​ ធានា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខសាធារណៈ។ ម៉្យាង​វិញ​ទៀត​ សមាជិក​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សមាជិកសភា ​ព្រឹទ្ធសភា​ ក៏​បាន​ធ្វើ​សច្ចាប្រណិធានចំ​ពោះ​ព្រះ​ភ័ក្រព្រះ​មហាក្សត្រផងដែរនៅ​ពេ​ល​​ចាប់​ផ្តើម​ប្រតិបត្តិការ​មុខដំ​ណែង​របស់​ខ្លួន​ គឺប្តេជ្ញាគោរព​រដ្ឋធម្មនុញ្ញ និង​ប្តូរផ្តាច់​ហ៊ាន​បូជាជី​វិត​ ដើ​ម្បី​​​ការពារ​ជានិច្ច​ទាំង​ក្នុងប​ច្ចុប្បន្ន និង​ក្នុង​អនាគត​នូវ​ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាតឱ្យ​មាន​ការ​បែង​ចែក​ ឬ​ការ​ធ្វើ​អបគមន៍​ណាមួយ​ឡើយ​ ។  មាត្រា៣ ​ក៏បាន​ចែង​ផង​ដែរថា ព្រះ​រាជា​ណា​ចក្រកម្ពុជា​ ជារដ្ឋដែល​មិន​អាច​បំ​បែក​បាន​។
យ៉ាង​ណាមិញ​ សកម្មភាព​នៃចលនាបង្កើត​តំ​បន់​អបគមន៍​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​  គឺ​ពិត​​ជា​បាន​រំ​លោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញយ៉ាង​ជាក់​​ច្បាស់​។​ ដូច្នេះ សំ​ណុំរឿង​បំ​បែក​សំ​បុក​អបគមន៍​ គឺ​​​ជា​ការ​អនុវត្តច្បាប់​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខជាតិ ដែល​រាជ​រដ្ឋាភិបាល​មានសិទ្ធិ​ និង​កាតព្វ​កិច្ច​ក្នុង​​ការ​​ថែរក្សា ការពារ​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​។ មិន​ថាឡើយ​សហរដ្ឋអាមេរិក ឬក៏​ប្រទេស​បារាំង គឺគ្មាន​ប្រទេសណាមួយនៅ​លើ​ពិភព​លោក​​ត្រូវ​បាន អនុញ្ញាតឱ្យ​បង្កើត​រដ្ឋក្នុង​រដ្ឋ​នោះ​ទេ។
គេនៅ​ចងចាំបាន​ថា កាលពី​ពេល​ថ្មី​ៗនេះ​ លោក​អគ្គ​រដ្ឋ​ទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា  (William E. Todd) ក៏​បានថ្លែង​ផង​ដែរថា « កម្ពុជាកំ​ពុង​ឈាន​មុខក្នុង​ការ​រក្សាសន្តិភាព និង​សន្តិសុខក្នុង​តំ​បន់​»។ ចុះ​ហេតុអ្វី​ក៏​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​បង្កើត​តំ​បន់​អបគមន៍​ ដែល​បង្កនូវ​​ភាព​វឹក​វដល់​សង្គម​ ត្រូវ​បានបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ី​វិល​​យល់​ផ្ទុយ​​ទៅ​វិញ​ ?
 រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន ​និង​កំពុងប្រឹង​ប្រែង​សហប្រតិបត្តិ​ការយ៉ាង​ពេញ​ទំ​ហឹ​ង​​ជា​មួយ​សហរដ្ឋ​​អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ភេរវកម្មគ្រប់​រូប​ភាព ជាពិសេស ក្រុម​ភេរវ​ក​រ​អន្តរ​ជាតិ​។​​
          ជន​គ្រប់​រូប លោក​ម៉ម​ សូណង់ដូ ក៏ដូច​ជាពល​រដ្ឋដទៃទៀត​ផង​ដែរ ​ ​ គឺមាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​​ច្បាប់ ។ លោក​ ម៉ម សូណង់​ដូ បាន​ទទួល​យក​​​មេធាវីមួយ​រូប​ដែល​ប្រកប​ដោយ​វិជ្ជាជី​វៈ និង​​​ជាអ្នក​​ឯកទេសច្បាប់​ បាន​តតាំង​គ្នា​យ៉ាងខ្លាំង​នៅ​ក្នុង​សវនាការ​ តាម​រយៈការបង្ហាញ​ភ័ស្តុតាង​ សាក្សី​ដោះ​បន្ទុក​ និង​វែក​ញែក​អំពី​ទិដ្ឋភាព​ច្បាប់​ គិត​ចាប់​តាំងពី​ដំ​​ណាក់​កាលនៃការ​ចាប់​ឃុំ​ខ្លួន រហូត​ដល់​ការ​ប្រកាស​សាលក្រម​របស់​តុលាការ។  ពួក​គាត់​ទាំង​ពីរ (ម៉ម សូណង់​ដូ និង​អ្នក​ការ​ពា​រ​ក្តី​​) ជន​​ជាប់​ចោទ​មួយ​ចំ​នួន​ទៀត​ ក៏​​ដូច​ជា​មេធាវី​របស់ពួក​គេ ម្នាក់​ៗបាន​ខិត​ខំ​ប្រើ​ប្រាស់ការ​បក​ស្រា​​​​យតាម​គ្រប់​លទ្ធភាព​ ដើម្បីដណ្តើម​​ប្រៀប​ឈ្នះ​ និង​​យុត្តិធម៌។
          តើ​សិទ្ធិ​របស់​មេធាវី​ទាំង​នោះ ដែល​ជាអ្នក​បាន​ចូល​ជ្រៅក្នុង​រឿង​ក្តី​ ពួក​គាត់​បដិសេធ​មិន​ដឹង​អំពី​ការ​ពន្យល់​ វែក​ញែក​ ទាញ​សំ​អាង​ហេតុ​ផលរបស់​ចៅ​ក្រម​ ព្រះ​រាជ​អាជ្ញា​ នៅ​ក្នុង​អង្គ​សវ​នាការ ​ឬអ្វី​? ។ កាលពី​ថ្ងៃទី​១ ខែ តុលា ឆ្នាំ ២០១២ បន្ទាប់​ពី​ប្រកាសសាលក្រម​ លោក សុក សំ​អឿន ជា​មេធា​វី​​របស់​លោក ម៉ម សូណង់​ដូ បាន​ឆ្លើយ​ប្រាប់​ភ្លាម​ៗដល់​អ្នក​សារព័ត៌មាន​ថា« រឿង​នេះ​យុត្តិ​ធម៌ ឬ​មិន​យុត្តិធម៌​សំ​ខាន់​លើសាមី​ខ្លួន​ដែល​ជាប់​ចោទ​ គេដឹង​ដោយ​ខ្លួន​គេហើយ​ »។ ពិត​មែ​ន​ហើយ​ថា រាល់​អ្នក​ចាញ់​តែង​តែស្រែក​ថា « អយុត្តិធម៌ »  ប៉ុន្តែ ក្រុម​គ្រួសាររបស់​ជន​ជាប់​ចោទ​ លោក​ម៉ម សូណ​ង់​​ដូ បាន​ប្រកាសនូវ​ជំ​ហរដាច់​ខាត​ថា នឹង​ប្តឹង​សារទុក​ទៅ​​សាលាឧទ្ធរណ៍បន្ត​ទៀត​។
សំ​នុំ​រឿង​ព្រហ្មទណ្ឌមួយ​នេះ នៅ​មិន​ទាន់​បិទ​បញ្ច​ប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ដូច្នេះ​ ជម្រើ​ស​នេះ​ គឺជា​ការ​​ស្ម័គ្រចិត្ត​របស់​មេធាវី​ និង​កូន​ក្តី​ ដែល​បាន​ព្រមព្រៀង​គ្នា​​​អនុវត្តតាម​នីតិ​ច្បាប់ ​មិន​គួរ​ត្រូវ​បាន​ជន​ដទៃក្រៅពី​រង្វង់​បញ្ហានៃសិទ្ធិ​បុគ្គល​ជាអ្នក​ប្រឈម​ នាំគ្នា​បញ្ចេញ​ប្រតិកម្ម​ ឬ​ក៏ឆក់​ឱកាស​​យក​ផលប្រយោជន៍​ដើម្បី​បក្ខពួក និង​ក្រុម​ខ្លួន ដោយ​រំ​លោភ​លើ​​សិទ្ធិ​​សម្រេ​ច​របស់​​បុគ្គល​ជា​សាមី​​ខ្លួ​ន​​ក្នុង​រឿង​ក្តី​នោះ​ទេ៕

អត្ថបទ​ដោយៈ ទិត សុធា
អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស
នៃទី​ស្តីការ​គណៈរដ្ឋមន្ត្រី​