Thursday, October 4, 2012

មូ​ល​និ​ធិ​រូ​បិ​យ​វត្ថុ​អន្ត​រ​ជា​តិ​ (IMF) ​ព្យា​ក​រ​ណ៍​កំ​ណើ​ន​សេ​ដ្ឋ​កិ​ច្ចក​ម្ពុជា​នៅ​ឆ្នាំ​នេះ​ ចន្លោះ​ពី​ ​៦.៥​ទៅ​ ៧​ភា​គ​រ​យ​​

ដោយ​៖​​​​​ ឯក​​ ថា
        ភ្នំពេញ​ថ្ងៃទី ២​ ខែ​តុលា ឆ្នាំ ២០១២: មូល​និធិរូបិយវត្ថុ​អន្តរជា​តិ (IMF) បានព្យា​ករណ៍​ទុក​កាល​ពីថ្ងៃអង្គា​រថា កំណើនសេ​ដ្ឋកិច្ចកម្ពុជានឹ​ងអាចឡើង​រហូតដល់​ ៧ ភាគរយ​ដោយសារ​កំណើន​​នៅក្នុង​វិស័យកសិកម្ម​ ទេសចរណ៍ ​និងសំណ​ង់។
          លោក​ Olaf Unteroberdoerster នៃនាយ​កដ្ឋានអាស៊ី​បាស៊ីហ្វិច​របស់ស្ថាន​ប័នមូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បានចូលជួ​បពិភាក្សា​ជាមួយ​ ឯកឧ​ត្តម​ឧបនា​យករដ្ឋ​មន្ត្រី​បណ្ឌិត​ស​ភា​​ចា​រ្យ សុខ អា​ន ហើយបាន​មានប្រ​សាសន៍ថា​ «កំណើនសេ​ដ្ឋកិច្ចមាន​អន់ថយ​ចាប់ពី​ប្រទេស​ចិនរហូត​ដល់ឥណ្ឌា​ ក៏ប៉ុន្តែស​កម្មភាពសេដ្ឋ​កិច្ចនៅក​ម្ពុជាវិញ​នៅតែមាន​សភាពរឹង​មាំនៅឆ្នាំ​នេះ។ ដូចេ្នះជា​ការយល់​ឃើញទូទៅកា​លព្យាករណ៍​ទុករបស់​យើង​គឺមាន​ចន្លោះពី​ ៦.៥ ​ទៅ ៧ ភាគ​រយ​»​។
          ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​បានមានប្រ​សាសន៍​ថា ប្រាក់ចំ​ណូលម្នាក់ៗ​ប្រចាំឆ្នាំ​មាន​ ៩៣០ ដុល្លារ​អាមេរិក​។ ខ្សែបន្ទាត់​នៃភាពក្រីក្រ​ត្រូវបានគេ​ប៉ាន់ស្មាន​មាន ២៥​ ភាគរយ នៃ​ប្រជា​ជន​កម្ពុជា​​​សរុប ១៤​ លាន​នាក់។
        កម្ពុជាមាន​សក្តានុពល​ខ្ពស់សម្រា​ប់ការផលិត​ស្រូវដែលមាន​បរិមាណប្រ​ហែល ៨ លាន​តោន​សម្រា​ប់ឆ្នាំ ២០១១​-២០១២​ ហើយបាននាំ​ចេញនូវបរិមា​ណស្រូវលើស​របស់​ខ្លួនទៅ​ប្រទេស​វៀត​ណាម និង​ថៃជារៀង​រាល់ឆ្នាំ​។
        ឯកឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី​ បានមានប្រសា​សន៍ថា ព្រះរាជា​ណាចក្រ​នេះបាននាំ​អង្ករ​ចេញ ១៨​០ ០០០​ តោនកាល​ពីឆ្នាំទៅហើ​យដាក់ផែនកា​រនាំអង្ករចេ​ញ ១ លានតោ​ននៅឆ្នាំ​ ២០១៥​ ។
        ការ​ដាំកៅស៊ូរ​បស់ប្រទេ​សនេះ ក៏មា​នការកើន​ឡើងផងដែរ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ហើយ​រំពឹង​ទុកថា​ នឹងមាន​ការប្រមូ​លផលនិ​ងផលិតផ​លបន្ថែ​មទៀ​ត។ ឯកឧ​ត្តមឧបនា​យករដ្ឋ​មន្ត្រី​ បាន​មាន​​ប្រ​សាសន៍​ថា «ការដំា​ដុះកៅស៊ូនៅ​លើដីប្រហ​ម និងខ្មៅ​បានកើ​នឡើង​យ៉ាងលឿន​ហើយ​សង្ឃឹមថា​នឹងទទួល​បានផល​បន្ថែមទៀត​»។
        ព្រះរាជា​អច្ឆរិយ​នេះក៏រំពឹង​ទុកទទួល​បានភ្ញៀវ​ទេសចរ​ប្រមាណ​ ២ លាន ​៨ សែននាក់​នៅឆ្នាំ​២០១២​ ហើយចំនួន​តួលេខ​នោះ កើន​ឡើងប្រហែ​ល ២០ ភាគរយ​ ក្នុងមួយ​ឆ្នាំ​ដោយសារ​ប្រទេស​នេះ មាន​សន្តិសុខ​ សន្តិភាពប​ន្ថែមទៅលើទេ​សចរបែប​ធម្មជាតិ​ និងវ​ប្បធម៌​។
        ឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍​ថា យោងទៅ​តាមអង្គ​ការទេ​សចរណ៍​ពិភព​លោក​ (WTO) ​បានព្យាករណ៍​ទុកថា​ កម្ពុជានឹងអា​ចទទួលបាន​ភ្ញៀវទេសចរ​ ៤ លាន​នាក់​នៅ​ឆ្នាំ ២០១៥​ និងប្រហែ​ល ៨ លាននា​ក់នៅឆ្នាំ​ ២០២០​។
        ភ្ញៀវទេស​ចរចូលម​កទស្សនានៅ​កម្ពុជាតាម​នាវាទេសច​រ ជើងយន្តហោះ ​និងផ្លូវ​គោក​។
        ឯក​ឧត្តមប​ណ្ឌិតសភា​ចារ្យ សុខ ​អាន បាន​មានប្រសាស​ន៍ថា កាល​ហោះហើរ​ត្រង់​ក៏រួម​ចំណែក​ដ៏សំខា​ន់ផង​ដែរ នៅក្នុងឧ​ស្សាហក​ម្មទេសច​រណ៍។ ​ឯកឧត្ត​មបណ្ឌិ​តស​ភាចារ្យ​តែងតែ​មាន​ប្រសាស​ន៍ថា នៅពេ​លអ្នកទេសចរ​ចូលមក​ទស្សនាវិ​ស័យដទៃទៀ​ត នឹងចូល​មកតាម​ក្រោយ​។
        កាលពី​យប់មិ​ញ ឧបនា​យករដ្ឋ​មន្ត្រីរូបនេះ​ បានសម្ពោធ​បើកការហោះហើ​រត្រង់រ​បស់ក្រុម​ហ៊ុន​អាកាស​ចរ Tiger Airways ពីសឹង្ហបុ​រីមកភ្នំ​ពេញ។ កាល​ពីសប្តាហ៍​មុនឯកអគ្គ​រដ្ឋទូតប្រ​ទេស​កិន​យ៉ាបាន​ជម្រាបប្រា​ប់ ឯ​កឧត្តមប​ណ្ឌិតសភាចា​រ្យ សុខ ​អាន ថា ​ក្រុង Nairobi ចង់ឱ្យមាន​ការ​ហោះហើ​រត្រង់ជាមួ​យក្រុងភ្នំ​ពេញ។
        ការ​សាងសង់​ផ្ទះសំណា​ក់ និងសណ្ឋា​គារកំពុង​រីកលូតលា​ស់ដូចផ្សិត​ជាសញ្ញាប​ង្ហាញឱ្យ​ឃើញថា​ចំនួនទេស​ចរមកដ​ល់មានការ​កើនឡើង​។
        កម្ពុ​ជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃសម័យប្រ​ជុំលើក​ទី ៣៧​ របស់កម្មាធិ​ការបេតិក​ភណ្ឌពិភ​ពលោក
(WHC) នៅឆ្នាំក្រោ​យហើយកិ​ច្ចការនេះនឹ​ងបញ្ចូនសា​រមួយដ៏សំខា​ន់ថែមទៀត​ ទៅកាន់​ពិភព​លោក​ខាងក្រៅ​ថា កម្ពុជា​ក៏ជាគោល​ដៅទេសចរ​មួយដ៏សំខាន់​ផងដែរ​នៅអាស៊ី​។
        ទេស​ចរណ៍ ​វប្បធម៌​នៃព្រះរាជា​ណាចក្រ​នេះកំពុង​តែទាក់ទាញ​អ្នកទេសចរ​ណ៍បន្ថែម​ទៀត​មកកា​ន់ប្រទេស​នេះ។ ​អង្គការ​សហប្រជា​ជាតិបា​នចុះបញ្ជីប្រា​ង្គប្រាសាទ​អង្គរវត្ត​ជាបេតិ​កភណ្ឌ​ពិ​ភពលោក​នៅឆ្នាំ ១​៩៩២ និងប្រា​សាទព្រះវិ​ហារនៅ​ឆ្នាំ ២​០០​៨ ។
        ឯក​ឧត្តមប​ណ្ឌិតសភា​ចារ្យ សុខ ​អាន បា​នមានប្រសា​សន៍ថា ​កាលពីឆ្នាំ​ទៅមិញ​ការនាំ​ផលិ​តផល​សំលៀកបំ​ពាក់កាត់​ដេរមានតំលៃ​ប្រហែលជា​ ៤ ពាន់លាន​ដុល្លារ​។
         ឯក​ឧត្តមប​ណ្ឌិតសភា​ចារ្យ សុខ​ អាន បានមា​នប្រសាសន៍​ថា កម្ពុជា​ឥឡូវនេះ​រៀបនឹង​ចេញច្បាប់​សម្រាប់កា​រផលិតប្រេង​ទៅឱ្យក្រុមហ៊ុន​ដ៏ធំរបស់អា​មេរិក Chevron ដែល​បានរក​ឃើញ​ធន​ធានប្រេ​ងនៅក្នុង​សមុទ្រកម្ពុ​ជាស្ថិតក្នុ​ងប្លុក​ A ។ ខណៈ​ដែលក្រុមហ៊ុន ​ជប៉ុន JOGMEC បន្ត​ការ​រុករកដើម្បី​សម្រាប់កា​រធ្វើវិភាគទៅ​លើសក្តានុ​ពលរ៉ែ និង​ឧស្ម័ននៅខេ​ត្តសៀមរាប​។
          កម្ពុជា​រំពឹងទុកថា​នឹងបង្កើតក្រុ​មការងារ​រួមគ្នារវា​ងរដ្ឋាភិបាល​ និងក្រុ​មហ៊ុន Chevron ដើ​ម្បី​ឱ្យភាគី​ទាំងពីរ​នឹងនិយា​យភាសាការ​ងារតែមួ​យទាក់ទង​ទៅនឹងបញ្ហា​កាលផលិត​ឧស្ម័ន ​និង​ប្រេង ការបង់​ពន្ធដារ​ និងប្រាក់​ចំណូល​និងបញ្ហា​ដទៃដែល​ទាក់ទង់​ទៅនឹងការ​វិនិយោគ​រ៉ែ និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក A ​នេះ។
            ឯកឧ​ត្តមឧប​នាយក​រដ្ឋមន្ត្រី​ ក៏មាន​ប្រសាសន៍​ផងដែរ​ កម្ពុជារំ​ពឹងថានឹង​ទទួលបា​នផលិត
ផល​ឧស្ម័ន​ និងប្រេងច្រើ​នចេញពីតំបន់​ត្រួតស៊ីគ្នា​ (OCA) ជាមួយ​ថៃនៅ​ពេលណា​ដែលភាគី​ទាំង​សង្ខាង​នឹងឈាន​ទៅដល់កិច្ច​ព្រមព្រៀង​មួយ​។
          រាជរ​ដ្ឋាភិបាល​ក៏កំពុងខិ​តខំផងដែរទៅ​លើកំណែទ​ម្រង់ស៊ីវិ​ល ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវ​សេវាកម្ម​សាធារណៈ​ ហើយកិច្ចកា​រនោះវាតម្រូវ​ឱ្យមានការប​ណ្តុះបណ្តាល​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើងសម្រា​ប់មន្ត្រីរាជ​ការស៊ីវិល​ ដូច្នេះពួក​គេអាចបំរើ​ប្រជាជន​ខ្លួនកាន់តែ​ល្អជាង​មុន​៕