Thursday, May 30, 2013

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ សម្ពោធ​អាគារ​សិក្សា និង​សមិទ្ធិ​ផល​នានា​នៅ​ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម ឃុំស្មោង​ស្រុក​ទ្រាំង ខេត្តតាកែវ

អាគារ​សិក្សា​ថ្មី រួម​ជាមួយ​សមិទ្ធ​ផល​នានា​ជា​អំណោយ​របស់​សមាគម​សម្រប​សម្រួលសង្គម​នៃ​រដ្ឋគុយ​វ៉ែតប្រចាំ​កម្ពុជា​តាម​រយៈ​សមាគម​សប្បុរ​ស​ធម៌​ដើម្បីអភិវឌ្ឍ​កម្ពុជា​ជូន​ដល់​​សហគមន៍​​ខ្មែរ​ឥស្លាម​ ភូមិ​ត្រពាំង​លើក​ ឃុំ​ស្មោង​ ស្រុក​ទ្រាំង​ ខេត្ត​តា​កែវ​ ត្រូវ​​ប្រារព្ធ​​ពិធី​​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រោម​​អធិប​តីភាព​ ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្ដី​ទទួល​បន្ទុកទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​ កាល​ពីព្រឹក​ថ្ងៃទី​២៦ ​ខែឧសភាឆ្នាំ២០១៣។

តាម​ការ​បញ្ជាក់​ពីតំណាង​សមាគម​សម្រប​សម្រួល​សង្គម​នៃរដ្ឋគុយ​វ៉ែត​ប្រចាំ​កម្ពុជា ​បាន​ឲ្យ​​​ដឹង​ថា៖ សមិទ្ធិផល​នានា​ដែល​សមាគម​បាន​អនុវត្ដ​គំរោង​នៅ​ក្នុង​ខេត្ត​តាកែវ​ រួមមាន​ កសាង​វិហារ សាលា​រៀន​​ សង់​ផ្ទះ​ជូន​​ជន​ក្រីក្រ​ ជីក​អណ្ដូង​ទឹកស្អាត​​ គំរោង​ចែក​ឧបករណ៍​អាជីព គំរោងផ្ដល់ថវិកាប្រចាំខែដល់កុមាកំព្រារ ការ​ផ្ដល់​អាហារូប​ករណ៏​ដល់​និស្សិត​ គំរោង​លើក​កម្ពស់​សេវា​សុខ​ភាព និង​ជំនួយ​សង្រ្គោះ​បន្ទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចំណាយ​ថវិកា​សរុប​ប្រមាណ​ជា២០០ពាន់​ដុល្លារ​អាមេរិក​។

បើ​តាម​​របាយការណ៍​របស់​សមាគម​ដដែល​បាន​ឲ្យដឹង​ទៀត​ថា៖​ ការ​អនុវត្ដន៍​គំរោង​មនុ​ស្ស​​ធម៌​នេះបាន​ខិត​ខំប្រឹង​ប្រែង​អស់​រយៈ​ពេល​៧ឆ្នាំ​កន្លង​មក បាន​គ្រប​ដណ្ដប់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​បាន​ចំណាយ​ថវិកា​អស់​ចំនួន​៨លាន​ដុល្លារ​អាមេរិក​ ក្នុង​ទិស​ដៅ​ដើម្បី​រួម​ចំណែក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ពល​រដ្ឋ​ ឲ្យ​មាន​ការរីក​ចំរើន​ និង​មាន​ការ​អភិវឌ្ឍន៍​​ជឿន​​លឿន​។ ​

មាន​ប្រសាសន៍​សំណេះ​សំណាលក្នុងពិធី​នោះ​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រដ្ឋា​ភិបាល និង​ប្រជាជន​គុយវ៉ែត ក៍​ដូច​ជា​សមាគម​សម្រប​​សម្រួល​សង្គម​នៃ​រដ្ឋ​គុយវ៉ែត​ ដែល​បាន​អនុវត្តន៍​គម្រោង​សំរាប់ជួយ​ដល់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើងប៉ុណ្ណោះ​ទេ​ តាមរយៈ​នៃគម្រោង​នេះ​ដែរ​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រឹតចំណងមិត្តភាព សាមគ្គី​ភាព និង​សហ​ប្រតិ​បត្តិការ​ រវាង​ប្រជា​ជន​ និង​​ប្រទេស​​ទាំង​២​​កម្ពុជា ​គុយវ៉ែត​ ឲ្យ​​កាន់​​តែរឹង​មាំ​ថែម​ទៀត។​

ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ ក្រោម​ការ​ដឹក​នាំ ប្រក្រប​ដោយគតិ​បណ្ឌិត​របស់សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្ដី​នៃព្រះ​រាជា​​ណា​ចក្រកម្ពុជា ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​មោទនៈ​ចំពោះ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​ បាន​ធ្វើ​ឲ្យ​ប្រទេស​​​ជាតិ​ទទួល​បាន​សន្ដិភាព​ពេញ​​បរិបូរណ៍ ដែល​ជាមូលដ្ឋាន​គ្រឹះ​សំរាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គម​​ប្រជា​ពល​រដ្ឋ​រស់​ប្រកប​ដោយ​ភាព​សុខ​សាន្ដ គ្មាន​ជម្លោះ ឬអំពើហឹង្សា​ ពាក់ព័ន្ធសាសនា ​ហើយ​បាន​ប្រកាន់​ខ្ជាប់​នូវវប្បធម៌​ សន្ដិភាព ​មិត្តភាព និងភាតរៈ​ភាព។ ជាក់​ស្ដែង​បង​ប្អូនខ្មែរ​ឥស្លាម​ទាំង​អស់​នៅ​កម្ពុជា ​មាន​សិទ្ធ​សេរី​ភាព​ពេញ​លេញ ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា​​របស់​​ខ្លួន​​ដូច​​ជា​ ការ​គ្រប​ក្បាលតាម​ប្រពៃ​ណី​នៅ​តាម​ទីសាធារណៈ ​សិទ្ធិ​ថ្វាយ​បង្គំគ្រប់​ទី​កន្លែង សិទ្ធិសូត្រ​​គម្ពីរ​​គូរអាន​​តាម​លក្ខណៈ​ជាតិ និង​អន្ដរ​ជាតិ​ ព្រម​ទាំង​សិទ្ធិ​ប្រារព្ធពិធី​បុណ្យទាន​ផ្សេង​ទៅ​តាម​ប្រពៃណី​​សាសនា​ផង​ដែរ​៕