Thursday, May 30, 2013

រាជ​​រដ្ឋា​ភិបាល​​សម្តេច​​តេ​ជោ​លើក​​កម្ពស់​​សេរីភាព​​ខាង​​ជំនឿ​​សាសនា​និង​ថែ​រក្សា​វប្បធម៌​ប្រពៃណី​​ជាតិ

នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សេរីភាព​ខាង​សាសនា និង​ជំនឿ​របស់​ប្រជាពល​រដ្ឋ​ត្រូវ​បាន​គោរព មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ក៏បាន​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ខាង​វិស័យ​ជំនឿ​សាសនា ក៏​ដូច​ជា​លើក​កម្ពស់​ការ​ថែរក្សា​វប្បធម៌ប្រពៃណីជាតិ​ផងដែរ​។

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តីពីតួនាទីភារកិច្ច និង​ក្រម​សីល​ធម៌​អាចារ្យ​ខ្មែរជូន​ដល់​អាចារ្យ អាចារិនី ​ជំនា​ន់ទី១០ ដល់​ជំនា​ន់ទី១៦ ចំនួន ៣ ៧៧៧ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ២០១៣ សម្តេចអគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​តែង​ប្រកាន់ខ្ជាប់​នូវ​ការគោរព​សិទ្ធិ​សេរីភាព​ខាង​សាសនា និង​ជំនឿ​របស់​ប្រជាជន ដើម្បី​លើកស្ទួយ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​បន្ត​ពង្រឹង​និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត​ជំរុញ​ការសិក្សា ស្រាវ​ជ្រាវ បោះពុម្ព និង​ផ្សព្វផ្សាយ​គម្ពីរ​ដីកា ក្បួនតម្រា និង​ក្បួនច្បាប់​សម្រាប់​ប្រតិបត្តិ​ធម្ម​វិន័យ​។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា យើង​ (រាជរដ្ឋាភិបាល​កម្ពុជា) ក៏បាន​បង្កើត​លក្ខណៈ​អនុគ្រោះ​ដល់​សកម្មភាព​របស់​សាសនា និង​ជំនឿ​ដទៃទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សុខដុម​ប​នីយកម្ម​រវាង​សាសនិក​គ្រប់​និកាយ​សាសនា ប្រឆាំងរាល់​ទំរង់​នៃ​ការរើសអើង ការ​បែងចែក​ក្នុងចំណោម​ប្រជាជន ដែល​បណ្តាល​មក​ពី​ភាពខុសគ្នា​នៃ​ជំនឿ សាសនា​ សំដៅ​ទប់​ស្កាត់​ការយក​សាសនា​ទៅធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​ជា​វិបត្តិ​សាសនា និង​ប្រែក្លាយសក្តា​នុពល​របស់​សាសនា​ឲ្យ​ទៅជា​កម្លាំង​ជំរុញ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​សុខ​សន្តិ​ភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ និង​លើកកម្ពស់​តំលៃ​សីលធម៌​។

ជាមួយ​នឹង​ការ​រំលឹក​ឲ្យ​ដឹង​ថា ​មកដល់​ឆ្នាំ២០១៣ នេះ​ប្រទេស​កម្ពុជា​វត្ត​អារាម​ចំនួន ៤៥៥៣ វត្ត និង​មាន​ព្រះសង្ឃ​ចំនួន ៥៣២៥៧ អង្គ ដែល​ក្នុងនោះ​វត្ត​អារាម​នៃ​ព្រះពុទ្ធសាសនា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​អប់រំ និង​ការ​លើក​កម្ពស់​​សីលធម៌​សង្គម ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍បញ្ជាក់​ថា សមិទ្ធផល​នេះ​បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា រាជរដ្ឋា​ភិបាល​បាន និង​កំពុង​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត នូវ​គ្រប់​មធ្យោបាយ ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជា​អត្តសញ្ញាណ ជាតិ​របស់​យើង​ឲ្យ​កាន់​តែ​ចម្រើន​លូតលាស់ និង​ស្ថិត​ស្ថិរ​គង់​វង់​យូ​ង​អង្វែង សម្រាប់​ចូល​រួម​ចំណែក​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ក្នុងការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ចជាតិ​យើង​។​

ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​ជាតិ ទប់​ទល់ឥទ្ធិពល​វប្បធម៌​ពី​ខាង​ក្រៅ​ប្រទេស​ដែល​បាន​និងកំពុង​វាយលុក​យ៉ាងខ្លាំង​នៅ ក្នុង​ដំណាក់កាល​នៃ​ចរន្ត​សាកល​ភាវូប​នីយកម្ម ​សម្ដេច​តេជោ​សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានមានប្រសាសន៍​ផ្ដល់​អនុសាសន៍​​ដល់​ក្រសួង​ធម្មការ និង​សាសនា ក៏​ជា​ចំពោះ​អាចារ្យ អាចារិនី ឱ្យ​យកចិត្តទុកដាក់​ថត និង​ចងក្រង​ឯកសារ គម្ពីរ​ទាំងឡាយ​ទាក់ទង​នឹង​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​រក្សា​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​ក៏ដូចជា​សម្រាប់​ជា​កេរ្តិ៍ដំណែល និង​ជា​មរតក​សម្រាប់​ជាតិ​។ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឱ្យ​រៀបចំ​ថតវីដេអូ នូវ​ពិធី​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​ផ្សព្វ​ផ្សាយ និង​ទុកជា​ឯកសារ​របស់​ជាតិ បន្ថែម​លើ​ទម្រង់​អាពាហ៍ពិពាហ៍​ខ្មែរ ដែល​បាន​ថត និង​ផ្សព្វផ្សាយ​រួចមក​ហើយ​។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍គូសបញ្ជាក់ថា «​ចំណុច​នេះ​យើង​ត្រូវ​យក​ចិត្តទុកដាក់​នៅ​ពេល​សម័យ​ប៉ុល​ពត​បាន​ បំផ្លិចបំផ្លាញ​អស់​ហើយ​ឥឡូវ​យើង​បាន​ខិតខំ​ប្រមូល​ដើមទុន​ទាំងឡាយ​ត្រឡប់មកវិញ ហើយ​តាមរយៈ​នោះ​យើង​បាន​នឹង​កំពុង​ចែករំលែក​តាម​រយៈ​នៃ​ការរៀបចំ​ការបណ្ដុះបណ្ដាល អាចារ្យ អាចារិនី របស់​យើង​ក៏​ដូចជា​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ពិធី​ផ្សេងៗ​ ​ដើម្បី​ការយល់ដឹង​នៅក្នុង​ចំណោម​ប្រជា​ជន​របស់​យើង ដូច្នេះ​យើង​មិនត្រូវ​ភ្លេច​ថា ​នៅក្នុង​ដំណាក់កាល​នេះ​ចរន្ត​សកលភាវូប​នីយកម្ម បាន​វាយ​បុក​យ៉ាងខ្លាំង​បើសិនជា​យើង​មិន​ខិតខំ​រក្សា​ការពារ​នូវ​វប្បធម៌​ទាំងនេះ​ទេ វា​នឹង​ក្លាយ​បន្តិច​ម្ដងៗ ហើយ​ថ្ងៃក្រោយ​អាច​នឹង​មាន​ការបាត់បង់ ហើយ​រឿង​នេះ​ជា​រឿង​ដែល​យើង​ត្រូវ​រួម​គ្នា​ទទួលខុសត្រូវ​»​។ សម្ដេច​បន្តថា «​តាំងពី​ពេល​ក្រោយ​របប​ប៉ុលពត​មក យើង​បាន​ខិតខំ​ណាស់​ទៅហើយ តែ​យើង​មិនអាច​នឹង​ប្រមូល​ទុន​បាន ហើយ​យើង​មិន​ត្រូវ​ទុក​ឱ្យ​រលាយ​ទៅ​តាម​អ្នក​ដែល​បាត់បង់​ជីវិត​ទៅ​នោះ​ទេ​ ដូច្នេះ​ត្រូវ​ខិតខំ​រក្សា​ទុក​នូវ​ស្នាដៃ​ទាំងឡាយ​ដែល​បាន​ចងក្រង​ហើយ​ ក្នុង​នោះ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​យើង​កាន់តែ​ខ្ពស់​យើង​អាច​ថត​ទុក ​នូវ​ឯកសារ​ទាំងអស់​នោះ​ដើម្បី​ជា​កេរ្តិ៍ដំណែល​ និង​ជា​មរតក​សម្រាប់​ជាតិ​យើង​តទៅ​មុខ​ទៀត​»​។

ទាក់​ទង​នឹង​ការ​លើក​កម្ពស់​សមត្ថភាព​យល់​ដឹង​អំពី​វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានណែនាំ​ឱ្យ​ក្រសួង​ធម្មការ​ និងសាសនា​ បន្ត​រៀបចំ​កម្មវិធី​ជួបជុំ​ជា​ប្រចាំ​ឆ្នាំ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​អាចារ្យ អាចារិនី ទាំងអស់​នៃ​សមាគមអាចារ្យ​ខ្មែរ ដែល​បាន​បង្កើត​ហើយ​នោះ​មានឱកាស​ផ្លាស់ប្តូរ​មតិ​យោបល់ ចែករំលែក ចំណេះដឹង ព្រមទាំង​ស្ដាប់ និង​ទទួលយក​សំណូមពរ​នានា​របស់​ប្រជាជន ដើម្បី​ធ្វើ​ការសិក្សា​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះ​ស្រាយ​សមស្រប​និង​ស្រាយ​ បំភ្លឺ​ឆ្លើយតប​ទៅនឹងសំណូមពរ​ទាំងអស់នោះ​។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍លើកឡើង​ថា​ សមាគម​អាចារ្យ​ខ្មែរ​មាន​តួនាទី​ប្រមូ​ល​ផ្ដុំមតិ​យោបល់​ចែករំលែក​ចំណេះដឹង និង​ពិភាក្សា​គ្នា​ថា តើ​នៅ​ខ្វះ​ចន្លោះ​អ្វី​តួយ៉ាង​ដូចជា ឥឡូវនេះ ការបណ្ដុះបណ្ដាល​មាន​៣០​មុខវិជ្ជា​ហើយ តើ​នៅ​មាន​វិធី​អ្វី​ទៀត ដែល​នៅ​សេស​សល់​។ ទោះ​បីយ៉ាង​ណា​ពាក់​ព័ន្ធ​នឹង​តួនាទី​របស់សមាគម​អាចារ្យ​ដែល​បាន​បង្កើត​ហើយ​នោះ​ សម្ដេច​តេជោ​ផ្ដ​ល់​ការណែ​នាំ​ឱ្យ​យកចិត្តទុកដាក់​ និង​ប្រយ័ត្នដោយ​មិន​ត្រូវ​បង្ខំ​ថា អាចារ្យ​ទាំងអស់​ត្រូវតែ​ចូល​សមាគម​នោះទេ​។ សម្ដេចសែនបាន​មាន​ប្រសាសន៍​ថា «​កន្លងមក​ធ្លាប់​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​គណៈមេធាវី ដែល​តម្រូវ​ឱ្យ​មេធាវី​ទាំង​ក្នុងប្រទេស និង​មក​ពី​ក្រៅ​ប្រទេស​ ត្រូវ​ចុះ​បញ្ជី​ទើប​អាច​ធ្វើ​សកម្មភាព​បាន, ពេទ្យ​ក៏​ដូចគ្នា ប៉ុន្តែ​ចំពោះ​អាចារ្យ​គឺ​មិនមែន​បានសេចក្ដីថា អ្នក​ដែល​បាន​ចុះបញ្ជី​ក្នុង​សមាគម​ទើប​ធ្វើ​អាចារ្យ​បាន​នោះ​ទេ​ត្រូវ​ ប្រយ័ត្ន​បញ្ហា​នេះ​»​។​ សម្ដេច​បន្ត​លើកឡើង​ថា ក្រៅពី​នោះ​ក៏​ត្រូវ​គិត​ផង​ដែរ​នូវ​កម្មវិធី​តាម​តំបន់ ដែល​អាចារ្យ​កម្រិត​ជាតិ​យល់​មិន​អស់​ព្រោះ​តំបន់​នីមួយៗ​ពេល​ខ្លះ​មាន​ ទំនៀមទម្លាប់​មិន​ដូច​គ្នា​ទេ សម្ដេច​បាន​លើក​ឧទាហរណ៍​ថា កន្លែង​ខ្លះ​ពេល​ឪពុក​ម្ដាយ​ស្លាប់​ភាគច្រើន​ណាស់​ដែល​យំ​ស្រែក សោក​សង្រេង​ហើយ​ពាក់អាវ​កាន់ទុក្ខ ប៉ុន្តែ​កន្លែង​ខ្លះ​បែរជា​ត្រូវ​រាំវង់ ផឹកស្រា​ទៅវិញ ហើយ​ចំណុច​នេះ​សម្ដេច​លើកឡើង​ថា អាចារ្យ​ជា​ជំនួយការ​ឱ្យ​ក្រសួង​ធម្មការ និង​ជា​ជំនួយការ​ឱ្យ​ផ្នែក​រដ្ឋ​ជួយ​ពិចារណា​មើល​ថា​គួរ​ដោះស្រាយ​បែបណា?​។ ក្នុង​នេះ​ដែរ​សម្ដេច​លើកឡើងថា អាចារ្យ​មិនត្រូវ​ចាប់បង្ខំ គេ​ឱ្យ​គោរព​តាម​ទាំងស្រុង​នោះ​ទេ​ ព្រោះ​នៅ​តំបន់​ខ្លះ​គេ​ក៏​មាន​ក្បួន​ខ្នាត​ទម្លាប់​ទៅ​តាម​តំបន់​របស់​គេ​ផងដែរ​។

សម្ដេច​តេ​ជោបាន​សំណូម​ពរ​ដល់អាចារ្យ អាចារិនី​ ឱ្យមាន​សាមគ្គី​ល្អ​ជាមួយ​ចៅអធិការ​វត្ត ព្រះសង្ឃ អាជ្ញាធរ​ដែនដី ​ដោយ​មិន​ត្រូវ​ប្រកាន់​បក្សពួក ហើយ​អាចារ្យ អាចារិនី ត្រូវធ្វើ​ជា​បុគ្គល​ជាទីគោរព​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​វត្ត​អារាម​មាន​ច្រើន ​ការ​ធ្វើ​បុណ្យទាន​កាន់តែច្រើន​តម្រូវការ​អាចារ្យ​ក៏​កាន់តែច្រើន ដូច្នេះហើយ​ទើប​ទាមទារ​ឱ្យ​មាន​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ផ្នែក​ អាចារ្យ​អាចារិនី​នេះ​ឱ្យមាន​ចំណេះដឹង​ខ្ពស់ ប៉ុន្តែ​អ្វី​ដែល​សម្ដេច​ផ្តាំផ្ញើ​នោះ​គឺ​ចៀសវាង​នូវ​ទំនាស់។ អាចារ្យ អាចារិនី ត្រូវ​បន្ត​ពង្រីក​ចំណេះដឹង​ខិត​ខំ​ស្រាវជ្រាវ​ក្បួនខ្នាត​ដើម្បី​រួមចំណែក​ កសាង​ឯកសារ​គោល​សម្រាប់​បោះពុម្ពផ្សាយ​ជា​ប្រយោ​ជ​ន៍​សង្គម និង​ត្រូវ​ធ្វើ​គំរូ​ល្អ​មាន​សីលធម៌ ចរិយា​ធម៌​ល្អ ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​។

នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​អាចារ្យ អាចារិនី ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ស្តីពី តួនាទី​ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរនោះ​ដែរ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពាវនាវ​ដល់​អ្នកបោះឆ្នោត ឲ្យចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ និងបាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​រក្សា​នូវ​សាមគ្គីភាព និង​ការឯកភាព​ជាតិ​ខ្ពស់។ ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​សន្តិសុខ ដើម្បី​ធានាឲ្យបាន​នូវ​បរិយាកាស​នៃ​ការ​បោះឆ្នោតមួយ សេរី និង​យុត្តិធម៌ ហើយ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ច្រើន​។

ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី ដែល​គិត​មកដល់​ឆ្នាំ ២០១៣ នៃ​ក្រសួង​ធម្មការ និង​សាសនា​បាន​រៀបចំ​ពិធី​បើក​វគ្គប​ណ្តុះ បណ្តាល​ស្តីពី​តួនាទី ភារកិច្ច​និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន ១៦ វគ្គ ដែល​មាន​សិក្ខាកាម​ជា​អាចារ្យ អាចារិនី មកពី​គ្រប់​ខេត្ត រាជធានី​សរុប​ចំនួន ៧ ០៣២ អង្គ​/​នាក់​។ លើ​ទ្រឹស្តី​អនុវត្តន៍​សម្រាប់​បណ្តុះបណ្តាល​ភារកិច្ច​អាចារ្យ ក្រសួង​បានរៀបចំ​មុខ​វិជ្ជា​សំខាន់ៗ​ចំនួន ៣០ មុខវិជ្ជា​សម្រាប់ ១០ ថ្ងៃ ក្នុងនោះ​រួមមាន ១.​ប្រវត្តិ​អាចារ្យ​ខ្មែរ​, ទី​២.​ទម្រង់​អាពាហ៍ពិពាហ៍​ខ្មែរ​, ៣.​ពិធី​ក្រុង​ពាលី​, ៤.​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​, ៥. ការគ្រប់គ្រង​និង​ដឹកនាំ ,៦. សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​, ៧.​កិច្ចការរដ្ឋ បាល​ទាក់ទង​នឹង​ពុទ្ធសាសនា ,៨.​វិធីសាស្ត្រ​គ្រប់គ្រង​វត្ត​, ៩.​ព្រះរាជ​ពិធី​ទស​មាស​, ១០. បុណ្យជាតិ​, ១១.​បុណ្យ​អន្តរជាតិ​, ១២.​ទស្សនទាន​ព្រះពុទ្ធសាសនា ក្នុង​ពិធីបុណ្យ​ផ្សេងៗ​, ១៣. មង្គល​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​តន្ត្រី​, ១៤.​របៀប​បុណ្យសព​ខ្មែរ​, ១៥.​សីមា​កម្ម​, ១៦.​កឋិន​កម្ម​, ១៧.​ពុទ្ធា​ភិ​សេក​, ១៨.​ទំនៀម​ទ្លា​ប់​សិល្ប​វប្បធម៌​អរិយធម៌ និង​ទម្រង់​ភ្លេងខ្មែរ​. ១៩.​វិជ្ជា​ហោរាសាស្ត្រ​, ២០.​រចនាប័ទ្ម​ខ្មែរ​, ២១.​ការ​គ្រប់​គ្រង ហិរញ្ញវត្ថុ​, ២២.​តួនាទី​អាចារ្យ​និង​ពិធី​កម្ម​, ២៣.​ការគ្រប់គ្រង​គរុភណ្ឌ​វត្ត​, ២៤.​ការចេញចូល​ព្រះ​វស្សា​, ២៥.​មាឃបូជា​, ២៦.​វិសាខបូជា​, ២៧.​អាសា​ឡ​បូជា​, ២៨.​បច្ចេកទេស​ថត និង​ផ្សព្វផ្សាយ​, ២៩.​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​៣០.​គំនិត​ស្តីពី​តួនាទី​អាចារ្យ​ខ្មែរ​៕​