Thursday, May 30, 2013

សម្តេច​តេជោ​​ស្នើ​​ឲ្យ​​មាន​​ការ​​តាក់​​តែង​​ច្បាប់​ផ្តន្ទាទោស​​ចំពោះ​អ្នក​​មិន​​ទទួល​​ស្គាល់​​ថា​​មាន​របប​​ប្រល័យ​​ពូជ​សាសន៍​នៅ​​កម្ពុជា ​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​មហា​កុដិនៅ​វត្ត​លង្កា នា​ព្រឹក​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បានប្រកាស​ស្នើ​ដល់​សមាជិក​សភា របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចឲ្យរៀបចំ​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ទោស​ចំពោះ​អ្នកណា ដែល​និយាយថា នៅ​កម្ពុជាមិន​មាន​របប​ប្រល័យ​ពូជសាសន៍​។

សម្តេចតេជោ​បាន​មានប្រសាសន៍ថា អ្នក​ដែល​និយាយថា នៅ​កម្ពុជាគ្មាន​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ត្រូវតែ​មាន​ទោស ដោយ​នៅ​​សហភាព​អឺរ៉ុប ក៏​មាន​ច្បាប់​ដូច្នេះ​ដែរ ចំពោះ​អ្នកណាដែល​ហ៊ាន​និយាយថា ហ៊ី​ត្លែ មិន​សម្លាប់​មនុស្ស​។  ​“ខ្ញុំចង់ឲ្យ​សមាជិក​សភា ប្រើ​ពេល​វេលាដែល​នៅសល់ក្នុង​អាណត្តិ​ទី​៤ តាក់តែង​ច្បាប់​ថ្មី​មួយ​នេះ ដើម្បី​ដាក់ទោស​លើ​អ្នក​ណា​និយាយថា នៅ​កម្ពុជាមិន​មាន​របប​ប្រល័យ​ពូជសាសន៍​”។
ប្រសាសន៍ប្រតិកម្ម​របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល លោក កឹម​ សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃ​វែង​ថា គុក​ទួលស្លែង និង​រណ្តៅ​កប់ខ្មោច​ទាំង​ប៉ុន្មាន​នោះ សុទ្ធតែ​ជា​សិប្ប​និម្មិត្ត ហើយ​រៀបចំ​ឡើង​ដោយ​វៀតណាម​។
ដោយបាន​ចាត់ទុកថា ការលើកឡើង​របស់​លោក កឹម ​សុខា ជា​ការខុសឆ្គង​មួយ និង​ជា​ការ​មាក់ងាយ​លើ​វិញ្ញាណក្ខន្ធ​របស់​អ្នកស្លាប់​រាប់លាន​នាក់ ក្នុង​របប​ខ្មែរក្រហម​ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យើង​ត្រូវតែ​រៀបចំ​ច្បាប់​ថ្មី​នោះ ព្រោះ​ក្នុង​ដំណាក់​កាល​នេះ តុលាការ​​ខ្មែរក្រហម ក៏​កំពុង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។ ដូច្នេះ​យើង​ក៏​មាន​សិទ្ធិដើម្បី​ដាក់ទោសចំពោះ​នរណាដែល​លើកឡើង​ថា នៅ​កម្ពុជាមិន​មាន​របប​ប្រល័យ​ពូជសាសន៍ប៉ុល​ពត​។ បើ​យើង​មិន​អាច​ស្នើ​ឲ្យមាន​ច្បាប់​នោះ​បាន ក៏​បាន​សេចក្តី​ថា ការបង្កើត​តុលាការ​កាត់​ទោស​​មេ​ខ្មែរក្រហមពេលនេះក៏​មិន​មានន័យ​ដែរ​។ ដូច្នេះ​គួរតែ​ដោះលែង​ពួក​មេដឹកនាំ​ខ្មែរ​ក្រហមឲ្យមាន​សេរីភាព​ទៅ បើសិនជា​គេ​ចាត់ទុកថា សេចក្តីស្នើច្បាប់​ថ្មី​របស់​យើង​នោះ វា​ខុស​ច្បាប់​។​
ជាមួយនឹង​ប្រសាសន៍​រំលឹក​ដល់​ការតវ៉ា​របស់​លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​គុកទួលស្លែង(ស២១) តំណាងឲ្យក្រុម​ជនរងគ្រោះ ដែល​បាន​ធ្វើ​សន្និសីទកាសែតកាល​ពីថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០១៣ ប្រឆាំងនឹងការ​លើក​ឡើង​របស់​​លោក កឹម សុខា ​សម្តេច​តេជោ​សែនបាន​ចោទ​ជា​សំណួរ​ថា "​តើ​គុក​ទួលស្លែង និង​រណ្តៅ​សាកសព​ទាំងនោះ ពិតជា​សិប្ប​និម្មិត្ត​មែន​ឬក៏​អី​? ហើយ​ការលើកឡើង​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង ទេ តែ​វា​បាន​ប៉ះពាល់​ដល់​ព្រលឹង​ជនរងគ្រោះ​កម្ពុជារាប់លាន​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប​​ប៉ុលពត​។ ការនិយាយ​នេះ ជា​ការទទួលខុសត្រូវ​ថ្នាក់ជាតិ ដែល​អ្នក​និយាយ​នេះ ត្រូវតែ​ទទួលខុសត្រូវ​"​។

ក្រៅ​ពី​ការ​ប្រតិកម្ម​ចំពោះ​លោក កឹម សុខា ដែល​មាក់ងាយ​ចំពោះ​ជន​រងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីក៏បាន​ថ្លែងឲ្យ​ដឹង​ផង​ដែរ ពី​កលល្បិច​ទុច្ចរិត​របស់​មេដឹកនាំ​នៃក្រុមប្រឆាំង ​ដែលធ្វើ​សកម្ម​ភាពបំផ្លាញ​កិត្តិយស​របស់​ជាតិ​ ដោយ​ទៅ​ចូលរួម​វេទិកា​មួយ​ក្រោម​ស្លាក​សញ្ញា​ទង់ជាតិ​ផ្សេង​ទៅវិញ ជា​ពិសេស​គឺ​ការ​និយាយមួល​បង្កាច់​សម្ដេច​​ឪ​អំពី​​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​សម័យ​លន់នល់ ​កាលពី​ឆ្នាំ​១៩៧០ ថា​ជា​គំនិត​របស់​សម្ដេចឪ​ទៅវិញ។

សម្ដេចតេ​ជោបានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សញ្ញា​ជាតិ​របស់​ក្រុម​គេ​ផ្សេង ទង់ជាតិ​របស់​ក្រុម​គេ​ផ្សេង ហេតុអ្វី​បានជា​អ្នកតំណាងរាស្ត្រ​ ដែល​អង្គុយ​ក្នុង​សភា ស្បថ​ស្មោះត្រង់​នឹង​ជាតិ​សាសនា ព្រះមហាក្សត្រ បែរជា​ទៅ​ចូលរួម​ក្នុង​វេទិកា​បែបនេះ​ទៅវិញ។ សម្ដេច​តេ​ជោថ្លែង​ថា មិន​គួរ​ណា​​លាក់បាំង​ទង្វើ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនោះ​ទេ។ សម្ដេច​បន្ត​ថា ក្រុម​អ្នក​ទាំង​នោះ​​នៅ​បង្កប់​ក្នុង​បក្ស​ប្រឆាំង​! នេះ​មិនមែនជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ទេ ប៉ុន្តែ​ត្រូវ​ឲ្យ​ច្បាស់លាស់​! ហ៊ុន សែន គ្មាន​បំណង​បំបិទ​សិទ្ធិ​នរណា​ទេ ប៉ុន្តែ​ហ៊ុន សែន គ្រាន់តែ​ចង់​ការពារ​រាជ​បល្ល័ង្ក​ការពារ​របប​រាជានិយម អាស្រ័យ​ធម្មនុញ្ញ​តែប៉ុណ្ណោះ។ រឿងរ៉ាវ​ដែល​មិន​គួរ​ឲ្យ​កើត វា​បាន​កើត​ទៅជា​យ៉ាងនេះ។

គួរប​ញ្ជាក់​ថា ​យោង​តាម​រូប​ភាព​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស គេ​បាន​រក​ឃើញ​ថា លោក សុន ឆ័យ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំងសមរង្ស៊ី​ បាន​ធ្វើ​សកម្មភាព​ក្នុង​វេទិកា​សាធារណៈមួយនៅ​ឯបរទេស ​រៀបចំឡើង​ដោយ​ក្រុមចលនា​អំណាច​​ពលរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ ​សួន សេរី​រដ្ឋា ដោយមានដាក់​ស្លាក​ទង់​ជាតិ​ដែល​គេ​ធ្លាប់​ដឹង​ថា ជា​ទង់​ជាតិ​នៃ​របប​សា​ធារដ្ឋ​ខ្មែរ​ជា​តំណាង​ទៅ​វិញ។ ដោយ​ឡែក លោក ​គង់ គាំ ប្រធាន​ចាំផ្ទះ​របស់​គណបក្ស​សមរង្ស៊ី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុង​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៣ ដោយ​និយាយ​មួលបង្កាច់​​ព្រះ​ករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ថា «ឥឡូវ នរណា​គេ​ជឿថា លន់ នល់ ទម្លាក់​សម្តេចឪ​? ប៉ុន្តែ​មែន​ទែន ជា​មនុស្ស​មាន​ជំនឿ ខ្សែ​កថា​អី អូមអាម​អី គឺ​អត់​មាន​ក្បត់​ស្តេច​ទេ។ លន់ នល់ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ ប៉ុន្តែ​ស្តេច​ហ្នឹង​ប្រើ ស្តេច​ហ្នឹង​ប្រើ លន់ នល់ ថា​ឥឡូវ​ហ្នឹង អាសន្ន​ហើយ លោក​ឯង​ហ្នឹង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ ហើយ​ដឹកនាំ​រដ្ឋាភិបាល​ហៅថា​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ។ តើ​​នៅចាំ​ទេ​? គឺ​គាត់​ធ្វើ​នាយក​រដ្ឋមន្ត្រី និង​ធ្វើ​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ ម៉េច​បានធ្វើ​អញ្ចឹង ពីព្រោះ​យួន​វា​មក​ស្រោច ធ្វើ​ឲ្យ​ស្លន់ស្លោ​អស់រលីង​ទៅហើយយួន​វា​មក​ធ្វើ​ឲ្យ​ឆេះ​ភ្លើងសង្គ្រាម គឺឈ្លោះ​គ្នា​អស់​ទៅហើយ ដូច្នេះ​ទើប​ឲ្យ​ធ្វើ​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ។ ប៉ុន្តែស្រោចស្រង់​ជាតិ​ហ្នឹង លោក​ថា លន់ នល់ ឯង​នៅក្នុង​ទៅ អញ​ទៅ​ក្រៅ ។ ទៅ​ក្រៅហ្នឹង​គឺ​ទៅ​កុម្មុយនីស្ត​ដែរ អាហ្នឹង​មេខ្លោង​យួន​ដែរ។ គេថា​មក​ប្រាប់​អី​ខ្ញុំ បើ​ខ្ញុំ​ឲ្យ​វា​ទៅ​នៅ​ហ្នឹងហើយ ឲ្យ​ដេញ​យ៉ាងម៉េចបើ​ខ្ញុំ​ឲ្យ​វា​នៅ។ រួចហើយ លោក​​ហួស​ទៅ​ចិន លោ​កថា​មើលទៅ​ពឹង​ចិន​បាន​ហើយ ឲ្យ​យួន​ចេញទៅ ដើម្បី​ឲ្យ​ឯករាជ្យ​របស់​ព្រះអង្គ​ហ្នឹង រស់រាន​តទៅទៀត។ ប៉ុន្តែទៅដល់​ចិន ចិន​គេ​ថា កុំ​ព្រួយព្រះទ័យ​អី ចាំ​ពួក​កុម្មុយនីស្ត​ទាំងអស់​ហ្នឹង ដណ្តើម​អំណាច​ពី លន់ នល់ មក​ថ្វាយ​ព្រះអង្គ​វិញ​។ ដល់​អញ្ចឹង លោក ក៏គង់នៅ​ហ្នឹង​ទៅ»។

ទាក់​ទង​នឹង​ករណី​លោក​ គង់ គាំ វាយ​ប្រហារ​អតីត​ព្រះ​មហាវីរក្សត្រ សម្ដេច​តេ​ជោសែន​បាន​មាន​ប្រសាសន៍ថា រឿងនេះ​មិនតូច​ទេ ធំ​ណាស់​!​ បើ​យើង​មិន​គ្រប់គ្រង​សភាពការណ៍​បាន​បែប​នេះគឺ​សភាពការណ៍​ទៅ​ថ្ងៃមុខ​វា​យ៉ាងណា? កិត្តិនាមរបស់​ព្រះមហា​វីរក្សត្រ ដែល​យើង​ទាំង​អស់​គ្នា​សំដែង​ការគោរព​ដល់​នាទីចុងក្រោយ រហូតដល់​មាន​មនុស្ស​រាប់លាន​នាក់​ទូទាំង​ប្រទេស​​ធ្វើបុណ្យ សឹងតែ​ ៩៩​ភាគរយ ​បាន​ចូលរួម​ពិធីបុណ្យ​ព្រះ​បរម​រន​ត​កោដ្ឋ ដោយ​សំដែង​ការ​អាឡោះអាល័យ​។ ប៉ុន្តែ​ហេតុអ្វី​បាន​ជាមាន​មនុស្ស​បែបនេះ បាន​និយាយ​​សំដី​យ៉ាងនេះ​ទៅវិញ។ ការលើកឡើង​នេះ​គ្រាន់តែ​ជាការ​កេងចំណេញ វាយប្រហារ​ទៅលើ​កុម្មុយនីស្ត​ចិន កុម្មុយនីស្ត​សូ​វៀត កុម្មុយនីស្ត​វៀតណាម បែរជា​ហ៊ាន​ចោទ​ព្រះករុណា​ព្រះ​មហាវីរក្សត្រ ដែល​ជា​ជនរងគ្រោះ​ក្នុង​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ របស់​លន់​នល់​ទៅវិញ។ ក្រុមប្រឆាំង​បាន​លើកឡើង​ថា​សម្ដេចឪ​បាន​ឲ្យ​លន់នល់​ធ្វើ​រដ្ឋប្រហារ​តាមរយៈ ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ស្រោ​ច​ស្រង់​ជាតិ​ហើយ​ព្រះអង្គ​ចេញទៅ​ក្រៅ​ទុក​ លន់នល់​ឲ្យ​នៅ​ខាង​ក្នុង។

ដោយ​ចាត់​ទុក​ថាករណី​លោក គង់ គាំ មូល​បង្កាច់​អតីត​ព្រះមហាវីរក្សត្រជារឿងមិនធម្មតា​ សម្ដេច​​​តេ​ជោ បាន​អំពាវនាវ​ចំពោះ​ប្រជា​ពល​រដ្ឋ​ឲ្យមើល​ពី​ទង្វើ​របស់​បក្សប្រឆាំង ដែល​បក្ស​មួយ​នេះ​កំពុង​ចូលរួម​ប្រកួតប្រជែង​នយោ​បាយ ហើយ​មេ​ដឹកនាំ​បក្ស​របស់​គេ​និយាយ​បែបនេះ​ទៅវិញ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍បញ្ជាក់​ថា មួយ​ថា​ប៉ុលពត​ទួលស្លែង​ជា​កន្លែង​​សិប្បនិម្មិត មួយ​ទៀត​ថា​រដ្ឋប្រហារ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០​ថា​ជា​សិប្បនិម្មិត ដែល​ព្រះករុណា​ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ។ “មិនគួរណា​ទៅជា​បែបនេះ​ទេ” ។

សម្ដេចតេ​ជោសែន​បានទូល​ថ្វាយ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ជាទី​សក្ការៈ សូម​ទុក​ឲ្យ​កូន​ចៅ​​ការពារ​រាជ​បល្ល័ង្ក​ ដោយ​មិន​ចាំបាច់​ឲ្យ​ព្រះអង្គ​ទាំង​ទ្វេ​ចេញមក​បកស្រាយ​នោះទេ គឺ​ទុក​ឲ្យ​កូនចៅ​ជា​អ្នកបកស្រាយ ​រួមទាំង​​គណបក្សហ៊្វុនស៊ិនប៉ិច គួរ​ណាស់​តែ​មាន​ប្រតិកម្ម​ចំពោះ​​សំដី​របស់​លោក​គង់​គាំ​មន្ត្រីជាន់ខ្ពស់​ គណបក្សប្រឆាំង​បែបនេះ​ផង៕