Thursday, May 30, 2013

សម្តេច​​តេ​ជោជំ​រុញ​ឲ្យ​បង្កើន​​ការ​​យក​​ជន​​ពិ​ការ​​បម្រើ​​ការ​ងារ​​តាម​​ស្ថា​ប័ន​រដ្ឋ និង​ក្រុម​ហ៊ុន​​ឯក​ជន​

ស​ម្តេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹកថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០១៣ បាន​ក្រើន​រំលឹក​សារជាថ្មី​ឲ្យ​ក្រសួង មន្ទីរ ទាំង​រដ្ឋ និង​វិស័យ​ឯកជន​នានា ទទួលយក​ជនពិការចូលបម្រើ​ការងារ​​ឲ្យ​បាន​ច្រើន ទៅតាម​អ្វីដែល​រាជ​រដ្ឋា​ភិ​បាល​បានកំណត់​ ក៏​ដូច​ជា​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​ប៉ា​រ៉ាស៊ី​ ហ្គេម​(​កីឡា​ជនពិការ​)​ប្រចាំ​តំបន់​ផង​ដែរ បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមក្នុង​ឆ្នាំ២០២៣ ខាង​មុខ​នេះ។

នៅក្នុង​ពិធី​ប្រកាស​ ជា​ផ្លូវការ​នូវ​ការ​ប្តេជ្ញាចិត្ត​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ ពិការ របស់​អង្គការ​សហ​ប្រជា​ជាតិ ទសវត្សរ៍​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធ​សាស្ត្រ​អ៊ីនឈាន់ ​«​ធ្វើ​ឱ្យ​សិទ្ធិក្លាយជា​ការពិត​» ​និង​ការ​បន្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិស្តីអំពី​ពិការ​ភាព​ឆ្នាំ២០១៤-២០១៨ ដែល​ប្រព្រឹត្តទៅ​នៅវិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា នៅតាម​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ សូម​ឲ្យ​យកចិត្ត​ដាក់​ប្រើប្រាស់​ជន​ពិការតាមរយៈ​ដូចជា​ភាសា គ ព្រោះ​អ្នកយកព័ត៌មាន ត្រូវមាន​អ្នក​ពិការ​ធ្វើ​ដៃ​ជាស​ញ្ញា សម្រា​ប់​អ្នក​ពិការ គ ថ្លង់ មើល​។ ជនពិការ​នៅតាម​បណ្តា​ខេត្ត ប្រសិនបើ​មិនមាន​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ទេ គួរតែ​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​រដ្ឋនៅតាម​ឃុំ​-​សង្កាត់ ស្រុក​។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​មាន​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​មួយចំនួន​បាន​ទទួល​យក​ជន​ពិកា​រ​ឲ្យ​ចូល​ធ្វើ​ការ​ហើយ ប៉ុន្តែ​វា​ក៏​នៅ​មាន​ស្ថានីយ៍​មួយចំនួន​មិនទាន់​ចាប់​អារម្មណ៍​នៅ​ឡើយ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​នានា យកចិត្ត​ដាក់​ដល់​ការផ្តល់​ការងារ​ដល់​ជន​ពិការ ដោយ​ខ្ញុំ​គិតថា ស្ថានីយ៍​ទូរទស្សន៍​មិន​ចំណាយ​ប្រាក់​ច្រើន​ទេ សម្រាប់​បុគ្គលិកដែល​យក​ទៅ​បំរើ​ការ​នៅក្នុង​ការបកប្រែ​ភាសា នៅក្នុង​កម្មវិធី​ព័ត៌មាន​សម្រា​ប់​ជា​ការ​ផ្តល់​ព័ត៌មានដល់​ជន​ពិការ​នោះ ព្រោះ​ពិតមែនតែ​ជន​ពិការ​គ ថ្លង់ ក៏ប៉ុន្តែ​ក៏​មាន​តម្រូវការ​ទាក់ទិន​ជាមួយនឹង​បញ្ហា​ព័ត៌មាន​ផង​ដែរ​។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា សម្តេច​មាន​ជំនួយការ​ជា​លេខា​ផ្ទាល់​ដែល​ជា​ជន​ពិការ​ភ្នែកចំនួន ៣នាក់ ដែល​ម្នាក់​ធ្វើការ​នៅក្នុង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និង ២នាក់ ទៀត​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​កំពុង​បន្ត​ទៅកាន់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា ឥឡូវនេះ ខ្ញុំ​កំពុងតែ​ចំណាយ​ថវិកា​សម្រាប់​ការ​បណ្តុះបណ្តាល​ជន​ពិការ​ចំនួន​ជាង ១០នាក់ ​នៅ​ថ្នាក់​ឧត្តម​សិក្សា ដែល​សង្ឃឹមថា នៅពេល​បញ្ចប់​ការសិក្សា​ពួកគេ​នឹង មាន​ការ​ងារ​ធ្វើ​នៅក្នុង​ស្ថាប័ន​របស់​រដ្ឋ ​ឬក៏​វិស័យ​ឯកជន​នោះ​។

នៅ​ក្នុង​ពិធី​ដែល​មានវត្តមាន​ដៃគូ​អន្តរជាតិ​ចូល​រួម សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​ជន​ពិការ​មាន​កម្រិត​រៀន​ចប់​បរិញ្ញាបត្រ និង​មាន​មួយចំនួន​កំពុង​ឈាន​ទៅ​រក​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដោយ​អក្សរ​ស្ទាប ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ការ​ប្រែ​ភាសា.គ ថ្លង់ ប៉ុន្តែ​ក៏​មាន​អក្សរ​ស្ទាប​សម្រាប់​ខាង​ផ្នែក​ជន​ពិការ​ភ្នែក ដែល​ចំណុច​នេះ​គេ​អាច​មើលឃើញ​បាន​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​យើង​រួម​ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​បង្កើត​ឡើង​នូវ​ស្ថាន​ភាព​បែបនេះ​។

ទាក់​ទងនឹងតួនាទី​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំកីឡា​ស៊ីហ្គេម​នៅកម្ពុជា សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​មិន​ទាន់​មាន​​លទ្ធភាព​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡានេះ​នៅមុន​ឆ្នាំ២០២៣ បាន​មក​ដល់​ទេ ព្រោះ​កម្ពុជា​ត្រូវ​ការរៀបចំ​ច្រើនណាស់ យើង​ត្រូវការ​ធន​ធាន​ទាំងឡាយ ដើម្បី​នឹង​អភិវឌ្ឍន៍​ប្រទេសជាតិ​សិន ដូចជា ផ្លូវថ្នល់ ប្រឡាយ​ទឹក​…​ដូច្នេះ​យើង​បាន​ស្នើ​សុំ​ឲ្យ​មានការ​យោគយល់ ពី​សំណាក់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ឋានៈ​ជា​ដៃគូ​រួចហើយ ដើម្បី​ឲ្យ​មានការ​យោគយល់​ពី​ការ​លំបាក​របស់​កម្ពុជា​នោះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា នៅ​ឆ្នាំ២០២៣ ខា​ង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម បន្ទាប់ពី​ស៊ី​ហ្គេម​រួចហើយ យើង​ក៏​នឹង​ចាត់តាំង​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផង​ដែរ​។ ​សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់​ថា យើង​នឹង​ដំណើរការ​ការប្រកួត​កីឡា​នេះ​ដូច​ប្រទេស​នានា​ដែរ បាន​សេចក្តី​ថានៅ​ឆ្នាំ២០២៣ យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ហើយ​បន្ទាប់​ទៅ​កីឡា​របស់​ជនពិការ ​ក៏​នឹង​ត្រូវ​ប្រកួត​នៅក្នុង​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​នៅ​ឆ្នាំ២០២៣ នោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រទេសកម្ពុជា​ធ្លាប់​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទះ​ជន​ពិការ​ពិភព​លោក​ចំនួន ២ដង ​រួចមកហើយ​។​

ក្នុងពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​ការប្តេជ្ញាចិត្ត​អនុវត្ត​អនុសញ្ញា​ស្តីពី​ សិទ្ធិ​ជនពិការ​របស់​អង្គការ​សហ​ប្រជាជាតិ ទសវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ត្រ អ៊ី​ន ឈាន់ “​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​” និង​ការបន្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ ២០១៤-២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​នូវអនុសាសន៍​ចំនួន ១១​ចំណុច ដែល​រួម​មាន​៖

១-​ត្រូវ​បន្ដ​ពង្រឹងពង្រីក​វិធានការ​ទប់ស្កាត់​ពិការភាព ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត​។ ត្រូវ​បន្ត​រក្សា​នូវ​សន្តិភាព ដែល​យើង​មាន​ឲ្យ​បាន​ស្ថិតស្ថេរ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​នៅក្នុង​សង្គម ទប់ស្កាត់​អំពើ​ហឹ​ង្សា គ្រោះថ្នាក់​ចរាចរ គ្រោះថ្នាក់​ការ​ងារ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការដោះមីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ពង្រឹង​នូវ​សេវា​ស្តារ​លទ្ធភាព ពលកម្ម អប់រំ ផ្សព្វផ្សាយ​ការបង្ការ​ពិការភាព​ឲ្យ​បាន​ទូលំទូលាយ​។

២-​ត្រូវ​ជំរុញ​ការ​អនុវត្ដ​អនុសញ្ញា​អន្តរជាតិ​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​ភាគី ដូចជា​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ទសវត្សរ៍​ថ្មី​នៃ​ជនពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ផែនការ​យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​ដើម្បី  “​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​” ២០១៣-២០២២  អនុសញ្ញា​អូ​តា​វ៉ា​ស្តី ពី​ការហាម​ប្រាម​ការប្រើប្រាស់ ការរក្សា​ទុក ការផលិត ផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន និង​អនុសញ្ញា កតិកាសញ្ញា​អន្តរជាតិ​នានា ដែល​ទាក់ទង​នឹង​ពិការ​ភាព និង​សិទ្ធិ​ជនពិការ ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដើម្បី​ទប់ស្កាត់​ពិការភាព​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​ដាក់បញ្ចូល​ពិការភាព​ទៅក្នុង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដែលមាន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជា​ប្រធាន ត្រូវ​ដឹកនាំ​ចាត់ចែង​អនុវត្ត​អនុសញ្ញា ស្តីពី​សិទ្ធិ​ជនពិការ និង​អនុសញ្ញា​ពាក់ព័ន្ធ ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍សង្គម​ស៊ីវិល ឲ្យ​បានល្អ​។

៣-​ត្រូវ​បន្ត​ជំរុញ​ការ​អនុវត្ដ​ច្បាប់ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​លិខិត​បទ​ដ្ឋានគតិយុត្តិ​ម​ច្បាប់​នានា​ឱ្យមាន​ប្រសិទ្ធភាព​។ ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ទាំងនេះ គឺជា​ឧបក​រណ៍​គតិ​យុ​ត្ដ ដែលមាន​ខ្លឹមសារ​ល្អ​បំផុត​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខ ក៏ដូចជា​រយៈ​ពេល​យូរអង្វែង​របស់​ជនពិកា​រ​។ ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ទាំងនេះ នឹង​ប្រែក្លាយ​សេវាកម្ម​ជនពិការ ដែលមាន​ចរិត​មនុស្សធម៌​ភាគច្រើន ទៅជា​សេវា​ដែលមាន​ចរិត ជា​ប្រព័ន្ធ​ធានា​រ៉ាប់​រង​សង្គម​សម្រាប់​ជនពិការ​។ សេវាកម្ម​តាមបែប​ថ្មី​នេះ វា​នឹង​ធានា​និរន្ដរភាព​ជាង​សេវា​បែប​មនុស្សធម៌ ព្រមទាំង​អាចជួយ​ពង្រឹងស្មារតី​ម្ចាស់ការ និង​សមត្ថភាព​របស់​ជនពិកា​រ ដែល​អាច​ជំរុញ​ល្បឿន​នៃ​ការធ្វើសមាហរណកម្ម​ជនពិការ​ទៅក្នុង​សង្គម ដោយ​គ្មាន​ឧបសគ្គ​រារាំង​។

៤-​ត្រូវ​បន្ដ​ពង្រឹងពង្រីក​សេវា​ស្ដារ ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជនពិការ ឱ្យមាន​និរន្ដរ​ភាព តាមរយៈការពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អង្គការ​ជាតិ អន្ដរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​កៀរគរ​ប្រភពធនធាន​ក្នុងការ​ដំណើរការ​កម្មវិធី និង​ការផ្តល់សេវា តាម​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម កាយសម្បទា​ទូទាំងប្រទេស​។ នៅចំណុច​នេះ សម្តេច​តេជោ​ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​អង្គការ​អតីតយុទ្ធជន​អន្ដរជាតិ អង្គការ​ជនពិការ​អន្ដរ​ជាតិ អង្គការ​កម្ពុជា​ត្រា​ស្ដ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្ដរជាតិ ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ អង្គការ​យូ​នី​សេ​ហ្វ អង្គការ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ អង្គការ​កាកបាទក្រហម​អូស្ត្រាលី អង្គការ​សុខភាព​ពិភពលោក ដែល​បាននិងកំពុង​ជួយឧបត្ថម្ភ​ដល់​ដំណើរការ​មជ្ឈ​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​ កាយសម្បទា​ជូន​ជនពិការ និងកំពុង​សិក្សា​លើ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​ពិការភាព​។ ​កាកបាទក្រហមកម្ពុជា ដែលមាន​កម្មវិធី​ជាច្រើនជួយ​ដល់​ជនពិការ រួមទាំង​ជនពិការ​ដោយសារ​មីន​ និង​បាន​ថ្លែង​អំណរគុណ​គ្រប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ជួយឧបត្ថម្ភ​ គាំទ្រ​ដល់​ដំណើរការ​ម​ជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជនពិការ​។

៥-​ត្រូវ​ពង្រឹងពង្រីក​ស្មារតី​ម្ចាស់ការ​របស់​ជនពិការ​ផ្ទាល់ ជា​កត្ដា​គន្លឹះ​នៃ​ការងារ​ជនពិការ​។ បង​ប្អូន​ជនពិការ​ទាំងអស់ សូម​បន្ដ​ពង្រឹង​សេចក្ដីក្លាហាន មាន​សេចក្ដីសង្ឃឹម និង​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង ប្រើប្រាស់​សម្បទា​ដែល នៅមាន​ពុះពារ​ជំនះ​រាល់​ការលំបាក ដើម្បី​កសាង​ជីវភាព​រស់នៅ​ដោយ​ឯករាជ្យ​ម្ចាស់ការ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។

៦-​បន្ដ​ការ​កៀរគរ​ ប្រភពធនធាន ដើម្បី​អភិវឌ្ឍ​វិស័យ​សុខុមាលភាព​ជនពិការ​។ ខ្ញុំ​សូម​ដៃគូ​អភិវឌ្ឍន៍ បន្ត​ជួយ​ដល់​វិស័យ​ពិការភាព និង​ពិចារណា​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​វិស័យ​ពិការភាព ដោយ​ផ្ដោតជាសំខាន់​លើ​ការផ្ដល់សេវា​គ្រប់ផ្នែក​ជូន​ជនពិការ​។ អង្គការ​ជាតិ អន្ដរជាតិ សូម​បន្ដ​ពង្រឹង​ការ​អនុវត្ដ​នូវ​កម្មវិធី​ដែលមាន​ស្រាប់ និង​ពង្រីក​កម្មវិធី​ថ្មី​បន្ថែមទៀត​ទៅកាន់​តំបន់​ដាច់ស្រយាល ឬ​តំបន់​ណា​ដែល​ពុំទាន់​មាន​សេវាកម្ម ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ជ​ន​ពិការ​។

៧-​ត្រូវ​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំង​អស់ ក្នុង​ការងារ​ជនពិការ ការ​អនុវត្ដ​ដោយ​ស្ម័គ្រចិត្ដ ភ្ញាក់រលឹក​នូវ​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​ច្បាប់ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​ជន​ពិការ ដោយ​ដាក់បញ្ចូល​បញ្ហា​ពិការភាព​ទៅក្នុង​សកម្មភាព​របស់ខ្លួន ហើយ​បង្កលក្ខណៈ​ឱ្យ​ជនពិការ​ទទួលបាន​នូវ​ការធ្វើសមាហរណកម្ម​ក្មុង​កម្រិត​ អតិបរមា​។

៨-​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ដ​ពង្រឹង​ការងារ​ពិការភាព និង​ស្ដារ​លទ្ធភាព​ពលកម្ម​នៅ​គ្រប់លំដាប់​ថ្នាក់ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ដរភាព និងធ្វើជា​ស្នូល​ក្នុងការ​អនុវត្ដ​គោលនយោបាយ​ជាតិចំពោះ​ជនពិការ និង​ជំរុញ​ការ​អនុវត្ដ​ច្បាប់ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​អនុសញ្ញាស្តីពី​សិទ្ធិ​ជនពិការ​ឱ្យមាន​ប្រសិទ្ធភាព​។ អង្គភាព​ជំនាញ និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ថ្នាក់ឃុំ សង្កាត់ ត្រូវយក​ចិ​ត្ដ​ទុកដាក់​លើ​ការងារ​ជនពិការ ដោយ បញ្ចូល​ការងារ​ជនពិការ​ក្នុង​ផែនការ​សកម្មភាព​នៃ​អង្គភាព​របស់ខ្លួន  និង​ជំរុញ​ការ​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាព​។

៩-​ត្រូវ​បន្ត​រៀបចំ​យុទ្ធសាស្ត្រ​ជាតិស្តីពី​ពិការភាពរយៈពេល៥​ឆ្នាំ ២០១៤ ដល់ ២០១៨ និង​រៀប​ចំ​គោលនយោបាយយុទ្ធសាស្ត្រ​ជាតិស្តីពី​ពិការភាព ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៥ ដោយ​ត្រូវ​ចាត់ទុក​វិស័យ​ពិការភាព ជា​អាទិភាព​មួយ​នៃ​របៀបវារៈ ក្នុង​គោលនយោបាយ​អាណត្តិ​ខាងមុខ​។ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ក្នុងការ​បែងចែក​ថវិកា​ជាតិ​ដល់​វិស័យ​សង្គមកិច្ច អប់រំ សុខាភិបាល អភិវឌ្ឍ​ជនបទ កសិកម្ម សំដៅ​ធ្វើ​ឲ្យ​សេវា​សាធារណៈ​នៃ​វិស័យ​ទាំងនេះ កាន់តែ​ប្រសើរឡើង ដែល​ជះឥទ្ធិពល​ផ្ទាល់​ដល់​ការអភិវឌ្ឍ​ជនពិការ​។ ត្រូវធ្វើ​ការវិភាគ​ថវិកា​សង្គម​សម្រាប់​ជនពិការ​សំដៅ​វាយតម្លៃ​អត្រា​ធនធាន ​សង្គម ដែល​ប្រើប្រាស់​បម្រើ​ឲ្យ​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ពិការភាព ដើម្បី​បម្រើ​ឲ្យ​ការរៀបចំ​គោលនយោបាយ និងយុទ្ធសាស្ត្រ​ជាតិ ឲ្យ​កាន់​តែមាន​ភាព​សុ​ក្រឹត្យ​ថែមទៀត ស្របតាម​គោលការណ៍​ប្រើប្រាស់​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​។

១០-ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ជនពិការ ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ និង​ជ្រើស​រើស​អ្នកដឹកនាំដែល​បងប្អូន​ពេញចិត្ត អាច​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​អភិវឌ្ឍ​វិស័យ​សុខុមាលភាព ជនពិការ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ សិទ្ធិ​នយោបាយ​របស់​ជនពិកា​រ​ក្នុង​ការចូលរួម​បោះឆ្នោត ការ​ឈរឈ្មោះ​ជា​បេក្ខជន បាន​អនុវត្ត និង​កំណត់​យ៉ាងច្បាស់​នៅក្នុង​ច្បាប់ និង​បទបញ្ជា នីតិវិធី​នៃ​ការបោះឆ្នោត​។ ការប្រមាថ ការរើសអើង​ចំពោះ​ពិការភាព​របស់​បេក្ខជន ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​។

១១-ត្រូវ​ពង្រឹង​សកម្មភាព​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ឲ្យ​ក្លាយទៅជា​យន្តការ​សម្រប​សម្រួ​លរវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន ក្នុងការ​អនុវត្ត​ភារកិច្ច​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ២១៦ អនក្រ​.​បក ចុះ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៣ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​។ ក្រសួង ស្ថាប័ន​និ​មួយៗ ត្រូវបង្កើត​ក្រុមការងារ​សកម្មភាព​ជនពិការរាជធានី ខេត្ត​នីមួយៗ ត្រូវ​បង្កើត​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដើម្បី​ជា​សេនាធិការ​ជួយ​ដល់​ក្រសួង ស្ថាប័ន​រាជធានី ខេត្ត ក្នុង​វិស័យ​ពិការភាព​។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួ​អ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា ក្នុង​ការ​បន្ត​កិច្ចការពារ និង​លើក​កំពស់​សិទ្ធិ​ជន​ពិការ​តាម​អនុសញ្ញា​ស្តីអំពី​សិទ្ធិ​ជន​ពិការ​ដែល​បាន​ផ្តល់​សច្ចាប័ន កាលពី​ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០១២ និង​ចូល​ជា​ធរមាន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែមករា ​ឆ្នាំ២០១៣ និងការ​ប្រកាស​ឱ្យ​អនុវត្ត​ទសវត្សរ៍​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ ២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ ធ្វើ​ឱ្យ​សិទ្ធិ​ក្លាយជា​ការពិត ដែល​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម ​អនុម័ត​យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិកា​រ​ អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី ថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ២០១២ នៅ​ទីក្រុង​អ៊ី​ន​ឈាន់ នៃ​សាធារណរដ្ឋកូរ៉េ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ធំៗ​ចំនួន១០ ជាពិសេស​បាន​សង្កត់​ធ្ងន់​ទៅលើការកាត់បន្ថយ​ភាព​ក្រីក្រ ​និង​បង្កើន​ឱកាស​ការងារ ការ​លើក​កំពស់​ឱ្យ​មាន​ការចូល​រួម​នៅក្នុង​ការរៀបចំ​គោលនយោបាយ និង​ការសម្រេចចិត្ត ការ​ពង្រឹង​កិច្ចការពារ​សង្គម ការ​ពង្រីក​កិច្ច​អន្តរាគមន៍​បឋម និង​ការអប់រំ​កុមារ ពិការ ធានា​នូវ​សមភាព​យែន​ឌ័​រ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ធានា​នូវ​ការ​ដាក់​បញ្ចូល​ពិការភាព​ ទៅ​ក្នុង​ការកាត់​បន្ថយ​គ្រោះមហ​ន្ត​រាយ និង​ការគ្រប់គ្រង ជំរុញ​ការ​ផ្តល់​សច្ចាប័ន និង​ការអនុវត្ត​អនុសញ្ញាស្តីពី​សិទ្ធិ​ជន​ពិការ និង​ការ​ធ្វើ​សុ​ខុ​ដុម​នីយកម្ម នៃ​ច្បាប់​​ជាតិ​ដោយ​ផ្សារភ្ជាប់​នឹង​អនុសញ្ញា និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រ​វាង​អនុ​តំបន់ តំបន់​និង​អន្តរ​តំបន់​។

ឆ្នាំ២០១៣ នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីអំពី​ពិការភាព រួម​បញ្ចូល​​ទាំង​ជនរងគ្រោះ​ដោយសារ​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម និង​ត្រូវ​បន្ត​រៀបចំ​ផែនការ​យុទ្ធសាស្ត្រជាតិ​ស្តីពី​ពិការភាពឆ្នាំ ២០១៤-២០១៨ ស្របតាម​អាណត្តិ​របស់​រាជរដ្ឋាភិបាល​។

លោកស្រី ណាន់​ដា ក្រៃ​រី​ស្ក តំណាង​គណៈកម្មាធិការ អ.ស.ប ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​ជា​នាយិកា​ផ្នែក​អភិវឌ្ឍន៍​សង្គម​នៃ​គណៈ​កម្ម​ធិ​ការ អ ស ប ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិ​ក ក្នុងនាម អ ស ប បាន​សំដែង​នូវ​ការ​អបអរ​សាទរ​យ៉ាង​ស្មោះ​ស្ម័គ្រ​អស់ពីដួងចិត្ត​ចំពោះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ​កាលពី​ខែធ្នូកន្លងទៅ​។ ​លោកស្រី ណាន់​ដា ក្រៃ រី​ស្ក មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​ទី១ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ អ ស ប ផ្នែកសេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​បានអនុម័ត​លើ​ទសវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិ​កឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​ «​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​» ​នៅសាធា​រណរដ្ឋ​កូរ៉េ កាលពី​ខែវិច្ឆិកាកន្លងទៅ​។

លោកស្រី ណាន់​ដា ក្រៃ​រី​ស្ក អ ស ប បាន​កោតសរសើរ​ដល់​កម្ពុជា ដែល​ជា​រដ្ឋ​ដំបូង​គេ បង្អស់​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុង​ការប្រកាស​អនុវត្តន៍​យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់​នេះ​៕​