Thursday, May 30, 2013

ទស្សនៈ​វិស័យ​​របស់​​សម្តេ​ច​តេជោ​ក្នុង​ការ​​អភិវឌ្ឍ​ផែន​ការ​​សកម្មភាព​រ​​បស់​​វិទ្យាស្ថាន​​ខុង​​ជឺ​ទាំង​​អស់​ក្នុង​​ទ្វីប​អាស៊ី

នា​ព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានគាំទ្រ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះកិច្ច​ខិតខំ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល និងស្ថានទូត​សា​ធារណរដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​ដល់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​នៃ​វិទ្យា​ស្ថាន​ខុង​ជឺ​ក្នុង​ទ្វីបអាស៊ី ក្រោម​ប្រធានបទ​រួម​គឺ «ផែនការ​អភិវឌ្ឍវិទ្យាស្ថាន​ខុង​ជឺ​ឆ្នាំ​២០១២-២០២០» ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​រួម​គឺ «រស់រៀន​ចេះ​ភាសា​ចិនមានមិត្តនៅ​ទូទាំង​ពិភពលោក​» ដោយចាត់​ទុកការរៀបចំសន្និសីទ​នេះ គឺ​សមស្រប​នឹង​ស្ថានការ​ណ៍​នយោ​បាយ​របស់​ប្រ​ទេស​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​សន្តិភាព និង​ក្នុងពេលដែល​ប្រ​ទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​ឈាន​ដល់​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដូច​ដែល​បាន​បញ្ជាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់សម្តេច កាលពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ នៅ​ប្រទេស​ចិន​នាពេល​កន្លងមក​។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​សន្និសីទដែល​រៀប​ចំ​នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​សង្ឃឹម​យ៉ាងមុតមាំ​ថា មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា និង​វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នឹង​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​តួនាទី​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ឈានទៅ​សម្រេច​បាន​នូវ​គោលដៅ​ថ្មីៗ​ច្រើន​ទៀត​ ក្នុង​បណ្តា​ឆ្នាំ​ខាងមុខនេះ ជាពិសេស​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​សិក្សា​ភាសា​​ចិន ខណៈ​ប​ច្ចុ​ប្ប​នេះ​តំបន់​អាស៊ី ជាពិសេស​ប្រទេស​ចិន​បាន​ក្លាយជា​ស្នូល​ដឹកនាំ​កំណើ​ន និង​វិបុល​ភាព​ដ៏​សំខា​ន់​នៃ​សេដ្ឋ​កិច្ច​ពិភពលោក​។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ចិន​មិន​ត្រឹម​តែ​មាន​ចំនួន​ប្រជាជន​ច្រើន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​សក្តានុពលរីក​លូត​លាស់​នៃ​សេដ្ឋកិច្ចជាតិ​ ក៏​កាន់តែ​ឈានទៅ​មុខ​យ៉ាង​លឿន​ដែល​ក្នុងនោះ​ភាសា​ចិនក៏​កាន់តែ​លើកកម្ពស់​ផ្តល់​សារសំខាន់​នៅលើ​ពិភពលោក​យើង​នេះ។ ក្នុង​ទស្សនៈ​នេះ​ខ្ញុំ​ជឿថា ការរៀន​ចេះ​ភាសា​ចិន​មិន​ត្រឹម​តែមាន​មិត្ត​នៅ​ទូទាំង​ពិភពលោក​នេះ​ទេ ប៉ុន្តែ​នឹង​មាន​កាលានុវត្តភាព​នៃ​ការរីកចម្រើន​កាន់តែ​ខ្ពស់​ទៀតផង​។​ ​ដោយ​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ជិត ៤ឆ្នាំ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដើម្បី​រួម​ចំណែ​ក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ពង្រឹង និងពង្រីក​មិត្តភាព​កម្ពុជា​-​ចិន សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ​ខ្ញុំ​សូម​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​រាជបណ្ឌិត្យ​សភា​កម្ពុជា និងវិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តា​ល និ​យា​យ​រួម​ចំពោះ​លោក​សហ​នាយក​វិទ្យា​ស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភា​កម្ពុជានិយាយ​ដោយ​ឡែក ដែល​បានផ្តល់​ឱកាស​ដល់​សិស្ស​-​និស្សិត​ និង​មន្ត្រីរាជការ​រាប់រយ​នាក់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា និង​សិក្សា​នៅ​ប្រទេស​ចិន​កន្លងមក​។

រំលឹក​ដល់​ទំនាក់ទំនង​កម្ពុជា​-​ចិន ​មាន​រយៈពេល​ជាង ២០០០ ឆ្នាំ​មកហើយ បើ​យើង​គិតពី​ដំណើរ​ទស្សន កិច្ច​របស់លោក កាំ​ង ថៃ និង​លោក ជូ យី​ង រាជទូត​ចិន​បានមក​កាន់​កម្ពុ​ជានា​សម័យ​ហ្វូណន ។ ទំនាក់ទំនង​កម្ពុជា និង​ចិន​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ជា​លំដាប់ ហើយ​អ្វីដែល​ជាការ​កត់​សម្គា​ល់​នោះ គឺ​ទស្សនកិច្ច​របស់​លោក ជីវ តាក្វាន់ មកកាន់​រាជធានី​អង្គរ ដោយ​លោក​នាំ​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ​នូវ​ការផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​ខ្មែរ ​ដូច​មាន​កត់ត្រា​យ៉ាងច្បាស់​លាស់ នៅក្នុង​ឯកសារ​របស់​លោក ​​ដែល​មានចំណងជើង​ថា ​‹​ប្រពៃណី​របស់​អ្នកស្រុក​ចេនឡា›​នោះសម្តេច ​តេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង​សម័យ​ទំនើប​នេះ កម្ពុជា និង​ចិន​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នា​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រហូតមកក្រោម​ការដឹកនាំរ​បស់​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ និង​លោក​ប្រធាន ម៉ៅ សេទុង ហើយដើម្បី​បន្ត​មរតកនៃ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​នេះ ខ្ញុំ និង​ថ្នាក់​ដឹក​កំពូល​របស់​ចិន​សម្រេចយក​ឆ្នាំ២០១៣ ដែលជា​ខួប ៥៥ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​- ចិន គឺជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​។

ពាក់​ព័ន្ធ​ទៅនឹង​​សន្និសីទ​វិទ្យាស្ថាន​ខុង​ជឺ​ក្នុង​ទ្វីបអាស៊ី​ប្រចាំឆ្នាំ​២០១៣ ម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​យល់​ថា ‹​របៀបវារៈ​នៅ​ភ្នំពេញ​› ដែល​វិទ្យាស្ថាន​ខុង​ជឺ ទីស្នា​ក់​ការ​ណ្តា​ល​បាន​ឯកភាព​សំដៅ​ធានាបាន​នូវ​និរន្ត​ភាព នៃ​កិច្ច​អភិវឌ្ឍ​វិទ្យាស្ថាន​ខុង​ជឺ ក្នុង​ទ្វីបអាស៊ី ដើម្បី​រៀប ចំ​ផែនការ​អភិវឌ្ឍ​វិទ្យាស្ថាន​ខុង​ជឺ​ឆ្នាំ​២០១២-២០២០ នឹង​ទទួលបាន​ផ្លែផ្កា​ជាក់ស្តែង​បន្ថែមទៀត​។ ​សម្តេចតេជោ​បាន​ផ្តល់​នូវទស្សនៈវិស័យ​មួយ​ចំនួនដើម្បី​រួម​ចំណែក​ដល់សន្និសីទ​វិទ្យាស្ថាន​ខុង​ជឺ​ក្នុង​ទ្វីបអាស៊ី​ប្រចាំឆ្នាំ​២០១៣ ដែល​មាន​ខ្លឹមសារ​ជាអាទិ៍ថា​៖​

ទី​១.​ ការអនុវត្ត​បេសកកម្ម​ការងារ​ក្នុងការ​អភិវឌ្ឍ ផែនការ​សកម្មភាពរ​បស់​វិទ្យាស្ថាន​ខុង​ជឺ ទាំង​អស់ក្នុង​ទ្វីបអាស៊ី​រយៈពេល​៣​ឆ្នាំ (២០១៣-២០១៥)​។ ក្នុងន័យនេះ​ខ្ញុំ​យល់ថា ការអនុវត្ត​ទាន់​ពេល​វេលា​ និងផែនការសកម្មភាព​សម្រាប់​ការកសាង​កិត្យានុភាព​របស់​វិទ្យាស្ថាន​ខុង​ជឺ តាម​រយៈ​កា​រស​ម្រ​ច​ឱ្យបាន​នូវ​ផែនទី​បង្ហាញផ្លូវ​ចំនួន​៣ គឺ ១-​ការផ្ទៀងផ្ទាត់​សកម្មភាព​ការងារ​ដែល​បាន​អនុវត្ត​កាលពី​ឆ្នាំ​២០១២, ២-​កិច្ច​ត្រួតពិនិត្យ​ផែនការសកម្មភាព​សម្រាប់​ឆ្នាំ​២០១៤ និង ៣-​ទិសដៅ​ការងារ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៥​"។​

ទី​២.​ កិច្ចពង្រឹង​សមត្ថភាព​របស់​គ្រូបង្រៀន​ជនជាតិ​ចិន ដែល​មក​បង្រៀន​ភាសា​ចិន នៅក្នុង​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​។ សម្តេច​តេជោ​បញ្ជាក់​ថា ការបង្ហាត់បង្រៀន​ជា​កិច្ចការ​ដ៏​លំបាក​មួយ​ក្នុងការ​ផ្តល់​ និង​ផ្ទេរ​ពុទ្ធិ​ដល់​អ្នកដទៃ​។ វា​ជា​កិច្ច​ការដែល​ត្រូវអនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​ហើយ​មិនអាច​មើលរំលង​បាន។ ដើម្បី​សម្រេច​នូវ​ភារកិច្ច​នេះ​ខ្ញុំ​យល់ឃើញថា វិទ្យាស្ថាន​ខុង​ជឺ​ត្រូវ​សម្រេច​ឱ្យបាន​ការ​បំប៉ន​គរុកោសល្យ ការបណ្តុះ​ឆន្ទៈ​របស់​គ្រូបង្រៀន​ឱ្យស្រឡាញ់​វិជ្ជាជីវៈ​របស់ខ្លួន ការយល់ដឹង​ពី​ស្ថានភាព​របស់​ប្រទេស​ដែល​ខ្លួន​រស់នៅ និង​ភាពបត់បែន​តាម​វប្បធម៌​នៃ​ជន ជាតិ​ដែល​យើង​បង្រៀន​ព្រោះ​ការបង្រៀន​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ តាមផ្លូវ​ចិត្ត​របស់​សិ​ស្ស​ដើម្បី​អប់រំ​សិស្ស​។

ទី​៣.​ កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​សិក្សា​ភាសា​ចិន​។ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ខ្ញុំ​យល់ឃើញថា  វិទ្យាស្ថាន​ខុង​ជឺ​ត្រូវ​រៀបចំ​ផលិត​សម្ភារៈ​ឧបទ្ទេស ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនើប​កម្ម​នៃ​វិទ្យាសាស្ត្រ ហើយក៏​ជាការ​បង្ក​ភាពងាយស្រួល​ដល់​ការសិក្សា​របស់​សិស្ស​-​និស្សិត ក៏ដូច​ជា​កាត់បន្ថយ​ពេលវេលា​និង ការចំណាយ​ផ្សេងៗ​របស់​សិក្ខាកាម​ផងដែរ​។ ក្នុងន័យនេះ ទំនើបកម្ម​ត្រូវមាន​គោលដៅ​ទាក់ទាញ​អ្នកសិក្សា​ឱ្យ​ស្រឡាញ់ និង​ចូលចិត្ត​សិក្សា​ភាសា​ចិន​។

ទី​៤.​វិទ្យាស្ថាន​ខុង​ជឺ ទីស្នាក់ការ​កណ្តាល​ត្រូវ​បំផុស​ចលនា​ការផ្សព្វផ្សាយ​ភាសា និង​វប្បធម៌​ចិន​នៅក្នុង​ប្រទេស​នានា ហើយ​ត្រូវ​ពិភាក្សា​ដើម្បី​បង្កើត​ទិវា​វប្បធម៌ចិន និង​ទិវា​ភាសា​ចិន​នៅ​ទូទាំង​ពិភពលោក​។

យោង​តាម​របាយការណ៍​របស់​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ​ខ្លូត ​ធីតា ​ប្រធាន​រាជបណ្ឌិត សភា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថានខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្កើតឡើង​កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩​។​ វិទ្យាស្ថាន​នេះ​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដោយ​ទទួល​បាន​មូលនិធិ​ទាំងស្រុង​ពី​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល និង​ពី​សប្បុរស​ជនជាតិ​និង​អន្តរ​ជាតិ ដើម្បី​បម្រើ​បេសក​កម្ម​ការងាររបស់ខ្លួន​គឺ ទី​១-​ការបង្រៀន​ភាសា​ចិន​តាម​ស្តង់ដារ​អន្តរជាតិ ទី​២-​ការ​បំប៉ន​គរុ​កោ​សល្យ​សម្រាប់​ជនជាតិ​កម្ពុជា ​ដែលមាន​ឆន្ទៈ​បង្រៀន​ភាសា​ចិន ទី​៣-​ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច និង​សិក្សា​នៅ​ប្រទេស​ចិន​តាម​រយៈ​ការប្រឡង​កម្រិត​ភាសា​ចិន (​ហៅ​កាត់​ថា​HSK) ទី​៤-​ការផ្លាស់ប្តូរ​បទ​ពិសោធ​ន៍​លើ​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​វប្បធម៌​រវាងប្រទេស​កម្ពុជា ​និង​ចិន និង​ទី​៥-​ការ​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​។

ក្នុង​រយៈពេល​ជិត ៤ ឆ្នាំនេះ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្កើត​សាខា​ របស់ ខ្លួន​ចំនួន ១៣កន្លែង ​ដែលក្នុងចំណោម​សាខា​ទាំង១៣ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ស្នើសុំ​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល ដើម្បី​តម្លើង​ទៅជា​សាខា ដែលមាន​លក្ខណៈ​ស្វយ័ត លើ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ហៅថា ថ្នាក់រៀន​ខុង​ជឺ (Confucius Classroom) ដោយ ​ទទួលបាន​ការគាំទ្រ​ហិរញ្ញ វត្ថុ​ដោយផ្ទាល់​ពី​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល ហើយ​សាខា​ទាំង ៣ នេះ​ក៏​ត្រូវបាន​សម្ពោធ​ស្លាក ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេល​នោះ​ផង​ដែរ ​ដែល​រួមមាន ទី​១-​សាខា​បញ្ជាការ​ដ្ឋាន​កង​ពល​តូច​លេខ ៧០ ទី​២-​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​ទី​៣-​វិទ្យាល័យ ​អង្គរ​។ គិត​មកទល់​បច្ចុប្បន្ន វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានទទួល​សិក្ខាកាម​សិក្សា​ ភាសា​ចិន​មាន​ចំនួន​ជាង​៥០០០​នាក់ ហើយ​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត និង​មន្ត្រីរាជការ​ទៅ​ទស្សនកិច្ច​និង​សិក្សា​នៅ ប្រទេស​ចិន រួមមាន​៖ កម្មវិធី​បោះជំរុំ​រដូវក្តៅ​រយៈពេល​២​សប្តាហ៍​មាន​ចំនួន ៨០ នាក់ បំប៉ន​ភាសា​ចិន រយៈពេល ១ ឆ្នាំមាន​ចំនួន ៦៣ នាក់ បំប៉ន​វិធីសាស្ត្រ​បង្រៀន​រយ​មាន​ចំនួន ១០៤ នាក់ និង​មន្ត្រីរាជការ ទៅ​ទស្សនកិច្ច​មាន​ចំនួន ៤១២ នាក់​៕