Thursday, May 30, 2013

អគ្គ​នាយិកា​​វិទ្យា​ស្ថាន​​ខុង​​ជឺ​ទី​កោត​សរ​សើរ​​សមត្ថភាព​​សម្តេច​តេជោ​​ក្នុង​ការ​​ដឹក​នាំ​​អភិវឌ្ឍន៍​​ប្រទេស​​កម្ពុជា

លោកជំទាវបណ្ឌិត ស៊ី លី​ង ទីប្រឹក្សា​រដ្ឋាភិបាល​ចិន និង​ជា​អគ្គនាយិកា​វិទ្យាស្ថាន​ខុង​ជឺទី​ស្នាក់​ការ​​កណ្តាល នា​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ បាន​កោត​សរសើរ​សមត្ថភាព​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​នៅ​វិមាន​សន្តិភាព នៅ​មុន​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បើក​សន្និសីទ​ប្រចាំឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​នៅ​រសៀល​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៣ លោកជំទាវ ស៊ី​ លីង បាន​ជម្រាប​សម្ដេច​តេ​ជោថា សម្តេច​ជា​មនុស្ស​ល្បី​ឈ្មោះ​នៅ​ប្រទេស​ចិន​ ហើយ​ប៉ុន្មាន​ខែ​មុន លោកជំទាវ ​បាន​ស្តាប់​បទសម្ភាសន៍​សម្តេច​ជាមួយ​នឹង​​ទូរទស្សន៍​ចិន ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា សម្តេច​បាន​ឆ្លងកាត់​ការលំបាក​យ៉ាងច្រើន​។ ក្នុងន័យ​នេះ​លោកជំទាវ ​បាន​ថ្លែង​នូវ​ការកោតសរសើរ​នូវ​អ្វី​ដែល​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ឆ្លងកាត់​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ថ្កុំថ្កើង​ឡើង​។
លោកជំទាវ ស៊ី លី​ង មាន​ប្រសាសន៍​ជម្រាប​សម្តេច​តេជោ​ថា វិទ្យាស្ថាន​ខុង​ជឺ ​មាន​នៅក្នុង​ប្រទេស​ចំ​នួន​៩០ ហើយប្រទេស​ចំនួន​៣០ ​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​ដែល​រៀបចំ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ដោយ​​លោកជំទាវ​​​ ស៊ី លី​ង ចាត់​ទុកវិទ្យាស្ថាន​ខុង​ជឺ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា​ គឺជា​គំរូ​ដ៏​ល្អ​មួយ​ផង​ដែរ។
សម្តេច​តេជោនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ជម្រាប​លោក​ជំទាវ ស៊ី លីង ​ថា សម្តេច​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិទ្យាស្ថាន​ខុង​ជឺ ​ហើយ​សម្តេច​មាន​ការគាំទ្រ​ដើម្បី​ជំរុញ​ឲ្យ​វិទ្យាស្ថាន​ខុង​ជឺ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ឈានឡើង​។ ​សម្តេចតេ​ជោបាន​មាន​ប្រសាសន៍​ចាត់​ទុកការរៀបចំ​សន្និសីទ​នៅពេល​នេះ​ជា​ផ្នែក​មួយ នៃ​ការចូលរួម​អបអរសាទរខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា-ចិន​។

សម្តេច​អគ្គ​មហាសេនា​បតីតេជោ​បណ្ឌិត​សភាចារ្យ​ ហ៊ុន​ សែន ​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់ បំពាក់​​មេ​ដាយ​សហមេត្រី ​ថ្នាក់​មហា​សេនា​ជូន​លោក​ជំទាវ​បណ្ឌិត ​ស៊ី ​លីង​ និង​បាន​បើក​សម្ពោធ​​​សាខា​វិទ្យាស្ថាន​ខុងជឺ ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ប្រចាំ​បណ្ឌិត​សភា​នគរបាល​កម្ពុជា​ ប្រចាំ​បញ្ជា​ការ​ដ្ឋាន​កង​ពល​តូច​លេខ​៧០ ​និង​ប្រចាំ​វិទ្យាល័យ​អង្គរ​ផង​ដែរ៕