Thursday, May 30, 2013

សម្តេច​តេជោ៖ ​លេខ​​រៀង​​ទី​៤ នៅ​លើ​​សន្លឹក​ឆ្នោត របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​បញ្ជាក់​​​ពី​​ជោគ​​ជ័យ​បន្ត​​

​ក្នុង​ពិធី​សម្ពោធ​អគារសិក្សានៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ស្ទឹងត្រង់​​ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធរូប ទ្រង់​ផ្ចាញ់​មារ ធ្វើ​ពី​ថ្ម​ភក់ នៅ​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ក្នុង​ឃុំ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចអគ្គ​មហា​សេ​នា​ប​តីតេជោ ហ៊ុន សែន ដែល​អមដំណើរ​ជាមួយដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​អត្ថាធិប្បាយ​ពន្យល់​ទៅលើ​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជាជា​លេខ​រៀង​ដែល​នាំ​មក​នូវ​ជោ​គជ័យ​ក្នុងអាណត្តិ​ទី៤។

​សម្តេចតេជោមាន​ប្រសាសន៍​បញ្ជាក់​ថា លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិនៅ​ខែ​កក្កដា​ខាងមុខ គឺ​ដូចគ្នា​នឹង​អាណត្តិ​ទី​៤ ក្នុង​សម័យ​​​កាល​បោះឆ្នោត​ឆ្នាំ​២០០៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យ​ជម្នះ​រហូត​ដល់ ៩០ កៅអី លើសពី ២ ភាគ ៣ ក្នុងចំណោម​កៅអី​រដ្ឋសភា​សរុប ១២៣​។ “គណបក្ស​ប្រជាជន​កម្ពុជានៅ​ឆ្នាំ​នេះ គឺ​ជាប់​លេខ​រៀង​ទី​៤ ដូចនឹង​អាណត្តិ​មុន​ដែរ​។ អាណត្តិ​មុន គណ​បក្ស​​ប្រជាជន​កម្ពុជា ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៤ លើ​សនឹ្លកឆ្នោត គឺ​បាន​ឈ្នះ​រហូត​ដល់​ទៅ ៩០ កៅអី ដែល​មាន​ជាង ២ ភាគ ៣ នៅក្នុង​រដ្ឋសភា​” ។​

សម្ដេច​តេជោ​សែន បញ្ជាក់ថា ជា​ការងាយស្រួល​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​​ប្រជាជន​ព្រោះ​ រូប​សញ្ញា​ដដែល ហើយ​លេខ​រៀង​ទី​៤​ដដែល ដូច្នេះ​ប្រជាពលរដ្ឋ​ងាយ​ចំណាំ​​ក្នុងការ​គូស បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាងមុខ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍ថា សម្តេច​មិន​ចាំបាច់​ទៅ​បកស្រាយ​លើ​លេខ​រៀង​របស់​គណបក្ស​ផ្សេងទៀត​។ តែ​មាន​គណបក្ស​មួយ​នោះបាន​ត្រៀម​ចង់​បកស្រាយ​លើ​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ត្រូវបាន​គ្នា​គេបាន​ហាម​ថា មិនបាច់​ទេ បកស្រាយ​តែ​​លេខ​រៀង​ខ្លួនឯង​ទៅ​។

​​​សម្តេចតេជោសែនលើក​ឡើង​ថា លេខ​៤ តំណាងឲ្យ​វិស័យ​ពុទ្ធចក្រ ដែលមាន ៥ ចំណុច​។ ទី​១-​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ​។ ទី​២-​ទិស​ទាំង​៤ ដែល​តំណាង​ឲ្យ​ទិសខាងកើត ខាងលិច ខាងជើង និង​ទិស​ខាងត្បូង​។ ទី​៣-​ជា​ធាតុ​ទាំង ៤ ដែល​មាន​ធាតុទឹក ដី ភ្លើង និង​ធាតុខ្យល់​។ ទី​៤-​ព្រហ្មវិហារ​ធម៌​ទាំង​៤ រួមមាន ករុណា មេត្តា មុទិតា និង​ឧបេក្ខា​។ ទី​៥-​តំណាង​ឲ្យ​ព្រះព្រហ្ម ដែល​មាន​មុខ​៤​។

​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លេខ​៤ ក៏​តំណាង​ឲ្យ​ផ្នែក​អាណាចក្រ ដែល​ចំណុចទី៦-តំណាងឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន និង​សមធម៌​។ នៅ​អាណត្តិ​ទី​៥ បន្ត​ទៀត​នេះ រាជរដ្ឋាភិបាលនៅតែ​បន្ត​អនុវត្ត​ន៍លើ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណដំណាក់កាល​ទី​៣ ដែល​គេ​កំពុង​ព្រាង​សរសេ​រហើយ​។ មួយវិញទៀត ទី៧-នៅទីក្រុង​ភ្នំពេញ ជា​រដ្ឋបាល អាជ្ញាធរ និង​ស្ថាប័ន​កំពូល ប្រមូលផ្តុំ​នៅ​ភ្នំពេញ ដែល​ស្ថិតនៅ​ចំ​ទន្លេ​ចតុមុខ ជា​កន្លែង​ប្រមូលផ្តុំ​អំណាច​។ ចំណែកទី៨-​កន្លែងធ្វើកា​ររ​បស់​មេដឹកនាំ និង​ក្នុង​ការិយា​ល័យ​​ទាំងអស់ តំណាង​ឲ្យ​តុ និង​កៅអី ក៏​សុទ្ធតែ​មាន​ជើង ៤ ដែល​ទ្រ​តុ និង​កៅអី​ឲ្យ​រឹងមាំ​។

​ទាក់​ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​ផ្សេងៗ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​សម័យកាល​ឃោសនាបោះឆ្នោត កាលពី​ឆ្នាំ​២០០៨ មាន​មេដឹកនាំ​គណបក្ស​មួយ​នោះ បាន​ចុះ​ពីលើ​ឡាន​មក ជេរ​តែម្តង​លើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សម្តេច​​ប្រមុខ​ដឹកនាំ​ទាំង​៣ ដោយ​លើកឡើង​ថា ជា​ជន​ក្បត់ជាតិ ហើយ​អា​កណ្តាល ខូច​ជាងគេ​។ ប៉ុន្តែ​សម្តេច បាន​ព្រមាន​ថា បើ​លើក​នេះហ៊ាន​តែ​ជេរ​ដូច​មុន​ទៀត មុខ​ជា​នឹង​ត្រូវ​ប្តឹង ផាកពិន័យ​ទៀតហើយ ដោយ​អាណត្តិ​មុន ត្រូវ​ផាក ១០ លាន​រៀល​រួចហើយ (លោក​សម​រង្ស៊ី ត្រូវ​គ​.​ជ​.​ប​. ពិន័យ ១០ លាន​រៀល ក្នុង​រឿង​ឃោសនា ប្រមាថ​ថ្នាក់ដឹកនាំ​ទាំង​បី​របស់​គណបក្ស​ប្រជាជន​កម្ពុជា)​។

សម្តេចតេជោ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ ពិសេស​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ដោយ​មិន​ត្រូវ​ប្រើ​អំពើហិង្សាក្នុងពេល​បោះ​ឆ្នោត​​ទេ ដោយ​ត្រឹម​តែ​ប្រើប្រាស់​នូវ​ការរិះគន់​ទិតៀន ដោយ​ពាក្យ​សំដី​បាន​ហើយ​។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបានមានប្រសាសន៍បដិសេធន៍ថា សម្តេចមិនធ្វើជាអាយ៉ង​របស់​អ្នក​ណាឡើយ។ សម្តេចធ្លាប់បាន​ដឹកនាំ​កិច្ច​ប្រជុំកំពូលអាស៊ានចំនួន ២ដង ដោយមានការ​ចូល​​រួម​ពី​សំណាក់មេដឹកនាំនៅលើពិភពលោក​ផង​ដែរ ដែល​បង្ហាញ​ពី​សមត្ថ​ភាព​ដឹកនាំ​ក្នុង​នាម​​ជា​នាយករដ្ឋមន្ត្រី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​មាន​ប្រសា​សន៍​ថា នៅពេលដែលខ្ញុំនិយាយ​ភាសា​​​វៀត​ណាម គេថាខ្ញុំអាយ៉ងវៀតណាម ប៉ុន្តែ​នៅ​ពេល​ដែល ខ្ញុំនិយាយភាសា​អង់គ្លេស ម៉េច​​ក៏​គេមិន​ថា​ខ្ញុំ​ជា​អាយ៉ង​អាមេរិកផងទៅ?។ សម្តេច​បាន​មាន​ប្រសាសន៍ថា «គេ​ដណ្តើម​អាមេរិក​ធ្វើ​ជាចៅហ្វាយ​គេ​ម្នាក់ឯង។ អ្នកណាក៏ខ្ញុំ​មិន​ធ្វើ​អា​យ៉ង​ដែរ»។ អត់ទេ! ស្មើ​ភាព​​ស្មើ​សិទ្ធិ។ សម្តេចតេជោ​មានប្រសាសន៍ឲ្យដឹង​ថា ខ្ញុំធ្លាប់​ធ្វើ​ប្រធាន​អាស៊ាន​ចំនួន ២ដង ហើយ​នៅ​ពេលមកប្រជុំនៅភ្នំពេញ ប្រធានាធិបតីអាមេរិក នាយករដ្ឋ​មន្រ្តី​ចិន ឥណ្ឌា អូស្រ្តាលី ជប៉ុន​ក្តី​ស្តាប់​ខ្ញុំ ដែលជាប្រធានអង្គប្រជុំ ខ្ញុំឲ្យអ្នកណានិយាយមុន និយាយក្រោយ ត្រូវ​ស្តាប់​ប្រធាន ហើយ​នៅកន្លែងណាក៏ដូចគ្នាដែរ កុំថាអ្នកឯង​ជាមហា​អំណាច​អីក៏ដោយ។ ខ្ញុំក៏ធ្លាប់​ធ្វើ​ប្រធាន​អង្គប្រជុំអន្តរជាតិជាច្រើន ហើយក៏ធ្លាប់ធ្វើអ្នក​សម្រប​សម្រួល​ដៃគូអាស៊ាន-អឺរ៉ុប​ផង​ដែរ។

នៅក្នុងពិធីសម្ពោធសមិទ្ធផលពុទ្ធចក្រ និងអាណាចក្រ ដែលមានតម្លៃជាច្រើនម៉ឺនដុល្លារអា​មេ​រិកនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ​ដែរ សម្តេច​តេជោនាយករដ្ឋមន្ត្រី​ បានប្រកាស​ឲ្យ​ដឹង​អំពី​បំណងចង់​ឱ្យមាន​អគារសិក្សា​បន្ថែម​ដោយ​មិន​កំណត់​ថា «​ឃុំ​មួយ មាន​អនុវិទ្យា​ល័យ​​​មួយ​»​ទេ គឺ​ត្រូវ​បង្កើត​ឱ្យមាន​អនុវិទ្យាល័យ​តាម​ភូមិសាស្ត្រ​សិក្សា​តែម្ដង គឺ​អាច​មាន​ពីរ មាន​បី ឬ​​មាន​៤ កន្លែង ទៅតាម​កំណើន​របស់​សិស្ស​។​

ទាក់​ទង​នឹង​គោល​បំណងនៃការ​បង្កើន​បរិមាណនៃការ​អប់រំនេះ សម្ដេច​តេជោបាន​មាន​ប្រសា​ស​ន៍បញ្ជាក់ថា ដោយសារ​ឃុំ​ខ្លះ​ធំ​ពេក​មាន​ចម្ងាយ​ឆ្ងាយ​ពេក ដូច្នេះ​មិន​គួរ​ត្រូវ​កំណត់​ត្រឹមតែ​មួយ​ឃុំ​មាន​អនុ​វិទ្យា​ល័យ​មួយ​ទេ គឺ​មួយ​ឃុំ អាច​មាន​អនុវិទ្យាល័យ​ច្រើន​។ ក្នុង​ចំណុច​នេះ សម្ដេច​​បាន​លើក​យក ឃុំ​ពាម កោះ​ស្នា នៅ​ស្រុក​ស្ទឹង​ត្រង់​មក ធ្វើជា​គំរូ ដោយ​ឃុំ​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ច្រើន​ពេក​ទេ ប៉ុន្តែ​ឃុំ​នេះ លាតសន្ធឹង​តាម​បណ្ដោយ​ដង​ទន្លេ ស្ទើរតែ​៦​ទៅ​៧​គីឡូម៉ែត្រ ដែល​ចាំបាច់​ត្រូវ​ឱ្យ​បង្កើត​អនុវិទ្យាល័យ​ចំនួន​ពីរ​។ សម្ដេច​តេជោ មានប្រសាសន៍ថា បើ​ពិនិត្យ​នៅ​ក្នុង ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​បន្ទាប់​ពី​ការដាក់ចេញ​នូវ​សេចក្ដីថ្លែងការណ៍​ សន្ទុក ក្នុង​ការរៀបចំ «​ឱ្យ​ឃុំ​មួយ​មាន​អនុវិទ្យាល័យ​មួយ​» នៅ​គ្រប់​ឃុំ​ទូទាំងប្រទេស ដែល​ត្រូវបាន​ត្រួត​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៨ ហើយ​ត្រូវបាន​ជំរុញ​ឱ្យ​សម្រេច​នៅក្នុង​ឆ្នាំ​២០១២ នោះ ជា​ទូទៅ​ការឱ្យ​មួយ​ឃុំ​មាន​អនុវិទ្យល័យ​មួយ ឥឡូវ​នេះ​សម្រេច​បាន​ជា​មូលដ្ឋាន ហើយ​គឺ​នៅ​សេស​សល់​តែ​តំបន់ ភូមិភាគ​ឦសាន ដែល​ពី​ភូមិ​មួយ ឬ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​ការ​លំបាក​មិន​អាច​កសាង​វិទ្យា​ល័យ​​មួយ ឃុំ​ឱ្យបាន​មួយ​នោះ​ទេ​ព្រោះ​មិន​មាន​កូន​សិស្ស​រៀន​។

សូមបញ្ជាក់​ថា​មុន​នេះ វិទ្យាល័យ​សម្ដេច​តេជោ​ហ៊ុនសែន​ស្ទឹងត្រង់ គឺជា​អនុវិទ្យាល័យ ប៉ុន្តែ​ដោយ​​មានសប្បុរសជន​វៀតណាម ចង់​សាងសង់​អគារសិក្សា​ធំ​មួយ នៅក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ ជា​ស្រុកកំណើត​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នោះ​ទើប​មាន​ការជ្រើសរើស​ទីតាំង​ ក្នុង​អនុវិទ្យា​ល័យ​ហ៊ុន​សែន​ស្ទឹង​ត្រង់ ដើម្បី​សាងសង់​អគារ​បី​ជាន់​ដែល​មាន​៣០​បន្ទប់ ព្រមទាំង​បំពាក់​សម្ភារ​សិក្សា និងមាន​កុំព្យូទ័រ ព្រីន​ធ័​រ ម៉ាស៊ីនកូ​ពី ដោយ​ចំណាយ​ថវិកា​ជាង ៥​សែន ​៦​ម៉ឺន​ដុល្លារ​អាម៉េរិក​ ហើយ​បាន​បង្កើន​កម្រិត​សិក្សាពី​អនុវិទ្យាល័យ​ទៅជាវិទ្យាល័យ​៕