Thursday, May 30, 2013

សេច​​ក្តី​ថ្លែង​​ការណ៍៖ ទាក់​ទង​និង​ការ​និយាយ​របស់ លោក គង់ គាំ ​គណ​បក្ស​ប្រឆាំង ក្នុង​វេទិកា​​ជួប​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុកទ្រាំង ខេត្ត​តាកែវ

កាលពីថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ២០១៣ នៅក្នុងវេទិកា​ជួបប្រជាពលរដ្ឋ​នៅស្រុកទ្រាំង ខេត្តតាកែវ លោក គង់ គាំ មេដឹកនាំមួយរូបរបស់គណបក្សប្រឆាំងបានលើកឡើងថា៖

“ឥឡូវ​ នរណា​​គេ​ជឿ​ថា លន់​ នល់​ ទម្លាក់​សម្តេច​ឪ​? ប៉ុន្តែ​មែន​ទែន​ ជា​មនុស្ស​មាន​ជំនឿ​ ខ្សែរ​កឋា​អី​​ អូម​អាមអី​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​​។ លន់​ នល់​ គឺ​ អត់​មាន​ក្បត់​ស្តេច ​ទេ ​ ប៉ុន្តែ​ស្តេច​ហ្នឹង​ប្រើ​ ​ លន់ នល់​ ថា​ឥឡូវ​ហ្នឹង​ អាសន្នហើយ​ លោក​ឯង​ហ្នឹង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ទៅ​ ហើយ​ដឹកនាំ​រដ្ឋាភិបា​ល​ ហៅ​ថា​​រដ្ឋាភិបាល​​ស្រោច​ស្រង់​ជាតិ​។ តើ​នៅ​ចាំ​ទេ​? គឺ​គាត់​ធ្វើ​នាយករដ្ឋមន្ត្រី និង​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​ ម៉េច​បាន​ធ្វើ​អញ្ចឹង​ ពីព្រោះ​​យួន​វា​មក​ស្រោច​ ធ្វើ​ឲ្យ​ស្លន់​ស្លោ​អស់​រលីង​ទៅ​ហើយ​ យួន​វា​មកធ្វើ​ឲ្យ​ឆេះ​ភ្លើង​សង្គ្រាម​ គឺឈ្លោះ​គ្នា​អស់​ទៅ​ហើយ​ ដូច្នេះ​ទើប​ឲ្យ​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​។ ប៉ុន្តែ ស្រោច​ស្រង់​ជាតិ​ហ្នឹង​ លោក​ថា លន់ នល់ ​ ឯង​នៅ​ក្នុង​ទៅ អញ​ទៅ​ក្រៅ ។ ទៅក្រៅ ហ្នឹង​គឺ​ទៅ​កុំ​មុយនីស្ត​ដែរ​ អាហ្នឹង​មេក្លោង​យួន​ដែរ​ មេខ្លោងនឹង គឺមានបីប្រទេស យួនក៏កុំម្មុយនីស្ត សូវៀតក៏កុំម្មុយនីស្ត ចិនក៏កុំម្មុយ នីស្ត។ ប៉ុន្តែសម្តេចឪ ថាយួននេះ ស្និទ្ធជាមួយសូវៀតជាងគេ ពីព្រោះទៅប្រាប់សូវៀតទៅ សូវៀតគេធ្វើ មិនលឺ។ គេថា​មក​ប្រាប់​អី​ខ្ញុំ​ បើ​ខ្ញុំឲ្យ​វា​ទៅ​នៅ​​ហ្នឹង​ហើយ​ ឲ្យ​ដេញ​យ៉ាង​ម៉េចបើ​ខ្ញុំ​ឲ្យ​វា​​នៅ​។ រួច​ហើយ​ លោក​ហួស​ទៅ​ចិន​ លោកថា​​មើល​ទៅ​​ពឹង​ចិន​បាន​ហើយ​ ឲ្យ​យួន​ចេញ​ទៅ​ ដើម្បី​ឲ្យ​ឯករាជ្យ​របស់​ព្រះអង្គ​ហ្នឹង​ រស់​រាន​​តទៅទៀត​។ ប៉ុន្តែ​ ទៅដល់​ចិន​ ចិន​គេ​ថា កុំព្រួយ​ព្រះទ័យ​​អី ចាំ​ពួក​​កុំមុយនីស្ត​ទាំង អស់​​ហ្នឹង​​​ ដណ្តើម​អំណាច​ពី​ លន់ នល់​ មក​ថ្វាយ​ព្រះអង្គវិញ​។ ដល់​អញ្ចឹងលោក​ក៏​គង្គ​​នៅ​​ហ្នឹង​​ទៅ....​។”

សំដីដែលលោក គង់ គាំ បានរៀបរាប់នេះ គឺជាការបំភ្លៃប្រវត្តិសាស្ត្រ ជាពិសេស មួលបង្កាច់​ព្រះកិត្តិនាម របស់អតីតព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីកេង​ចំណេញនយោបាយ​របស់​ខ្លួន ដែល​អ្នកសិក្សាស្រាវជ្រាវ និងប្រជាជននៅលើ​ពិភព​​លោក បានកត់ត្រា​ទុក​ក្នុងប្រវត្តិសាស្ត្រ និងដឹងច្បាស់ថាជារដ្ឋប្រហារ ដែល លន់ នល់ បានទម្លាក់សម្តេចព្រះនរោត្តមសីហនុ។

ដូចគ្នានេះដែរ ចំពោះ​អ្វីដែលលោក កឹម សុខា ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ បាន​លើកឡើង​នៅ​ក្នុងវេទិកា​សាធារណៈ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ថា៖ “គុក​ទួលស្លែង ជា​គុកសិប្បនិមិត្ត” នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហមនៅកម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គឺ “គ្រាន់​តែជាឆាកល្ខោន ដែលរៀបចំឡើងដោយ​ប្រទេស​វៀតណាម និងរណ​សិរ្យសង្គ្រោះ​ជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ”។

ផ្ទុយពីការលើកឡើងខាងលើនេះ មជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា អង្គការសហប្រជាជាតិ និង ប្រទេសម្ចាស់ជំនួយ បានចំណាយថវិកាអស់ជាង ១៨០ លានដុល្លា នៅក្នុងដំណើរការរបស់អង្គជំនុំ​ជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងការស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រប្រល័យពូជសាសន៍ ហើយ​ថែម​ទាំង​​បានកាត់ទោស កាំង ហ្កេចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ឬមន្ទីរឃុំឃាំងស​២១ ឲ្យជាប់​ពន្ធនាគារ អស់មួយជីវិតទៀតផង។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានផ្តល់​យុត្តិធម៌ថ្វាយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ឡើងវិញតាមរយៈ​ការនាំមក ការបង្កើត និង ការការពារយ៉ាងដាច់ខាតនូវ​​របបរាជា​និយម​ទីពីរ ដូចដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានស្បថចំពោះព្រះបរមរតនកោដ្ឋ ថា “ដរាប​ណាសម្តេចនៅមានជីវិត សម្តេចប្តេជ្ញាការពាររាជ​បល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារសម្តេច​ព្រះវររាជ​​មាតាជាតិខ្មែរ ការពាររាជវង្សានុវង្ស និងការពារ​របប រាជានិយម ជារៀង​រហូត”។

ម្យ៉ាងវិញទៀត ការលើកឡើងរបស់មេបក្សប្រឆាំងទាំង២ រូបនេះ គង់ គាំ និង កឹម សុខា គឺជា​ចេតនា​យ៉ាងច្បាស់លាស់ ក្នុងការបំភ្លៃប្រវត្តិសាស្ត្រ ហើយក៏ជាការបង្ហាញឲ្យឃើញនូវ​នយោបាយ​របស់​បក្ស​ខ្លួន ក្នុងការគាំទ្ររបប លន់ នល់ និង របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យ​ប្រទេស ជាតិ ធ្លាក់ទៅក្នុង​ភ្លើងសង្គ្រាមស៊ីវិល និង វិនាសកម្មជាង ២ ទសវត្សរ៍ ដែលមិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ និងក៏ជាការមាក់ងាយចំពោះវិញ្ញាណក្ខ័ន្ធរបស់ជនរងគ្រោះរាប់ម៉ឺននាក់ ដែលបានស្លាប់​នៅក្នុងគុកទួលស្លែង និងសាច់ញាតិជនរងគ្រោះជាច្រើននាក់ទៀតដែលបាន និងកំពុងទទួលរងការឈឺចាប់មិនអាចបំភ្លេចបាន។

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមអំពាវនាវដល់សាធារណៈមតិជាតិ និង អន្តរជាតិ ជាពិសេសប្រជាជនកម្ពុជាទាំងអស់ ចូលរួមថ្កោលទោសទៅលើមេបក្សប្រឆាំងដែលជាជនអគតិ ទាំង២ រូបនេះ ហើយមេត្តាពិចារណា និងវិនិច្ឆ័យទៅលើសំដីដែលគ្មានការទទួលខុសត្រូវ និងប្រាសចាក ពីការពិតនេះ ដែលយកការភូតកុហក និងការបំភ្លៃប្រវត្តិសាស្ត្រធ្វើជាមូលដ្ឋាន។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៣
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី