Friday, August 8, 2014

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

- សម្តេចតេជោ ហ៊ុន សែន ប្រកាសបំផុសចលនា គាំទ្រតំណែងតំណាងរាស្រ្ត បក្សសង្រ្គោះជាតិ នៅក្នុងរដ្ឋសភា
ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា អង្គុយធ្វើការក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្សអស់រយៈពេលជាងមួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិទាំង ៥៥រូប បានបញ្ចប់ការងរងក់របស់ខ្លួន ព្រមចូលបើកកិច្ចប្រជុំ និងបម្រើការការងារ ក្នុងស្ថាប័ននីតិបញ្ញត្តរួមគ្នា ជាមួយនឹងតំណាងរាស្រ្តទាំង ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាហើយ។
ចាប់ពីថ្ងៃទី៨ ខែសីហា នេះតទៅ គេនឹងលែងឮទៀតហើយ សម្រែកថា សភាចោរ ឫសភាខុសច្បាប់ ដែលតែងឮ ជារឿយៗចេញពីថ្នាក់ដឹកនាំ និង តំណាងរាស្រ្តបក្សសង្រ្គោះជាតិ រយៈពេលប្រមាណជាមួយឆ្នាំកន្លងមកនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ បានជូន ដំណឹងឲ្យដឹងថា កិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែសីហា នេះ ធ្វើឡើងដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ស្នើវិសោធនកម្មប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។
ការសម្រេចចិត្តចូលអង្គុយប្រជុំលើកៅអីរដ្ឋសភារបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺបានកើតមានឡើង បន្ទាប់ពីវិបត្តិនយោបាយត្រូវបានបញ្ចប់ក្រោមកិច្ចពិភាក្សាកំពូលរវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណ បក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីលក្ខខណ្ឌកន្តិកៈ នៃការធ្វើកំណែទម្រង់លើក្បាលម៉ាស៊ីនព្រឹទ្ធសភា រដ្ឋសភា ឲ្យមានតុល្យភាពអំណាច ក្នុងការតស៊ូមតិ ជាពិសេសគឺកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យមានសុក្រិត្យភាព តាមរូបមន្ត ៤-៤-១ជាដើម ត្រូវបានព្រមព្រៀងជាមួយគ្នា។
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងលោក សម រង្ស៊ី និង លោក កឹម សុខា កាលពីថ្ងៃទី៥ ខែសីហា ពេលចេញ ពីផឹកទឹកសម្បថនៅក្នុងព្រះបរមរាជវាំង សុទ្ធតែបានថ្លែងអះអាងដូចៗគ្នាថា ការសម្រេចចិត្តចូលសភា គឺធ្វើឡើង ស្របតាមស្មារតី នៃកិច្ចចរចា ស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ នៅបាន សន្យាទៀតថា នឹងរួមគ្នាធ្វើការតស៊ូមតិតាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភា ស្វែងរកនូវឧត្តមប្រយោជន៍ ជូនប្រជារាស្រ្តជាម្ចាស់ឆ្នោត។
នៅក្នុងពិធីបិទមហាសន្និបាតកាកបាទក្រហមអាណត្តិទី៦ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ សម្តេច តេជោ ហ៊ុន សែន បានប្រកាសថា នឹងបំផុសដឹកនាំចលនាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខ ភាពតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាតំណែងផ្សេងៗទៀត។
សម្តេចតេជោ បានបញ្ជាក់ថា សំឡេងរបស់សម្តេច ពិតជាមានសារសំខាន់ណាស់ ហើយបើសម្តេចមិនបានចូល រួមប្រជុំទេ គណបក្សសង្គ្រោះជាតិ ពិតជាយ៉ាប់ណាស់ ពីព្រោះសម្តេចជាអ្នកធ្វើចលនាសមាជិកគណបក្សប្រជា ជន ដើម្បីបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានផ្ញើសារផ្តាំផ្ញើទៅគណបក្សសង្រ្គោះ ជាតិ កុំមានការព្រួយបារម្ភលើចំណុចនេះ។
សម្រេចចិត្តផ្តើមធ្វើការរួមគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជាការបើកទំព័រសករាជថ្មី នៃភាព រីកចម្រើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឲ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិសាទរ និង ស្វា គមន៍ជាខ្លាំង។
លើសពីនេះទៀត វត្តមានតំណាងរបស់រាស្រ្តទាំង ១២៣រូប ដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងជួយធ្វើឲ្យប្រសិទ្ធភាព និងគុណភាព នៃការដឹកនាំរបស់មន្រ្តីរាជរដ្ឋាភិបាល កាន់តែប្រសើរថែម ទៀត ដើម្បីសម្រេចនូវប្រយោជន៍ជូនប្រជជាពលរដ្ឋកម្ពុជា។ រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា នឹងមិនអាចអង្គុយ សោះអង្គើយបន្តទៀតបាននោះទេ បើមិនដូច្នោះនឹងមានការហៅមកចោទសួរ ឬអាចឈានដល់ការបោះឆ្នោតដក សេចក្តីទុកចិត្តចេញពីតំណែងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបើកសម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាលអា ណត្តិទី៥ កាលពីខែកញ្ញា ឆ្នាំ២០១៣ បានប្រកាសដាស់រឿនរួចហើយ ដល់មន្រ្តីរបស់ខ្លួនឲ្យធ្វើកំណែទម្រង់ស៊ី ជម្រៅ ជាពិសេសការឆ្លុះកញ្ចក់  និង ដុះក្អែលខ្លួនឯង។ បើមិនដូច្នោះទេ សម្តេចឈប់ការពារទៀតហើយ បើក ឱកាសទុកឲ្យមន្រ្តីរដ្ឋសភាកោះហៅមកសាកសួរដេញដោល បានគ្រប់ពេល ជាពិសេសគឺតំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ៕