Friday, August 8, 2014

ប្រមុខ UN ស្វាគមន៍ ចំពោះការ បើកឡើងវិញ ទីលាន ប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ ៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានចេញសេចក្តីថ្លែង ការណ៍មួយ ដោយបានស្វាគមន៍ ចំពោះការបើកឡើងវិញ នៃទីលានប្រជាធិបតេយ្យ បន្ទាប់ពីបានបិទ អស់រយៈពេលជាង ៧ ខែ ។
យោងតាម សេចក្តីថ្លែងការណ៍ របស់អង្គការ សហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោក បាន គីមូន ស្វាគមន៍ចំពោះការបើកឡើងវិញ នៃទីលានប្រជាធិបតេយ្យ បន្ទាប់ពីបានបិទអស់រយៈពេលជាយូរ ដោយសារតែមានបញ្ហា ផ្នែកនយោបាយអស់រយៈពេល ជិតមួយឆ្នាំមកនេះ ។
សូមបញ្ជាក់ផងដែរថា ទីលានប្រជាធិបតេយ្យ បានបិទ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ពោល គឺមានរយៈពេលជាង ០៧ខែ គិតត្រឹមថ្ងៃបើកឡើងវិញ នៅថ្ងៃទី០៦ ខែសីហា ។
ទីលានប្រជាធិបតេយ្យជាកន្លែងប៉ះទង្គិចគ្នា ជាញឹកញាប់រវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ា ជាពិសេស តំណាងរាស្រ្ត និងអ្នកគាំទ្ររបស់គណបក្សសង្រ្កោះជាតិនោះ នៅពេលនេះ បានបើកឲ្យមានការជួបជុំ សម្តែងមតិឡើងវិញ ហើយបន្ទាប់ពីបានបិទអស់រយៈពេលជាង ៧ ខែ។ ការបើកទីលាន ប្រជាធិបតេយ្យ ឡើងវិញ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង៥៥រូប បានស្បថ ចូលបម្រើការងារនៅក្នុងវិមានរដ្ឋសភា ។
តាមការជូនដំណឹង របស់សាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤បានបញ្ជាក់ ថា « ដោយពិនិត្យឃើញស្ថានភាពសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវបានស្តារឲ្យ មានប្រក្រតីភាពឡើងវិញនោះ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឲ្យដំណើរការ ទីកន្លែងបញ្ចេញមតិ (ទីលានប្រជាធិបតេយ្យ) ចាប់ពីថ្ងៃនេះតទៅ» ៕