Friday, August 8, 2014

រាជ​រដ្ឋាភិបាល​គាំទ្រ​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ទទួល​​បាន​​ការ​​ជ្រើស​​តាំង​​ជា​​ប្រធាន​​កាក​​បាទ​ក្រហម​​កម្ពុជា​​ក្នុង​​អាណត្តិ​ទី​៦

នារសៀល ​ថ្ងៃ​ទី​៧ ​ខែ​សីហា​ ឆ្នាំ​២០១៤ ​ មហាសន្និបាត​កាក​បាទក្រហម​កម្ពុជា បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦​។ ការ​ជ្រើស​តាំង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦នេះ ទទួលបាន​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​សំណាក់​ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​ អន្តរជាតិ​ កាកបាទក្រហម​ប្រចាំ​ភូមិភាគ​ ប្រធាន​ប្រតិ​ភូ​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​ភូមិភាគ​ កាកបាទ​ក្រហម​វៀតណាម ចិន និង​មី​យ៉ាន់​ម៉ា​ ដែល​បាន​អញ្ជើញ​ចូល​រួម និង​ជា​ពិសេស​រាជរដ្ឋាភិបាល។

នាឱកាស ​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បិទ​មហាសន្និបាត​កាក​បាទក្រហម​កម្ពុជា ​​នៅ​សាលសន្និ​សីទ​ចតុម្មុខ នា​រៀសល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ដដែល​ សម្តេចអគ្គមហាសេនា​បតី​​តេ​ជោ​ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ដែល​ត្រូវ​បាន​ជាប់ឆ្នោត​សាជាថ្មី ជា​ប្រធាន​ក្រហម​កម្ពុជា​ក្នុង​អាណត្តិ​ទី​៦​នោះ។

“ខ្ញុំ ​សូម​សម្តែង​នូវ​ការ​អបអរសាទរ​ផង​ដែរ ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ដែល​ត្រូវ​បាន​អង្គ​មហា​សន្និបាត​បាន​ផ្តល់នូវ​ជំនឿ និង​សេចក្តី​សុខចិត្ត​ជាថ្មី​ជ្រើសតាំង​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​បន្ត​គ្រប់គ្រង និង​ដឹកនាំ​កាកបាទ​កម្ពុជា​ក្នុងអាណត្តិ​ទី​៦​នេះ​ជា​បន្ត​ទៀត។ ខ្ញុំ​សូម​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ សមាជិក សមាជិកា​ទាំងអស់ នៃ​គណៈកម្មាធិការ​កណ្តាល ដែល​បាន​ជាប់ឆ្នោតក្នុង​អាណត្តិ​ថ្មី​នេះ ក៏​ដូចជា ​ឥស្សរជន អគ្គហិរញ្ញិក អគ្គ​លេខា​ធិការ និង​អគ្គ​លេខាធិការ​រង ដែល​ត្រូវ​បាន​ទទួល​ការឯកភាព​ចាត់តាំង​នៅពេលនេះ​ផងដែរ”។ សូម​បញ្ជាក់​ថា សមាជិក សមាជិកា​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា​អាណត្តិ​ទី​៦​ មាន​ចំនួន​ ២៥​រូប និង​មាន​សមាជិក​បម្រុង​ចំនួន ​៣​រូប។

សម្តេចតេជោ ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ដោយ​សុទ្ធិដ្ឋិនិយម​ថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា សមាជិក​គណៈកម្មាធិការ​កណ្តាល​ ក៏​ដូចជា​ឥស្សរជន​អគ្គ​ហិរញ្ញិក អគ្គលេខាធិការ និង អគ្គលេខាធិការ​រង មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ទាំង​អស់​នឹង​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា ក្នុង​បុព្វហេតុដើម្បី​បន្ត​កសាង​សមត្ថភាព​ថ្មី​បន្ថែម​ទៀត លើ​ការងារ​មនុស្សធម៌​ឲ្យ​ឆ្លើយ​តបបានទៅ​នឹង​គ្រោះ​មហន្តរាយ​នានា ជាពិសេស​ការ​ជួយ​រំលែក​នូវ​ទុក្ខ​លំបាក​របស់​ប្រជាជន​រងគ្រោះ​នៅ​ ទូទាំងប្រទេស។ ដោយ​អំពាវនាវ​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល​ដ៏​ដូចជា ឥស្សរជន​អគ្គ​ហិរញ្ញិក អគ្គលេខាធិការ និងអគ្គ​លេខាធិការរង មន្ត្រី ​បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់​បន្ត​ពង្រឹង និង​ពង្រីក​ការទទួលខុសត្រូវ​លើ​គ្រប់​ផ្នែក​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្តជួយ​គាំទ្រ​ទាំង​ផ្នែក​គោលនយោបាយ ច្បាប់ យន្តការ​គាំទ្រ​នានា ព្រមទាំង​សម្ភារ និង​ថវិកា​ក្នុង​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ ២០១១-២០១០​ របស់​ខ្លួន ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​ថ្មីៗ​ថែមទៀត​នៅ​អាណត្តិ​ថ្មី​នេះ។

សម្តេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា ខ្ញុំសង្ឃឹម និង​ជឿជាក់​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់​កា​ក​បាទ​ក្រហម​កម្ពុជា នឹង​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​ការដឹកនាំ​កាកបាទក្រហម​កម្ពុជា ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ មាន​អភិបាលកិច្ច​ល្អ និង​ពង្រឹង​សាមគ្គីភាព ឯកភាព មាន​កិច្ចសហ​ប្រតិបត្តិការ ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ឆ្លើយតប​ដល់​ការងារជួយ​សង្គ្រោះ​ជីវិត​មនុស្ស ការងារ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​នានា ការលើកតម្លៃ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ជាតិ​​ ឲ្យ​សក្ដិសម​ជា​សមាគម​ជាតិ​នាំមុខគេ ​ក្នុងវិស័យ​មនុស្សធម៌​នោះ។

នៅ ​ក្នុងតួនាទីជា​ប្រធាន​កាកបាទក្រហម​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុន សែន បាន​មានប្រសាសន៍សន្យាថា ខ្ញុំ​សូម​ធ្វើការប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ការដឹកនាំ​កា​ក​បាទ​ក្រហម​ កម្ពុជា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ មាន​អភិបាលកិច្ច​ល្អ និង​ពង្រឹង​សាមគ្គី​ភាព ឯកភាព កិច្ច​សហប្រតិបត្តិ ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ព្រោះថា ការ​ឆ្លើយតប ការងារ​ជួយ​សង្គ្រោះ ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម ពុំ​មាន​តួអង្គ​ណា​ម្នាក់ ​ស្ថាប័ន​ណាមួយ​ឬ​ប្រទេស​ណាមួយ​អាចធ្វើ​បាន​ដោយ​ម្នាក់ឯង​ទេ។
សម្រាប់ ​ការ​ងារ​មនុស្ស​ធម៌​ក្នុង​អាណត្តិ​ថ្មី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មានប្រសាសន៍ថា ​ យើង​នឹង​បន្ត ការ​លើកទឹកចិត្ត និង​ការគាំទ្រ​ដល់​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ទូទាំងប្រទេស ដើម្បី​ធានាបាន​នូវ​ការ​ពង្រឹង​កិត្តិនាម កិត្យានុភាព របស់​កាកបាទក្រហម​កម្ពុជា ជាពិសេស​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ ថ្នាក់​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​នៃ​កិច្ចការ​មនុស្សធម៌​ប្រព្រឹត្ត​ទៅ​ ដោយរលូន និង​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឲ្យ​សក្ដិ​សមជា​សមាគម​ជាតិ​នាំមុខគេ​ក្នុង​វិស័យ​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ​ដោះស្រាយ​ភាព​ខ្វះខាត និង​ទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ និងគ្រោះ​មហន្តរាយ​ដោយ​ប្រការ​ផ្សេងៗ​នោះ៕