Friday, August 8, 2014

លោក Kerry ស្វាគមន៍សាលក្រម របស់សាលាក្តី ខ្មែរក្រហម

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាម៉េរិក លោក John Kerry បានចេញសេចក្តី ថ្លែងការណ៍ មួយដោយបានសម្តែងការ ស្វាគមន៍ ចំពោះសាលក្រម របស់សាលាក្តីខ្មែរក្រហម ដែលគាំទ្រ ដោយអង្គការ សហប្រជាជាតិ ដែលផ្តន្ទាទោសអតីតមេដឹកនាំខ្មែរ ក្រហមទាំងពីរ ឱ្យជាប់គុកអស់មួយជីវិត។
យោងតាមសេចក្តីថ្លែង ការណ៍របស់លោក Kerry ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃសុក្រទី ៨ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា រយៈពេលជាង ៣០ឆ្នាំ បន្ទាប់ពីពួកខ្មែរក្រហម បានកាប់ សំលាប់ប្រជាជនប្រហែល ១,៧ លាននាក់ ប្រជាជនកម្ពុជាបានទទួលយុត្តិធម៌បន្តិចបន្តួចខ្លះមកវិញ និងការរំលឹក អោយដឹងថា ពិតមែនតែយុត្តិធម៌អាចនឹងមិនបានមកដោយភ្លាមៗក្តី តែយុត្តិធម៌ ដាច់ខាត ត្រូវតែមាន។ សាលក្រមថ្ងៃនេះ ទៅលើជនពីរនាក់ ក្នុងចំណោមសមាជិក ជាន់ខ្ពស់បំផុតដែលនៅមានជីវិត របស់ពួកខ្មែរក្រហម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសំរាប់ប្រជាជនកម្ពុជា ដែលបានរងគ្រោះ ដោយអំពើមួយចំនួន ក្នុងចំណោមអំពើ ដែលគួរអោយរន្ធត់បំផុតនៅក្នុងសតវត្សរ៍ទី ២០។
លោកបានលើកឡើងថា “ក្នុងចំណោមការងារ ទាំងអស់ដែល ខ្ញុំបានចូលរួមធ្វើក្នុង នាមជាសមាជិក នៃគណកម្មាធិការទំនាក់ទំនង បរទេសរបស់ព្រឹទ្ធសភា សហរដ្ឋអាម៉េរិក អស់រយៈពេល ២៩ ឆ្នាំ ខ្ញុំមាន មោទកភាពណាស់ដែលបានធ្វើដំណើរ ទៅមកយ៉ាងច្រើន រវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការជាមួយភាគីកម្ពុជា ដើម្បីបង្កើតអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC) ។ បញ្ហានេះជារឿងមួយដែលមានភាពជ្រាលជ្រៅសំរាប់ខ្ញុំ ក្នុងនាមជាមនុស្សម្នាក់ ដែលបានមើលឃើញ គោល នយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ប្រកបដោយអារម្មណ៍ ពុះពោរក្នុងចិត្តក្នុង នាមជាយុវជនម្នាក់ ដែលកំពុងបំរើជាតិនៅក្នុងតំបន់ ហើយខ្ញុំចង់មានចំណែក ដោយផ្ទាល់នៅក្នុងការងារ ដើម្បីនាំមកនូវការបិទបញ្ចប់ ក្នុងពេលរាប់ទសវត្សក្រោយមក”។
ការខិតខំដើម្បីកាត់ទោស អ្នកដែលមានការទទួលខុស ត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម ដ៏គួរអោយ ខ្លាចទាំងនេះ បានចាប់ផ្តើមដោយមានការយឺតពេលច្រើន ហើយចាំបាច់ត្រូវតែធ្វើ។
លោករដ្ឋមន្រ្តី បានថ្លែង ដោយរំលឹកថា “ខ្ញុំនឹងមិនភ្លេចរឿងដ៏រំភើបមួយរបស់អ្នកកាសែតថតរូបម្នាក់ឈ្មោះ ឌិត ប្រាន (Dith Pran) ដែលការរស់រានមានជីវិត របស់គាត់ឆ្លងផុត សម័យកាប់សំលាប់នោះគឺ ជាជោគជ័យ មួយនៃស្មារតី របស់មនុស្សជាតិ ។ លោកធ្លាប់បានមានប្រសាសន៍ថា “អ្នកដែលបាន ស្លាប់ទៅកំពុងដង្ហោយហៅរកយុត្តិធម៌”។ សូមជឿខ្ញុំថា តាមរយៈ ECCC សហគមន៍ អន្តរជាតិ កំពុងតែធ្វើការជាមួយគ្នា ដើម្បីធ្វើអោយសំឡេង ទាំងនោះត្រូវបានគេស្តាប់លឺ”។
ជាមួយគ្នានេះ ប្រមុខការទូតអាម៉េរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក នឹងបន្តជួយគាំទ្រ ដល់ការខិតខំរបស់ ECCC ដើម្បីធានាអោយមានយុត្តិធម៌ ហើយបំភ្លឺអោយគេឃើញ ដំណាក់កាលដ៏ខ្មៅ ងងឹត បំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ថ្វីត្បិតតែមានការយឺតយ៉ាវក្តី តែសាលក្រមនៅ ថ្ងៃនេះគឺជា ជំហានជាប្រវត្តិសាស្រ្ត មួយនៅលើមាគ៌ា មួយសំរាប់ប្រទេសកម្ពុជា ។
លោកបន្ថែមថា “ពេលនេះ យើងត្រូវតែជួយប្រជាជនកម្ពុជាអោយដល់ទីបំផុត ក្នុងពេលដែលគេចាប់ផ្តើមសករាជថ្មី មួយនៃយុត្តិធម៌ គណនេយ្យភាព និងការផ្សះ ផ្សារគ្នា”៕