Monday, September 29, 2014

សម្តេច​តេជោ ហ៊ុន សែន ស្វាគមន៍​ចំពោះ​ការ​បន្ត​កិច្ច​សហការ រវាង រាជធានី​ភ្នំពេញ និងទីក្រុង​ប៊ូសាន នៃសាធារ​ណរដ្ឋកូរ៉េ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ កម្ពុជា បាន​អនុញ្ញាតឱ្យ ឯកឧត្តម SUH Byung Soo អភិ​បាលក្រុងប៊ូសាន នៃ សាធារណរដ្ឋកូរ៉េ​ចូល​ជួប​សំដែងការគួរសម និងពិភាក្សា​ការងារ​ក្នុង​ឱកាសមក បំពេញទស្សនកិច្ចនៅកម្ពុជា។

ក្រោយពីជំនួប​បានបញ្ចប់​ដែល​ធ្វើឡើង​នៅវិមាន​សន្តិភាព នារសៀល ថ្ងៃទី២៩កញ្ញា នេះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី បានប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ នៅក្នុ្ងងជំនួបនេះ ភាគីទាំង​ពីរបាន​ផ្តោត​ទៅលើការ​ពង្រឹងទំនាក់ទំនង ទ្វេភាគី រវាង​ប្រទេស​​កម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ក៏ដូចជា​រវាង ទីក្រុងភ្នំពេញ និងទីក្រុងប៊ូសាន ដោយ​​សារ​ទីក្រុង ប៊ូសាន នឹងទទួល​រៀបចំ​កិច្ច​ប្រជុំកំពូល អនុ ស្សាវរីយ៍ អាស៊ាន និង​សាធារណ​រដ្ឋកូរ៉េនៅខែ ១២ខាងមុខ ដែល​សម្តេច នឹង ត្រៀមទៅ​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល​ក៏ដូចជាទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋ កូរ៉េនោះ។

ក្នុងកិច្ចពិភាក្សានោះដែរ សម្តេចតេជោ និង​ឯក​ឧត្តម​អភិបាលក្រុងប៊ូសាន ក៏បាន ផ្តោត ជា​សំខាន់​លើការ​ទទួល​អ្នកវិនិយោគ​ក៏ដូច​ជាអ្នក​ទេសចរណ៍​របស់កូរ៉េ រួមទាំង បញ្ហាបទពិសោធន៍ របស់ប្រទេសកូរ៉េ ដែលពាក់ព័ន្ធនឹងចលនាភូមិថ្មី ដែលជាបទ ពិសោធន៍ដ៏ល្អរបស់កូរ៉េ ហើយសំខាន់ជាងនេះទៀត គឺជំរុញកិច្ចសហប្រតិបត្តិការ រវាង រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន ដោយជំរុញឱ្យមានការពិភាក្សា និងពិនិត្យ មើលឡើងវិញពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ហើយក៏បានឯកភាពបន្តរយៈ កិច្ចសហការក្នុងរយៈពេល៥ឆ្នាំតទៅទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះការបន្តកិច្ចសហការ រវាង រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន ក្នុងរយៈពេល៥ឆ្នាំតទៅមុខទៀត ក៏ដូចជា ការ ឱ្យពិនិត្យមើលឡើងវិញនូវការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពី ឆ្នាំ១៩៩៧ -១៩៩៨មកដែលរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះកាន់តែមានការរីកចំរើនច្រើន។ ជាក់ស្តែងដូចឃើញស្រាប់ហើយនៅកម្ពុជាសព្វថ្ងៃ គឺមានអ្នកទេសចរណ៍កូរ៉េ និងអ្នកវិនិយោគកូរ៉េ ជាច្រើន ហើយផលិតផលដែលបាននាំចូលពីកូរ៉េក៏មានចំនួនច្រើនដែរ។ ជារួមសម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជាឯឧ អភិបាលក្រុងប៊ូសាន គឺមានការរីករាយចំពោះទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសវិស័យសេដ្ឋកិច្ច និងនយោបាយ៕
អត្ថបទដោយ៖ ខេមរា