Monday, September 29, 2014

សម្តេច​តេជោ សុំ​ឲ្យ​​ប្រជាពល​រដ្ឋមាន​​ការ​​យោគ​យល់ និង​អធ្យា​ស្រ័យ​​ចំ​ពោះ​​ទឹក​​លិច​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា បានសុំឲ្យប្រជា​ពលរដ្ឋរស់​នៅក្នុងរាជ​ធានីភ្នំពេញ មានការយោគយល់ និង​អធ្យាស្រ័យ​ចំពោះទឹកលិច​ក្នុងរាជធានីភ្នំពេញ ដ៏ធ្ងន់ធ្ងរ កាលពីថ្ងៃ​អាទិត្យ​ទី២៨ខែកញ្ញា។ សម្តេច​​បានបញ្ជាក់ថា អាជ្ញាធរ កំពុង​មាន​វិធាន​ការ​ដើម្បី​បូមទឹក​ចេញពី​រាជធានី​ភ្នំពេ​ញ កុំឲ្យមាន​ទឹកលិច​ខ្លាំង​នៅពេលភ្លៀងធ្លាក់ តាម​រយៈ​ការ​បង្កើតប្រព័ន្ធលូ ។

ការថ្លែងបែបនេះ បានធ្វើ​ឡើងក្នុងឱកាស ដែល​សម្តេចតេជោ អញ្ជើញ​ជា​អធិបតីក្នុង​ពិធីប្រគល់​សញ្ញាបត្រ ដល់​​និស្សិតសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី២៩ខែ​កញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌល​កោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកភ្លៀងកាលពីថ្ងៃអាទិត្យទី២៨ ខែកញ្ញា លិច​កម្ពស់​ពី៧០-៨០មិល្លី​ម៉ែត្រ ។ សម្តេច បានអំពាវនាវសុំឲ្យមានការយោគយល់ តែទោះ​ជាយ៉ាងណា យើងកំពុងចាត់​វិធានការ​ទាញ​យក​ទឹកចេញពីទីក្រុងតាមរយៈបង្កើតប្រព័ន្ធលូ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងពីការ​ព្យា​ករណ៍​​​របស់ឧតុនិយមផងដែរថា ទឹក​ភ្លៀង​នឹងអស់នៅក្នុងសប្តាហ៍ទី២-៣ ក្នុងខែវិច្ចិកា ហើយរដូវ​រងា​នា​ឆ្នាំនេះ មាន​រយៈពេលវែង ។ សម្តេច​តេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាកសិករត្រូវទប់ទឹកទុក ដើម្បីបង្ក​បង្កើន​ផល​ផងដែរ ទោះបីបច្ចប្បន្នកំពុងមានធ្លាក់ខ្លាំងក្តីកុំបង្ហូរទឹកចោល ។

ទាក់ទង​នឹង​ការធ្វើ​បាតុកម្មតវ៉ា​ប្រឆាំង​ចំពោះ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោហ៊ុន សែន បានលើកឡើង​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ថា  ការទទួល​យក​ជនភៀសខ្លួន​បរទេសមក​កម្ពុជាត្រូវធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រ​ចិត្ត​។ សម្តេច​បាន​មាន​ប្រសាសន៍បន្តថា ជាធម្មតា នៅ​ប្រទេស​ណា ក៏មាន​ការធ្វើ​បាតុកម្មតវ៉ា​ប្រឆាំង​នឹង​​​ការទទួលយក​ជន​ភៀសខ្លួន​បរ​ទេស​ដែរដូចជា​នៅ​ប្រទេស​អូស្ត្រាលី ហើយ​នៅ​កម្ពុជាក៏មាន​ដូចគ្នា​នេះ​ដែរ​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាការទទួលយកជនភៀសខ្លួន​បរទេសមក​កម្ពុជា​ត្រូវធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត មិនមែន​ដោយ​ការចាប់បង្ខំ​នោះទេ គឺ​ធ្វើ​សំភាសន៍​ ហើយបើ​គេ​ចង់​មក​កម្ពុជា យើង​ទទួល តែបើ​គេ​ថា កម្ពុជា​មិន​គ្រប់​ស្តង់ដារ គេ​មិន​មកជា​សិទ្ធិ​របស់គេ​ តែ​សម្តេច​ថា ប្រទេស​អូស្ត្រា​លី​​គេមាន​ជំ​នឿថា កម្ពុ​ជាមាន​លក្ខណៈ​គ្រប់គ្រាន់ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​​។ សម្តេច​បាន​បញ្ជាក់​ថាៈ​វា​ជា​កាតព្វ​កិច្ច​​អន្តរ​ជាតិ​៕

អត្ថបទ​ដោយ​៖ ខេមរា