Monday, September 29, 2014

សម្តេច​តេជោ ៖ កម្ពុជា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​ជន​ភៀសខ្លួន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា « ការដែល​អូស្ត្រាលី​សម្រេច​ចិត្ត​បញ្ជូនជនភៀសខ្លួនមកកាន់កម្ពុជា គឺដោយ សារ តែ អូស្ត្រាលី យល់ ឃើញ ថា ប្រទេស​កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់​ផ្តល់មុខរបរដល់ ជនភៀសខ្លួនទាំងនោះ ប្រកបរបរចិញ្ចឹមជីវិត »។

សម្តេចតេជោ ថ្លែងដូច្នេះ នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ ដល់និស្សិត សាកល វិទ្យាល័យ បៀល ប្រាយ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៤​នេះ នៅមជ្ឈមណ្ឌលសន្និបាត កោះ​ពេជ្រ ហើយក៏ជាការឆ្លើយតបទៅនឹងប្រតិកម្ម របស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលនិយាយថា កម្ពុជាមិនមែនជាប្រទេសសមស្រប និង មាន សមត្ថភាព ដើម្បីទទួលជនភៀសខ្លួនឡើយ។



ក្រុមអង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ​មួយ​ចំនួន បានលើកឡើង ថា ភាពជាក់ស្តែង​នៅកម្ពុជា​មិនអាចក្លាយ​ជាប្រទេស​មួយ​ដែល​សម​ស្រប​តាមស្តង់​ដាអន្តរជាតិ​ក្នុងការទ​ទួល​យក​ជនភៀសខ្លួនឲ្យមករស់នៅបានទេ ដោយ​អះអាងថា ទី១ ប្រទេសកម្ពុជា​ជាប្រទេស​ក្រីក្រ​នៅ​ពឹងផ្អែកលើជំនួយបរទេស គឺ​កម្ពុជា​នៅសុំលុយ​គេដើម្បីរស់ជារៀងរាល់ឆ្នាំ ទី២ ការអត់ការងារធ្វើនៅកម្ពុជាមានអត្រាខ្ពស់ ដែលកាតព្វ កិច្ច របស់ ប្រទេស ម្ចាស់ ផ្ទះ(កម្ពុជា)ក្នុងការទទួលជនភៀស​ខ្លួន​ត្រូវ​តែបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ការងារធ្វើដល់ជនភៀសខ្លួនទាំងនោះ និងទី៣ កម្ពុជា ជាប្រទេសស្ថិតក្នុងបញ្ជីរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់អន្តរជាតិយ៉ាងខ្លាំង ដូច្នេះ អង្គការ​ទាំងនោះ មានការព្រួយបារម្ភថា ជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលី អាចប្រឈម​នឹងការ​រំលោភ​សិទ្ធិមនុស្សបន្ថែមទៀត។

ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា អូស្ត្រាលី លើការបញ្ជូនជនភៀសខ្លួន ពីប្រទេស​អូស្រ្តាលី មករស់នៅនៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានប្រកាសបញ្ជាក់ថា ការបញ្ជូនជនភៀសខ្លួននេះ ធ្វើឡើងតាម គោលការណ៍ស្ម័គ្រចិត្ត មិន​មែន​​ជាការ​ចាប់​បង្ខំ ហើយក៏ជាកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «យើង​មិន​ចេះតែ​ធ្វើ​ទទឹង​ទិស​នោះទេ ហើយក៏គ្មាននរ ណាចេះតែមក អត់ស្គាល់កម្ពុជាជាអ្វីនោះដែរ»។

សូម​បញ្ជាក់​ថា កម្ពុជា និងអូស្ត្រាលី បាន​ចុះ​កិច្ចព្រមព្រៀងលើការទទួលយក និង​បញ្ជូន​ខ្លួនជន ភៀសខ្លួនពីប្រទេស​អូស្ត្រាលី​ឲ្យ​មក​រស់នៅកម្ពុជា កាល​ពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០១៤ សប្តាហ៍មុននេះ ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បាន​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើង ក្នុង​ក្រប​ខណ្ឌ មនុស្សធម៌តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៤នេះ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កើត រិទ្ធ រដ្ឋលេ​ខាធិការ​ក្រសួង​យុត្តិធម៌ ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​ក្រសួងមហាផ្ទៃ មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ជនអន្តោប្រវេសន៍ ឯកឧត្តម ខៀវ សុភគ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បាន​ធ្វើសន្និសីទ​សារព័ត៌មាន​បំភ្លឺអំពី ករណី​នេះ​ផង​ដែរ៕