Monday, September 29, 2014

ប្រធានអង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហ្សង់ដ្រូ ល្មើស​ច្បាប់ ដឹកនាំ​បិទផ្លូវ​បង្កការ​កក​ស្ទះចរាចរ

ប្រធាន​អង្គការមួយ​ឈ្មោះ​« មាតា​ធម្មជាតិ »​ ​ជា​ជន​ជាតិ​អេស្បាញ​ គឺ​​លោក Alex jandro Gonzalez Davidson ( អាឡិច ហ្សង់​ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន) អាយុ​៣៤ឆ្នាំ​ បាន​ដឹក​នាំ​គ្នី​គ្នា​របស់​ខ្លួន​មួយ​ចំ​នួន​​ បិ​ទ​ផ្លូវ​សាធារណៈនៅចំ​ណុច​ច្រាំង​ត្រឡាច ស្ថិត​ក្នុង​ខេត្ត​កោះ​កុង​ ក្នុង​អ្វី​​ដែល​លោក​គិត​ថា ជា​ការ​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំ​នប់​វារី​អគ្គីសនី​ ។

          សកម្មភាពបំ​ពាន​ច្បាប់​​របស់​លោក អាឡិច ហ្សង់​ដ្រូ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរដល់​ចរាចរ ​និង​បង្ក​ការ​អាក់​ខាន​ក្នុង​ការ​ធ្វើ​ដំ​ណើររបស់​អ្នកដទៃ​ទៀត​ដែល​ត្រូវ​ ឆ្លង​កាត់​ទី​នោះ​។

          ក្នុង​ឋានៈជាជន​បរទេស​មួយ​រូប​ លោក អាឡិច ហ្សង់​ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន មិន​ត្រឹម​តែ​បាន​ញុះញង់​ប្រជា​ពលរដ្ឋ​ និង​បក្ខពួក​របស់​ខ្លួន​មួយ​ក្រុម​តូច​ប្រឆាំង​នឹង​ផែន​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំងបង្ក​ចលាចល​ រារាំង​ ប្រឆាំងអា​ជ្ញាធរដែន​ដី​ទៀត​ផង​។ តើ​ជន​បរទេស​ម្នាក់​នេះ​ ជាកូន​ជឹង​ ជា​ឈ្នាន់​បំ​រើ​​​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង​ ឬ​ក៏​ជា​ជន​អានាធិបតេយ្យ​ចង់​ធ្វើ​ជា​បង​ធំ​ ប្រឆាំង​នឹង​ច្បាប់​នៅ​ស្រុក​ខ្មែរ?

          វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ជន​ជាតិ​អេស្បា​ញ​ ជា​ប្រធាន​អង្គការ​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​ដ៏​ជ្រុល​ហួស​ព្រំ​ដែន​កំ​ណត់​នៃ​​ច្បាប់ គឺ​ការ​បិទ​ផ្លូវ​សាធារ​ណៈ ដែល​​ជា​អំពើ​បំ​ពាន​ច្បាប់​ទាំង​កំ​រោល​​។
          បន្ទាប់​ពី​ពិនិត្យ​ឃើញ​ទង្វើ​ច្រងេង​ច្រងាង​របស់​ជន​បរទេស​រូប​នេះ និងការ​​សម្រប​សម្រួល​នៅ​កន្លែង​កើត​ហេតុ​មិន​បាន​សម្រេច​ ​អាជ្ញាធរដែន​ដី​ខេត្ត​កោះ​កុង​ ដែល​ជា​​មន្ត្រី​អនុវត្ត​ច្បាប់​ ក៏​បាន​នាំ​ខ្លួន​លោក អាឡិច ហ្សង់​ដ្រូ ទៅ​សាកសួរ និង​ធ្វើ​កំ​ណត់​ហេតុ​នៅ​ការិយាល័យ​របស់​សមត្ថកិច្ច​ខេត្ត​។
          នៅ​ក្នុង​​ចំ​លើយ​សារភាព​ដែល​សរសេរដោយ​ដៃជាភាសាខ្មែរ មាន​​ហត្ថលេខា និង​ស្នាម​ផ្តិត​មេដៃ​ ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ជន​បរទេស​រូប​នេះ បាន​ទទួល​ស្គាល់​ថា ​ខ្លួន​គេពិត​ជា​​បាន​ធ្វើ​ខុសច្បាប់​ និង​បាន​សូម​អភ័យ​ទោស​ចំ​ពោះ​កំ​ហុស​ឆ្គង​របស់​ខ្លួន​ ដែល​បាន​ធ្វើ​សកម្មភាព​ចត​ឡាន​ទទឹង​ផ្លូវ ដោយ​មូល​ហេតុគ្រាន់​តែ​គេ​បាន​លឺដំ​ណឹង​ពី​សហគមន៍​នៅ​តំ​បន់​អារ៉ែង​ ថាមាន​ក្រុម​ហ៊ុន​មួយ​នឹង​ធ្វើ​ការ​សាង​សង់​ទំ​បន់​វារី​អគ្គីសនី​នៅ​តំ​បន់​នោះប៉ុណ្ណោះ​​ គឺ​គាត់​អាច​នឹង​មិន​មាន​ការ​សិក្សា​ស្វែងយល់​ឲ្យ​បានស៊ី​ជម្រៅ​អំ​ពី​ អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការ​សាង​សង់​ទំ​បន់​វារី​អគ្គី​សនី​នៅ​តំ​បន់​នោះ​ទេ។
          ក្នុង​កំ​ណត់​ហេតុ​ លោក អាឡិច ហ្សង់​ដ្រូ ​បាន​សន្យាថា ថ្ងៃ​ក្រោយ​លោក​នឹង​មិន​ធ្វើ​ទង្វើណា​ដែល​ខុស​នឹង​សណ្តាប់​ធ្នាប់​សាធារណៈ និង​ប៉ះ​ពាល់​ដល់​អាជ្ញាធរខេត្ត​ទៀត​ឡើយ​ និង​បាន​សូម​ការ​អភ័យ​ទោសពី​ឯកឧត្តម​ អភិបាល​ខេត្ត​កោះ​កុង ចំ​ពោះ​កំ​ហុស​នៃ​ការ​បិទ​ផ្លូវ​។

          ការ​សារភាព​ដូចគ្នា​នេះ ក៏​បាន​ធ្វើ​ឡើង​ផង​ដែរដោយ​បក្ខពួក​គូកន និង​ប្រជាពល​រដ្ឋ​ចំ​នួន​១០​នាក់ ដែល​ចាញ់​ការ​ញុះ​ញង់​របស់​ប្រធាន​អង្គការ​មាតាធម្មជាតិ បាន​សន្យាចំ​ពោះ​មុខសមត្ថកិច្ច​ថា តទៅ​ថ្ងៃ​មុខ​ បើ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត​ សូម​ឲ្យ​សមត្ថកិច្ច​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​​។
          សូម​បញ្ជាក់​ថា យោង​តាម​ច្បាប់​ចរាចរផ្លូវ​គោក​ មាត្រា​៧៨ បាន​ចែង​យ៉ាង​ច្បាស់​ថា ជន​ណា​ប្រើ​ប្រាស់​មធ្យោបាយ​ណាមួយ​ ដើម្បី​ជា​ឧបសគ្គដល់​ចរាចរណ៍​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ពី​១ខែ​ទៅ​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ម្ភៃ​ម៉ឺន​រៀល ទៅ​ពីរលាន​រៀល​។

          ដូច្នេះ ក្នុង​ករណី​ជន​ជាតិ​អេស្បាញរូប​នេះ ដែល​បាន​បិទ​ផ្លូវ​សាធារណៈ ប្រសិន​បើ​សកម្មភាព​នេះ​ មិន​ត្រូវ​បាន​ទទួល​យកការសម្រប​សម្រួល​ពី​សមត្ថកិច្ច​នោះ​ទេ លោកអាឡិច ហ្សង់​ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន នឹង​ត្រូវ​ប្រឈម​ចំ​ពោះ​មុខ​ច្បាប់​ ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ​ បើ​ប្រធាន​អង្គការ​រូប​នេះ នៅ​តែរឹង​រូសចចេះ​មានៈមិនស្គាល់​ពី​កំ​ហុស​របស់​ខ្លួន​ ហើយ​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សង្គម​ ឬ​ក៏​រារាំង​ បំ​ផ្លាញ​ដល់​ការ​អនុវត្តន៍​ច្បាប់ ជន​បរទេស​រូប​នេះ អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ តាម​រយៈការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ ពី​ព្រោះ​សកម្មភាព​របស់​លោក អាឡិច ហ្សង់​ដ្រូ មិន​មែន​ជា​ការ​ប្រើប្រាស់​ត្រឹម​តែ​សិទ្ធិ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​ទេ វាគឺ​ជា​ការ​ញុះ​ញង់​ បង្ក​ចលាចល​សង្គម​។

លោក អាឡិច ហ្សង់​ដ្រូ គួរ​គប្បី​ធ្វើ​សកម្មភាពត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ និង​ព្រំ​ដែន​នៃ​វិជ្ជាជី​វៈរបស់​ខ្លួន​ដែល​ជា​អង្គ​ការ​ឯករាជ្យ​ មិន​ត្រូវ​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ឡើយ​។
យោង​តាម​ការ​បំ​ភ្លឺរបស់​ក្រសួង​រ៉ែ​ និង​ថាម​ពល​​លើ​គម្រោង​វារី​អគ្គីសនី​ស្ទឹង​អារ៉ែង ផ្សព្វ​ផ្សាយ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ​ បាន​បញ្ជាក់​ថា គម្រោង​វារី​អគ្គីសនី​ស្ទឹង​អារ៉ែង​ ត្រូវ​បាន​កំ​ណត់​សម្រាប់​ការ​អភិវឌ្ឍ​តាំង​ពី​មុន​ឆ្នាំ​១៩៧០ ជា​មួយ​គម្រោង​វារី​អគ្គីសនី​ដទៃ​ទៀត​នៅ​ភាគ​ខាង​លិច ដូចជា ​កំ​ចាយ អា​តៃ​ ឬស្សី​ជ្រុំ តាតៃ ជា​ដើម​។

ការ​សិក្សាបច្ចេកទេស​ និង​បរិស្ថាន​ធម្មជាតិ​ និង​សង្គម​ បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៦  និង​នៅ​ខែ វិច្ឆិកា ខែ​ធ្នូ  ឆ្នាំ​ ២០១៣ មាន​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​​នូវ​លទ្ធ​ផល​សិក្សាវាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ជំ​ហ៊ាន​ដំ​បូង។

ក្រសួង​រ៉ែ​ និង​ថាម​ពល​ បាន​ឱ្យ​ដឹង​ថា ផល​ដែល​ទទួល​បាន​ពី​គម្រោង​វារី​អគ្គីសនី​ស្ទឹង​អារ៉ែង​នេះ មាន​អានុភាព​តម្លើង​ត្រឹម​១០៨ មេហ្គាវ៉ាត់ ប៉ុន្តែ​ វារី​អគ្គី​សនី​នេះ​អាចដំ​ណើរការស្ទើរពេញមួយ​ឆ្នាំ​ ដែល​បរិមាណ​ថាម​ពល​ផលិតបាន​ប្រចាំ​ឆ្នាំ​រហូត​ដល់៥៩៥ លាន​គី​ឡូ​វ៉ាត់​ម៉ោង ច្រើន​ជាង​វារី​អគ្គី​សនី​កំ​ចាយដែល​ផលិត​ថា​តែ​៤៩៨ លាន​គី​ឡូ​វ៉ាត់​ម៉ោង ទោះ​ជា​អានុភាព​តម្លើង​ធំ​ជាង​ដល់​ទៅ​១៩៤​មេហ្គាវ៉ាត់​ដ៏​ដោយ​។ ទន្ទឹម​នោះ​ គម្រោង​វារី​អគ្គី​សនី​ស្ទឹង​អារ៉ែង ក៏​ដូច​ជាវារី​អគ្គីសនី​ដទៃ​ទៀត​ដែរនឹង​ទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​ ដូចជា​ធានាសន្តិសុខថាម​ពល​ ធានានូវ​ស្ថេរភាព​ និង​គុណ​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ ការពារទឹក​ជំ​នន់​ អាច​ចែក​ចាយ​ និង​ផ្គត់​ផ្គង់ថាម​ពល​អគ្គីសនី​ទូ​ទាំង​ប្រទេស​តាម​បណ្តាញ​បញ្ជូន​ជាតិ និង​ជា​រមណី​ដ្ឋាន​ទេសចរណ៍​ធម្មជាតិ (​ អេកូ​ទេសចរណ៍​) និង​ផលប្រយោជន៍​ជា​ច្រើន​ទៀត ជា​ពិសេស ការ​កាត់​បន្ថយភាព​ក្រី​ក្រដល់​ប្រជាពលរដ្ឋ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​ដើម​។

ទោះ​យ៉ាង​ណា​ ក្រសួង​រ៉ែ​ និង​ថាម​ពល​ បាន​អះ​អាង​ថា គម្រោង​វារី​អគ្គី​សនី​ស្ទឹង​អារ៉ែង​នេះ ក្រសួង​នឹង​ខិត​ខំ​រក​វិធី​ធ្វើ​ការ​អភិរក្ស​ និង​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​​​ឲ្យ​នៅ​តិច​បំ​ផុត​ ហើយ​ថា គម្រោង​វារី​អគ្គី​សនី​នេះ​ត្រូវ​មាន​ការ​សិក្សាលម្អិត​អំពី​ផល​ប៉ះ​ពាល់បន្ថែម​ទៀត និង​ការ​ស្វែង​រក​វិធាន​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ទាំង​នោះ​។ បច្ចុប្បន្ន អ្នក​សិក្សា​ជំ​ហាន​បន្ទាប់​នៃ​គម្រោង​វារី​អគ្គី​សនី​ស្ទឹង​អារ៉ែង កំ​ពុង​ព្យាយាម​ចូល​ទៅ​សិក្សា​លម្អិត​នៅ​តំ​បន់​នោះ​៕
សូម​អាន​ការ​បំ​ភ្លឺ​របស់​ក្រសួង​រ៉ែ​ និង​ថាម​ពល​៖




អត្ថបទដោយ៖ សុភាព