Monday, September 29, 2014

អគ្គនា​យកដ្ឋានអន្តោ​ប្រវេសន៍ ៖ ជនភៀ​សខ្លួនដែ​លមកពី​អូស្ត្រាលី មករស់​នៅកម្ពុជា សាក​ល្បង​លើកដំ​បូង​មានចំនួន​ក្រោម​១០នាក់

ឯកឧត្តម នាយឧត្តមសេនីយ៏ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ នៃក្រសួង​មហាផ្ទៃ បានមានប្រសាសន៏ថា ការទទួល​យកជន​ភៀសខ្លួនរាល់ថ្ងៃនេះ គឺជាការអនុវត្តកាតព្វកិច្ច ក្នុងនាមជា​ប្រទេសដែល​ជាម្ចាស់​ហត្ថលេខី​ក្នុង​ឆ្នំា​១៩៥៤ និង១៩៦៧ ។ ដូច្នេះចំពោះ​ការអនុវត្តសិទ្​ធិ​នេះ​គឺចាប់តំាងពីឆ្នំា១៩៩២ ដែល ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ គឺជាប្រធានSNC ដោយបានចុះហត្ថលេខា​ជាមួយនឹង​សមាជិក​ប្រធាន SNC ដទៃទៀត ដើម្បី​អនុវត្ត​នូវ​អនុសញ្ញានេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល មានប្រសាសន៍ដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី អនុស្សារណៈ​នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល​កម្ពុជា​និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតំាងទីលំនៅនៃជនភៀសខ្លួននៅកម្ពុជា ធ្វើទ្បើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នំា២០១៤នេះ ។

ឯកឧត្តមបានបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៏ គឺជាអ្នកគ្រប់គ្រងលើបញ្ហានេះ ក្នុងនោះ មានទំាងជនភៀសខ្លួន មានទំាងអ្នកសុំសិទ្ធិជ្រកកោន​កំពុងដំណើរការ មានចំនួន៩១នាក់ ក្នុងនោះមាន៖ជនភៀសខ្លូនមាន៧០នាក់ ជនសុំសិទ្ធិ ជ្រកកោនមាន២១នាក់ ប៉ុន្តែវាខុសគ្នាត្រង់២១នាក់ គឺកំពុងតែ​ដាក់ពាក្យដើម្បីអោយពិនិត្យនូវលក្ខខ័ណ្ឌរបស់គាត់ រហូតដល់មានការប្រកាសរបស់ក្រសួងមហាផ្ទៃ ទើបអាចជាជនភៀសខ្លួនពិតប្រាកដ ហើយ៩១នាក់នេះ មាន៨សញ្ជាតិ មានដូចជា ភូមា ស្រីលង្កា វៀតណាម ប៉ាលីស្ទីន ប៉ាគីស្ថាន អេជូពី ថៃ ឥណ្ឌា ប៉ុន្តែបើតាមសិទ្ធិជនភៀសខ្លួនមកដល់ដំបូង គាត់អនុវត្ត​តាមការប្រមូលផ្តុំ បន្ទាប់មកគាត់នឹងមានសិទ្ធិរកការងារធ្វើ ប៉ុន្តែគាត់នៅតែជាជនភៀសខ្លួននិងជាជនសុំសិទ្ធិដដែល « ដូច្នេះជនភៀស​ខ្លួនដែល​មកពី​អូស្ត្រាលី ធ្វើការសាកល្បងដំបូងមានចំនួនក្រោមពី១០នាក់នេះ រស់នៅប្រមូលផ្តុំគ្នា គឺគាត់មិនអាចរកការងារអ្វីនៅក្នុងប្រទេសរបស់យើង ហើយខ្ញុំ​គិត​ថា មិនប្លែក​​អ្វីទេដោយអនុវត្តកាតព្វកិច្ច ជាអន្តរជាតិជាប្រទេសមួយផង ហើយយើងគ្រប់គ្រងសន្តិសុខបាន»។

ឯកឧត្តមនាយឧត្តមសេនីយ៏ បានបន្តថា ការធ្វើជម្រឿនអន្តោប្រវេសន៏ គឺយើងបានដំណើការហើយនៅ ២៥ ខេត្ត ក្រុង ។ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្ត​តាមច្បាប់ជាតិ និងអន្តរជាតិដូច្នេះ ជនអន្តោប្រវេសន៏ដែលរស់នៅក្នុងប្រទេសកម្ពុជាយើង គឺយើងបានធ្វើសម្រង់តាំងពីឆ្នំា២០០២មកម៉្លេះ។ ហើយសម្រ់ង​លើកទី១ គឺចំពោះអ្នកដែលមានសិទ្ធិជាជនអន្តោប្រវេសន៏តំាងពីជំនាន់សម្តេច ព្រះបាទ សីហនុមកម្លេះ មានកាតខ្មៅ កាតទ្បាំងតាយ និងកាតផ្សេង ដោយសារ​តែរបបប៉ុល ពត កាប់សម្លាប់ ក៏រត់ទៅប្រទេសវៀតណាម សម័យលន់ នល់ ក៏បានរត់ទៅវិញ។ ទំាងអស់នេះមានតួរលេខជារួម ៧០១២នាក់ដែល​យើង​បានស្រង់ទុក។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៏ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចាត់វិធានការ ដើម្បីដោះស្រាយអ្នកដែលគ្មានលិខិតស្នាម បញ្ជូនត្រលប់វិញ ក្នុងរយៈពេល២ខែ ៕
អត្ថបទ៖ GNN