Monday, September 29, 2014

រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន៖ រាជ​រដ្ឋា​ភិបាល​​បង្ហាញ​​ផែន​​ការ​​ជាក់​​លាក់​​ក្នុង​​ការ​​គ្រប់​​គ្រង​​ដី​​សម្បទាន​​សេដ្ឋកិច្ច​

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​បរិស្ថាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៤​នេះ បានបង្ហាញអំពីផែនការគ្រប់គ្រងដី​សម្បទាន​សេដ្ឋកិច្ច និង​បានដក​ហូតដី​​ពីក្រុម​ហ៊ុន​មួយ​ចំនួន​ដែលរដ្ឋបានផ្តល់សម្បទានកន្លងមក ក៏ដូចជាធ្វើការត្រួតពិនិត្យឡើងវិញ លើ​ក្រុម​ហ៊ុន​ទាំងអស់ឡើងវិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម សាយ សំ​អាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។ 

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ដូច្នេះនៅទីស្តីការក្រសួងបរិស្ថានក្នុងន្និសីទសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​ ស្តីពី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច និងការបន្តពង្រឹងប្រសិទ្ធិភាពលើការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ បានបន្តថា ការលុបចោលនូវការវិនិយោគនេះ ក៏ជាការប្តេជ្ញាចិត្ត​និង​ផ្នែកនយោបាយខ្ពស់ របស់​រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥នេះ 

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៥នេះ ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ បាន​បញ្ជាក់​ថា​ « រាជ​រដ្ឋាភិបាល​នឹងមិនផ្តល់ដីសម្បទានថ្មីទៀតទេ ប៉ុន្តែដីសម្បទានដែលបានផ្តល់ទៅហើយក្នុងវិស័យកសិឧស្សាហកម្ម វិស័យទេសចរណ៍ រាជ​រដ្ឋា​ភិបាល នឹងធ្វើការត្រួតពិនិត្យឡើងវិញទាំងអស់ ដើម្បីមើលថា តើក្រុមហ៊ុនដែល​បានទទួល​ដីសម្បទានពីរដ្ឋាភិបាល​អាចធ្វើការអភិវឌ្ឍន៍ទៅរួចតាមកិច្ចសន្យារបស់ខ្លួនដែររឺទេ? ហើយ​បើ​មិន​អាចទៅរួចទេ រាជរដ្ឋាភិបាលនឹងដកហូតមកវិញ» ។
ក្នុង​វិធាន​ការ​ក្តៅ​របស់​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន យ៉ាង​ហោចណាស់​មានក្រុមហ៊ុនចំ​នួន​ដំបូង ដែល​ក្រសួង​បាន​ធ្វើការដកហូត។ ឯកឧត្តម សាយ សំ​អាល់​ បាន​អះ​អាង​ថា ការពិតមាន ក្រុមហ៊ុន ៣ដំបូង ដែលក្នុងនោះ២បានផ្ទេរមកឲ្យរដ្ឋវិញនូវ​ផ្ទៃ​ដី​ចំនួន២ម៉ឺនហិតា និងមួយទៀត ដោយស្នើសុំដើម្បីសិក្សាអំពីរ៉ែ ប៉ុន្តែបានស្នើសុំប្រគល់មករដ្ឋាភិបាលវិញហើយ​។

ឯកឧត្តម​ បាន​បន្ត​ថា ដីនៅតំបន់នោះ គឺយកទៅមានបញ្ហា ហើយ​ថាគេឲ្យមកវិញនោះ គឺ​មិន​មែន​អញ្ចឹង​ទេ គឺគេធ្វើការសិក្សាជំហានដំបូងទៅដូចជាមិនអំណោយផលសំរាប់​​​ ការអភិវឌ្ឍន៍ទើបខាង​ក្រុម​ហ៊ុនផ្ទេរដីនោះមកឲ្យរដ្ឋវិញ។

ឯកឧត្តម​រដ្ឋមន្ត្រី​​​​ សាយ សំ​អាល់​ បានបញ្ជាក់ជូនថា មុននឹងធ្វើការដកហូតនោះ យើងបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត និងបានពិនិត្យ​យ៉ាង​ល្អិតល្អន់ មុនយើងធ្វើការសម្រេចចិត្តដកហូត ហើយនិងបន្តពិនិត្យក្រុមហ៊ុនដ៏ទៀត ថាមានលទ្ធភាពធ្វើការអភិវឌ្ឍន៍ ឬទេ ដើម្បីយើងធ្វើការសម្រេចចិត្តបន្តទៀត។

ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការមួយ ដែលមានក្រសួងដែនដី នគររូបនីយកម្ម ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ ព្រមទាំងនាយកដ្ឋាន ក្រសួង​បរិស្ថាន។ ឯកឧត្តម មាន​ប្រសាសន៍​បន្ថែមថា យន្តការថ្មី​នេះ​ គឺប្តេជ្ញាក្នុង​ការរៀបចំផែនទីឯកភាពដើម្បីកំណត់ឲ្យច្បាស់ថា តើតំបន់ណាជាតំបន់ភូមិដ្ឋានរបស់ប្រជាជន និងតំបន់ណាជាតំបន់អភិរក្ស តែឥឡូវនេះកំពុងដកហូត ​និងវាយតំលៃចំនួនដីដែលយើងដកមកវិញ និងចំនួនដីដែលនៅសេសសល់។

ប៉ុន្តែ ឯកឧត្តម សាយ សំ​អាល់ ​បាន​បញ្ជាក់​ថា  ចំពោះក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទៅហើយ គឺ​យើងរក្សានៅដដែល តែចំពោះក្រុមហ៊ុនដែលបានអនុវត្ត​គោលការណ៍ត្រឹម​ត្រូវ​ ហើយដែលនឹត្រូវចុះកិច្ចសន្យាថ្មីជាមួយរាជរដ្ឋាភិបាល យើងកំណត់យកតែ៥០ឆ្នាំទេ តែករណីក្រុមហ៊ុននោះធ្វើបានល្អ នៅឆ្នាំទី៤៥ គាត់អាចចរចារជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ត​ដំឡើងការ​របស់​ខ្លួនបាន៕

អត្ថបទដោយ៖  សុភាព​